សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMEC លើកទី៩ តាមប្រព័ន្ធវីដេអូ

46
នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ ACMEC ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។
នៅ​ក្នុងកិច្ចប្រជុំដ៏សំខាន់នេះគឺផ្ដោតទៅលើមូលបទ ” ភាពជាដៃគូសម្រាប់ការតភ្ជាប់ និងភាពធន់” ។
នៅក្នុងកិច្ចប្រជុំនេះ អ្វីដែលសំខាន់គឺមានចេញឯកសារទីមួយគឺសេចក្តីថ្លែងការណ៍ភ្នំពេញនៃកិច្ចប្រជុំកំពូល ACMEC លើកទី៩ ដោយគូសបញ្ជាក់ទៅលើចំណុចសំខាន់ៗជាពិសេសពាក់ព័ន្ធទៅ នឹងអ្វីដែលជាការយកចិត្តទុក​ដាក់របស់ប្រទេស ACMEC ទាំងប្រាំប្រទេសក្នុងនោះកម្ពុជាគឺជាប្រទេសមួយជាប្រទេសស្ថាបនិកមួយដែរ។
លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះ
ទី១)គឺការចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ
ទី២)បញ្ជីគម្រោងអាទិភាពរបស់ ACMEC
ទី៣)គឺការអនុម័តទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ ដែលនៅក្នុងនេះប្រទេសថៃបានប្រកាសអនុវត្តសន្យាដាក់មូល​និធិ​២០០​លានដុល្លារ ហើយកម្ពុជាក៏សម្រេចដាក់៧លានដុល្លារ ក្នុងមូលនិធិផងដែរ សម្រាប់អនុវត្តគម្រោងអាទិភាពក្នុងប្រទេស ACMEC ទាំង៥នេះ។
អង្គប្រជុំក៏បានគូសបញ្ជាក់ផងដែរអំពីគម្រោងដៃគូអភិវឌ្ឍន៍របស់ ACMEC នៅក្នុងក្រុមទី១ ដែលមានចិន ជប៉ុន កូរ៉េ ឥណ្ឌា និងសហរដ្ឋអាមេរិក ។ និងក្រុមទី២ ដែលជាប្រទេសដៃគូអភិវឌ្ឍន៍ ACMEC ដែលមានប្រទេស អ៊ីស្រាអែល និងណូវែលហ្សេឡង់ ។
នៅក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃប្រទេស ACMEC បានពិភាក្សាគ្នាផ្លាស់ប្ដូរមតិយោបល់ អំពីការប្រឈមទាំងឡាយជាពិសេសការប្រឈមនឹងជំងឺរាតត្បាត កូវីដ១៩ ដែលប៉ះពាល់ទាំងស្រុងតែម្តង។ កិច្ចប្រជុំក៏បានផ្លាស់ប្ដូរមតិជុំវិញក្នុងការឆ្លើយតបជាពិសេសក្រោយការបញ្ចប់កូវីដ១៨នេះ ដើម្បីខិតខំជំរុញឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ។
លើសពីនេះទៅទៀត ប្រមុខរដ្ឋាភិបាលនៃប្រទេស ACMEC បានផ្លាស់ប្ដូរមតិយកចិត្តទុកដាក់ចំពោះការតភ្ជាប់គម្រោងទាំងឡាយទាំងផ្នែកទន់ និងផ្នែករឹង ដូចជាហេដ្ឋារចនាសម្ព័ន្ធជាដើម ជាពិសេសការជំរុញសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានោះផងដែរប្រមុខរដ្ឋាភិបាល ACMEC ក៏បានលើកឡើងអំពីការបន្តជំរុញអភិវឌ្ឍផែនការមេ និងការជំរុញវិស័យសំខាន់ៗជាច្រើនទៀត ដូចជាពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ភ្ជាប់សហគ្រាសធុនតូច និងមធ្យម និងការពង្រឹងវិស័យសុខាភិបាល។
នៅក្នុងកិច្ចប្រជុំនេះផងដែរ ថ្នាក់ដឹកនាំក៏បានពិភាក្សាគ្នាអំពីការធ្វើការគ្នារួមគ្នាក្នុងក្របខណ្ឌ ACMEC នេះ ដោយត្រូវឲ្យមានលេខាធិការដ្ឋាន ACMEC ហើយថ្នាក់ដឹកនាំក៏បានពិភាក្សាដោយផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក ហើយត្រង់ចំនុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានគាំទ្រនូវការលើកឡើងនេះផងដែរ ហើយថ្នាក់ដឹកនាំ ACMEC នឹងបង្កើតឲ្យមាន លេខាធិការដ្ឋាន ACMEC នេះ នាពេលខាងមុខផងដែរ។
ក្នុងនោះប្រមុខរដ្ឋាភិបាល ACMEC ស្នើសុំឲ្យវិស័យឯកជនបន្តចូលរួមដោយសកម្មនៅក្នុងការអភិវឌ្ឍន៍នេះ ជាពិសេសការបន្តប្រជុំក្នុងវេទិកាធុរកិច្ច CO. ACMEC នេះ។
នៅក្នុងកិច្ចប្រជុំនេះផងដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍លើកឡើងជាច្រើនចំណុចបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាសមាជិកទាំងអស់នៅក្នុងការជំរុញឲ្យប្រទេស ACMEC អនុវត្តសកម្មភាពទទួលបានជោគជ័យ ជាពិសេសគឺការជំរុញការតភ្ជាប់ និងការកសាងសហគមន៍ ACMEC ធ្វើយ៉ាងណាប្រែក្លាយឲ្យអនុតំបន់ ACMEC មានកំណើនសេដ្ឋកិច្ចខ្ពស់ និងជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ជំរុញការតភ្ជាប់ ជំរុញឲ្យសេដ្ឋកិច្ចអនុតំបន់នេះកាន់តែលឿនទៅមុខ ជាពិសេសគឺការជំរុញការកាត់បន្ថយគំលាត និងការកាត់បន្ថយភាពក្រីក្រ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យធ្វើយ៉ាងណា ប្រទេសទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំងគ្រាដែលប្រទេសវៀតណាមបានប្រកាសទិញវ៉ាក់សាំង ប្រទេសឡាវ និងថៃក៏បានប្រកាសទិញវ៉ាក់សាំងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការចែករំលែកបទពិសោធន៍ ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះផងដែរ។ សម្ដេចតេជោក៏បានប្រកាសដែរថា កម្ពុជាគ្រោងនឹងទិញវ៉ាក់សាំងជំនួនមួយលានដូស ហើយកម្ពុជាក៏ត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន១០លាននាក់ផងដែរ៕