សារសម្តេចតេជោ ហ៊ុន សែន, ការធ្វើតេស្តលើកទី ៤ លើកចុងក្រោយ ខ្ញុំនិងភរិយា អ្នកនៅជាមួយ អវិជ្ជមាន កូវីដ-១៩

CNV:

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ !

លទ្ធផលនៃការធ្វើតេស្តលើកទី ៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំ និងភរិយា ព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមាន កូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ។ ដូចនេះចាប់ពីថ្ងៃស្អែក ១៩ វិច្ឆិកា ២០២០, ខ្ញុំនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅ ដូចមុនថ្ងៃទី ៤ វិច្ឆិកាឡើងវិញ តែខ្ញុំនៅតែមិនទាន់ឱ្យកូន និងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀត ដើម្បីធានាឱ្យប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូន និងចៅរបស់ខ្ញុំនោះឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុក និងជីតា ផ្តល់ឱ្យកូន​ៗ និងចៅៗ គឺសុវត្ថិភាពរបស់កូនៗ និងចៅៗ ជាទីស្រឡាញ់។

ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូនជ្រាបថា ព្រឹត្តិការណ៍ ៣ វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័ក តាមពេលវេលាដូចខាងក្រោម៖

១. សម្រាប់ថ្ងៃ ១៩ វិច្ឆិកា ២០២០ រាជធានីភ្នំពេញមានចំនួន ១៥៦៩ នាក់ (ជនជាតិហុងគ្រីចំនួន ៥ នាក់ដោយរាប់ទាំងអ្នកវិជ្ជមាន ៤ នាក់ ក្នុងនោះជាសះស្បើយ ១ នាក់ និង ៣ នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ/សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង)។  ខេត្តកណ្តាលចំនួន ៦៧ នាក់ ខេត្តពោធិសាត់ចំនួន ៤០ នាក់ ខេត្តព្រៃវែងចំនួន ២៣ នាក់ ខេត្តកំពង់ធំចំនួន ៣ នាក់។

២. សម្រាប់ថ្ងៃ ២១ វិច្ឆិកា ២០២០ ខេត្តកំពង់ឆ្នាំងចំនួន ១១ នាក់។

៣. សម្រាប់ថ្ងៃ ២៣ វិច្ឆិកា ខេត្តកែប មានចំនួន ១៨ នាក់ ខេត្តព្រះសីហនុចំនួន ៤០ នាក់ ខេត្តកំពង់ចាមចំនួន ១ នាក់។

៤. សម្រាប់ថ្ងៃ ២៥ វិច្ឆិកា ២០២០ ខេត្តព្រះវិហារមានចំនួន ២០ នាក់ ខេត្តរតនគិរីចំនួន ១០ នាក់។

សូមរំលឹកចំពោះអាជ្ញាធរមូលដ្ឋាន ដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័ក និងដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ ត្រូវណែនាំឱ្យបងប្អូនបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល ១៤ ថ្ងៃ គឺចាប់ពីថ្ងៃយកសំ​ណាក​ដំបូងមកធ្វើតេស្ត។

ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត ១៨០២ នាក់នៅតាមរាជធានី ខេត្តចំនួន ១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្ត និងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល ១៤ ថ្ងៃ ដែលបញ្ហានេះខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។

ប្រតិបត្តិការនៃ “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” ពិតជាធំធេង និងស្មុគស្មាញ ក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធ ព្រោះវាទាក់ទងដល់មនុស្ស និងរាជធានីខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើន ដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែ ដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាព និងសហការល្អ យើងអាចធ្វើបានដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដាន ដែលជាមូលហេតុឆ្លងចូលសហគមន៍បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។

បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះ ក៏ដូចជាពេលកន្លងមក ស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ទាន់ពេល និងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធទាំងផ្ទាល់ទាំងប្រយោល យកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។

ឆ្លៀតយកឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខដែលហ៊ានប្រឈមចំពោះជំងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់។ ខ្ញុំសូមផ្ញើជូននូវការគោរពនិងថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់ និងការទទួលខុសត្រូវខ្ពស់។

ខ្ញុំក៏សូមអរគុណផងដែរដល់បងប្អូនដែលជាប់ពាក់ពន្ធ័ទាំងដោយផ្ទាល់ និងដោយប្រយោល ដែលបានអត់ធ្មត់រស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ តាមលក្ខខណ្ឌតម្រូវនៃការធ្វើចត្តាឡីសក័។

បងប្អូនជនរួមជាតិជាទីគោរព!

ការប្រកាសបិទបញ្ចប់ “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” មិនមែនមានន័យថា យើងបញ្ចប់ការខិតខំដើម្បីប្រយុទ្ធជា​មួយ ​កូវីដ១៩ នោះទេ។ ផ្ទុយទៅវិញ យើងត្រូវខិតខំច្រើនជាងមុន ដើម្បីទប់ស្កាត់ឃាតករលាក់មុខដែលយើងមើលមិនឃើញ តាមរយៈការពាក់ម៉ាស ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព។ល។ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ត្រូវចងចាំថា ប្រជាជនក្នុងលោកនិយាយជារួម និងប្រជាជនកម្ពុជានិយាយដោយឡែក ស្អប់ កូវីដ១៩ ខ្លាំងណាស់ តែ កូវីដ១៩ មិនត្រឹមតែមិនស្អប់យើងវិញនោះទេ តែវាថែមទាំងស្រ​ឡាញ់យើងទៀតផង ដែលការស្រឡាញ់របស់វាមកលើយើង នឹងធ្វើឱ្យយើងស្លាប់ ឬខូចខាតសុខភាព។

ត្រូវចងចាំថាការដែលកម្ពុជាមានមនុស្សឆ្លងតិច និងមិនមានមនុស្សស្លាប់ មិនមែនមកពីយើងមានឈាមជាខ្មែរអង្គរ ដែលមានឈាមក្រហមពិសេសអាចប្រឆាំងជាមួយ កូវីដ១៩ បាន ដូចមនុស្សខ្លះបានអះអាងនោះទេ។ (ខ្ញុំសង្ឃឹមថា អ្នកអះអាងបែបនេះនឹងមានសេចក្តីក្លាហានពិតប្រាកដចូលទៅបំរើអ្នកកើត កូវីដ​១៩ ដោយមិនមានសម្ភារការពារខ្លួន។ តើ(អ្នកទាំងនោះនឹង)ឆ្លង ឬមិនឆ្លង? ដើម្បីបានជាប្រយោជន៍សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រផង និងដើម្បីកូនខ្មែរដែលមានឈាមក្រហមពិសេស មិនចាំបាច់ការពារខ្លួនដូចសព្វថ្ងៃផង។ ប្រសិនជាអាចធ្វើបានមែនអង្គការសុខភាពពិភពលោកប្រាកដជាប្រកាសទទួលស្គាល់អ្នកថា ជាអ្នកវិទ្យាសាស្ត្រដ៏កំពូលគ្មានពីរក្នុងលោក។ ឬបានមកពីកត្តាអាកាសធាតុដែលធ្វើឱ្យ កូវីដ១៩ មិនអាចឆ្លងចូលបាននោះដែរ។

ជោគជ័យរបស់យើងបានមកពីការខិតខំរួមគ្នា ទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏មានប្រសិទ្ធភាព និងសំខាន់ជាងនេះទៀត គឺប្រជាជនកម្ពុជាគ្រប់រូបចូលរួមអនុវត្តនូវវិធានការ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ដែលខ្ញុំសុំយកឱកាសនេះសំដែងនូវអំណរគុណចំពោះជនរួមជាតិគ្រប់រូប និងថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងសប្បុរសជន ដែលបានចូលរួមជួយជាថវិកាសម្ភារដើម្បីប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ។

យើងបិទបញ្ចប់ “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” សំដៅឱ្យក្រសួងអប់រំយុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ ៣ វិច្ឆិកា ឡើងវិញ។ តែការប្រយុទ្ធនឹង កូវីដ-១៩ នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល។

“ព្រឹត្តិការណ៍ ៣ វិច្ឆិកា” បានបង្រៀនយើង បានរំលឹកយើង បានដាស់តឿនយើង និងបានណែនាំយើង ឱ្យមានការប្រុងប្រយ័តជានិច្ច ទើបអាចយកឈ្នះលើ កូវីដ១៩ បាន។ ត្រូវម្ចាស់ការទប់ស្កាត់ជាមុន តាមវិធីការពារប្រសើរជាងការព្យាបាល។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ