ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០–ឯកឧត្តម Michael Tan keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជានោះ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ សម្តេចតេជោ បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបនោះថា ឯកឧត្តម Michael Tan keng Siong បានជម្រាបជូនសម្តេចតេជោថា ក្នុងរយៈពេល៤ ឆ្នាំកន្លះនៅកម្ពុជា ឯកឧត្តមពិតជាមានមោទនភាពណាស់ ក្នុងការបំពេញបេសកកម្មការងារយ៉ាងស្និទ្ធស្នាល ជាមួយប្រជាជន មិត្តភក្កិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេសបានទទួលការគាំទ្រ ក៏ដូចជាការសហការយ៉ាងល្អ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យបេសកកម្មកាទូតរបស់ឯកឧត្តម នៅកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេសនោះគឺនាំមកនូវទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក៏ដូចជាវិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស បានឡើងខ្ពស់មួយកម្រិតទៀត។ ឯកឧត្តមបានបន្តថា ក្នុងដំណាក់កាលការទូតរបស់ឯកឧត្តមនៅកម្ពុជានេះ ឯកឧត្តមក៏បានជួបនូវបញ្ហាកូវីដ១៩ បានឃើញផ្ទាល់នូវដំណាក់កាល ដែលពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជាផងដែរ កំពុងតែជួបប្រទះនូវបញ្ហាកូវីដ១៩។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមបានមានប្រសាសន៍ជម្រាបជូនសម្តេចតេជោថា កម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពបំផុត សម្រាប់ការរស់រស់នៅ ផុតពីការឆ្លងជំងឺកូវីដ១៩។ ឧត្តមក៏បានជម្រាបជូនសម្តេចតេជោផងដែរថា ឯកឧត្តមពិតជាមានមោទនភាពណាស់ ដែលរដ្ឋាភិបាលសិង្ហបុរី បានអនុញ្ញាតឱ្យឯកឧត្តម រៀបចំនូវកម្មវិធីដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសិង្ហបុរី ដោយយល់ឃើញថាកម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាព មិនមានការឆ្លង។ ប៉ុន្តែយ៉ាងណាក៏ដោយកម្មវិធីនោះ បានរៀបចំដោយជោគជ័យ និងអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធជាមួយនឹងការទប់ស្កាត់ជំងឺកូវីដ១៩។ ឯកឧត្តមក៏បានបង្ហាញនូវជំនឿជឿជាក់ថា កម្ពុជានិងសិង្ហបុរី នឹងអាចមានទំនាក់ទំនង កាន់តែល្អប្រសើរឡើងថែមទៀត និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការមួយកម្រិតថែមទៀត ហើយទាំងនេះអាចធ្វើទៅបាន ដោយមានការគាំទ្រ និងការសម្របសម្រួល និងកិច្ចប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល ស្ថាប័ននិងស្ថាប័ន ជាពិសេសមន្ត្រីរាជការ និងមន្ត្រីរាជការ ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានជួយគាំទ្រកម្ពុជា រយៈពេលកន្លងមក ហើយក៏បានយល់ស្របផងដែរ ជាមួយនឹងការលើកឡើង ពីការវាយតម្លៃអំពីទំនាក់ទំនងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានប្រឹងប្រែងអស់ពីសមត្ថភាព ពង្រីកពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងបេសកកម្មកាទូតរយៈពេល៤ឆ្នាំកន្លះនៅកម្ពុជា។ ពាក់ព័ន្ធជាមួយនឹងកូវីដ១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍អំពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានមានយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈសមរភូមិចំនួន៣ ទី១ គឺសមរភូមិធ្វើយ៉ាងណាប្រយុទ្ធ ទប់ស្កាត់ កុំឱ្យការនាំចូលជំងឺនេះ មកពីប្រទេសក្រៅចូលមកកម្ពុជា។សមរភូមិ ទី២ ធ្វើយ៉ាងណាគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ១៩ នេះ កុំឱ្យឆ្លងទៅកាន់សហគមន៍ នៅសមរភូមិទី៣ គឺធ្វើយ៉ាងណាព្យាបាលអ្នកជំងឺ ដែលបានឆ្លងជំងឺនេះ ឱ្យបានជាសះស្បើយ៕
ដោយ ជឹម ណារី