សម្ដេចតេជោ ហ៊ុន សែន៖ បទពិសោធន៍ទប់ស្កាត់កូវីដ-១៩ មិនឱ្យឆ្លងចូលសហគមន៍ កន្លងមក មួយផ្នែកធំបានមកពីវិធានការធ្វើចត្តាឡីស័កត្រូវបន្តធ្វើកិច្ចការនេះបន្តទៀត

ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្ងែងថា បទពិសោធន៍ទប់ស្កាត់កូវីដ-១៩មិនឱ្យឆ្លងចូលសហគមន៍រយៈពេលជាង១០ខែកន្លងមក មួយផ្នែកធំបានមកពីវិធានការធ្វើចត្តាឡីស័ក ក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តដ៏ល្អ ពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័ក ដែលយើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀត។

នៅលើផេកផ្លូវការ នាថ្ងៃទី០ ៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា “ចាប់តាំងពីពេលយកសំណាកទៅពិនិត្យនៅម៉ោង១២ថ្ងៃទី០៤ ខែ វិច្ឆិកាមក ដល់ពេលនេះខ្ញុំបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមកហើយ។ គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍ ពិនិត្យសម្រេចលើសំណើរបស់ក្រសួង ស្ថាប័ននិងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដែរ”។ សម្តេចតេជោបានបញ្ជាក់ថា  អ្វីដែលប្លែកគឺខ្ញុំនិងប្រពន្ធចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅកម្លោះក្រមុំ។ ចំណែកអ្នកបម្រើត្រូវពាក់ម៉ាស់ ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។ សម្ដេចតេជោបានបន្តថា  សម្រាប់ករណីខ្ញុំនិងភរិយានិងអ្នកពាក់ព័ន្ធត្រូវយកសំណាកធ្វើតេស្តរហូត៤ដង។ លើកទី១ នៅថ្ងៃទី០៤ ខែវិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃ០៩ ខែវិច្ឆិកា លើកទី៣នឹងត្រូវធ្វើនៅថ្ងៃ១៤ ខែវិច្ឆិកា និងលើកទី៤ ដែលជាលើកចុងក្រោយគឺនឹងត្រូវធ្វើនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ សម្តេចតេជោបានលើកឡើងថា ប្រសិនការធ្វើតេស្ត៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩-ទាំងខ្ញុំនិងភរិយា ក៏ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀត ខ្ញុំនឹងចេញពីការរស់នៅដាច់ដោយឡែកនៅថ្ងៃទី១៩ ឬថ្ងៃ២០ ខែវិច្ឆិកា ដែលពេលនោះសុំកូនៗនាំចៅៗមកដឹកដៃម៉ែចូលបន្ទប់ពុកវិញ។សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា  បទពិសោធន៍ទប់ស្កាត់កូវីដ-១៩មិនឱ្យឆ្លងចូលសហគមន៍រយៈពេលជាង១០ខែកន្លងមក មួយផ្នែកធំបានមកពីវិធានការធ្វើចត្តាឡីស័ក ក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តដ៏ល្អ ពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័កដែល យើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀតរាប់ ទាំងរូបខ្ញុំនិងភរិយាផងដែរ។ ជាមួយគ្នានេះ ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍យើងនិងក្នុងប្រទេសយើង។ សម្ដេចតេជោ ក៏បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ