ប្រមុខរាជរដ្ឋាភិបាល អំពាវនាវដល់មន្ត្រី និងអ្នកពាក់ព័ន្ធជាមួយគណៈប្រតិភូការ​បរទេស​ប្រទេសហុងគ្រី ត្រូវធ្វើចត្តាឡីស័កឱ្យបានម៉ត់ចត់

ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវ​នាវ ដល់មន្ត្រី និងអ្នកពាក់ព័ន្ធជាមួយគណៈប្រតិភូការបរទេសប្រទេសហុងគ្រី​ទាំងអស់​ត្រូវ​ធ្វើ​ចត្តាឡីស័កឱ្យបានម៉ត់ចត់ដូចសម្តេច ដោយកុំឱ្យមានការធ្វេសប្រហែសឱ្យសោះ។ ការ​អំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ធ្វើឡើងតាមរយៈសារជាសំឡេងតាម​ប្រព័ន្ធ​តេឡេ​ក្រាម នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានទទួលព័ត៌មាន​មួយថា​មានមន្ត្រីមួយចំនួនដែលធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងប្រតិភូការបរទេសប្រទេស ហុងគ្រី មិនបានធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវនោះទេ។  សម្តេចតេជោបានបញ្ជាក់ថា “ខ្ញុំ ទទួលបានព័ត៌មានមួយចំនួនថាមន្ត្រីយើងបានធ្វើចត្តាឡីស័កមិនត្រឹមត្រូវតាមការកំណត់ របស់ក្រសួងសុខាភិបាលនោះទេ មានដូចជាការហាត់ប្រាណនៅក្រៅផ្ទះ ការកាន់ដៃគ្នា ការជួបប្រាស័្រយជាមួយអ្នកនេះអ្នកនោះជាដើម”។ សម្តេចតេជោបានជម្រាបជូនផងដែរ​អំពី​ដំណើររឿងនេះបន្តិចអំពីខ្លួនសម្ដេច​ផ្ទាល់ដែលជាបទពិសោធន៍បាននិង​កំពុងធ្វើ ទាក់​ទង​នឹងចត្ត័ឡីស័កដូចជា សម្ដេចត្រូវលុបចោល កម្មវិធីទាំងអស់ដែលជាកម្មវិធីសុទ្ធតែ​សំខាន់ៗ​ដូចកម្មវិធីរបស់ក្រសួងមហាផ្ទៃ​នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកានេះ ទាក់ទងនឹងការកែ​ទម្រង់ថ្នាក់ក្រោមជាតិ និងកម្មវិធីបន្តត្រូវចុះជួបជាមួយប្រជាជន ប្រមាណជិត៤ម៉ឺននាក់ ដើម្បីចែកស្រូវពូជ និងជំនួយសង្គ្រោះអ្នករងគ្រោះដោយទឹកជំនន់ នៅថ្ងៃទី០៧ ថ្ងៃទី០៨ និងថ្ងៃទី១០ ខែវិច្ឆិកា នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

សម្តេចតេជោបានថ្លែងថា កម្មវិធីទាំងនេះត្រូវលុបចោលដើម្បីចៀសវាងភាពមិន​ច្បាស់លាស់របស់យើងទៅប៉ះពាល់ជាមួយប្រជាជន។ តែអ្វីដែលសំខាន់នោះគឺ​ព្រះមហា​ក្សត្រ សម្តេចម៉ែ ព្រះអង្គនឹងយាងមកកម្ពុជាវិញនៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា គឺបាំ​បាច់​ណាស់នូវវត្តមានរបស់សម្តេច និងភរិយា ក៏ប៉ុន្តែដើម្បីចៀសវាងភាពខ្ជីខ្ជារនូវការធ្វើ​ចត្តា​ឡីស័ក ​ហើយក៏អាចនឹងនាំដល់ហានិភ័យសម្រាប់ព្រះមហាក្សក្រ លួងម៉ែក៏ដូចជាមន្ត្រី​ជាន់ខ្ពស់នានាជាលើកដំបូង។ កម្មវិធីនេះ សម្តេចតេជោបានអាក់ខាន ក្នុងការទទួល ឬដង្ហែរ​​ព្រះរាជដំណើររបស់ព្រះមហាក្សត្រក៏ដូចជាលួងម៉ែគឺត្រូវលុបចោល។ ក្រៅពីនេះ បន្ថែមទាំងបុណ្យជាតិចំនួន២លើក ក៏ត្រូវលុបចោលទាំងដុតទៀនជ័យ និងពន្លត់ទៀន​ជ័យគឺត្រូវលុបចោលមិនបានចូលរួមទេ។    សម្ដេចតេជោបានថ្លែងបន្ដថា ការចូលរួម​កិច្ច​ប្រជុំអាស៊ានក៏ត្រូវលុបចោល(ទោះបីតាមវីដេអូខនហ្វឺរិន)   ទោះបីជាអ្នកផ្តល់យោបល់ថា​ធ្វើ​ចេញពីផ្ទះ។ ប៉ុន្តែមានហានិភ័យខ្ពស់ នៅពេលអ្នកយកព័ត៌មាន និងមន្ត្រីមកចូលរួមគឺ​វាអាចមានការចម្លងទៅអ្នកទាំងនោះ ប្រសិនបើយើងអាចមានវិជ្ជមាន​ដោយសារការធ្វើ​តេស្តរបស់យើងមិនទាន់ចប់ក្នុងរយៈពេល១៤ថ្ងៃនោះទេ។ សម្ដេចតេជោបានបន្ថែមថា “ដូច្នេះខ្ញុំត្រូវស្នើសុំភាពអាធ្យាស្រ័យពីសំណាក់សមាជិកអាស៊ាន ដើម្បីចាត់តាំងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញ​វត្ថុ​ជំនួសដើម្បីដឹក​នាំ​កិច្ចប្រជុំតែម្តង ព្រោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​ក៏មិន​អាចចូលរួមប្រជុំបានដែរ”។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា មានមន្ត្រីមួយចំនួន​លើក​ឡើងថាដើម្បីបង្ហាញសាមគ្គីភាពជាមួយអាស៊ានគប្បីថតសន្ទរកថាដើម្បីចាក់ទៅកិច្ចប្រជុំ។ ប៉ុន្តែសម្ដេចប្រាប់ថាដើម្បីបង្ហាញសាមគ្គីភាពគឺមានតែអាស៊ានទេគឺត្រូវបង្ហាញចំពោះយើងជាអ្នកឈឺ ប៉ុន្តែបើយើងចេញ​ទៅអាន សន្ទរកថាគឺបង្ហាញទៅប្រជាពលរដ្ឋអំពីភាពខ្ជីខ្ជារ​ក្នុងការធ្វើចត្តាឡីស័កដែលវានាំឱ្យមានហានិភ័យខ្ពស់ប្រសិនបើមេដឹកនាំមិនប្រកាន់យក នូវវិធានការណ៍ដ៏ជាក់លាក់សម្រាប់ធ្វើចត្តាឡីស័ក ។

សម្ដេចតេជោបាននាយករដ្ឋមន្រ្ដីបានអះអាងថា “សម្រាប់ខ្លួនខ្ញុំផ្ទាល់សូមបញ្ជាក់ថា ខ្ញុំសូម្បីតែធ្វើចត្តាឡីស័កក្នុងផ្ទះខ្ញុំខិតខំកាត់បន្ថយនូវទីធ្លាដែលខ្ញុំត្រូវធ្វើការ ត្រូវដើរ គឺខ្ញុំប្រើ​បន្ទប់២ គឺបន្ទប់សម្រាកមួយ បន្ទប់បាយមួយ។ ខ្ញុំព្យាយាមមិនទៅអង្គុយតាមសាឡុង ឬកន្លែងណាផ្សេងព្រោះបើធ្វើចល័ត នឹងមានហានិភ័យ ដូចជាចុះ តាមជណ្តើរជាដើម​អាច​នឹងមានហានិភ័យចំពោះអ្នកបោសសម្អាត។ ដូច្នេះទីធ្លាដែល​ខ្ញុំធ្លាប់ដើរ ខ្ញុំបានកាត់បន្ថយ​ឱ្យ​មកនៅតូចបំផុតដែលអាចធ្វើបាន។”

ជាមួយគ្នានោះដែរសម្តេចតេជោក៏បានបង្ហាញដែរថា នៅពេលសម្តេចចង់ជួបភរិយា ក៏សម្តេចប្រើក្រណាត់យករុំដៃដើម្បីបើកទ្វារផងដែរ។ ចំណែកការប្រើប្រាស់ប៊ិចសម្រាប់ធ្វើ ការវិញសម្តេចបានប្រើប្រាស់តែ២ប៉ុណ្ណោះ ក្នុងចំណោមប៊ិចជាង២០ដើម ដែលធ្លាប់ប្រើ ដើម្បីចៀសវាងប៉ះពាល់ប៊ិចដដៃទៀតក្នុងការប្រើប្រាស់នៅពេលក្រោយ។ ចំពោះឯកសារ វិញ គឺមុន នឹងចូលមកក្នុងបន្ទប់គឺត្រូវបាញ់ថ្នាំនូវខុន្ទការល័យ រួចបញ្ចូលមក។ ទន្ទឹមនេះ នៅ​ពេលសម្តេចចុះហត្ថលេខាលើឯកសាររួចហើយ ត្រូវបាញ់ថ្នាំ មុននឹងដាក់ចេញឱ្យប្រើ​ប្រាស់​នៅផងដែរ។ សម្តេចតេជោក៏បានបញ្ជាក់ឱ្យដឹងផងដែរ សម្តេចបានកំណត់​ពេល​វេលានៃការហាត់ប្រាណត្រូវធ្វើនៅក្រោយពេលដឹងជាក់លាក់នៃការបញ្ចប់ធ្វើចត្តាឡីស័កគឺក្រោយពីការធ្វើតេស្តនៅថ្ងៃទី១៨ ខែវិច្ឆិកា គឺបន្ទាប់ដឹងហើយគឺនៅថ្ងៃទី១៩ ឬថ្ងៃទី២០ ខែវិច្ឆិកា សម្តេចចេញវាយកូនហ្គោលតែម្តង។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា “អីញ្ចឹងទេ​សូមអំពាវនាវចំពោះរដ្ឋមន្ត្រី និងមន្ត្រីណាដែលពាក់ព័ន្ធការធ្វើចត្តាឡីស័ក​នៅក្នុងទីកន្លែង​សូម្បីតែភរិយា និងកូនមិនគួរឱ្យនៅជិតដែរ។ ធ្វើឱ្យច្បាស់នូវចត្តាឡីស័ក​ព្រោះវានាំឱ្យឆ្លង​នៅក្នុងសហគមន៍។ អីញ្ចឹងអំពាវនាវឱ្យធ្វើចត្តាឡីស័ក ហើយរដ្ឋមន្ត្រី ដែលមានមន្ត្រី និងបុគ្គលិកខ្លួនក៏ត្រូវណែនាំបន្តចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លូនឱ្យធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវដូចអ្វីដែលខ្ញុំកំពុងខិតខំធ្វើនេះ”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ជោគជ័យ ឬមិនជោគជ័យវាអាចផ្ទុះ នៅស្ថានភាពមួយមិនទាន់ច្បាស់លាស់ដែលយើងត្រូវមានការប្រុងប្រយ័ត្ន ហើយគ្រប់​ក្រសួង​ស្ថាប័ន ពិសេសរដ្ឋមន្ត្រីនានាដែលមានបុគ្គលិកខ្លួនជាប់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ត្រូវមានការទទួលខុសចំពោះបញ្ហានេះ៕

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ