សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋធ្វើការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល

ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ — ក្នុងខណៈដែលអង្គរក្សការពារផ្ទាល់របស់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកបំពេញទស្សកិច្ចនៅកម្ពុជា ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យអ្នកពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាការការពារសុខភាពនៅក្នុងកាលៈទេសៈ ដែលមិនទាន់មានភាពច្បាស់លាស់នេះ ដោយធ្វើការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយចាប់ផ្ដើមពាក់ម៉ាស រៀបចំអនាម័យ នៅក្នុងរយៈពេលពីរអាទិត្យខាងមុខនេះ មុននឹងចេញលទ្ធផលមកបន្ទាប់ពីការធ្វើតេស្តជាបន្តបន្ទាប់។

នៅក្នុងសារជាសម្លេង នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោមានប្រសាសន៍ថា ខ្ញុំសូមជម្រាបថ្នាក់ដឹកនាំរបស់យើង ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា ខ្ញុំបានទទួលព័ត៌មានដែលគួរឱ្យសោកស្ដាយ ឥឡូវនេះបញ្ហាបានមកដល់ហើយ អង្គរក្សដែលការពារផ្ទាល់សម្រាប់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ត្រូវបានពិនិត្យឃើញថា មានវិជ្ជមានកូវីដ១៩ រួចស្រេចទៅហើយ។ សម្ដេចតេជោបន្តថា ដូច្នេះតាមរយៈនេះខ្ញុំសូមអំពាវនាវចំពោះបងប្អូនទាំងអស់ ដែលមានការទាក់ទងផ្ទាល់ ជាពិសេសបានចាប់ដៃ និងចូលទៅកៀកផ្ទាល់ជាមួយនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រី គឺត្រូវយកចិត្តទុកដាក់ឱ្យមែនទែន ទៅលើបញ្ហាការធ្វើចត្តាឡីស័ក និងការប៉ះពាល់ទៅលើអ្នកដទៃ ហើយត្រូវគ្រប់គ្រងក្រុមគ្រួសារឱ្យបានហ្មត់ចត់ ចៀសវាងការចល័តពីកន្លែងមួយទៅកាន់កន្លែងមួយ ដែលធ្វើឱ្យមានបញ្ហាឆ្លងចូលទៅក្នុងសហគមន៍។

សម្ដេចតេជោគូសបញ្ជាក់ថា «ខ្ញុំចាត់ទុកថានេះជាបញ្ហាធ្ងន់ធ្ងរសម្រាប់រាជធានីភ្នំពេញរបស់យើង ដែលខ្ញុំសូមស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាវិស័យសុខាភិបាលដែលក្ដាប់បានមុខសញ្ញា និងអំពាវនាវចំពោះក្រសួងស្ថាប័ន ដែលគ្រប់គ្រងមន្ត្រីបុគ្គលិក ក៏ដូចជាស្ថាប័នព័ត៌មានទាំងឡាយដែលគ្រប់គ្រងបុគ្គលិក ត្រូវយកចិត្តទុកដាក់បន្ថែមទៀត តាមដានចំពោះអ្នកដែលត្រូវធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់។ បើមិនដូច្នោះទេ ហានិភ័យនឹងមានខ្ពស់បំផុតសម្រាប់ប្រទេសយើងនៅក្នុងកាលៈទេសៈនេះ»។ សម្ដេចតេជោបសនបន្ថែមថា នេះជាបញ្ហាដ៏ធំនៅក្នុងវិស័យសុខភាពសាធារណៈរបស់យើង ដែលមិនធ្លាប់មានក្នុងរយៈពេលជាង១០ខែកន្លងទៅនេះ ព្រោះមនុស្សជិត៩០០នាក់រួចទៅហើយ ដែលរាប់ទាំងកូនប្រពន្ធនៅតាមផ្ទះមានបញ្ហានេះ។ ដូច្នេះខ្ញុំសូមស្នើឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្ន។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ខ្ញុំមិនធ្វើការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងស្រុង ឬផ្នែកណាមួយនោះទេ ហើយខ្ញុំក៏មិនរារាំងទៅលើដំណើររបស់អ្នកដែលមិនមានការពាក់ព័ន្ធដែរ។ ប៉ុន្តែ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាការការពារសុខភាពនៅក្នុងកាលៈទេសៈ ដែលយើងមិនទាន់មានភាពច្បាស់លាស់នេះ ដោយធ្វើការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដូច្នេះរួមគ្នាចាប់ផ្ដើមពាក់ម៉ាស រៀបចំអនាម័យ នៅក្នុងរយៈពេលពីរអាទិត្យខាងមុខនេះ មុននឹងចេញលទ្ធផលមក បន្ទាប់ពីការធ្វើតេស្តជាបន្តបន្ទាប់។ ខ្ញុំចាត់ទុកថា នេះជាបញ្ហាធ្ងន់ធ្ងរមួយនៅក្នុងប្រទេសរបស់យើង។ ខ្លួនខ្ញុំក៏ត្រូវតែបន្តនៅក្នុងការធ្វើចត្តាឡីស័ក និងការធ្វើតេស្តដោយហ្មត់ចត់។ តែអ្វីដែលសំខាន់ខ្ញុំសូមអំពាវនាវ ឱ្យអ្នកដែលចូលពាក់ព័ន្ធផ្ទាល់ និងអ្នកដែលពាក់ព័ន្ធប្រយោល រាប់ទាំងក្រុមគ្រួសារដែលមានការពាក់ព័ន្ធ សូមយកចិត្តទុកដាក់កុំធ្វើការចល័ត ពីកន្លែងមួយទៅកាន់កន្លែងមួយឱ្យសោះ សុំរក្សានូវសុវត្ថិភាពសម្រាប់ខ្លួនឯង និងសម្រាប់កូនចៅយើងនៅក្នុងផ្ទះ និងអ្នកដែលនៅជុំវិញខ្លួន។

សម្ដេចតេជោថ្លែងសង្ឃឹមថា នឹងជម្នះបាននូវការលំបាកនៅក្នុងកាលៈទេសៈដែលសភាពការណ៍តម្រូវឱ្យយើងត្រូវតែចាត់វិធានការចាំបាច់ដោយខានមិនបាន។ ទោះបីខ្ញុំស្ថិតក្នុងការធ្វើចត្តាឡីស័ក ក៏ខ្ញុំនៅតែបន្តតាមដាន និងបញ្ជាដឹកនាំទៅលើបញ្ហានេះបន្តទៀត តែសុំឱ្យមានកិច្ចសហការ ពីអ្នកដែលជាប់ពាក់ព័ន្ធ ហើយក៏សុំឱ្យអាជ្ញាធរមានសមត្ថកិច្ច តាមដានសម្រាប់អ្នកដែលធ្វើចត្តាឡីស័ក។ សម្ដេចតេជោ ហ៊ុន សែនបានលើកឡើងថា  ក្នុងករណីដែលមានការចាំបាច់ សុំឱ្យសាលារាជធានីភ្នំពេញ ជួលនៅសណ្ឋាគារណាមួយ សម្រាប់ដាក់បងប្អូនដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ដើម្បីឱ្យពួកគាត់អាចទៅរស់នៅធ្វើចត្តាឡីស័កនៅទីនោះបានស្រួល ហើយរដ្ឋយើងនឹងទទួលបន្ទុកក្នុងការចំណាយទៅលើការជួលសណ្ឋាគារនៅទីនោះ។ ដូច្នេះឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ពិភាក្សាជាមួយឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីជ្រើសរើសយកសណ្ឋាគារណាមួយ ហើយប្រមូលបងប្អូន រាប់ទាំងអ្នកសារព័ត៌មានទាំងឡាយ ដែលខ្វះលទ្ធភាពធ្វើចត្តាឡីស័ក ដោយសារតែខ្លួនខ្វះផ្ទះសម្បែង យកទៅធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារ។ ដូច្នេះសូមចាត់ការជាបន្ទាន់ ដោយសារតែផ្នែកខាងសុខាភិបាលមានបញ្ជីរួចទៅហើយ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូថ្មី៖ «កម្ពុជាត្រូវការប្រជាធិបត...

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ អង្គភាព ព័ត៌មាន និងប្រតិកម្ម រហ័ស នៃទីស្តីការ គណៈ រដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលជាង១១នាទី ក្រោម ចំណង ជើងថា «កម្ពុជាត្រូវការ ប្រជាធិបតេយ្យ ដែលផ្អែក លើមូល ដ្ឋានសន្តិភាពនិងនីតិរដ្ឋ»។