សម្ដេចតេជោ ហ៊ុន សែន ៖ មិនមានការបិទប្រទេស ឬ រាជធានី ខេត្ត ឬតំបន់ណាមួយនោះទេ

ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០–ក្នុងខណៈដែលមានមនុស្សអាក្រក់មួយចំនួនបាន បំផុសពាក្យចចាមអារ៉ាមថា រាជរដ្ឋា​ភិ​បាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើ ដំណើរពីខេត្តមួយទៅកាន់ខេត្តមួយនោះ ប្រ​មុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន មានប្រសាសន៍​ប​ញ្ជា​​​ក់​ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។

​នៅលើផេកផ្លូវការថ្ងៃ១២រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោបានសរសេរថា បងប្អូន​ជន​រួមជាតិ ជាទីគោរពស្រឡាញ់។ ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបាន បំផុសពាក្យចចា​ម​​អារាម ថា រាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរ ពីខេត្តមួយ​ទៅ​កា​ន់​​ខេត្ត មួយ។

សម្ដេចតេជោថ្លែងបន្តថា ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់​ថា​នឹង​​មិន មានការបិទប្រទេស ឬរាជធានី ខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសល​របស់​ពួកអាក្រក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមានចលាចល ទំនិញឡើងថ្លៃ ប្រជាជនរស់​នៅ​មិន​បានស្ងប់ចិត្ត ដើម្បីពួកគេកេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

សម្ដេចតេជោនាយក​រដ្ឋ​មន្ត្រីគូសបញ្ជាក់ថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូ វីដ-១៩នៅពេល​នេះ គឺប្រជាជ​ន​គ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលា​ង​ដៃ​ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។ សម្រាប់ការពាក់ម៉ាស់​ដែលកាល​ពី​ម្សិ​លមិញនេះ ខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន ២លានម៉ាស់ ​ជូនទៅសាលារាជ​ធា​នី​ភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរ ក៏នឹងជូនម៉ាស់ សម្រាប់អ្នកជិះកង់ ជិះ​ម៉ូតូដែលមិនបានពាក់ម៉ាស់។ សូមបងប្អូនពាក់ម៉ាស់ ទាំងអស់គ្នាដើម្បីយើងឈានទៅ​បញ្ច​ប់​ព្រឹត្តិការណ៍ ៣វិច្ឆកាឱ្យបានឆាប់ ដើម្បីនាំប្រទេសមក កាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០​២​​០វិញ។

សម្ដេចតេជោបានបន្ថែមថា សម្រាប់បងប្អូនដែលបាននិងកំពុង​ធ្វើចត្តាឡីស័កនៅ​តា​មផ្ទះ ត្រូវបន្តធ្វើឱ្យបានហ្មត់ចត់ នឹងសូមអាជ្ញាធរមូលដ្ឋាន​តាមដានត្រួតពិនិត្យ ​និង​ជួ​យ​ដោះ​ស្រា​​យជីវភាពសម្រាប់គ្រួសារក្រីក្រ ដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបាន ក្នុងពេល​ធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំឱ្យពួកគាត់ខ្វះស្បៀងអាហារ​ក្នុងពេល​ធ្វើ​​​ចត្តាឡីស័ក។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕

ដោយជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ