សម្ដេចតេជោ ហ៊ុន សែន មានលទ្ធផលអវិជ្ជមានកូវីដ-១៩បន្ទាប់ពីការធ្វើតេស្តជាលើកទី៣

41

ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាបងប្អូននៅជុំវិញ បានទទួលលទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់ បន្ទាប់ពីការយកវត្ថុសំណាកទៅធ្វើតេស្តជាលើកទី៣ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

នៅលើផេកផ្លូវការ នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា “នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់”។ សម្ដេចតេជោបន្តថា  ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀត ដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា ហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ សម្ដេចតេជោនាករដ្ឋមន្ត្រីថ្លែងបន្ថែមថា  ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមានទាំងខ្ញុំនិងភរិយា ព្រមទាំងបងប្អូនប្រមាណជាង ១ ០០០ នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនឹងធ្វើឱ្យការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបារម្ភអំពីសុខភាពនិងជូនពរដល់ខ្ញុំនិងភរិយា។

បើយោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០១នាក់ ទៅលើបុរសជនជាតិអាម៉េរិក និងមិនមានករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩នោះទេ។ ដូច្នេះមកដល់ថ្ងៃនេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ៣០២នាក់ ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន ២៨៩នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៣នាក់។ ឯចំនួនអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា គិតពីថ្ងៃទី៤ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបតេស្តដែលបានវិភាគមាន ២ ៥៦៧ វត្ថុសំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ចំនួន ១ ៧៤១នាក់ និងលើកទី២បានចំនួន ៨២៦នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស័្ទរកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

ដោយ ជឹម ណារី