ឯកឧត្ដមនាយករដ្ឋមន្ត្រីឡាវអះអាងថា ជំនួយជាសម្ភារបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា នឹងត្រូវប្រើប្រាស់ឱ្យមានប្រសិទ្ធភាពបំផុត សំដៅការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះនៅក្នុងប្រទេសឡាវ

ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ — ឯកឧត្ដម ថងលួន ស៊ីសូលីត យករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអះអាងថា ជំនួយជាសម្ភារបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជាដែលផ្ដល់ឱ្យប្រទេសឡាវ នឹងត្រូវប្រើប្រាស់ឱ្យមានប្រសិទ្ធភាពបំផុត សំដៅការពារនិងទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ពនៅក្នុងប្រទេសឡាវ។

នៅក្នុងលិខិតរបស់ឯកឧត្ដម ថងលួន ស៊ីសូលីត យករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០បានគូសបញ្ជាក់ថា ខ្ញុំមានកិត្តិយសដែលបានទទួលលិខិតរបស់ សម្តេច ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អំពីការផ្តល់ ជំនួយសប្បុរសធម៌ រួមមានម៉ាស់ចំនួន ២ លាន បរិក្ខារពេទ្យសំខាន់ៗ និងចាំបាច់ដទៃទៀត ដល់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្ដមបានថ្លែងថា “តាងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ក៏ដូចជាក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាង ជ្រាលជ្រៅ និងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការឧបត្ថម្ភគាំទ្រ ដ៏មានតម្លៃ ដែល សម្តេច ក៏ដូចជារដ្ឋាភិបាល និងប្រជាជនកម្ពុជា ផ្តល់ឱ្យក្នុងគ្រាដ៏លំបាកនេះ ដែលប្រទេសយើងទាំងពីរកំពុងជួបប្រទះ។ យើងខ្ញុំសូមសម្តែងនូវការដឹងគុណ និងក្តីរំភើបជាអតិបរមាចំពោះរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជំនួយដល់ប្រទេសឡាវ បើទោះជាកំពុងទទួលរងនូវផលប៉ះពាល់ដោយជំងឺ កូរ៉ូណាវីរុសយ៉ាងណាក៏ដោយ។” ឯកឧត្តមនាយករដ្ឋមន្ត្រីបានចាត់ទុកកាយវិការនេះជា ការឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធនិងជា ប្រពៃណី ពីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាអ្នកជិតខាងល្អ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសយើងទាំងពីរដែលកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្ដមនាយករដ្ឋមន្ត្រីឡាវបានគូសបញ្ជាក់បន្ថែមថា  “ខ្ញុំសូមធានាអះអាងចំពោះសម្តេចថា ជំនួយដែលទទួលបាននឹងត្រូវប្រើប្រាស់ឱ្យមានប្រសិទ្ធភាព បំផុត សំដៅការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះនៅក្នុងប្រទេសឡាវ។ ទន្ទឹមនឹងនេះខ្ញុំជឿជាក់ថា រដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជានឹងអាចធ្វើការទប់ស្កាត់ និងទទួលបានជ័យ ជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩”។ ជាថ្មីម្តងទៀត ខ្ញុំសូមឆ្លៀតយកឱកាសនេះ សូមគោរពជូនពរ សម្តេច សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យកាន់តែច្រើនថែមទៀតនៅក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់សម្តេច។ សូម សម្តេច ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ