ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ — ឯកឧត្ដម ថងលុន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងជួសមុខឱ្យរដ្ឋាភិបាល និងប្រជាជនឡាវ នូវសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អំណោយសម្ភារបរិក្ខារវេជ្ជសាស្ត្រ សម្រាប់បង្ការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩។
សម្រាប់អំណោយសម្ភារបរិក្ខារវេជ្ជសាស្ត្រសម្រាប់បង្ការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩របស់កម្ពុជា ដែលមានម៉ាស់ចំនួន២លាន១សែនម៉ាស់ និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីឡាវហើយ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅព្រលានយន្តហោះទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយមានការចូលរួមរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអមដំណើរដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ព្រមទាំងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ តាមរយៈការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា ឯកឧត្ដមនាយករដ្ឋមន្ត្រីឡាវបានថ្លែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់និងទទួលអំណោយសប្បុរសធម៌ជាសម្ភារបរិក្ខារវេជ្ជសាស្ត្រជូនរដ្ឋាភិបាលឡាវ សម្រាប់បង្ការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា “ជួសមុខឱ្យរដ្ឋាភិបាលនិងប្រជាជនឡាវ ខ្ញុំសូមសម្ដែងនូវសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែមានសេចក្ដីព្រួយបារម្ភ និងបានផ្ដល់នូវអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនឡាវយើងខ្ញុំនៅក្នុងឱកាសនេះ”។ ឯកឧត្ដម ថង លុនស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានវាយតម្លៃខ្ពស់ ចំពោះអំណោយដ៏មានអត្ថន័យយ៉ាងក្រៃលែងនេះ ទោះបីជាកម្ពុជាខ្លួនឯងទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃជំងឺដ-១៩យ៉ាងណាក៏ដោយ ប៉ុន្តែរដ្ឋាភិបាលនិងប្រជាជនកម្ពុជាតែងតែមានទឹកចិត្តសប្បុរសធម៌ បានចែករំលែកអំណោយដ៏ថ្លៃថ្លាបំផុតនេះ និងបានទាន់ពេលវេលា ដល់រដ្ឋាភិបាល និងប្រជាជនឡាវ។ ឯកឧត្ដមបានចាត់ទុកថា នេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសភូមិផងរបងជាមួយ ជាបងប្អូន ដែលមានទំនាក់ទំនងល្អជាប្រពៃណីតាំងពីយូរលុងណាស់មកហើយ និងជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យ គង់វង្ស យូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើនជាលំដាប់។ ឯកឧត្ដមនាយករដ្ឋមន្ត្រីឡាវបានលើកឡើងថា ប្រទេសយើងទាំងពីរ ឡាវ និងកម្ពុជា មានទំនាក់ទំនងដ៏ល្អ ក្នុងការជួយឧបត្ថម្ភគ្នាទៅវិញទៅមកតាំងពីយូរលុងណាស់មកហើយ ពិសេសចាប់តាំងពីសម័យតស៊ូរំដោះជាតិមាតុភូមិ ដណ្ដើមឯករាជ្យពីអាណានិគម ប្រទេសយើងទាំងពីរធ្លាប់បានប្រកៀកស្មារគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដែលមិនអាចបំបែកចេញពីគ្នាបាន ដើម្បីតស៊ូជាមួយសត្រូវតែមួយ។ ឯកឧត្ដមនាយករដ្ឋមន្ត្រីឡាវបានអះអាងថា នឹងប្រើប្រាស់អំណោយជាសម្ភារបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ឱ្យទទួលបានលទ្ធផលខ្ពស់បំផុតក្នុងការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅប្រទេសឡាវ។ ទន្ទឹមនេះឯកឧត្ដម ថងលុន ស៊ីសូលីត មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ ប្រជាជនកម្ពុជានឹងអាចយកឈ្នះពីការរីករាលដាលនៃជំងឺកូវីដ-១៩បានដោយជោជ័យ។
នៅក្នុងពីធីនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជា និងឡាវមានចំណងមិត្តភាព ជាបងប្អូនដ៏យូរអង្វែង ដែលថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរ កំពុងបន្តពូនជ្រុំ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតជារៀងរាល់ថ្ងៃ។ សម្ដេចពិជ័យសេនាបានបន្ដថា ប្រជាជនយើងទាំងពីរបានកៀកស្មារគ្នា តស៊ូប្រយុទ្ធប្រឆាំងនឹងរបបអាណានិគមនិយម និងចក្រពត្តិនិយម ដើម្បីទទួលបានឯករាជ្យ អធិបតេយ្យភាពជាតិ សេរីភាព និងសិទ្ធិស្វ័យសម្រេចរៀងៗខ្លួន។ សម្ដេចពិជ័យសេនាបានលើកឡើងថា បច្ចុប្បន្ន កម្ពុជា និងឡាវក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិយើងទាំងពីរ។
សម្តេចពិជ័យសេនាបានសម្ដែងនូវការជឿជាក់ថា ទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការវាងប្រជាជាតិយើង នឹងកាន់តែមានភាពស៊ីជម្រៅ រីកចម្រើនរឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមជានិរន្តរ៍ ដល់ប្រជាជនយើងទាំងពីរ ដែលនឹងរួមចំណែកផងដែរ ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ជាងនេះទៀតការចូលរួមវិភាគទានថ្ងៃនេះ ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ គឺជាកាយវិការបង្ហាញនូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាព របស់ប្រជាជនកម្ពុជាជាមួយប្រជាជនឡាវ នៅក្នុងកាលៈទេសៈដែលពិភពលោក ទាំងមូលកំពុងជួបនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក លើសុវត្ថិភាពនៃសុខភាព និងសន្តិសុខមនុស្សជាតិ។
គួរបញ្ជាក់ដែរថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវរួមមាន ម៉ាស់ ចំនួន២លាន ម៉ាស់ក្រណាត់ចំនួន ២០ម៉ឺន ម៉ាស់ N95 ចំនួន២ម៉ឺន វែនតាសុវត្ថិភាព ចំនួន២ម៉ឺន សម្លៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត ម៉ាស៊ីនវាស់កម្ដៅ ចំនួន៥០០ របាំងមុខចំនួន២ម៉ឺន ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០ ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស ស្បែកជើងកវែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូផងដែរ៕