សម្ដេចតេជោ ហ៊ុន សែន៖ ប្រជាជនក្នុងពិភពលោក និងប្រជាជនកម្ពុជា ស្អប់កូវីដ១៩ខ្លាំងណាស់ តែកូវីដ១៩ មិនត្រឹមតែមិនស្អប់យើងវិញនោះទេ វាថែមទាំងស្រឡាញ់យើងដែលការស្រឡាញ់របស់វា នឹងធ្វើឱ្យយើងស្លាប់ ឬខូចខាតសុខភាព

ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ — ក្នុងខណៈដែលលទ្ធផលនៃការធ្វើតេស្តលើកទី៤របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០បានបង្ហាញថាអវិជ្ជមានវីរុសកូវីដ-១៩នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវចងចាំថា ប្រជាជនក្នុងលោកនិយាយជារួម និងប្រជាជនកម្ពុជានិយាយដោយឡែក ស្អប់កូវីដ១៩ខ្លាំងណាស់ តែកូវីដ១៩ មិនត្រឹមតែមិនស្អប់យើងវិញនោះទេ តែវាថែមទាំងស្រឡាញ់យើងទៀតផង ដែលការស្រឡាញ់របស់វាមកលើយើង នឹងធ្វើឱ្យយើងស្លាប់ឬខូចខាតសុខភាពតែប៉ុណ្ណោះ។

នៅលើផេកផ្លូវការនាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយ ដែលបានបង្ហាញច្បាស់ថា អវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ។

ដូចនេះចាប់ពីថ្ងៃស្អែក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ខ្ញុំនឹងចេញទៅធ្វើការឬ ហាត់ប្រាណ នៅខាងក្រៅដូចមុនថ្ងៃទី០៤ ខែវិច្ឆិកាឡើងវិញ តែខ្ញុំនៅតែមិនទាន់ឱ្យកូននិងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀត ដើម្បីធានាឱ្យប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗ គឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។”

សម្ដេចតេជោបានបន្តថា ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូនជ្រាបថាព្រឹត្តិការណ៍៣វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលា រួមមាន ១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា២០២០ មានរាជធានីភ្នំពេញចំនួន១ ៥៦៩នាក់ (មានជនជាតិហុងគ្រី ចំនួន៥នាក់) ដោយរាប់ទាំងអ្នកវិជ្ជមាន ៤នាក់ ក្នុងនោះជាសះស្បើយ ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង និងខេត្តកណ្តាលចំនួន ៦៧នាក់ ខេត្តពោធិ៍សាត់ចំនួន ៤០នាក់ ខេត្តព្រៃវែងចំនួន ២៣នាក់ ខេត្តកំពង់ធំចំនួន ៣នាក់។ ២.សម្រាប់ថ្ងៃទី២១ វិច្ឆិកា ២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន ១១នាក់។ ៣. សម្រាប់ថ្ងៃទី២៣ វិច្ឆិកា ២០២០ មានខេត្តកែបចំនួន ១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន ១នាក់។ ៤. សម្រាប់ថ្ងៃទី២៥ វិច្ឆិកា ២០២០មានខេត្តព្រះវិហារចំនួន ២០នាក់ ខេត្តរតនគិរីចំនួន ១០នាក់។

សម្ដេចតេជោក៏បានរម្លឹកចំពោះអាជ្ញាធរមូលដ្ឋាន ដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ត្រូវណែនាំឱ្យបងប្អូនឱ្យបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។ សម្ដេចបានលើកឡើងថា ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត ១ ៨០២ នាក់នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្ត និងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ ដែលបញ្ហានេះសម្តេចបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកា ពិតជាធំធេងនឹងស្មុគ្រស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធ ព្រោះវាទាក់ទងដល់មនុស្សច្រើននឹងរាជធានីខេត្ត ស្រុក ខណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើន ដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាព និងសហការល្អយើងអាចធ្វើបានដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដាន ដែលជាមូលហេតុឆ្លងចូលសហគមន៍បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។ បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះក៏ដូចជាពេលកន្លងមក គឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ទាន់ពេល និងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោលយកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខ ដែលហ៊ានប្រឈមចំពោះជម្ងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់។ សម្តេចតេជោក៏សូមផ្ញើជូននូវការគោរព និងថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់នឹងការទទួលខុសត្រូវខ្ពស់។ សម្តេចតេជោក៏សូមអរគុណផងដែរដល់បងប្អូនដែលជាប់ពាក់ព័ន្ធទាំងដោយផ្ទាល់ និងដោយប្រយោលដែលបានអត់ធ្មត់ រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ តាមលក្ខខណ្ឌតម្រូវនៃការធ្វើចត្តាឡីស័ក។

សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថា បងប្អូនជនរួមជាតិជាទីគោរព ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា មិនមែនមានន័យថាយើងបញ្ចប់ការខិតខំដើម្បីប្រយុទ្ធជាមួយកូវីដ១៩នោះទេ ផ្ទុយទៅវិញយើងត្រូវខិតខំច្រើនជាងមុន ដើម្បីទប់ស្កាត់ឃាតកលាក់មុខដែលយើងមើលមិនឃើញតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព ។ល។ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ត្រូវចងចាំថា ប្រជាជនក្នុងលោកនិយាយជារួម និងប្រជាជនកម្ពុជានិយាយដោយឡែក ស្អប់កូវីដ១៩ខ្លាំងណាស់ តែកូវីដ១៩ មិនត្រឹមតែមិនស្អប់យើងវិញនោះទេ តែវាថែមទាំងស្រឡាញ់យើងទៀតផង ដែលការស្រឡាញ់របស់វាមកលើយើង នឹងធ្វើឱ្យយើងស្លាប់ឬខូចខាតសុខភាពតែប៉ុណ្ណោះ។ ត្រូវចងចាំថាការដែលកម្ពុជាមានមនុស្សឆ្លងតិច និងមិនមានមនុស្សស្លាប់ មិនមែនមកពីយើងមានឈាមជាខ្មែរអង្គរដែលមានឈាមក្រហមពិសេសអាចប្រឆាំងជាមួយកូវីដ១៩បានដូចមនុស្សខ្លះបានអះអាងនោះទេ (ខ្ញុំសង្ឃឹមថាអ្នកអះអាងបែបនេះនឹងមានសេចក្តីក្លាហានពិតប្រាកដចូលទៅបម្រើអ្នកកើតកូវីដ១៩ ដោយមិនមានសម្ភារការពារខ្លួន តើឆ្លងឬមិនឆ្លង ដើម្បីបានជាប្រយោជន៍សម្រាប់ការស្រាវជ្រាវវិទ្យាស្ត្រផង និងដើម្បីកូនខ្មែរដែលមានឈាមក្រហមពិសេសមិនបាច់ការពារខ្លួនដូចសព្វថ្ងៃផង។ ទន្ទឹមនេះ ប្រសិនជាអាចធ្វើបានមែន អង្គការសុខភាពពិភពលោកប្រាកដជាប្រកាសទទួលស្គាល់អ្នកថាជាអ្នកវិទ្យាសាស្ត្រដ៏កំពូលគ្មានពីរក្នងលោក)។ ឬបានមកពីការកត្តាអាកាសធាតុដែលធ្វើឱ្យកូវីដ១៩ មិនអាចឆ្លងចូលបាននោះដែរ។ ជោគជ័យរបស់យើងបានមកពីការខិតខំរួមគ្នាទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏មានប្រសិទ្ធភាព និងសំខាន់ជាងទៀត គឺប្រជាជនកម្ពុជាគ្រប់រូបចូលរួមអនុវត្តនូវវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ដែលខ្ញុំសុំយកឱកាសនេះសម្តែងនូវអំណរគុណចំពោះជនរួមជាតិគ្រប់រូប និងថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងសប្បុរសជនដែលបានចូលរួមជួយជាថវិកា និងសម្ភារ ដើម្បីប្រយុទ្ធជាមួយជម្ងឺដ៏កាចសាហាវនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា  យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឱ្យក្រសួងអប់រំយុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យ វិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆិកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីដ-១៩នៅតែជាអាទិភាព នៃការងាររបស់យើងទាំងអស់គ្នាដដែល។ ព្រឹត្តិការណ៍៣វិច្ឆកាបានបង្រៀនយើង បានរម្លឹកយើង បានដាស់តឿនយើង និងបានណែនាំយើងឱ្យមានការប្រុងប្រយ័តជានិច្ចទើបអាចយកឈ្នះលើកូវីដ១៩បាន។ ត្រូវម្ចាស់ការទប់ស្កាត់ជាមុនតាមវិធីការពារប្រសើរជាងការព្យាបាល។ សម្តេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ