ប្រមុខរាជរដ្ឋាភិបាល ផ្ញើលិខិតថ្លែងអំណរគុណដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានគាំទ្រ​ដល់ការ​ធ្វើតេស្តរកកូវីដ-១៩ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា

ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​នៅថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើលិខិតមួយច្បាប់ ថ្លែងអំណរគុណដល់លោកស្រី​វេជ្ជ​បណ្ឌិត ឡូរ៉ង បារីល (Laurence Baril) នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សម្រាប់​ជំនួយដ៏ប្រពៃ​ដែលបានផ្តល់ជូនកម្ពុជា ដើម្បីគាំទ្រដល់ការធ្វើតេស្តរកកូវីដ-១៩ លើមន្ត្រីរាជរដ្ឋាភិបាល​កម្ពុជា​រួម​ទាំង​រូបសម្តេច ព្រមទាំងមនុស្សទាំងអស់ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ក្នុង​ព្រឹត្តិការណ៍៣វិច្ឆិកា ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល។

ក្នុងសារលិខិតសម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកថា កាយវិការរបស់វិទ្យស្ថាន​ប៉ាស្ទ័រ​កម្ពុជា ពិតជាបង្ហាញយ៉ាងច្បាស់ នូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់លោ​កស្រីវេជ្ជ​បណ្ឌិត​ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកឈ្នះវិបត្តិសកលដែលពុំធ្លាប់​មាន​ពីមុននេះ។ សម្តេចតេជោបានមានប្រសាសន៍គូសបញ្ជាក់ថា ទោះបីជាករណីកូវីដ-១៩ កំពុង​កើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ និងពិភពលោកក៏ដោយ សម្ដេចតេជោជឿជាក់ថា ដោយមានការគាំទ្រយ៉ាងខ្លាំងពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់​លោកស្រីវេជ្ជបណ្ឌិត ប្រទេសកម្ពុជានឹងអាចឆ្លងផុតពីការគំរាមកំហែងរួមជាសកលនេះ។

ជាថ្មីម្ដងទៀត តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែង​នូវអំណរគុណយ៉ាងស្មោះជូនចំពោះលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង បារីល និងវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការគាំទ្រឥតប្រែប្រួលផ្តល់​ជូន​អាជ្ញាធរកម្ពុជាពាក់ព័ន្ធ ក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតសកលនេះ ដើម្បីសុខុមាលភាពរបស់​ប្រជាជនកម្ពុជាទាំងមូល។ ជាមួយគ្នានេះ សម្តេចតេជោក៏បានប្រសិទ្ធពរលោកស្រី ឱ្យប្រកបដោយសុខភាពល្អ និងសូមឱ្យវិទ្យាស្ថានដ៏ល្បីល្បាញរបស់​លោកស្រី កាន់តែទទួលបានជោគជ័យធំធេងបន្ថែមទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ