ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ — លោកវេជ្ជបណ្ឌិត តាក់កឺស៊ី កាសៃ (Dr. Takeshi Kasai) អគ្គនាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច បានថ្លែងកោតសរសើរ និងចូលរួមអបអរសាទរកម្ពុជា តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបត្រឹមត្រូវជាគំរូក្នុងសុខភាពសាធារណៈ និងអនុវត្តបានយ៉ាងមានប្រសិទ្ធភាព តាមរយៈការធ្វើសកម្មភាពបានរហ័ស ក្នុងការរុករកអ្នកឆ្លងវីរុសកូវីដ-១៩ ដោយបានធ្វើអន្តរាគមន៍ចំចំណុចបានល្អប្រសើរ។
ក្នុងន័យកោតសរសើរស្រដៀងគ្នានេះផងដែរ លោកស្រីវេជ្ជបណ្ឌិត លី អានលែន (Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា តាមរយៈបណ្តាញសង្គម twitter បានឱ្យដឹងថា៖ “ខ្ញុំសូមចូលរួមអបអរសាទរកម្ពុជា ក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ ០៣ វិច្ឆិកា យ៉ាងមានប្រសិទ្ធភាព និងធ្វើឱ្យកម្ពុជាមានសុវត្ថិភាពពីរីរុសកូវីដ-១៩នេះ។ ការឆាប់រកឃើញ ការឆ្លើយតបរហ័ស ជាមួយនឹងអន្តរាគមន៍ដែលមានគោលដៅច្បាស់លាស់ គឺជាកត្តាចាំបាច់នាំមកនូវជោគជ័យ!”។
គួររម្លឹកថា ព្រឹត្តិការណ៍ ថ្ងៃ០៣ វិច្ឆិកា បានកើតឡើងក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី នៅព្រះរាជាណាចក្រកម្ពុជា ហើយដែលធ្វើឱ្យ មនុស្សចំនួន ០៤នាក់ ឆ្លងវីរុសកូវីដ-១៩៕