ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០–ក្នុងខណៈដែលទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២០ ប្រព្រឹត្តទៅក្រោមប្រធានបទ«សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា»នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាអាទិភាពខ្ពស់ ព្រោះមេរោគអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដែលជាគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។
ក្នុងសារលិខិតទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបង្ហាញថា អត្រាមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៥ ដល់៤៩ឆ្នាំ បានថយចុះពី ០,៨ភាគរយ នៅឆ្នាំ២០១០ មកនៅត្រឹម ០,៥ភាគរយ នៅឆ្នាំ២០១៩។ ក្នុងចំណោមនោះ ចំនួនអ្នកស្លាប់គ្រប់វ័យដោយសារជំងឺអេដស៍បានថយចុះពីចំនួនប្រមាណ ២ ៣០០ នាក់ នៅឆ្នាំ២០១០ មកនៅត្រឹមចំនួនប្រមាណ ១ ៣០០ នាក់ក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ននេះ ចំនួនអ្នកផ្ទុកមេរោគអេដស៍គ្រប់វ័យមានប្រមាណ ៧៣ ០០០ នាក់ ក្នុងនោះ ៨៤ភាគរយ បានធ្វើតេស្តឈាមដឹងពិតប្រាកដថា បានផ្ទុកមេរោគអេដស៍ ១០០ភាគរយ បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៦ភាគរយ ទទួលបានប្រសិទ្ធភាពនៃការព្យាបាលនាំឱ្យមានសុខភាពល្អ។ ចំនួនអ្នកឆ្លងថ្មីគ្រប់វ័យ បានថយចុះពីចំនួនប្រមាណ ១ ៩០០ នាក់ នៅឆ្នាំ២០១០ មកនៅត្រឹមប្រមាណ៧៨០នាក់ នៅឆ្នាំ២០១៩។ សម្តេចតេជោបន្តថា សមិទ្ធផលទាំងនេះ កំពុងតែបង្ហាញឱ្យឃើញនូវសញ្ញាវិជ្ជមានលើប្រសិទ្ធភាព និងគុណភាពខ្ពស់ នៃកិច្ចអន្តរាគមន៍របស់យើង ក្នុងការទប់ស្កាត់ការរាលដាលមេរោគអេដស៍និងជំងឺអេដស៍ ដើម្បីឈានទៅសម្រេចបាន គោលដៅបញ្ចប់អេដស៍នៅឆ្នាំ២០២៥ គឺ៥ឆ្នាំមុនកាលកំណត់របស់អង្គការសហប្រជាជាតិ។ សម្ដេចតេជោថ្លែងបន្តថា យើងមិនត្រូវស្កប់ស្កល់ជាមួយជោគជ័យដែលយើងទទួលបាននោះឡើយ ព្រោះថា ចាប់តាំងពីមានការរាតត្បាតមេរោគអេដស៍ក្នុងទសវត្សរ៍ឆ្នាំ១៩៨០មក រហូតមកដល់ពេលនេះ ពិភពលោកមិនទាន់រកឃើញវ៉ាក់សាំង ឬឱសថព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយជាស្ថាបពរនៅឡើយទេ។ ម្យ៉ាងទៀតនៅកម្ពុជា យើងមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១២ ០០០នាក់ នៅមិនទាន់បានត្រឡប់មកធ្វើតេស្តឈាម ដើម្បីបញ្ជាក់ពិតប្រាកដអំពីស្ថានភាពមេរោគអេដស៍នៅក្នុងខ្លួននោះទេ។ អ្នកជំងឺអេដស៍មួយចំនួនទៀត បាននិងកំពុងលះបង់ការព្យាបាលឡើងវិញ។ ជាមួយគ្នានោះ ប្រជាជនគន្លឹះ ដូចជា ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ស្ត្រីបម្រើសេវាកម្សាន្តសប្បាយមានចំនួនកើនឡើង និងមានអត្រាឆ្លងមេរោគអេដស៍ខ្ពស់ ដែលអាចនាំឱ្យមានការចម្លងមេរោគអេដស៍ទៅប្រជាពលរដ្ឋទូទៅទៀតផង។ នៅចំពោះមុខហានិភ័យនៃការរីករាលដាលឡើងវិញនៃជំងឺអេដស៍ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវជាថ្មីម្ដងទៀតដល់ជនរួមជាតិ ឱ្យខិតខំទប់ស្កាត់មេរោគអេដស៍និងជំងឺអេដស៍ ដោយចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងចរន្តជាតិតែមួយ ឆ្ពោះទៅបញ្ចប់អេដស៍នៅកម្ពុជានៅឆ្នាំ២០២៥ខាងមុខដោយជោគជ័យ។ ការចូលរួមទាំងនោះរួមមាន ការធ្វើតេស្តឈាមរកមេរោគអេដស៍ ការប្រើប្រាស់ស្រោមអនាម័យឱ្យបានទូលំទូលាយ ការមិនរើសអ្នកផ្ទុកមេរោគអេដស៍ និងការជួយឧបត្ថម្ភគាំទ្រអ្នកផ្ទុកមេរោគអេដស៍ដែលជាជនក្រីក្រជាដើម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឧទ្ទិសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២០ ប្រព្រឹត្តទៅក្រោមប្រធានបទ«សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា» ឱ្យក្លាយជាចរន្តជាតិដ៏ធំធេងមួយ ដើម្បីឈានទៅសម្រេចគោលដៅ៣ គឺ គ្មានអ្នកឆ្លងថ្មី គ្មានអ្នកស្លាប់ដោយសារជំងឺអេដស៍ និងគ្មានការរើសអើងអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍៕
ដោយ ជឹម ណារី