ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែនសម្រេចផ្ដល់ម៉ាស់ចំនួន ១លាន៥ម៉ឺន និងបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ត

ម៉ាស់ចំនួន១លាន៥ម៉ឺនម៉ាស់ និងសម្ភារៈបរិក្ខាពេទ្យមួយចំនួនបានសម្រេចផ្តល់ជូនដល់ប្រទេសទីម័រ​លេស្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងត្រូវដឹកជញ្ជូនតាមជើងយន្តហោះពិសេសទៅកាន់ប្រទេស​ទីម័រលេស្ត នៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ។
សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០បានបញ្ជាក់ថា «ក្នុងចំណោមម៉ាស់ ១លាន៥ម៉ឺននោះ មានម៉ាស់ធម្មតាចំនួន១លាន និងម៉ាស់ក្រណាត់ចំនួន៥ម៉ឺន រួមទាំងសម្ភារៈបរិក្ខាមួយចំនួនទៀត»។
ចំពោះសម្ភារៈដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនប្រទេសទីម័រលេស្តរួមមាន ម៉ាស់ចំនួន ១លាន ម៉ាស់ក្រណាត់ ៥ម៉ឺន ម៉ាស់ N95 ចំនួន ១ម៉ឺន វែនតាសុវត្ថិភាពចំនួន ១ម៉ឺន សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាលចំនួន ១ម៉ឺនឈុត ម៉ាស៊ីនវាស់កំដៅចំនួន២៥០ របាំងមុខចំនួន ១ម៉ឺន ឧបករណ៍ជំនួយការដកដង្ហើមសម្រាប់ប្រយោធនកម្មចំនួន១០ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០ ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស ស្បែកជើងក៏វែងសុវត្ថិភាព ៥០០គូ និងសាប៊ូលាងដៃ ១ម៉ឺនដុំ។
ដោយឡែកនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានចុះត្រួតពិនិត្យនិងរៀបចំដាក់ម៉ាសចូលក្នុងកាតុងរួចលើកដាក់លើរថយន្តដើម្បីបញ្ជូនបន្តទៅកាន់អាកាសយានដ្ឋានភ្នំពេញពោចិនតុងដើម្បីរៀបចំម៉ាសក៏ដូចជាសម្ភារៈបរិក្ខារពេទ្យមួយចំនួនផ្សេងទៀតត្រៀមនឹងចេញដំណើរនៅថ្ងៃទី ២៩ខែវិច្ឆិកាឆ្នាំ ២០២០ ទៅកាន់ប្រទេសទីម័រឡេស្ត ។
អំណោយទាំងនេះ នឹងត្រូវដឹកជញ្ជូនតាមជើងយន្តហោះពិសេសទៅកាន់ប្រទេសទីម័រលេស្ត នៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ។
សូមជម្រាបថា នាពេលកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានផ្តល់ម៉ាស់ចំនួនជាង ២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាស់ចំនួនជាង ២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ