សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងឋានៈជាអ្នកដែលចូលរួមចំណែកនៅក្នុងសហគមន៍អន្តរជាតិ កម្ពុជាមានកាតព្វកិច្ចចូលរួមជាមួយនិងរដ្ឋដទៃទៀត ដើម្បីផ្ដល់ជំនួយ តាមលទ្ធភាពដែលអាចធ្វើទៅបាន

ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០​ — ក្នុងខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយជាម៉ាស់ និងសម្ភារវេជ្ជសាស្តមួយ​ចំនួន​ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ា ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏មានអ្នកខ្លះលើកឡើងថា ខ្លួនឯងដោះស្រាយមិនចេញផងទៅគិតដល់រឿងគេនោះ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា  ក្នុងឋានៈជាអ្នកដែលចូលរួមចំណែកនៅក្នុងសហគមន៍អន្តរជាតិ កម្ពុជាក៏មានកាតព្វកិច្ចចូល​រួម​​ជាមួយនឹ​ងរដ្ឋដទៃទៀត ប្រជាជាតិដទៃទៀត ដើម្បីផ្ដល់ជំនួយតាមលទ្ធភាពដែលអាចធ្វើ​ទៅបាន។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រ​ចិត្ត​សម្ដេច​តេជោសែន នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងមយើងបានជួយជំនួយដល់មិត្តឡាវនូវម៉ាស់ និងសម្ភារវេជ្ជ​សាស្ត្រ​មួយចំនួនទៀត ដែលមានតម្លៃ២លាន ២សែន២ម៉ឺន៤ពាន់ដុល្លារអាម៉េរិក ហើយ​នៅថ្ងៃទី២៦ ខែវិច្ឆិកា ស្អែកនេះឯកឧត្ដម រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងដឹកជញ្ជូននូវម៉ាស់ និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀតទៅផ្ដល់ឱ្យប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែមានអ្នកខ្លះគេ​ឌឺមក​ឱ្យសម្ដេចថា ខ្លួនឯងដោះស្រាយមិនចេញផងទៅគិតដល់រឿងគេ។ សម្ដេចតេជោបាន​លើក​ឡើងថា “សូមអ្នកនិយាយអ្វីនិយាយចុះ ក៏ប៉ុន្តែក្នុងឋានៈជាអ្នកដែលចូលរួមចំណែក​នៅក្នុង​សហ​​គមន៍អន្តរជាតិ ខ្ញុំមានកាតព្វកិច្ចចូលរួមជាមួយនឹងរដ្ឋដទៃទៀត ប្រជាជាតិដទៃទៀត ដើម្បី​ផ្ដល់ជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន”។ សម្ដេចតេជោគូសបញ្ជាក់ថា «កម្ពុជា​មិន​មែនគ្រាន់តែផ្ដល់ជំនួយផ្នែកវិស័យសុខាភិបាល ទៅឱ្យមិត្តឡាវ និងមីយ៉ាន់ម៉ានោះទេ ហើយ​ខ្ញុំត្រៀមទុកដើម្បីធ្វើអន្តរាគមន៍ទៅប្រទេសទីម័រឡេស្តេថែមទៀត ហើយយើងមិន​គ្រាន់​តែ​ផ្ដល់ជំនួយបែបនេះទេ យើងផ្ដល់ជំនួយជាអាយុជីវិត  និងសាច់ឈាម ដោយបញ្ជូនកងទ័ព​របស់យើងទៅចូលរួមរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។ ដូច្នេះ កម្ពុជាក្រតូចល្អិត ក៏ប៉ុន្តែចិត្តធំទូលាយ»។

សម្ដេចតេជោនាករដ្ឋមន្ត្រីក៏បានរម្លឹកពីព្រឹត្តិការណ៍៣វិច្ឆិកាថា បានពាក់ព័ន្ធ​ដល់មនុស្ស​ទាំងផ្ទាល់ និងប្រយោល មានចំនួន ១ ៨០២ នាក់ ដែលគ្របដណ្ដប់ដល់ទៅ១១ រាជធានី​ខេត្ត។ ដូច្នេះសម្ដេចអាចនិយាយបានដោយមោទនភាពថា សំណុំបញ្ហាដ៏សាំញ៉ាំ នៃព្រឹត្តិ​ការណ៍​៣វិច្ឆិកា មិនមែនជារឿងតូចតាចទេ គឺជារឿងធំណាស់ ប្រសិនបើយើងគ្មានយន្តការ​ប្រតិកម្មរហ័ស ដោយក្រុមគ្រូពេទ្យ និងអាជ្ញាធរ ព្រមទាំងតួអង្គពាក់ព័ន្ធ យើងមិនអាចគ្រប់​គ្រង​​នូវ​​​សភាពការណ៍នេះបានទេ។ សម្ដេចតេជោបានលើកជាឧទាហរណ៍ថា ប្រសិនបើយើង​មិនប្រញាប់ប្រញាល់គ្រប់គ្រងសភាពការណ៍នេះបន្ទាន់ វានឹងអាចធ្វើឱ្យមនុស្សឆ្លងចូលទៅ​ក្នុង​សហគមន៍ ហើយពេលនោះហើយដែលបញ្ហាវានឹងបានកើត ក៏ប៉ុន្តែយើងបានកម្រិតត្រឹម​តែមនុស្សចំនួន០៤នាក់តែប៉ុណ្ណោះដែលបានឆ្លង។ ដូច្នេះយើងបានកម្រិតឱ្យនៅតូច ហើយ​យើងដោះស្រាយបានបញ្ហានេះ តាមរយៈនៃការធ្វើចត្តាឡីស័កបានត្រឹមត្រូវទៅលើ​មនុស្ស​ដែលពាក់ព័ន្ធ ដែលយើងបានគ្រប់គ្រងបាននូវសភាពការណ៍នេះ។ សម្ដេចតេជោក៏​សូម​យក​ឱកាសនេះថ្លែងនូវការអរគុណចំពោះក្រសួងសុខាភិបាល មន្ត្រីសុខាភិបាលគ្រប់រូប ក៏ដូចជាតួ​អង្គពាក់ព័ន្ធទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមទប់ស្កាត់ ហើយបញ្ចប់​ទៅ​បានដោយជោគជ័យនៅព្រឹត្តិការណ៍៣វិច្ឆិកា ដែលសម្ដេចចាត់ទុកជាមហន្តរាយសុខ​ភាព​សាធារណៈ។ សម្ដេចតេជោក៏បានលើឡើងផងដែរថា  បញ្ហាបច្ចុប្បន្នត្រូវមើលឱ្យឃើញ មិន​ថា​​ប្រទេស​ដែលមានវិទ្យាសាស្ត្រជឿនលឿន អាចទប់ស្កាត់បាននោះទេ ជាក់ស្ដែង ឥឡូវ ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខាងវិស័យសុខាភិបាល មានការស្លាប់គរជើងគ្នា រក​កន្លែង​កប់ស្ទើរតែមិនបាន ឆ្លងរាប់ម៉ឺននាក់ ក្នុងមួយថ្ងៃ។ ដូច្នេះភាសា ដែលគេនិយាយថា សុខាភិបាលប្រទេសនេះ ទន់ខ្សោយ ប្រទេសនោះរឹងមាំ មិនទាន់ប្រាកដទេ គឺស្ថិតនៅ​ក្រោម​វិធីគ្រប់គ្រងសភាពការណ៍បានដូចម្ដេច គ្រាន់តែមានទៅលើការចាត់ចែងប្រជាជន មិនព្រម​សហការក៏បានកើតឡើងនូវបញ្ហា។ ទន្ទឹមនេះ ប្រទេសនៅអឺរ៉ុបមួយចំនួន កំពុងធ្វើបាតុកម្ម ប្រឆាំងនឹងវិធានការបិទប្រទេស បិទតំបន់។ សំដៅលើបញ្ហាជាសកលនេះ សម្ដេចបានអះ​អាងថា ”ខ្ញុំមានមោទនភាព ចំពោះប្រជាជនកម្ពុជាយើង ដែលបានអនុវត្តន៍ តាមការណែនាំ​របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល“។ សម្ដេចតេជោបន្តថា យើងត្រូវប្រុង​ប្រយ័ត្ន បើទោះបីជាព្រឹត្តិការណ៍៣វិច្ឆិកាបានកន្លងផុត ក៏ប៉ុន្តែយើងត្រូវតែច្បាស់លាស់ ត្រូវ​បន្តការខិតខំប្រឹងប្រែង ដើម្បីធានាថាកម្ពុជាមានជំងឺឆ្លងតិច ហើយគ្មានមនុស្សស្លាប់។ សម្ដេចតេជោ​បានបញ្ជាក់បន្ថែមថា និយាយរួមជំងឺកូវីដនៅប្រទេសរបស់របស់យើងនាំ​ចូល​១០០ភាគរយ មកចម្លងក្នុងស្រុក ហើយយើងទទួលការពិនិត្យព្យាបាលឱ្យជន​បរទេសដោយ​ការ​នាំ​ចូល រាប់ទាំងខ្មែរយើងផងដែរ។ ដូច្នេះសម្ដេចមានមោទនភាពជាមួយនឹងការគ្រប់​គ្រង​សភាពការណ៍៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ