ជំនួយជាម៉ាស់ និងសម្ភារបរិក្ខារវេជ្ជសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូនដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ — ជំនួយជាម៉ាស់ និងសម្ភារបរិក្ខារវេជ្ជសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូនដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាហើយ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅរដ្ឋធានីណៃពិដោរ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយមានការចូលរួមរបស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមផេកផ្លូវការរបស់សម្ដេចតេជោ ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០។

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា រួមមាន ម៉ាស់ចំនួន២លាន ម៉ាសក្រណាត់១ម៉ឺន ម៉ាស់ N95 ចំនួន២ម៉ឺន វែនតាសុវត្ថិភាព ចំនួន២ម៉ឺន សម្លៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត ម៉ាស៊ីនវាស់កម្តៅចំនួន៥០០ របាំងមុខចំនួន២ម៉ឺន ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

គួរបញ្ជាកដែរថា កាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានផ្ញើលិខិតជូនលោកជំទាវ អោង សាន ស៊ូជី ទីប្រឹក្សារដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយបានគូសបញ្ជាក់ថា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយលោកជំទាវ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ-១៩ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាកនូវម៉ាស់ចំនួន ២ ០០០ ០០០(ពីរលាន) និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀតដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។ ទន្ទឹមនេះ ខ្ញុំបានចាត់តាំង ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមជើយន្តហោះពិសេស។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា។ ជាថ្មីម្ដងទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្រ ជូនលោកជំទាវ អោង សាន ស៊ូជី ចំពោះជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដី របស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតសលកនៅមីយ៉ាន់ម៉ានាពេលថ្មីៗនេះ ដែលបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាពរបស់លោកជំទាវ ក្នុងការដឹកនាំមីយ៉ាន់ម៉ាឆ្ពោះទៅរកភាពរីកចម្រើនដ៏ប្រសើរ ក្នុងផ្សះផ្សា និងកសាងរជាតិ។ សម្ដេចតេជោក៏បានអះអាងជាថ្មី នូវការប្ដេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ ក្នុងក្របខណ្ឌទ្វភាគី និងតំបន់ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្ដែងកាន់តែច្រើនថែមទៀត សម្រាប់ប្រទេសយើងទាំងពីរ និងវិបុលភាពដ៏ធំធេងសម្រាប់សហគមន៍អាស៊ាន។

គួររម្លឹកដែរថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាក៏បានបរិច្ចាកនូវអំណោយ រួមមានម៉ាស់ចំនួន២លាន១សែន និងបរិក្ខារពេទ្យ សរុបចំនួន១២មុខជូនដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ