កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ខ្លួន ដើម្បីត្រៀមរៀបចំវេទិកា“សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”

ភ្នំពេញ ថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០–កាលពីថ្ងៃទី១១កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”។

​នៅក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដែលក្រសួងពាណិជ្ជកម្មបានត្រៀមរៀបចំ គឺជាវេទិកា របស់អ្នកដឹកនាំអាជីវកម្មមកពីទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ក្នុងគោលបំណងដើម្បីរួមចំណែក ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសក្នុងតំបន់ទាំងពីរ (អាស៊ី និងអឺរ៉ុប) ហើយកិច្ចប្រជុំវឌ្ឍនភាពស្ដីពីការត្រៀមរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើក ទី១នេះ មានការចូលរួមធ្វើបទបង្ហាញពីក្រុមការងារទាំង៣គឺ៖ ១-ក្រុមការ ងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន,២-ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ និង៣-ក្រុមការងារផ្នែកផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ដោយផ្ដោតជាសំខាន់ទៅលើ ការពិនិត្យកែសម្រួលខ្លឹមសារឯកសារពាក់ព័ន្ធ នឹងការរៀបចំវេទិកា សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបដែលកម្ពុជាគ្រោងនឹងធ្វើនៅពេលខាងមុខ។

​ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា មិនថាផ្នែក នយោបាយ សេដ្ឋកិច្ច ឬវប្បធម៌ឡើយ ហើយបច្ចុប្បន្ន ASEM មានដៃគូចំនួន ៥៣ ក្នុងនោះ ២១ប្រទេស មកពីអាស៊ី ៣០ប្រទេស មកពីអឺរ៉ុប និងអគ្គលេខាធិការដ្ឋានអាស៊ាន ព្រមទាំងសហភាពអឺរ៉ុប លើសពីនេះ ASEM បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់ភាពជាដៃគូរ និងកិច្ចសហប្រតិបត្ដិការអាស៊ី-អឺរ៉ុប ដើម្បីលើកកម្ពស់សន្ដិភាព វិបុលភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

​ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រធានបទនៃការរៀបចំ វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប យើងបានសម្រេចកំណត់យកចំណងជើងថា “LEVERAGING GLOBAL VALUE CHAIN AND MULTILATERALISM FOR INCLUSIVE GROWTH IN THE 4IR AND NEW NORMAL TRANSITION” ហើយក្រុម ការងារក៏បានត្រៀមអញ្ជើញវាគ្មិនជាតិ និងអន្ដរជាតិ ដែលមានបទពិសោធន៍មាន កេរិ៍្តឈ្មោះ និងទទួលជោគជ័យក្នុងអាជីវកម្មទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសតាមបណ្តាស្ថានីយទូរទស្សន៍មួយចំនួន ទាំងនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ដោយបច្ចុប្បន្ន ស្ថិតក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ-១៩ក្រុមការងារក៏បានគិតគូរពីឧបករណ៍ សុវត្ថិភាពដើម្បីត្រៀមរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ព្រមទាំងចំនួនភ្ញៀវចូលរួម បន្ទប់ប្រជុំ គម្លាតសុវត្ថិភាព ម៉ាស ទឹកអាល់កុល ឬជែលលាងដៃ និងឧបករណ៍ថតសីតុណ្ហភាព ដោយអនុលោមតាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

​ជាពិសេស ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការ លេខាធិការដ្ឋាន ព្រមទាំងក្រុមការងារ និងតំណាង មកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានខិតខំចំណាយពេលវេលាអស់រយៈពេល ជាច្រើនខែកន្លងមក ដើម្បីត្រៀមរៀបចំវេទិកានេះឱ្យទទួលបានជោគជ័យ និងផ្លែផ្កា នៅពេលខាងមុខនេះ៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទ...

សារលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយ ប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»