សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងលើកកម្ពស់​ការធ្វើ​ឌីជីថលូប​នីយ​​កម្មទាំងក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋាភិបាលឌីជីថល

ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០–សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​បាន​​មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងលើកកម្ពស់ការធ្វើឌីជីថលូបនី​យ​កម្ម ទាំងក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋាភិបាលឌីជីថល  ហើយ​កម្ពុជា​នឹងដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល នាពេល​ឆាប់ៗខាងមុខនេះ។

ថ្លែងក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ានលើកទី១៧ឆ្នាំ២០២០ ក្រោមប្រធាន បទ “កសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល” នាព្រឹក ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធវីដេអូ សម្ដេចតេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ រួមមាន (១).ការដាក់ឱ្យអនុវត្តន៍នូវថ្នាល ចុះ បញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលតែ ០៨ ថ្ងៃប៉ុណ្ណោះ ក្នុងការ បើកក្រុមហ៊ុនអាជីវកម្ម។ (២). បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹង​ចូល​ជាធរមានចាប់ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២១ និង (៣).ការរៀបចំផែនការមេ ដើម្បី​អភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាដើម។ ជាងនេះ​ទៅទៀត កម្ពុជានឹងដាក់ចេញច្បាប់វិនិយោគថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង​មាន​ភាពទាក់ទាញ តាមរយៈការផ្ដល់ការលើកទឹកចិត្តជាកញ្ចប់ដល់ការវិនិយោគ លើ​ឧស្សាហកម្មប្រភេទអេឡិចត្រូនិក បង្គុំ កសិ-ឧស្សាហកម្ម គ្រឿងបន្លាស់ បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។ល។ សម្ដេចតេជោបន្ដថា ជាការពិតណាស់ ការរីករាលដាល​នៃជំងឺកូវីដ-១៩ បានបង្កជាវិបត្តិដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកលើសេដ្ឋកិច្ច និង​សង្គម។ ទន្ទឹមនេះ វិបត្តិនេះក៏បានបង្ហាញកាន់តែច្បាស់ នូវភាពចាំបាច់កាន់តែខ្លាំង ក្នុងការ​ប្រកាន់ខ្ជាប់នូវគោលការណ៍ ពហុភាគីនិយម និងការពង្រឹងកិច្ចសហប្រតិបតិ្តការអន្តរជាតិ ដោយម្ខាង ដើម្បីអាចឱ្យជីវិតសង្គមយើង មានលទ្ធភាពសម្របទៅនឹងប្រក្រតីកម្មថ្មី និង​ចូល​រួមចំណែកដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងម្ខាងទៀត ដើម្បីលើកកម្ពស់​កិច្ច​អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាព។ ជាមួយគ្នានេះដែរ វិបត្តិ​ក៏បានរំលេចឱ្យឃើញកាន់តែច្បាស់នូវភាពចាំបាច់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល។ លើសពីនេះទៀត បច្ចេកវិទ្យាឌីជីថលបាននិងកំពុងដើរតួនាទីយ៉ាង​សំខាន់​ក្នុងការសម្របខ្លួនរបស់យើង ទៅបរិការណ៍ថ្មីនៃការរស់នៅ និងអនុវត្តន៍ការងារ ដោយបានជួយសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាក្នុងតំបន់ និងសកល ការតភ្ជាប់​សកម្ម​ភាពសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ។ល។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងសង្កត់ធ្ងន់ថា  ការពន្លឿនការអភិវឌ្ឍការតភ្ជាប់​ឌីជីថល​តំបន់ និងការប្រែក្លាយសង្គម-សេដ្ឋកិច្ចឱ្យទៅជាសង្គម-សេដ្ឋកិច្ចឌីជីថល នឹងក្លាយ​ជាកម្លាំងចលករដ៏សំខាន់ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងការ​អភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ នាពេលអនាគត។ សម្ដេចតេជោនាយក​រដ្ឋ​មន្ត្រី​ក៏បានគូសរំលេចថា  ប្រទេសចិន ជាប្រទេសមួយដែលដឹកមុខ ក្នុងការអភិវឌ្ឍ វិនិយោគ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងសកលលោក។ ក្នុងន័យនេះ ការជំរុញកិច្ចសហ​ប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់​និងផ្លូវ នឹងក្លាយជាប្រធានបទមួយដ៏សំខាន់នាពេលអនាគត។

​ គួរបញ្ជាក់ដែរថា ពិព័រណ៍អាស៊ាន-ចិន គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិ​បត្តិការនិងការផ្លាស់ប្តូរគ្នា ក្នុងវិស័យសេដ្ឋកិច្ចរវាងអាស៊ាននិងចិន។ វេទិកានេះក៏បានផ្តល់​នូវកាលានុវត្តភាពធំធេងដល់កម្ពុជា ដើម្បីពង្រីក និងធ្វើពិពិធកម្មទីផ្សារនាំចេញ ទាក់ទាញ​វិនិយោគផ្ទាល់ពីបរទេស និងពង្រឹងពង្រីក កិច្ចសហការលើគ្រប់វិស័យជាមួយប្រទេស​ទាំង​អស់ដែលចូលរួមពិព័រណ៍៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ