ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងពន្លត់ភ្លើងជ័យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ខួបទី៦៧ នៅមានវិមានឯករាជ្យ

ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ — បន្ទាប់ពីភ្លើងជ័យដែលត្រូវបានប្រទានដោយព្រះរាជា ក្នុងរយៈពេលបីថ្ងៃ(ថ្ងៃទី៩ ដល់ថ្ងៃ​ទី១១ ខែវិច្ឆិកាឆ្នាំ២០២០)នៅវិមានឯករាជ្យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ខួបទី៦៧ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២០) ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ  ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ក៏ត្រូវបាន​ប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់​ខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។

យាងនិងអញ្ជើញ ក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យនេះដែរ មានវត្តមាន សម្ដេចវិបុល​សេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា  សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមានការ​ចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាអង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រាជវង្សានុវង្ស និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ  និស្សិត សិស្ស យ៉ាងច្រើនកុះករ។

ព្រះរាជពិធីពន្លត់ភ្លើងជ័យ ត្រូវបានពន្លត់ដោយព្រះករុណាព្រះបាទព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅលើវិមាន​ឯករាជ្យ ដែលអមព្រះរាជដំណើរដោយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្ដេចអគ្គ​មហា​ពញាចក្រី ហេង សំរិន  សម្ដេចក្រឡាហោម ស ខេង  អគ្គបញ្ជាការកងយោធពល​ខេម​រភូមិន្ទ ថ្វាយគារវកិច្ចរួចមក សម្ដេចព្រះសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេច​ព្រះសង្ឃ និងព្រះរាជាគណៈ៩អង្គ ស្វាធ្យាយជយន្តោ។ បន្ទាប់ពីការគោរពទង់​ជាតិបិទ​កម្មវិធី ដោយមាននាយទាហាន ៨រូប ស្រាយទង់ជាតិ បត់ស្អាត ហើយ ដើរដង្ហែឆ្ពោះទៅ​កាន់​អង្គភាព​កងកិត្តិយស-ត្រែទ័ព រួចមក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបាន​សព្វព្រះរាជហឬទ័យ ស្ដេចយាងតាមព្រះទីនាំងរថយន្ត ដើម្បីសំណេះសំណាល​សាកសួរ​សុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ អង្គទូត និងកងកម្លាំងប្រដាប់អាវុធ កាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំង​សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា  និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅជុំវិញវិមានឯករាជ្យ មុននឹងព្រះអង្គយាងទៅ​កាន់​ព្រះបរមរាជវាំងវិញ។

គួររម្លឹកថា ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ច របស់អតីតព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និង ព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាម​ទារឯករាជ្យ ពីអាណានិគមបារាំង។ តាមប្រវត្តិសាស្ត្រ បារាំងបានដាក់អាណានិគម គ្រប់​គ្រងលើប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបប្រទេសបារាំង ប្រកាសប្រគល់ឯករាជ្យពេញលេញដល់កម្ពុជាវិញ។ ប្រទេសកម្ពុជា​ក្រោយពីទទួលបានឯករាជ្យ ដោយមានព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើមបានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និង​ភាពរីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះ កូនចៅប្រជានុរាស្រ្តកម្ពុជាគ្រប់ៗរូបសូមចងចាំ និងដឹងនូវព្រះគុណូប​ក្ការៈដ៏ធំធេង នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ​ប្រជាជាតិនិងប្រជារាស្រ្តកម្ពុជា៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ