ឯកឧត្តម Xi JinPing ប្រធានាធិបតីចិន វាយតម្លៃខ្ពស់ ចំពោះមិត្តភាពដ៏ជ្រាលជ្រៅបំ​ផុតជាមួយ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ

ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនបានវាយតម្លៃខ្ពស់ ចំពោះមិត្តភាពដ៏ជ្រាលជ្រៅបំផុតជាមួយ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ និងសូម​អរគុណចំពោះការផ្ញើសារចូលរួមរំលែកទុក្ខ និងការបរិច្ចាគដ៏សប្បុរសបន្ទាប់ពីការរីករាល​ដាល​នៃជំងឺ COVID-19 ក្នុងប្រទេសចិន ពីសំណាក់ព្រះអង្គទាំងទ្វេ។ ការគូសបញ្ជាក់របស់​ឯកឧត្ដមប្រធានាធិបតីចិននេះ ក្នុងឱកាសព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចទាំងទ្វេសព្វព្រះរាជហឫទ័យយាង​ទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម Xi JinPing និងលោកជំទាវ Peng Liyuan នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការយាង និងដង្ហែព្រះរាជសវនាការដោយ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និង​ថ្នាក់ដឹកនាំកំពូលៗចិនជាច្រើនរូបផងដែរ កាលពីរសៀលថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០។

ឯកឧត្តម Xi JinPing បានគូសបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅទីក្រុង Yanan ក្នុងព្រះរាជដំណើរ​ទស្សន​កិច្ចរបស់ព្រះអង្គ ទៅកាន់ខេត្តសានស៊ី ជាទីកន្លែងដែលព្រះវររាជបិតាមាតារបស់ទ្រង់ គឺ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី ធ្លាប់បាន​យាង​ទៅកាលពី ៥០ ឆ្នាំមុន។ ឯកឧត្តមប្រធានាធិបតីបានបន្ដថា សម្តេចព្រះមហាក្សត្រី ព្រះអង្គ​បានចូលរួមចំណែកយ៉ាងពិសេស និងដ៏សំខាន់បំផុត ក្នុងការលើកកម្ពស់មិត្តភាពចិន-កម្ពុជា និង​ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ ឯកឧត្ដមបានថ្លែងថា “ថ្ងៃនេះខ្ញុំបាន​ថ្វាយ «មេដាយមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ នេះមិនមែនត្រឹមតែជាការកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះការរួម​ចំណែកយ៉ាងពិសេស និងមានសារៈសំខាន់បំផុត ដែលសម្តេចព្រះមហាក្សត្រី បានធ្វើឱ្យមាន​ទំនាក់ទំនងចិន-កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីលើកកម្ពស់មិត្តភាពដ៏ជ្រាលជ្រៅបំផុតរវាង​ប្រជាជនចិន និងកម្ពុជាផងដែរ។ យើងត្រូវតែបន្តការខិតខំដើម្បីជំរុញភាពជាដៃគូយុទ្ធ​សាស្ត្រ​គ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាឱ្យឈានដល់កម្រិតថ្មីមួយ។”

ក្នុងព្រះរាជសវនការដ៏វិសេសវិសាលនោះ ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជ​ហឫទ័យមានព្រះរាជឱង្ការសំណេះសំណាលថា ឯកឧត្តមប្រធានាធិបតី Xi JinPing និង​លោកជំទាវ បានផ្តល់គ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាដែលធ្វើឱ្យយើងរឹតតែមានអារម្មណ៍​យ៉ាង​ជ្រាលជ្រៅបំផុត នៃមិត្តភាពដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនចិន ចំពោះប្រជាជនកម្ពុជា។ ព្រះអង្គបានបន្ថែមថា ”ខ្ញុំទើបតែបានធ្វើទស្សនកិច្ចពិសេសមួយដើម្បីទស្សនា ខេត្តសានស៊ី។ ខ្ញុំសូមកោតសរសើរដោយស្មោះ នូវសមិទ្ធិផលដ៏អស្ចារ្យដែលប្រជាជនចិនសម្រេចបាន ក្រោម​ការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក្នុងការអភិឌ្ឍ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ។ ខ្ញុំ​និង​បន្តការសហការជាមួយ ឯកឧត្តមប្រធានាធិបតី Xi JinPing ដើម្បីទទួលមរតកដ៏វិសេស​វិសាល និងបន្តនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅ រវាងមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ និងសរសេរជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន”។ ព្រះមហាក្សត្រព្រះ​អង្គក៏​សូម​ជូនពរដោយ​ស្មោះ​ដល់ប្រទេសចិន ឱ្យទទួលបានការអភិវឌ្ឍថ្មីៗ និងកាន់តែប្រសើរក្រោម​ការ​ដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏មានព្រះរាជសវនីយ៍ក្នុងឱកាស​ដ៏ឧត្តុង្គ​ឧត្តម​នោះថា សម្តេចព្រះនរោត្តម សីហនុ និងខ្ញុំគឺជាមិត្តចាស់ និងជាមិត្តល្អរបស់ប្រជា​ជនចិន។ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ខ្ញុំបានធ្វើទស្សនកិច្ចនៅប្រទេសចិនជាច្រើនដង ហើយរាល់ពេលខ្ញុំតែងតែទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីការអភិវឌ្ឍ និងការផ្លាស់ប្តូរ យ៉ាង​​ឆាប់រហ័សនៅក្នុងប្រទេសចិន។ សម្តេចព្រះមហាក្សត្រីបានចាត់ទុកថា “ចំពោះឯកឧត្តម​ប្រធានាធិបតី បានថ្វាយមកខ្ញុំនូវ «មេដាយមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» នៅ​ពេលនេះ ពិតជាធ្វើឱ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ខ្ញុំនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរឹត​ចំណង​មិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរ”៕

ដោយ រិទ្ធី ប្រភព៖ ​Royal du Cambodge

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ