ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្តShan xi សាធារណរដ្ឋប្រជាមានិតចិន

ក្នុងឱកាសគង់ ពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង នៃសាធារណ រដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេច ព្រះបរមនាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ច នៅទីក្រុងយ៉ានអាន ខេត្ត Shan Xi នៃសាធារណរដ្ឋប្រជាមានិតចិន មានរយៈពេល ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ តបតាមសេចក្តីថ្វាយបង្គំ សូមយាងពីសំណាក់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
នៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត និងព្រះរាជគណៈប្រតិភូជាន់ខ្ពស់ដង្ហែថ្វាយព្រះរាជដំណើរមាន៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, លោកជំទាវ ខែក កែមាលី ស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជានាយកព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូបទៀត បានយាងនិងអញ្ជើញទៅកាន់ អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដើម្បីបន្តព្រះរាជដំណើរ តាមព្រះទីនាំងយន្តហោះ ឆ្ពោះទៅកាន់ទីក្រុងយ៉ានអាន ខេត្តShan xi នៃសាធារណរដ្ឋ ប្រជាមានិតចិន ។ នៅវេលាម៉ោង១0និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះរាជគណៈប្រតិភូជាន់ខ្ពស់ដង្ហែថ្វាយព្រះរាជដំណើររបស់ប្រទេសទាំង២ បានយាងនិងអញ្ជើញដល់អាកាសយានដ្ឋានYan´an Naniwan ក្នុងទីក្រុងយ៉ានអាន ខេត្តសានស៊ី ។
ក្នុងឱកាសដ៏ល្អប្រសើរនោះ មានការអញ្ជើញចូលរួមថ្វាយព្រះពរ ថ្វាយព្រះរាជបដិសណ្ឋាកិច្ចស្វាគមន៍ ប្រកបដោយភាពខ្ពង់ខ្ពស់កក់ក្តៅ ពីសំណាក់ឯកឧត្តម Xu Xingrong លេខាបក្សខេត្តសានស៊ី, ឯកឧត្តម Xue Zhanhai អភិបាលក្រុងយ៉ានអាននិងមន្ត្រីជាន់ខ្ពង់ខេត្តសានស៊ីជាច្រើនរូបទៀត ។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ