ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ឱកាស​អញ្ជើញ​ចុះសួរ​សុខ​ទុក្ខប្រជា​ពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ចំណុចទី១ ចំនួន៥ពាន់គ្រួសារ នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

សម្រង់ប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱកាសអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំណុចទី១ ចំនួន៥ពាន់គ្រួសារ នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២០

CNV:

សុំចូលរួមមរណទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់គ្រួសារជាទីស្រឡាញ់

ថ្ងៃនេះខ្ញុំពិតជារីករាយបើទោះបីថា ទឹកជំនន់បានយាយីក៏ដោយ តែខ្ញុំបានរីករាយជាមួយការមកដល់សាជាថ្មីម្ដងទៀត ហើយយើងបានគិតត្រូវកាលពីជំហានដំបូង នៅពេលដែលខ្ញុំបាននិយាយថាត្រឡប់មកវិញ ខ្ញុំគិតថាព្រឹកនេះបានចេញតាមឧទ្ធម្ភាចក្រមកដល់ខេត្តបន្ទាយមានជ័យ ប៉ុន្តែបើសិនជាចេញតាមឧទ្ធម្ភាចក្រប្រហែលជាពេលនេះ យើងនៅហោះត្រឹមពោធិសាត់អីប៉ុណ្ណឹង ព្រោះត្រូវការពេលហោះ១ ម៉ោង ៤៥ នាទី។ បើគិតទាំងឡើងទាំងចុះ ២ ម៉ោងគត់។ ប៉ុន្តែ ដោយសារម្សិលមិញនេះ ប្រជុំគណៈរដ្ឋមន្ត្រីចប់ក៏បានធ្វើដំណើរមកសៀមរាប។ មុនម៉ោង ៥ កន្លះ យើងចាប់ផ្ដើមចេញដំណើរ(ពីសៀមរាប)។ ដូច្នេះយើង(អាច)ចាប់ផ្ដើមបានរហ័ស ចំណេញពេលវេលាទាំងនៅទីនេះផង និងទៅឯស្រុកម៉ាឡៃផង។

សុំយកឱកាសនេះពាំនាំព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមាតាជាតិខ្មែររបស់យើង ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមចូលរួមរំលែកនៃការលំបាក ជាមួយបងប្អូនដែលបានជួបប្រទះនូវគ្រោះទឹកជំនន់នេះ។ អម្បាញ់មិញអភិបាលខេត្ត អ៊ំ រាត្រី បានធ្វើរបាយការណ៍ថាបន្ទាយមានជ័យមានអ្នកស្លាប់ដល់ ២២ នាក់ហើយ ក្នុងចំណោម ៣៩ នាក់ដែលបានស្លាប់(ក្នុងគ្រោះទឹកជំនន់ទូទាំងប្រទេស)។ ក្នុងនោះ នៅខាងម៉ាឡៃ មានកុមារអាយុ ២ ឆ្នាំម្នាក់ ដែលខ្ញុំនឹងហៅទៅជួបនៅកន្លែងនោះតែម្ដង។ ការបាត់បង់ជីវិតគឺជាការសោកស្ដាយសម្រាប់យើង មិនមែនគ្រាន់តែក្រុមគ្រួសារទេ ក៏ប៉ុន្តែសម្រាប់ជាតិយើង។ ខ្លួនខ្ញុំផ្ទាល់សុំចូលរួមមរណទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់បង់គ្រួសារជាទីស្រលាញ់ ព្រមជាមួយគ្នានេះ ក៏សូមចែករំលែកនូវការលំបាកដែលបងប្អូនបានជួបប្រទះក្នុងរយៈពេលនៃគ្រោះទឹកជំនន់។

វីរភាពរបស់ប្រជាជន អាជ្ញាធរ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ

ផលប៉ះពាល់ទាំងឡាយដែលបានបង្កើត/យាយីដោយសារគ្រោះទឹកជំនន់ ទោះបីថាវាកន្លងផុតហើយ យើងគ្មានគ្រោះថ្នាក់ដល់អាយុជីវិត និងមកជួបជុំគ្នានៅទីនេះ ៥ ពាន់គ្រួសារ ប៉ុន្តែផលវិបាករបស់វាទៅលើការស្ដារឡើងវិញនូវសេដ្ឋកិច្ច និងជីវភាព នៃក្រុមគ្រួសារនីមួយៗ ជាបញ្ហាប្រឈមនាពេលខាងមុខ។ យ៉ាងណាក៏ដោយ យើងដឹងច្បាស់ថា យើង(នៅ)រស់រានមានជីវិត។ ជាមួយនឹងការប្រយុទ្ធដើម្បីយកឈ្នះស្ថានភាពនៃគ្រោះទឹកជំនន់ យើងក៏នៅតែបន្តការប្រយុទ្ធជាមួយជំងឺ Covid-19 ដែលវាជាការលំបាកជាងការប្រយុទ្ធជាមួយទឹកជំនន់។ ទឹកជំនន់ យើងមើលឃើញវាឡើងវាចុះ ទៅខាងណា យើងទៅជម្លៀសប្រជាជនយកទៅដាក់កន្លែងណា ក៏ប៉ុន្តែជំងឺ Covid-19 អត់មើលឃើញទេ។ ១០ ខែមកហើយដែលយើងប្រ​យុទ្ធ​ជាមួយ Covid-19។ សូម្បីតែថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋរបស់យើងពាក់ម៉ាស មន្ត្រីរបស់យើងពាក់ម៉ាស ដើម្បីចូលរួមជួយចំពោះប្រជាពលរដ្ឋ និងមកទទួលជំនួយពីសំណាក់អ្នកផ្ដល់។ មុននេះយើងមិនមានទម្លាប់ពាក់ម៉ាសបែបនេះទេ។ ឥឡូវនេះ ដោយសារជំងឺនេះវាកាចសាហាវហើយមើលមិនឃើញ ដូច្នេះ ហើយបានជាយើងត្រូវពាក់ម៉ាស ដើម្បីធានានូវសុវត្ថិភាព ថែរក្សាសុខភាពរបស់យើងតទៅទៀត។

យើងពិតជាមានការលំបាក ប៉ុន្តែការលំបាកនេះមិនមែនតែដោយឡែកតែចំពោះកម្ពុជាទេ ​នៅលើពិភពលោក និងក្នុងតំបន់របស់យើងក៏សុទ្ធតែមានដូចៗគ្នា។ ប៉ុន្តែនៅពេលដែលយើងជួបការលំបាកម្ដង យើងតែងតែឃើញលេចឡើងនូវវីរភាពរបស់ប្រ​​ជាជនយើងដែលបានជម្នះការលំបាក។ យើងបានឃើញវីរភាពរបស់អាជ្ញាធរមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើសកម្មភាពព្រមៗគ្នា ដើម្បីសង្គ្រោះប្រជាជនចេញពីតំបន់រងគ្រោះ និងចូលរួមដើម្បីឧបត្ថមជួយដល់ប្រជាជន ដែលជួបការលំបាក​។ ខេត្តបន្ទាយមានជ័យគឺជាខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេ តម្រូវឱ្យមានការអន្តរាគមន៍ពីថ្នាក់ជាតិ ដែលក្នុងនោះនាយករដ្ឋមន្ត្រីចុះផ្ទាល់ ហើយមិនមែនបញ្ចប់ត្រឹមប៉ុណ្ណឹងទេ បន្ទាប់ពីខ្ញុំចាកចេញទៅ ក៏នៅសល់តំណាងរបស់ខ្ញុំដើម្បីបន្តធ្វើការងារនេះតទៅទៀត។ រឿងវាបានកើតហើយ តែបើទោះបីថាវាបានកើតហើយក៏ដោយ ខ្ញុំជឿជាក់ថាបងប្អូនប្រជាពលរដ្ឋរបស់យើងគាត់មានការស្ងប់ចិត្ត​ ដែលបានមើលឃើញរួមគ្នាដោះស្រាយបញ្ហា ក្នុងពេលវេលាដ៏លំបាក។ អនុញ្ញាតឱ្យខ្ញុំបានថ្លែងនូវការកោតសរសើរចំ​ពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្នែកពាក់ព័ន្ធទាំងអស់ដែលបានធ្វើសកម្មភាពព្រមគ្នាជាមួយប្រជាពលរដ្ឋហើយអរគុណចំពោះប្រជាពលរដ្ឋដែលបានរួមសហការ ផ្ដល់លទ្ធភាពឱ្យអាជ្ញាធរធ្វើការសង្គ្រោះ …។

ការមានស្តុកបម្រុងរបស់រដ្ឋាភិបាល ជាការគិតគូរត្រូវ អាចប្រើប្រាស់បានទាន់ពេលវេលា

ខ្ញុំពិតជាមានការរីករាយជាមួយនឹងអ្វីដែលខ្ញុំបានធ្វើនៅក្នុងក្របខណ្ឌទូទាំងប្រទេស មិនមែនគ្រាន់តែបន្ទាយមានជ័យមួយទេ។ គ្រាន់តែបន្ទាយមានជ័យគឺមានអ្នករងគ្រោះច្រើនជាងគេរហូតទៅដល់ជាង ៤ ម៉ឺនគ្រួសារឯណោះ។ នៅខេត្តដទៃទៀតក៏មាន(គ្រួសាររងគ្រោះដូចគ្នា)ដូចគ្នាដែរ។ ជំនួយដែលបានពីសប្បុរសជន រហូតមកដល់ពេលនេះកើនដល់ជាង ៨ លានដុល្លារ ជាមួយស្ដុកបម្រុងរបស់រាជរដ្ឋាភិបាលត្រូវបានបញ្ជូនចេញជាបន្តបន្ទាប់ និងទិញចូលទៅធ្វើស្តុកវិញ។ រាជរដ្ឋាភិបាលត្រូវមានស្ដុកបម្រុង។ ស្តុកបម្រុងនេះ ជាធម្មតាយើងតែងមាន ដែលកាលពីដើមឆ្នាំរហូតមកដល់ពេលនេះ គឺមានស្តុកបម្រុងជាអង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល។ល។ ការពិតបានបង្ហាញថា ការគិតគូររបស់យើងគឺត្រូវ។ ពេលមានការគឺបញ្ចេញគ្រឹបៗទៅតែម្ដង។ អញ្ចឹងទេ ដើម្បីធានាថាប្រជាពលរដ្ឋបានទទួលសេចក្ដីសុខ និងទប់ទល់ កុំឱ្យមានប្រជាជនបាត់បង់ជីវិត ឬខូចខាត (ការដឹកនាំត្រូវតែកុំឱ្យ)រឿងដែលយើងអាចធ្វើបាន បែរជាមិនអាចធ្វើទៅរួច។ នោះគឺរាជរដ្ឋាភិបាលគឺត្រូវគិតឱ្យល្អិតល្អន់។ យើងបានរួមរស់ជាមួយគ្នារយៈពេលជាង ៤១ ឆ្នាំរួចមកហើយ … អ្នកខ្លះជំនាន់ខ្ញុំ អាយុស្រករខ្ញុំ ឬប្អូនខ្ញុំបន្តិចបន្តួច។ យើងបានឆ្លងកាត់ជា​មួយ​គ្នានូវគ្រាលំបាកជាច្រើន ហើយបន្ទាយមានជ័យនេះទឹកជំនន់តែងវាយលុក ប៉ុន្តែក្នុងឆ្នាំនេះ ទឹកជំនន់មានទំហំធំ។

បញ្ចូល ១៦០ លានដុល្លារ ក្នុងថវិកាជាតិឆ្នាំក្រោយ សំរាប់ប្រើជាសាច់ប្រាក់ពលកម្ម

ខ្ញុំសុំយកឱកាសនេះដើម្បីជម្រាបជូនបន្តិច។ ម្សិលមិញនេះ គណៈរដ្ឋមន្ត្រីមានការប្រជុំដើម្បីអនុម័តច្បាប់ថវិកា សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ ក្នុងច្បាប់ថវិកានេះ យើងបានគិតគូរយ៉ាងម៉ត់ចត់អំពីបញ្ហាដែលយើងត្រូវប្រឈមនៅពេលខាងមុខ ទាំង Covid-19 និងការស្ដារឡើងវិញនូវជីវភាពរបស់ប្រជាជនក្រោយទឹកជំនន់ … យើងប្រសិទ្ធនាមថវិកាសម្រាប់ឆ្នាំ ២០២១ ថាជា ថវិកាប្រយុទ្ធដើម្បីការពារប្រជាជន រក្សាលំនឹងសង្គមសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនព្រមទាំងតម្រង់ឆ្ពោះទៅរកការក្រោកឡើងវិញក្រោយពេលជំងឺ Covid-19។ អញ្ចឹងថវិកាឆ្នាំ ២០២១ មានចរិតពិសេសត្រង់ថា មិនមែនគ្រាន់តែជាថវិកាធម្មតាទេ ក៏ប៉ុន្តែជាថវិកាប្រយុទ្ធដើម្បីការពារអាយុជីវិតរបស់ប្រជាជនដែលទាក់ទងជាមួយ Covid-19 ដែលត្រូវបន្ត ហើយអាចនឹងមានគ្រោះមហន្តរាយផ្សេងៗទៀត។ ក្នុងន័យនេះខ្ញុំក៏សូមជូនជាព័ត៌មានថា ដើម្បីដោះស្រាយការងារធ្វើនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋ (ដោយធ្វើសកម្មភាព)តម្រង់ឆ្ពោះទៅរកកសិករ និងទីជនបទ រាជរដ្ឋាភិបាលបានដាក់បញ្ចូលទៅក្នុងថវិកាសម្រាប់ឆ្នាំក្រោយនេះ នូវសាច់ប្រាក់សំរាប់ពលកម្ម ដោយបង្កើនពី ១០០ លានដុល្លារទៅ ១៦០ លានដុល្លារ។ (ជាមួយទឹកប្រាក់នេះ)ប្រជាពលរដ្ឋរបស់យើង អាចធ្វើជាកូនប្រឡាយទឹក ត្រូវជួសជុលផ្លូវថ្នល់បម្រើតាមភូមិឋាន ហើយក៏ទទួលបានត្រឡប់មកវិញនូវប្រាក់កម្រៃតាមតម្លៃទីផ្សារ។ ឧទាហរណ៍ថា៖ ធ្វើកម្មករសំណង់បាន ៣ ម៉ឺនរៀល យើងទៅធ្វើអានោះបាន៣ ម៉ឺនរៀលដែរ ហើយសម្បត្តិនេះបានប្រើប្រាស់ក្នុងស្រុករបស់យើង។ ម្សិលមិញ ខ្ញុំបានចង្អុលទិសថា ឱ្យផ្ដោតការយកចិត្តទុកដាក់ទម្លាក់សាច់ប្រាក់នេះទៅកាន់តំបន់(ទាំងឡាយនៃបណ្តា)ខេត្តនានា ដែលទទួលរងគ្រោះ។ យើងប៉ាន់ប្រមាណថា ១៦០ លានដុល្លារ អាចដោះស្រាយការងារបាន ១ លានកន្លែង … នេះវាជាដំណាក់កាលអន្តរកាលមួយ។ ម្ខាងគឺបង្កើតហេដ្ឋារចនាសម្ព័ន្ធនៅជនបទបម្រើឱ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋដែលជាកសិករ និងម្ខាងទៀត(ឱ្យប្រជាពលរដ្ឋ)ទទួលបានប្រាក់កម្រៃ … មិនមែនសម្រាប់តែនៅខេត្តបន្ទាយមានជ័យទេ គឺនៅទូទាំងប្រទេស។

អ្នកធ្វើដំណាំស្រូវ បានពូជស្រូវ ១០០ គក្រ, អ្នកធ្វើដំណាំបានពូជ ៦ មុខ

ដោយក្នុងដំណាក់កាល Covid-19 នេះ មាន(ប្រជាពលរដ្ឋ)មួយចំនួនបាត់បង់ការងារធ្វើ ចំណូលគ្រួសារនីមួយៗ ក៏ជួបការលំបាក ដូច្នេះបានជារដ្ឋត្រូវបញ្ជូនថវិកាចែកក្រុមគ្រួសារក្រីក្រជាង ៦០ ម៉ឺនគ្រួសារត្រូវជា ប្រ​មាណ ៣ លាននាក់ (ហើយកម្មវិធីនេះ)នៅបន្តខែ ១០, ១១, ១២ ដោយយើងប្រើប្រាស់ក្នុងមួយខែប្រ​មាណជា ៣០ លានដុល្លារ។ (ហ្នឹងជា)រឿងមួយផ្សេង។ អ្នកដែលទទួលបានជំនួយ គាត់ក៏អាចទៅធ្វើពលកម្មដើម្បីទទួលបានប្រាក់កម្រៃបន្ថែមទៀតបានដែរ។ អញ្ចឹងទេ យើងបានគិតគូរហ្មត់ចត់អំពីបញ្ហានេះ។ ពេលដែលខ្ញុំមកដល់ខេត្តសៀមរាបហើយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្ញើសារដើម្បីសុំការអនុម័តនោះគឺនៅត្រង់ថា យើងមានស្រូវពូជ មានគ្រាប់ពូជបម្រុង ក៏ប៉ុន្តែ វាមិនគ្រប់គ្រាន់ទេ។ តម្រូវការទិញពូជស្រូវដែលមិនប្រកាន់រដូវចំនួន ២ ពាន់តោនបន្ថែមទៀត។ (ខ្ញុំបាន)អនុម័តជាគោលការណ៍(ថា) ប្រជាជនដែលធ្វើស្រូវ ហើយទទួលការខូចខាត ត្រូវផ្ដល់មួយគ្រួសារ ១០០ គីឡូក្រាមជាស្រូវពូជ។ អ្នកដែលមិនខូចខាតទៅយកពូជធ្វើអី។ សំរាប់អ្នករងការខូចខាត, យើងផ្ដល់ ១០០ គីឡូក្រាមនេះ អាចគ្រួសារខ្លះគឺប្រើមិនអស់ទេ។ ឯចំពោះប្រជាពលរដ្ឋដែលមិនធ្វើស្រូវ តែធ្វើដំណាំផ្សេងៗ នោះគឺដោះស្រាយពូជ ៦ មុខ។ មិនដឹងថាជាពូជអីខ្លះទេ។

ជាតួនាទីរបស់ក្រសួងកសិកម្ម។ ដូច្នេះ ក្រសួងនាំមុខនីមួយៗ ជាពិសេស ចាប់ផ្ដើមពីថ្នាក់ខេត្ត ថ្នាក់មូលដ្ឋានតែម្ដង (ត្រូវសិក្សា)តើប៉ុន្មានគ្រួសារដែលខូចស្រូវ ព្រោះមិនមែនខូចទាំងអស់នោះទេ។ ស្រូវខ្លះល្អលើសដើម ព្រោះត្រូវទឹកបានជី។ ប៉ុន្តែ ស្រូវដែលផើមគឺខូច។ អញ្ចឹងត្រូវផ្ដល់ពូជឱ្យគាត់។ យើងបានទទួលពូជស្មើៗគ្នា សូម្បីតែការផ្ដល់ជំនួយនេះ អ្នកមានកូនច្រើនក៏ទទួលបានប៉ុណ្ណឹង អ្នកកូនតិចក៏ទទួលបានប៉ុណ្ណឹង … សុំកុំឱ្យមានការច្រណែនគ្នា។ ចែកស្មើៗគ្នា។ ដល់ពេលស្ដារឡើងវិញគឺស្រូវពូជ ខូចខាតដូចគ្នា។ អ្នកខ្លះដីតូច អ្នកខ្លះដីធំ ប៉ុន្តែយកម្នាក់ ១០០ គីឡូក្រាមទៅ។ តាមខេត្តនីមួយៗដែលមានផលប៉ះពាល់មិនមែនគ្រាន់តែខេត្តបន្ទាយមានជ័យទេ ដែលខ្ញុំផ្ដាំផ្ញើទៅទូទាំងប្រទេស ដែលមានផលប៉ះពាល់ពីទឹកជំនន់​ យកចិត្តទុកដាក់ពិនិត្យឱ្យជាក់លាក់ ទៅលើគ្រួសារណាដែលខូចស្រូវពូជពិតប្រាកដ។ យើងដោះស្រាយតែអ្នកខូចខាតទេ អ្នកដែលមិនខូចខាតយកស្រូវទៅធ្វើអី។ ដូចជាឆ្នាំ ២០០០ ពេលនោះ … អាជ្ញាធរខេត្តកំពង់ចាម ឱ្យតែទឹកលិចអ្នកមិនធ្វើស្រែក៏ត្រូវទទួលស្រូវពូជដែរ។ បានទារស្រូវពូជចំនួន ២ ម៉ឺនតោន។ (ទើប)បាន(ខ្ញុំ)ងាកទៅសួរចៅហ្វាយខេត្តថា ម៉េចដល់ថ្នាក់ប៉ុណ្ណឹងពេក? ថាអត់ទេ ប្រជាជនលិចទឹកប៉ុណ្ណឹង។ អញ្ចឹង(មានន័យថា)អ្នកអត់ធ្វើស្រែក៏គាត់ត្រូវការស្រូវពូជដែរ។ អញ្ចឹងត្រូវពិនិត្យបញ្ហាហ្នឹងឱ្យបានច្បាស់។ យើងនឹង​ធ្វើអន្តរាគមន៍បន្តទៀតទៅលើបញ្ហាការស្ដារឡើងវិញ ព្រោះនៅពេលដែលមានការលិចលង់នេះ មានការខូចខាត។ អញ្ចឹងអ្នកដែលធ្វើដំណាំជាស្រូវ ផ្ដល់ស្រូវពូជ អ្នកដែលធ្វើដំណាំផ្សេងៗ ផ្ដល់ពូជ ៦ មុខ។

ថ្ងៃនេះ ខ្ញុំក៏សូមបញ្ជាក់ផងដែរថា កន្លងទៅរាជរដ្ឋាភិបាល ខ្លួនខ្ញុំបានអនុម័តផ្ដល់ជូនការឧបត្ថម្ភសម្រាប់(គ្រួសារដែលមាន)អ្នកស្លាប់ ក្នុងសពមួយ ចំនួន ១០ លានរៀល។ ប៉ុន្តែ ពីម្សិលមិញនេះ ឧកញ៉ា ឡាយ ប៊ុនប៉ា បានផ្ដល់បន្ថែមជូនទៅគ្រួសារសព ចំនួន ៤ លានរៀលទៀត។ អញ្ចឹង ជំនួយឧបត្ថម្ភ ដែលទទួលពីរាជរដ្ឋាភិបាល ដែលជាជំនួយរបស់សប្បុរសជន គឺទទួលបាន ១០ លានរៀល និងឧកញ៉ា​ ឡាយ ប៊ុនប៉ា គាត់មានអង្ករជូននៅហ្នឹង ហើយគាត់នឹងត្រូវបញ្ជូនថវិកានេះ។ កន្លងទៅបញ្ជូន ១៤៤ លានរៀល ពេលនោះយើងមានស្លាប់តែ ៣៦ នាក់ទេ។ ឥឡូវនេះ គឺឡើង ៣ នាក់ទៀត។ និយាយរួម សូមបញ្ជាក់ថា បើមានករណីស្លាប់ដោយសារលង់ទឹក ដោយគ្រោះទឹកជំនន់នេះ បើទោះបីឡើងដល់ប៉ុន្មាន គឺឧកញ៉ា ឡាយ ប៊ុនប៉ា ទទួលតែម្ដង។

ច្បាប់ថវិកាជាតិ ២០២១ ប្រយុទ្ធការពារជីវិត រក្សាលំនឹងសង្គមសេដ្ឋកិច្ច ជីវភាពប្រជាជន ស្ដារឡើងវិញ

អញ្ចឹងទេ ជាចំណុចដែលសូមបញ្ជាក់ជូននៅទីនេះ ហើយក៏សូមអំពាវនាវ ប្រជាជនទូទាំងប្រទេស ជាពិសេស អ្នករងគ្រោះដោយទឹកជំនន់ សូមខិតខំងើបឈរឡើងពីការលំបាកនេះ ដើម្បីឈានឆ្ពោះទៅមុខស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ គ្រាន់តែពាក្យ(ប្រើប្រាស់)នៅក្នុង(ការរៀបចំ)ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ក៏មា​នចំណុចពិសេសរបស់ខ្លួនដែរ។ គឺជាថវិកាប្រយុទ្ធការពារជីវិតប្រជាជន រក្សាលំនឹងសង្គមសេដ្ឋកិច្ច និងជីវភាពប្រជាជន និងតម្រង់ឆ្ពោះទៅរកការស្ដារឡើងវិញ ព្រោះយើងមិនមែនគ្រាន់តែប្រយុទ្ធនឹងទឹកជំនន់ទេ យើងបន្តការប្រយុទ្ធជាមួយនឹង Covid-19 ដែលសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងរក្សាអនាម័យឱ្យបានល្អ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ យើងមានម៉ាស យើងពាក់ម៉ាស យើងអត់មានម៉ាសទេ យើងមានក្រមា។ ខ្ញុំអម្បាញ់មិញដោះក្រមាចេញ ការពិតខ្លួនខ្ញុំមានក្រមាជាប់រហូតហ្នឹង។ ថ្ងៃនេះ ឃើញអាវខុសពីថ្ងៃមុន ប៉ុន្តែអាវនេះក៏ ២៥ ឆ្នាំដូចគ្នា ហើយក៏គេឃើញខ្ញុំធ្លាប់ពាក់អាវហ្នឹង។ មានអាវដៃខ្លីមួយពណ៌ហ្នឹងដែរ ពាក់ពីម្សិលម្ង៉ៃ ហើយមានមួយទៀតអាវខៀវ អញ្ចឹងអាវហ្នឹងគឺថាមាន ៣ អាវ។ តែថាពាក់អាវហ្នឹងហើយ គឺថាដឹងទៅណាហើយ ព្រោះអាវហ្នឹងគេមិនពាក់ទៅប្រជុំអាស៊ានទេ។ ពាក់​ឆ្ពោះមករកកសិករ អាវទៅជួបកម្មករវាផ្សេង។ មានការរៀបចំខ្លួនទៅតាមស្ថានភាព …។

ជនប្រឆាំងនឹងជាតិ ប្រឆាំងនឹងច្បាប់ មិនចេះត្រូវជាមួយនាយករដ្ឋមន្រ្តីទេ

មានរឿងមួយ។ ថ្ងៃដែលយើងទៅមង្គលបូរី ដែលយើងជិះទូក។ ពេលដែលឡើងផ្ទះប្រជាពលរដ្ឋ មាន(ជាសុ) ផារ៉ា មានអង្គរក្សស្អីៗហ្នឹងជួយទប់។ គេថា ខ្ញុំជរាពាធហើយ។ ឱ! អ្នកអើយ។ អ្នកវិភាគខ្លះ ទោះបីអ្នកឯងក្មេង តែអ្នកឯងអាចងាប់មុនខ្ញុំ។ កុំមើលងាយ … ខ្ញុំនៅវាយកូនហ្គោលបាន … សុំអ្នកវិភាគទាំងឡាយ ប្រយ័ត្នងាប់ខ្លួនឯងមុនទៅ … ព្រោះមើលងាយមនុស្សចាស់ ហើយរាសីខ្លួនមិនដល់។ ងាប់ណា។ មិនបានទេ។ មនុស្សមានរាសីរបស់វា ត្រូវជឿព្រហ្មលិខិតខ្លះទៅ។ ដូចព្រះករុណាបិតា ព្រះអង្គមានបន្ទូលនៅខេត្តសៀមរាប ឆ្នាំ ១៩៩៨ ប្រាប់អ្នកទាំងឡាយក្នុងអង្គប្រជុំថា ព្រះអង្គម្ចាស់ ឯកឧត្ដម លោកជំទាវ ជឿលើព្រហ្មលិខិតខ្លះទៅ។ បានព្រះអង្គនិទានពីព្រះអង្គថា ព្រះអង្គអត់មានដែលនឹកនារឿងធ្វើស្ដេចទេ។ សុខៗ កំពុងតែរៀននៅឯសៃហ្គន ឥឡូវទៅជាទីក្រុងហូជីមិញ ស្រាប់តែគេហៅមកធ្វើស្ដេច។ ធ្វើស្ដេចម្ដងហើយ ដល់មកដល់ក្រោយនេះធ្វើស្ដេចម្ដងទៀត។ ហ្នឹងព្រះអង្គមានបន្ទូលអញ្ចឹង។ បន្ទាប់ទៅ ព្រះអង្គថា ធ្វើម៉េច បើព្រហ្មលិខិតកំណត់ឱ្យលោក ហ៊ុន សែន មកធ្វើនាយករដ្ឋមន្រ្តី។ អញ្ចឹងវាត្រូវជឿលើ​ព្រហ្មលិខិតខ្លះទៅ។ អ្នកខ្លះដេកស្រមៃ គេហៅថា នាយករដ្ឋមន្រ្តីឧទាហរណ៍ នាយករដ្ឋមន្រ្តីហ្វេសប៊ុក នាយករដ្ឋមន្រ្តីបង្រៀនគេ អានេះកូនខ្នុរ អានេះ​មេខ្នុរ។ អញ្ចឹងគឺថា នឹកឡើងគឺស្រមៃធ្វើនាយករដ្ឋមន្រ្តីហ្នឹង។ អ្នកខ្លះចង់ណាស់ តែធ្វើមិនបាន ព្រោះព្រហ្មលិខិតវាកំណត់ឱ្យវាអញ្ចឹង។

ខ្លួនខ្ញុំវាត្រូវងាប់យូរហើយ តែមច្ចុរាជអត់ទាន់ត្រូវការខ្ញុំ ហើយយមរាជក៏ត្រូវទុកឱ្យខ្ញុំនៅហ្នឹង ដើម្បីទប់ជាមួយនឹងពួកប្រឆាំងជាតិ។ តែប្រឆាំងជាតិហើយ វាមិនដែលចេះត្រូវជាមួយនាយករដ្ឋមន្រ្តីទេ។ ប្រឆាំងនឹងច្បាប់ហើយ វាមិនចេះត្រូវជាមួយនាយករដ្ឋមន្រ្តីទេ។ គ្រាន់តែនិយាយលេងបន្ថែមក្លែមទេ។ ​តែវាជារឿងពិត។ រួចចុះរូបភាពមួយគគោកមិនយកទៅវិភាគ។ អារូបខ្ញុំដើរអី។ វាយករូបភាពមនុស្សចុះជណ្ដើរ ចុះទូក យករូបភាពតែមួយសន្លឹក(មកនិយាយ) ត្រង់ឯងដើរត្រុយ វាអត់វិភាគ។ អានេះវាខូចៗមែន។ តាំងពីអញ្ចឹង​ក៏វាខូចដែរ។ រួចវាស្ដាប់លឺ ហ៊ុន សែន និយាយទេ? ឥឡូវនេះមិនដឹងថាប៉ុន្មានទូរទស្សន៍ទេផ្សាយបន្តផ្ទាល់ពីស្រុកអូរជ្រៅ ដែល ហ៊ុន សែន កំពុងនិយាយ។ ម្សិលមិញ វាឃើញហើយសកម្មភាពជាប់ប្រជុំ នាំគ្នាថាមិនបាច់សម្រាកទេ ហោះម៉ោង ២។ ប៉ុន្តែយើងហោះមុនម៉ោង ២ ទៀត។ ប៉ុន្ដែក៏បាន(គេង)លក់លើឧទ្ធម្ភាគចក្របានមួយសន្ទុះដែរ​ ហើយសម្រាកនៅសៀមរាប។ ឥលូវចំណេ​ញពេលវេលាមកទីនេះ។

ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល (ក្រសួង ៤ និងអ្នកតំណាងរាស្ត្រ) ខិតខំស្ដារជីវភាពរស់នៅ

ខ្ញុំក៏សូមយកឱកាសនេះ​(ស្នើសុំថា) បន្ទាប់ទៅគ្រួសារ​នីមួយៗ​ (ដែល)មុខរបរមិនដូចគ្នា ខ្លះលក់ដូរ ខ្លះជាកម្មករ ខ្លះជាកសិករ ហើយ​កសិករ​ក៏ដាំដំណាំខុសគ្នា ត្រូវខិតខំដាំ។ ចំណែកឯផ្នែកខាងរដ្ឋគឺ ក្រសួងបួនដែលដើរតួនាទីធំជាង​គេ​ ទីមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យមើលប្រព័ន្ធផ្លូវទាំងអស់នៅទូទាំងប្រទេស​ ដើម្បីជួសជុលសម្រួលចរាចរណ៍ឡើងវិញ។ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ត្រូវមើលព្រោះវាទាក់ទងនឹងផ្លូវ​ថ្នល់ វាមានក្រសួងសាធារណការគ្រប់គ្រង និងអភិវឌ្ឍន៍ជនបទ​។ ផ្លូវជាតិ ផ្លូវខេត្ត ជាមុខងារ​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវលំ ទាំងចាក់កៅស៊ូ បេតុង ក្រាលគ្រួសក្រហម​ជាមុខងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ​។ ក្រសួងទី ៣ គឺក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃមុន ​សេរី កុសល បានវាយមកថាព្រួយបារម្ភអាងណាៗ។ ម្សិលមិញឯកឧត្តម លឹម គានហោ បានដោះ​ស្រា​យបញ្ហា​រួចហើយ​។ ម្សិលមិញ ឯកឧត្តម លឹម គានហោ ចុះពីឧទ្ធម្ភា​គចក្រ​មក​មើល​តែម្ដង​​ ជាពិសេសព្រួយបារម្ភរឿងអាងត្រ​ពាំងថ្ម ហើយនឹងការចែកចាយទឹក ក្រោយពេល​ដែល​ទឹក(ជំនន់)ផុត​ ចៀសវាងការដណ្ដើមទឹកគ្នា។ ត្រូវមានអ្នករៀបចំយ៉ាងម៉េច ដោះស្រាយ​ទឹក​យ៉ាងម៉េច(សម្រាប់)ប្រព័ន្ធស្រោចស្រពយ៉ាង​ម៉េច។ ការដណ្ដើមទឹកគ្នា​នេះ គឺមានអ្នកដើមប្រ​ឡាយ អ្នកចុងប្រឡាយ ហើយកម្មវិធីហ្នឹងធ្លាប់ធ្វើនៅពុតស។ អ្នកដើមប្រ​ឡាយបូមអស់ ហើយ​អ្នក​ចុងប្រឡាយអត់បានទឹក។ កាលហ្នឹងខ្ញុំចុះទៅសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះរាំងស្ងួត​ដាក់កម្មវិធីថា សូមឱ្យអ្នកដើមប្រឡាយ អ្នកចុងប្រឡាយផ្អាកម៉ាស៊ីនបូមទឹក​ទាំងអស់។ ដល់តែ​ទឹកពេញយើងបន្ដបូម​ ហើយចាប់ផ្ដើមឱ្យអ្នកដើម អ្នកចុង និងអ្នកកណ្ដាលបូមទាំងអស់គ្នា​។ អា​ហ្នឹងបានទៅរួច ហើយជាវិធីដោះស្រាយ ដើម្បីបានផលប្រយោជន៍ទាំងអស់គ្នា​។ ឯក្រសួងមួយទៀត​(ទី៤) គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវធ្វើសកម្មភាពបន្ទាន់ និងពិនិត្យលើគ្រួសារនីមួយៗ ​ដែល​ទទួលរងផលប៉ះពាល់។ តើអ្នកណាត្រូវផ្ដល់ស្រូវពូជ អ្នកណាត្រូវផ្ដល់ពូជដំណាំ​។ ត្រូវធ្វើកិច្ចការ​ងារទាំង​អស់នេះ។ អ្នកតំណាងរាស្រ្ដ សមាជិកព្រឹទ្ធសភា ក៏ដូចជាអ្នកតំណាងរាស្ដ្រ ត្រូវ​ចូលរួមចំណែកធ្វើសកម្មភាព មិនទាន់ចប់ត្រឹមជំនួយឧបត្ថម្ភ​បន្ដិចបន្តួច ដែលខ្ញុំ​យកមក​ជូនថ្ងៃ​នេះ​ទេ​។

រួមគ្នាការពារ កុំឱ្យឆ្លង Covid-19 ដោយការរក្សាអនាម័យ និងគម្លាត

យើងនៅមានរឿងច្រើនដែលត្រូវធ្វើ។ រឿងប្រយុទ្ធប្រឆាំងនឹង Covid-19  សូមប្រជាពលរ​ដ្ឋ​របស់យើង​​ទាំងអស់ខិតខំការពារខ្លួន កុំឱ្យឆ្លងជំងឺនេះ។ Covid-19 បានបំផ្លាញទំនៀមទំលាប់យើង​អស់ហើយ។ សូម្បីតែខ្លួនខ្ញុំត្រឡប់ទៅវិញមិនច្បាស់។ ខ្ញុំមិនឱ្យចៅមកជិតខ្ញុំទេ។​ អញ្ចឹងត្រូវតែច្បាស់​។ កងទ័ពរបស់យើងមកពីប្រទេសម៉ាលី ដែលទៅរក្សាសន្ដិភាពនៅទីនោះ ត្រឡប់មកវិញប្រពន្ធ​ទៅ​ទទួល តែងសុំការយោគយល់ទាំងប្ដីទាំងប្រពន្ធ មិនឱ្យមានការជួបគ្នា រហូតដល់ទៅការ​ធ្វើ​តេស្ដលើកទី ១ លើកទី ២ និងអាចុងក្រោយ បញ្ជាក់ថាអត់មានអីហើយ ទើបឱ្យទៅផ្ទះ។ អញ្ចឹង​ប្រពន្ធរបស់ទាហានទាំងនោះ មានការយោគយល់ថា ខ្ញុំបែកគ្នាអស់ជាងមួយឆ្នាំហើយ ទ្រាំបន្ដិច​ក៏មិនអីដែរ។ អ្នកមកពីនោះក៏គុំថាជួបប្រពន្ធ ឱ្យបានស្រូត ហើយច្បាស់ជាទៅដល់ផ្ទះ​ឱ្យលុយកូនៗ រកអីស៊ីនៅក្រៅហើយ។ អញ្ចឹង Covid-19 វាបង្កើតបញ្ហាច្រើនណាស់។ ប៉ុន្ដែ យើងអាច​យកឈ្នះ Covid-19 បានតាមរយៈសកម្មភាពរបស់ម្នាក់ៗ ចេះអនាម័យដោយលាងដៃនឹងសាប៊ូ ជែល​អាកុល​ ពាក់ម៉ាស់ ឬក៏មានក្រម៉ា មានអីប្រើប្រាស់ទៅ។

ខ្ញុំសូមបញ្ជាក់ជូន អ្នកនៅមង្គលបូរី​ និងសិរីសោភ័ណក៏ដូចជា ៦ ពាន់ គ្រួសារទៀត បន្ទាប់ពីខ្ញុំចាកចេញទៅ ឯកឧត្តម គន់ គីម ជា​អនុ​ប្រធានទី ១ នៃគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ (កាន់ឈើច្រត់ហើយឥឡូវ ព្រោះមាន​បញ្ហាឈឺជើង) នៅបន្ដចែកជំនួយរបស់ខ្ញុំ។ ដោយសារថ្ងៃមុនយើងរៀបចំមួយកន្លែងតែ ៥ ពាន់​គ្រួសារ​ ដល់គាត់មកថែមទៀត យើងអត់បានដឹង​ថាគាត់មកស្ដាប់។ អញ្ចឹងវាមិនសមរម្យទេ អញ្ចឹងខ្ញុំសុំផ្ដាំទៅអ្នកដែលមកមិនទាន់ទទួលជំនួយនោះ នឹងបានទទួលជំនួយនៅល្ងាចនេះ ​ចប់ពី​ម៉ាឡៃនឹងចុះចែក។ នេះគេហៅថា ជំនួយសម្រាលការលំបាកចំពោះមុខតែប៉ុណ្ណោះ ប៉ុន្ដែ(ដើម្បី)ឈានឡើងទៅកសាងជីវភាព តម្រូវឱ្យគ្រួសារនីមួយៗ ប្រឹងស្ដារឡើងវិញនូវជីវភាព។

អាជ្ញាធរពិនិត្យ/ជួសជុលអគារសិក្សាខូចខាតដោយជំនន់ ចៀសវាងគ្រោះថ្នាក់ដល់សិស្សពេលចូលរៀន

មួយ​ផ្នែកទៀត ខ្ញុំសូមរំលឹកទៅដល់អាជ្ញាធរ​ជាពិសេស គឺផ្នែកអប់រំ។ ឯកឧត្តម ហង់ ជួនណារ៉ុន បានវាយ​លិខិតដើម្បីសុំ។ ឥឡូវធ្វើការតាមអនឡាញ ព្រោះមានសាលាខ្លះបានបើកវិញហើយ តែក៏​ត្រូវលិចលង់បន្ទាប់ពីការ​អាក់ខាន​មួយរយៈ។ ត្រូវតែធានាខុសត្រូវឱ្យបានច្បាស់។ មិនមែនផ្នែកលើ​ក្រសួងអប់រំ ឬមន្ទីរអប់រំជាសំខាន់ទេ គឺអាជ្ញាធរជាសំខាន់​។ សាលាដែលបានលិចលង់​ត្រូវពិនិត្យ​ឱ្យបានច្បាស់ និងអនុញ្ញាតឱ្យប្រើ​ថវិកា​បម្រើសាលា ធ្វើការជួសជុល ពិនិត្យឱ្យច្បាស់។ បើអគារហ្នឹង​ត្រូវ​បានទឹកបុក អាចនឹងមានហានិភ័យ ​ត្រូវតែជួសជុលឱ្យបានច្បាស់ ធានាថាកូនសិស្សចូលរៀន គឺមិនមានគ្រោះថ្នាក់ ដោយសារអគាររលំបន្ទាប់ពីទឹកជំនន់នេះ។ ត្រូវធានាកន្លែងហ្នឹង នៅគ្រប់ខេត្តក្រុង​ដែល​មានការលិចលង់ដោយទឹកជំនន់។ សុំយកចិត្តទុកដាក់ពិនិត្យស្ថានភាពសាលារៀន មុនពេលដែលបើកឱ្យបន្តការសិក្សាឡើងវិញ … ខែ ១២ នេះត្រូវប្រឡងធ្យមសិក្សាទុតិយភូមិ និងថ្ងៃ ១១ ខែមករា នឹងបើកបវេសនកាលឆ្នាំថ្មី គឺឆ្នាំ ២០២០-២០២១ (ក្រោយពី)យើងពន្យារ។ នេះជាការរំលឹកទៅដល់ទូទាំងប្រទេសដែលមានសាលាលិចលង់ ត្រូវតែច្បាស់ ហើយប្រាកដថា គ្រូបង្រៀន និងកូនសិស្ស មិនមានគ្រោះថ្នាក់ដោយសារតែការបាក់បែកអគារនោះទេ។

ខ្ញុំអរគុណណាស់ចំពោះបងប្អូនជនរួមជាតិ ដែលបានជឿទុកចិត្តលើសមត្ថភាពរបស់រាជរដ្ឋាភិបាល លើសមត្ថភាពរបស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ។ លើការជាក់ស្តែង នៅពេលណាដែលមានបញ្ហា យើងបានដឹងពីសមត្ថភាពនៃមន្រ្តីសមត្ថភាពនៃកម្លាំងរបស់យើង។ ដូច្នេះហើយបានជាខ្ញុំមានមោទនភាព… បើទោះបីមានគេជេរ មានគេស្អី។ មនុស្សមួយចំនួនប្រព្រឹត្តខុស ប៉ុន្តែភាគច្រើនសកម្មភាពគឺល្អណាស់ព្រមៗគ្នា លេចឡើងនូវវីរជន លេចឡើងនូវភាពជាគំរូ លេចឡើងនេះការខិតខំទាំងអស់។ ឥឡូវហ្នឹង បាយមួយសំណុំពី គោកកឋិន បានក្លាយទៅជាចម្រៀងមួយបទ តាមលំនាំបទ បុប្ផាក្បាលជ្រោយ។ គេចាក់តាំងពីម្សិល។ ខ្ញុំ Download ចូលក្នុងទូរស័ព្ទខ្ញុំបាត់ហើយ។ មានចម្រៀងច្រើនបទណាស់សម្រាប់អ្នកខេត្តបន្ទាយមានជ័យ។ ចម្រៀងថ្មីមួយ ឯកឧត្តម ហ៊ុន ហេង ជាអ្នកនិពន្ធហើយក្រុមហ៊ុនហង្សមាសដាក់រូបភាព វាសនាអ្នកខេត្តបន្ទាយមានជ័យ។ ឯបាយមួយកញ្ចប់ទៀតគឺមានចំណងជើងថា អក្ខរាក្នុងកញ្ចប់បាយ គេមានចំណងជើងរបស់គេ។ អញ្ចឹង តំលៃបាយនេះវាតូចតាចណាស់ ប៉ុន្តែតំលៃទឹកចិត្តគឺជាបញ្ហាធំវាស់ស្ទង់មិនបាន។ (បាន)ជូនបាយខ្ញុំ ២ កញ្ចប់។ ខ្ញុំគិតថាស៊ីលើយន្តហោះ ប៉ុន្តែឡើងលើយន្តហោះទៅ វាលក់បាត់ទៅ។ ទៅដល់កន្លែងចុះចតរកបាយ មិនដឹងថាគេទុកបាយនៅឯណា។ ព្រឹកមិញថាបាយដាក់តាមយន្តហោះទៅតើ តែយើងអត់បានស៊ីបាយហ្នឹងផង។ យ៉ាងណា បាយដែលទទួលទានដោយកងទ័ពយើង ពេលដែលចុះជួយសង្រ្គោះ ជានិមិត្តរូបតំណាងឱ្យទឹកចិត្តរបស់ប្រជាពលរដ្ឋយើងចំពោះកម្លាំងប្រ​ដាប់អាវុធ ចំពោះមន្រ្តីរាជការ ចំពោះក្រុមយុវជនដែលចុះជួយសង្រ្គោះ ធំធេងណាស់មហាសាលដែលយើងមិនអាច … ថ្ងៃមុនភ្លេចសួរថាមានតែពងចៀន … ថ្ងៃមុនមកជួបខ្ញុំនៅសិរីសោភ័ណ ខ្ញុំភ្លេចសួរថាពងហ្នឹងពងអី? ទាល់តែទៅសួរគាត់វិញ … អរគុណសម្រាប់ការចូលរួម។ បងប្អូនបានធ្វើដំណើរមកតាំងពីម៉ោង ៣ ឯណោះ ខ្លះតាមគោយន្ត ខ្លះដឹក ហើយសុំត្រឡប់ទៅវិញបានសមប្រកបកុំឱ្យមានបញ្ហាស្អី។

ជំនួយ

ថ្ងៃនេះដូចមុនៗមកដែរបាន គ្រួសារនីមួយៗបានទទួលនៅនឹងដៃហើយ អង្ករ ២៥ គីឡូ មីចំនួន ១ កេសតូច ទឹកសុទ្ធចំនួន ១ កេស ទឹកត្រីចំនួន ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ មុងមួយ ក្រមាមួយ ភួយមួយ សារ៉ុង​មួយ កន្ទេលមួយ និងថវិកា ៥ ម៉ឺនរៀល សម្រាប់ចែកជូនប្រជាពលរដ្ឋរបស់យើងនេះ។ ក្រុមយុវជន ដែលបានចូលរួមនៅក្នុងយុទ្ធនាការនៃការសង្រ្គោះនៅក្នុងខេត្តនេះ មានយុវជន សសយក យុវជនគណបក្សប្រជាជន យុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម យុវជនភាតរភាព ឯណាប្រធានយុវជនភាតរភាពនោះ? អាហ្នឹងបង្កើតពីអង្កាល់មក? អញ្ចឹងពួកអ្នកភ្នំពេញមក យុវជនស្រលាញ់សន្តិភាពផង ធ្វើអន្តរា​គមន៍តាំងពីភ្នំពេញ … ធ្វើអន្តរាគមន៍ទូលំទូលាយដែរ? ក្រុមរៀបចំអំណោយ។ អញ្ចឹងទេសម្រាប់ទាំងអស់ ១ ៤១៦ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ ម៉ឺនរៀល។ ដោយឡែក ម្សិលម្ង៉ៃនេះ ផ្តល់ឱ្យយុវជនស្រលាញ់សន្តិភាព ៥០ លាន ឥឡូវនេះ ក៏សុំផ្តល់ឱ្យយុវជនភាតរភាពដែលធ្វើសកម្មភាពមិនមែនគ្រាន់តែនៅទីនេះទេ គឺនៅច្រើនកន្លែង ២០ លានរៀល បន្ថែមសម្រាប់ជាអង្គការយុវជននេះ។ ខ្ញុំទើបតែនឹងស្គាល់ដឹងថាគេធ្វើសកម្មភាពស្អី។

អរគុណជំនួយពីសប្បុរសជនថៃ, ជំនួយជប៉ុនបានដឹកមកដល់

ថ្ងៃនេះ ដូចជាមានបងប្អូនថៃដែលបានអញ្ជើញមក … ខាងមិត្តថៃ គឺវាយ(សារ)ទៅឱ្យខ្ញុំខាងយោធភូមិភាគទីប៉ុន្មានទេ ដែលមានទាំងទឹកដោះគោផង និងមានភួយផង។ ទឹកដោះគោស្រស់ ១២០០០ ប្រអប់ និងភួយ ៦៥០។ អរគុណណាស់ ដែលបានចូលរួម។ សុំបញ្ជូនមក(ចុះ) រួចហើយខាងគ្រោះមហន្តរាយនឹងទទួល។ នេះហើយជាទឹកចិត្តនៃអ្នកជិតខាងយើង ដែលឃើញយើងលំបាក។ ជំនួយនេះមានតម្លៃក្នុងគ្រាលំបាកនេះ ដែលខ្ញុំសុំយកឱកាសនេះអរគុណចំពោះម្ចាស់ជំនួយទាំង ២ រូបដែលតំណាងឱ្យក្រុមហ៊ុន តំ​ណាងពីទឹកចិត្តសប្បុរសពីអ្នកជិតខាងយើង … ទឹកដោះគោ បញ្ជូនទៅតាមមន្ទីរពេទ្យ ហើយចំពោះភួយគឺត្រូវប្រើប្រាស់ពិនិត្យមើលអ្នកដែលខ្សត់ខ្សោយ អ្នកនៅទីទួលសុវត្ថិភាព។

… ជំនួយរបស់ជប៉ុន (ក៏ដូចជាបាន)ដឹកមកដល់យប់មិញហើយ។ ខាងជប៉ុននោះក៏ដឹកជំនួយមកដែរ។ អញ្ចឹងយើងមានជំនួយពីខាងក្រៅ ប៉ុន្តែអ្វីដែលយើងត្រូវប្រឹងមុនគេ គឺសកម្មភាពក្នុងស្រុកឯនេះ។ យើងទើបនឹងទទួលជំនួយជាបន្តបន្ទាប់ថែមទៀត ហើយក៏មានប្រទេសមួយចំនួន បានប្រកាសថាផ្តល់ជំនួយ … យើង​អរគុណទុកជាមុននូវការផ្តល់ជំនួយនានា។

មោទនភាពចំពោះព្រះរាជទាននៃព្រះមហាក្សត្រ និងហ្លួងម៉ែ, ត្រកូលហ៊ុនចែកគ្នាធ្វើសកម្មភាពមនុស្សធម៌

អ្វីដែលជាមោទនភាពរបស់យើងគឺ ព្រះមហាក្សត្ររបស់យើង ព្រះអង្គចាត់ចែងក្រុមរបស់ព្រះអង្គ ចុះចែកជំនួយទៅតាមទីកន្លែងរងគ្រោះ ហ្លួងម៉ែទើបនឹងឃើញចូលបន្ថែម ព្រោះព្រះអង្គមានចូលតាមខែ ចូលតាមត្រីមាស ចូលតាមឆ្នាំ ប៉ុន្តែលើកនេះព្រះអង្គចូលដូចជា ៣០០០ ដុល្លារ ទៅកាកបាទក្រហមកម្ពុជា។ ថ្ងៃនេះចែកគ្នា។ ខ្ញុំមកទីនេះ ខេត្តបន្ទាយមានជ័យ ប្រពន្ធទៅចែកដូចជាព្រឹកនេះទៅចែកនៅខ័ណ្ឌពោធិ៍សែនជ័យ នៅភ្នំពេញ ឯកូនប្រសារម្សិលម្ង៉ៃនោះទៅ ឯប៉ៃលិន ហើយម្សិលមិញ ទៅបាត់ដំបង។ ថ្ងៃនេះមិនដឹងទៅណាទេ។ ហ្នឹងកូនប្រសារ ដែលមានក្រុមដែលគេហៅថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោនោះ (…) ត្រូវហើយព្រោះមកឃើញជួបខ្ញុំនៅឯសៀមរាបថាប្រុងមកបន្ទាយមានជ័យដែរ ប៉ុន្តែពុកមកចែកកន្លែងហ្នឹងហើយ គេរៀបចំទៅកន្លែងផ្សេង ទៅប៉ៃលិន។ ចេញពីប៉ៃលិនទៅបាត់ដំបង។ ថ្ងៃនេះប្រហែលជាទៅពោធិ៍សាត់ផងមិនដឹង។ ចែកគ្នាធ្វើសកម្មភាព។ ហ្នឹងគេចាប់ផ្តើមហើយ។ ចេញត្រកូលហ៊ុនមកទាំង ឪពុក ទាំងកូន ទាំងប្រពន្ធ ឯងថាអញ្ចឹងទៅ … មានទៅវាយប្រជាជនឯណា ទៅជួយប្រជាជនតើ …។

Covid-19 អាចបំផ្លាញយើង ប៉ុន្តែមិនអាចសម្លាប់យើងបានទេ

ខ្ញុំនឹងទៅស្រុកម៉ាឡៃបន្តទៀត ដែលធ្វើដំណើរទៅពីនេះតែត្រឹម ៣០ នាទីទេ។ អញ្ចឹងអ្នកនៅម៉ាឡៃគឺមិនចាំយូរទេ ហើយបន្ទាប់ពីម៉ាឡៃហើយ ខ្ញុំនឹងឡើងយន្តហោះទៅភ្នំពេញ។ សម្រាកបានតែល្ងាចនេះ និងថ្ងៃស្អែកទេ ដល់ថ្ងៃខានស្អែកមានកម្មវិធីមួយនៅភ្នំពេញ គឺបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេ ប៉ុន្តែមិនមែនឆ្លងទាំងអស់ទេ ឆ្លងពីត្រើយម្ខាងនេះទៅកោះសុទ្ធ។ តែស្ពាន ២។ Covid-19 អាចបំផ្លាញយើង ប៉ុន្តែមិនអាចសម្លាប់យើងបានទេ ជាងនេះទៅទៀតគឺប្រជាពលរដ្ឋរបស់យើងមិនទាន់ធ្លាក់ទៅក្នុងស្ថានភាពដាច់ពោះនោះទេ។ យើងនឹងតាមមើល និងតម្រង់ទិសដើម្បីផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវផ្លែផ្កានៃការខិតខំប្រឹងប្រែងនៃយើងទាំងអស់គ្នា។ ប៉ុន្តែ ត្រូវពឹងពាក់ការខិតខំរបស់គ្រួសារនីមួយៗ ក្នុងហ្នឹងខ្ញុំនៅតែបន្តអំពាវនាវយ៉ាងទទូចឱ្យមនុស្សម្នាក់ៗ គ្រួសារនីមួយៗអនាម័យផ្ទាល់ខ្លួនធ្វើម៉េចកុំឱ្យឆ្លង ហើយយើងក៏ត្រូវទាក់ទងជិតខាងមិត្តថៃ ខាងគាត់ក៏ត្រូវការពារកុំនាំជំងឺពីយើងចូលទៅថៃ ហើយក៏កុំនាំជំងឺពីថៃចូលមកកម្ពុជា ដូចដែលបាននិយាយអញ្ចឹង តាស៊ូច ក៏ផ្តាំផ្ញើមកដែរព្រោះមានមនុស្សនាំមនុស្សចូលទៅហើយយកលុយ ១០០ ដុល្លារទៅ ២០០ ដុល្លារ ហើយចូលទៅ ចូលទៅមានការងារឯណាធ្វើ។

អញ្ចឹងសម្រុះសម្រួលគ្នាទោះបីថា យើងមានការផ្អាកចេញចូលមនុស្ស ប៉ុន្តែទំនិញឆ្លងកាត់នៅតែមានធម្មតា អញ្ចឹងពាណិជ្ជកម្មតាមព្រំដែន រវាងយើងជាមួយថៃ រវាងយើងជាមួយវៀតណាម រវាងយើងជាមួយឡាវ នៅតែមានជាបន្ត ដែលនោះហើយគឺជាដំណើរការធម្មតានៃសេដ្ឋកិច្ច គ្រាន់តែយើងត្រូវការពារជំងឺ។ ថ្ងៃនេះយើងមានឆ្លង ១ ករណីទៀត ឆ្លងហ្នឹងមិនមែនឆ្លងក្នុងស្រុកទេ។ ជនជាតិបារាំងម្នាក់ ធ្វើដំណើរមកពីប្រ​ទេសបារាំងមកដល់តៃប៉ិ ចេញពីតៃប៉ិមកភ្នំពេញ។ ម្សិលមិញ លឺថាគាត់តវ៉ាមិនព្រមទទួលស្គាល់លទ្ធផលរបស់វិទ្យាស្ថានប៉ាស្ទ័រផង ព្រោះគេថាបារាំងបញ្ជាក់ថាគេអត់មានហើយ។ តែបញ្ជាក់នៅបារាំង ដល់មកដល់កម្ពុជាអ្នកឯងឆ្លងកាត់វាត្រូវតែមាន។ ដូច្នេះករណីមាន ២ ហើយ មួយជនជាតិអង់គ្លេសដែលធ្លាប់តវ៉ា ទីចុងបំផុតយើងប្រាប់ថាឱ្យនៅពេទ្យ។ ឥឡូវជនជាតិបារាំងគាត់តវ៉ាទៀត។ តវ៉ាអីតវ៉ាទៅ យកទៅដាក់កុំឱ្យបារាំងម្នាក់ហ្នឹងគឺមានសិទ្ធិខុសគេខុសឯង។ ឱ្យគាត់ត្រឡប់ទៅវិញក៏មិនត្រូវឱ្យដែរ។ ត្រូវយកគាត់ទៅដាក់ពេទ្យ។ មិនអាចតវ៉ាបានទេ។ ប៉ុន្តែថ្ងៃនេះយើងនឹងមានអ្នកជា ៣ នាក់ផងដែរ អញ្ចឹងយើងនៅសល់មនុស្ស ៦ នាក់ ថ្ងៃនេះត្រូវចេញអស់ ៣ នាក់ នៅសល់ ៣ នាក់ ប៉ុន្តែ ១ នាក់ទៀត លាប់ឡើងវិញ … ឥឡូវ​ឃើញបងប្អូនយើងមួយចំនួនមានការធ្វេសប្រហែស។ ធ្វេសប្រហែស អាចបណ្តាលមកពីគាត់គិតអញ្ចេះ ទី ១៖ គាត់ថា អត់ទាន់មានមនុស្សស្លាប់ អញ្ចឹងគាត់អត់ខ្លាច ឥឡូវបន្លាចយ៉ាងម៉េចក៏អត់ខ្លាចដែរ។ ពីមុនអត់ទាន់ដឹងអីផងនិយាយពីថា ខ្លាចផ្អើលតែម្តង។ ដល់បន្ទាប់ពីហ្នឹងទៅ ខ្ញុំបាននិយាយនៅក្នុងសន្និសីទកាសែតថា ជំងឺពិតប្រាកដនៅកម្ពុជានៅពេលនេះ គឺជំងឺភ័យខ្លាច មិនមែនកូរ៉ូណាទេ។ អញ្ចឹងវាកាត់បន្ថយអាការខ្លាចនោះ ហើយនាំគ្នាទិញអង្ករ ទិញអី អញ្ចឹងខ្ញុំរុញទូកបន្ថែមថាជួយទិញអង្ករផង អង្ករលក់មិនសូវដាច់ផង។ អញ្ចឹងជួយទិញអង្ករយកទៅទុកតាមផ្ទះ។ ដល់អញ្ចឹងទៅ ឥឡូវគាត់ត្រូវទទួលទានអង្ករហ្នឹង។ យើងមានខ្វះអង្ករឯណានៅលើទីផ្សារដែល(ត្រូវ)បង្ខំទិញ។ ប្រទេសខ្លះសម្រុកទិញអស់ពីហាង ប៉ុន្តែនៅកម្ពុជាអត់ទេ នៅតែមានទំនិញដែលជាសេចក្តីត្រូវការរបស់ប្រជាជន …។

ប៉ុន្មានថ្ងៃកន្លងទៅមានរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ២ នាក់​ គឺសម្តេចសេនាពិជ័យ ទៀ បាញ់ និង ឯកឧត្តម ជា សុផារ៉ា មានទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី គន់ គីម ដែលទទួលបន្ទុកជាអនុប្រធានទី ១ គណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានរដ្ឋមន្រ្តីក្រសួនធនធានទឹក លឹម គានហោ មានរដ្ឋមន្រ្តីក្រសួងសុខាភិបាលរួមដំណើរ។ ថ្ងៃនេះបន្ថែមដោយឧបនាយករដ្ឋមន្រ្តី លោកជំទាវ ម៉ែន សំអន ម្នាក់ទៀត ដែលប៉ុន្មានថ្ងៃមុនគាត់ត្រូវនៅឯភ្នំពេញផង ត្រូវត្រៀមទប់ទល់នៅស្វាយរៀងឯណោះ ទន្លេវ៉ៃគោ ប្រុងនឹងបុកស្វាយរៀង ទៅហើយ។ ឯបង ប៊ិន ឈិន ឥឡូវនេះចាំនៅគោលដៅទី ២។ ឯកឧត្តម ប៊ិន ឈិន ទៅដល់ម៉ាឡៃមុនហើយ គាត់ត្រូវទប់ទល់នៅតាកែវ ព្រោះគាត់ជាប្រធានក្រុមការងាររបស់តាកែវ … រឿងទឹកហូរកាត់ផ្លូវជាតិលេខ ២ នោះ។ ប៉ុន្តែ ម្សិលម្ង៉ៃត្រូវរៀបចំប្រជុំគណៈរដ្ឋមន្ត្រី ព្រោះគាត់ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី អញ្ចឹងប្រជុំគណៈរដ្ឋមន្ត្រីរួចហើយបបួលគាត់មក។ គាត់ថាមកដែរគាត់ជិះឡាន។ ប៉ុន្តែម្សិលមិញខ្ញុំថាឱ្យមកតាមផ្លូវជាតិលេខ ៦ មិនដឹងគាត់ទៅតាមផ្លូវណាទេ។ អញ្ចឹងយើងមករួមគ្នា។ អគ្គបញ្ជាការកងទ័ព មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពស្ថាប័ននានាបានចូលរួមនៅក្នុងដំណើរការនេះ។ អរគុណណាស់ ជាមួយវត្តមាននៃការចូលរួម។ ចុងបញ្ចប់ សូមជូនពរចំពោះបងប្អូនជនរួមជាតិរបស់យើង សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើនជាមួយនឹងពុទ្ធពរ និងពរទាំង ៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត ឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ