សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកការដកហូត EBA មួយផ្នែករបស់សហភាពអឺរ៉ុបពីកម្ពុជា គឺជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ

10

ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសហភាពអឺរ៉ុបដកហូត EBA មួយផ្នែកពីកម្ពុជា នៅដែលប្រទេសនេះកំពុងប្រឹងប្រែងតស៊ូជម្នះជំងឺរាតត្បាតកូវីដ-១៩ គឺជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ ។

នៅក្នុងសេចក្ដីថ្លែងការណ៍ ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីជាយ៉ាងណា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ដូចដែលខ្លួនធ្លាប់បានធ្វើអស់រយៈពេល៤០ឆ្នាំកន្លងមកនេះ ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថាជាមាគ៌ាដ៏ត្រឹមត្រូវ នោះគឺការការពារអធិបតេយ្យភាព និង ថែរក្សាសន្តិភាព ដែលកសាងបានយ៉ាងលំបាកលំបិន និងទទួលបាននូវការសាទរពេញទំហឹងដោយប្រជាជាតិកម្ពុជាទាំងមូល ដែលបានឆ្លងកាត់សោកនាដកម្មដ៏ខ្លោចផ្សាបំផុត និងកំពុងតែងើបឈរឡើងជាប្រជាជាតិមួយ ស្មើមុខមាត់ ស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រជាជាតិដទៃនៅក្នុងតំបន់ និង សកលលោក។ សម្ដេចតេជោបានថ្លែងរម្លឹកអំពីស្លាកស្នាមប្រវត្តិសាស្រ្តថា  ប្រមាណជាង ៤០ ឆ្នាំមុន កម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រជាជនកម្ពុជាជាង ២ លាននាក់ បានបាត់បង់ជីវិតនៅក្នុងដៃរបបដ៏ព្រៃផ្សៃនេះ។ អ្នករស់រានមានជីវិតទាំងបាក់ស្បាត និង សល់តែបាតដៃទទេ គឺជាអ្នកដែលស្ដារប្រទេសជាតិពីគំនរផេះផង់ ។ អ្វីដែលគួរឱ្យហួសចិត្ត គឺអ្នកដែលរស់រានមានជីវិតទាំងអស់នោះ បែរជាទទួលរងទណ្ឌកម្មពីសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិ ដែលថែមទាំងបានអនុញ្ញាតឱ្យមេពិឃាតខ្មែរក្រហម កាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិទៅវិញ។ រដ្ឋាភិបាលដដែលទាំងនោះ ដែលបានផ្សព្វផ្សាយឥតឈប់ឈរអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺជាអ្នកដែលបានរារាំងប្រជាជនពីការទទួលបានចំណីអាហារ សុខុមាលភាព ការអប់រំ ផ្ទះសម្បែង ការអភិវឌ្ឍ និងជាពិសេស សុខ-សន្តិភាព អស់រយៈពេលជាង១២ឆ្នាំ។

ប្រមុខដឹកនាំកម្ពុជាបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាប្រទេសតូចមួយដែលស្រលាញ់សន្តិភាព និង ប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យកម្ពុជាអាចដើរតួនាទីចូលរួមចំណែករបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិបាន លុះត្រាតែមានការធានាថា វិធានច្បាប់នានាដែលគ្រប់គ្រងប្រព័ន្ធអន្តរជាតិ ត្រូវបានអនុវត្តន៍ប្រកបដោយសមភាព។ សម្ដេចតេជោថ្លែងបន្តថា  គួរឱ្យសោកស្ដាយដែលជារឿយៗ អាស្រ័យទៅនឹងមហិច្ឆតានយោបាយ និង របៀបវារៈឱកាសនិយមលាក់ពុតរបស់ប្រទេសមួយចំនួន កម្ពុជាត្រូវប្រឈមមុខនឹងស្តង់ដារទ្វេដែលប្រកបដោយល្បិចកល និង ការសម្រេចចិត្តដែលមានភាពលម្អៀង និង មានចេតនានយោបាយ ពោលគឺភាពអយុត្តិធម៌។ សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថា ពិភពលោកកំពុងជួបបញ្ហា ប្រជាជនកំពុងរងទុក្ខវេទនា ហើយភពផែនដីកំពុងតែរងគ្រោះ។ បញ្ហាប្រឈមធំៗ គឺស្ថិតនៅចំពីមុខយើងទាំងអស់គ្នា ហើយមានប្រទេសខ្លះបាននិង កំពុងគេចវេះពីការទទួលខុសត្រូវរបស់ខ្លួន ។ សរុបសេចក្ដីមក វាអាស្រ័យទៅលើប្រទេសដែលមានអំណាចខ្លាំងក្លាជាងគេបំផុត ក្នុងការបញ្ឈប់ការគំរាមកំហែងដល់សន្តិភាពពិភពលោក និង ភាពរស់រានរបស់ភពផែនដី។ ជាមួយគ្នានេះ វាក៏អាស្រ័យទៅលើមហាអំណាចទាំងឡាយ ទាំងថ្នាក់កំពូល  ទាំងថ្នាក់កណ្ដាល ក្នុងការធ្វើការរួមគ្នាដើម្បីធានាបាននូវសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលឈរលើការគោរពអធិប-តេយ្យគ្នាទៅវិញទៅមក និង សន្តិសហវិជ្ជមាន ៕

ដោយ ជឹម ណារី