សេចក្ដីថ្លែងការណ៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសកិច្ចពិភាក្សា ទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី ៧៥ ថ្ងៃទី២៦ កញ្ញា ២០២០

CNV:

  • ឯកឧត្តម វ៉ុលកាន បូសគារ ( Volkan Bozkir ) ប្រធានអង្គមហាសន្និបាត អង្គការសហប្រជាជាតិ
  • ឯកឧត្តម អង់តូនីយ៉ូ ហ្គូទែរ៉េស ( Antonio Gouterres ) អគ្គលេខាធិការអង្គការសហប្រជាជាតិ
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី !

មហាសន្និបាតនៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិរបស់អង្គការសហប្រជាជាតិ ដោយសារមហាសន្និបាតនេះមិនគ្រាន់តែត្រូវបានរៀបចំឡើងជាលើកដំបូង តាមរយៈប្រព័ន្ធវីដេអូប៉ុណ្ណោះទេ ប៉ុន្តែប្រព្រឹត្តទៅក្នុងអំឡុងពេលដែលពិភពលោកបាន និងកំពុងគ្របដណ្តប់ដោយវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន។

ជាការពិត ពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងខ្ពស់មិនធ្លាប់ជួបប្រទះក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ បង្កឡើងដោយឥទ្ធិពលរួមបញ្ចូលគ្នានៃបញ្ហាជាច្រើន រួមមានលទ្ធភាពឈានទៅរក សង្រ្គាមត្រជាក់បែបថ្មី ដែលអាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយជាសកល ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន បញ្ហាភេរវកម្មមិនមែនរដ្ឋ និងភាពអត់ឃ្លាន ទុក្ខវេទនា និងការកេងប្រវ័ញ្ច ដែលធ្វើឱ្យមនុស្សរាប់លាននាក់រងគ្រោះ។ល។

ជាងនេះទៅទៀត អ្វីដែលពិភពលោកកំពុងប្រឈម គឺការផ្លាស់ប្តូរមិនអាចបកក្រោយទៅរក ប្រព័ន្ធពហុ​ប៉ូល ដែលត្រូវបានលេចឡើងតាមរយៈការប្រកួតប្រជែង ឈានទៅរកអារិភាពដ៏តានតឹង រវាងមហាអំណាចធំៗ អមជាមួយនឹងការងើបឡើងនៃមហាអំណាចថ្នាក់កណ្តាលនានា ដែលបោះជំហានយ៉ាងលឿនឆ្ពោះទៅជួរមុខនៃនយោបាយតំបន់។

ទោះជាយ៉ាងណាក៏ដោយ ឆ្នាំនេះគឺជាឆ្នាំដែលយើងកំពុងប្រារព្ធខួបលើកទី ៧៥ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ ដែលជាព្រឹត្តិការណ៍គ្រប់គ្នាបំភ្លេចមិនបាន។ ក្នុងន័យនេះ យើងត្រូវតែសម្តែងការដឹងគុណដល់បិតាស្ថាបនិកនៃអង្គការសហប្រជាជាតិ ដែលបានរៀបចំបង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធទំនាក់ទំនងអន្តរជាតិ​សម័យទំនើប និងការចូលរួមជាលក្ខណៈពហុភាគី ប្រកបដោយឧត្តមគតិ ក្នុងការ ជួយសង្គ្រោះមនុស្សជំនាន់ក្រោយៗឱ្យរួចផុតពីគ្រោះកំណាចនៃសង្គ្រាម ដែលនាំមកនូវទុក្ខវេទនាដល់មនុស្សជាតិ

នៅក្នុងបរិការណ៍នេះ ខ្ញុំសូមអនុញ្ញាតលើកឡើងនូវគំនិតផ្ទាល់ខ្លួនលើប្រធានបទមួយចំនួន សម្រាប់ការពិភាក្សានៃអង្គសន្និបាតរបស់យើង ដូចខាងក្រោម៖

១-ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយថ្មីៗ និងផលប៉ះពាល់ចំពោះពិភពលោក

-ឯកឧត្តមប្រធាន!

ស្ថិរភាព និងវិបុលភាពរយៈពេលវែងបំផុត ក្នុងសម័យទំនើបនេះ ដែលកើតចេញពីសណ្តាប់ធ្នាប់អន្តរជាតិបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ នោះ កំពុងទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង ព្រោះគុណតម្លៃជាមូលដ្ឋានដែលជាគ្រឹះនៃសណ្ដាប់ធ្នាប់នេះ ក៏ដូចជាគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិត្រូវបានគេរំលោភបំពាន និងលែងគោរព។ ជាងនេះទៅទៀត និន្នាការឯកតោភាគីនិយម និងការប្រើកម្លាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយកំពុងតែកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងវិធានពហុភាគីនិយម។

ជាការពិត សព្វថ្ងៃនេះ យើងកត់សម្គាល់ឃើញយ៉ាងប្រចក្សនូវការចុះខ្សោយ នៃប្រព័ន្ធត្រួតពិនិត្យអាវុធអន្តរជាតិ និងការកើនឡើងយ៉ាងស្រួចស្រាលនៃហានិភ័យនុយក្លេអ៊ែរ។ យើងក៏សង្កេតឃើញមានការផ្លាស់ប្តូរដ៏គួរឱ្យភ័យព្រួយនៃគោលនយោបាយ និងលទ្ធិយោធានិយមឆ្ពោះទៅរកទស្សនៈមួយដែលថាការបង្កើតសង្គ្រាម ដើម្បីរក្សាឧត្តមភាពរបស់ខ្លួនជាទង្វើមួយ ដែលមិនអាចទទួលយកបាន។ តួយ៉ាងកិច្ចព្រមព្រៀងជាសកលត្រូវបានគេបដិសេធជាឯកតោភាគី ហើយស្ថាប័នអន្តរជាតិ ក៏ត្រូវបានគេវាយប្រហារយ៉ាងកំរោល ខណៈ​ដែលសំឡេងប្រកបដោយហេតុផល ត្រូវបានគេរារាំងដោយការប្រព្រឹត្តតាមទំនើងចិត្ត តាមរយៈការដាក់ទណ្ឌកម្មជាឯកតោភាគី និងវិធានការចាប់បង្ខំផ្នែកនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្សេងទៀត ព្រោះតែប្រទេស​មានអំណាចបំផុតតម្កល់ផលប្រយោជន៍ខ្លួនខ្ពស់ជាងអ្វីៗទាំងអស់។

លើសពីនេះទៀត ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងត្រូវបានគេប្រើប្រាស់ដោយឥតញញើត និងធ្វើឡើងក្នុងកម្រិតមួយ ដែលបំផ្លិចបំផ្លាញគោលការណ៍មូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ  ជាអាទិ៍ សិទ្ធិស្វ័យសម្រេច និងអធិបតេយ្យជាតិ។ ក្នុងបរិបទនេះ ការបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ គឺជាមូលហេតុនៃក្ដីបារម្ភដ៏ធំធេងរបស់យើង។ ទន្ទឹមនេះ លទ្ធភាពនៃការកើតឡើងនូវ “សង្គ្រាមត្រជាក់បែបថ្មី” ក៏បានក្លាយជាកង្វល់ដ៏ចម្បងមួយទៀត ព្រោះថា ប្រទេសកម្ពុជាដ៏តូចមួយនេះធ្លាប់បានបង់ថ្លៃយ៉ាងដំណំ ដោយសារជម្លោះសង្គ្រាមត្រជាក់ ការខ្វែងគំនិតគ្នាផ្នែកមនោគមវិជ្ជា និងការប្រកាន់ឥរិយាបថជាតិនិយមជ្រុល។ ហេតុនេះ យើងត្រូវតែច្រានចោលយ៉ាងដាច់អហង្ការ រាល់ការប៉ុនប៉ងណាមួយដែលនាំទៅរកការសាដាននៃប្រវត្តិសាស្រ្ត។

២-ជំងឺរាតត្បាតកូវីដ-១៩ ការស្ដាសេដ្ឋកិច្ច និងសង្គមឡើងវិញ

-ឯកឧត្ដមប្រធាន!

ក្នុងប្រវត្តិសាស្ត្រ យើងពុំធ្លាប់ជួបវិបត្តិសុខាភិបាលណាដែលបង្កផលប៉ះពាល់និងផ្ដល់ផលវិបាក ក្នុងកម្រិតធ្ងន់ធ្ងរបែបនេះទេ។ ទោះបីជាយើងពុំទាន់អាចវាយតម្លៃបានពេញលេញនៅឡើយអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចពិភពលោក យើងអាចប្រមើលឃើញបានអំពីយថាភាពដ៏អាក្រក់នៃការក្ស័យធនផ្នែកធុរកិច្ច និងការបាត់បង់ការងារដែលបានកំពុងបង្កផលប៉ះពាល់ដល់ជីវភាពមនុស្សរាប់លាននាក់។

ទោះជាយ៉ាងនេះក្ដី ជំងឺកូវីដ-១៩ បានក្រើនរំលឹកយើងអំពីសាមគ្គីភាពមិនអាចខ្វះបានក្នុងការ បង្រួបបង្រួមប្រជាជាតិទាំងអស់លើពិភពលោក។ ដើម្បីស្ដារការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកឡើងវិញឱ្យបាន​ឆាប់រហ័ស យើងត្រូវតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដោយត្រូវរួមគ្នាដោះស្រាយវិបត្តិនេះ តាមរយៈយន្តការស្ថាប័នអន្តរជាតិនានា ដោយឈរលើគោលការណ៍តម្លាភាព និងប្រសិទ្ធភាព។ ពេលនេះគឺសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងត្រូវច្រានចោលនូវឥរិយាបថគិតតែពីខ្លួនឯង ឬ អាត្មាអញជាចម្បង ដោយផ្ទុយទាំងស្រុងទៅនឹងគុណតម្លៃជាសកលរបស់មនុស្សជាតិ។ កម្ពុជាបានបង្ហាញពីកាយវិការមនុស្សធម៌នៅដើមឆ្នាំនេះ ដោយបានអនុញ្ញាតឱ្យនាវាទេសចរណ៍ MS Westerdam ដែលអណ្ដែតតែលតោលនៅលើផ្ទៃសមុទ្រ គ្មានប្រទេសណាមួយទទួលចូលសំចតនៅកំពង់ផែរបស់យើង ដែលការណ៍នេះបានអនុញ្ញាតឱ្យអ្នកដំណើរ និងនាវិកអាចវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញបានដោយសុវត្ថិភាព។

៣-បញ្ហា និងការប្រឈមជាសកល

ឯកឧត្តមប្រធាន!

ឥឡូវនេះ ខ្ញុំសុំលើកអំពីបញ្ហា និងការប្រឈមសកលចម្បងៗ ដោយចាប់ផ្ដើមពីផលប៉ះពាល់នៃជំងឺរាតត្បាតទៅលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ពិនិត្យលើស្ថានភាពសេដ្ឋកិច្ចសកលលោក ដែលកំពុងតែទទួលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ខ្ញុំមានការព្រួយបារម្ភ ជាពិសេសអំពីផលប៉ះពាល់ចំពោះធនធានសម្រាប់យកទៅអនុវត្តលើការងារជាអាទិភាព ដើម្បីសម្រេចបាននូវរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ តាមពេលវេលាកំណត់ ដែលប្រការនេះអាចទាមទារឲ្យយើងធ្វើការវាយតម្លៃឡើងវិញអំពីលទ្ធភាពនៃការសម្រេចបាននូវបណ្តាគោលដៅដែលត្រូវបានដាក់ចេញកន្លងមក។

ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាដ៏គួរឱ្យបារម្ភខ្លាំងក្លាមួយទៀត។ ការបំភាយឧស្ម័នកាបូនិក ជាសកលប្រចាំឆ្នាំ បានកើនឡើង ១,៥% ក្នុងអំឡុងពេល ១០ ឆ្នាំចុងក្រោយនេះ។ បរិស្ថានរបស់ ភពផែនដីប្រមាណ ៧៥% ទទួលរងការរេចរិលគួរឱ្យកត់សម្គាល់ដោយសារប្លាស្ទិក ថ្នាំសម្លាប់សត្វល្អិត សារធាតុនីត្រាត និងលោហៈធាតុធ្ងន់។ ជាមួយនឹងស្ថិតិដ៏គួរឱ្យព្រួយបារម្ភនេះ ក៏គួរកត់សម្គាល់ផងដែរថា ប្រទេសមិនច្រើននោះទេដែលបានបំពេញការប្តេជ្ញាចិត្តស្របតាមកិច្ចព្រមព្រៀង COP21។

កម្ពុជាគឺជាប្រទេសតូចមួយ ដែលធនធានមានកម្រិត ប៉ុន្តែយើងបានខិតខំដោះស្រាយបញ្ហាជាច្រើនទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ជាតួយ៉ាងកម្ពុជាបានបំពេញកាតព្វកិច្ចដូចមានចែងក្នុង COP21 ពោលគឺចំណាត់ការដែលយើងបានប្រកាន់យកចំពោះការប្រែប្រួលអាកាសធាតុ គឺជាសមាសធាតុដ៏សំខាន់មួយនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិរបស់យើង។ ជាក់ស្ដែង យើងនឹងធ្វើបច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុឱ្យបានមុនពេលសម័យប្រជុំ COP26 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគ្លាសហ្គោ (Glasgow)។

៤-បញ្ហាភេរវកម្មមិនមែនរដ្ឋ និងប្រតិបត្តិការរក្សាសន្តិភាព

-ឯកឧត្តមប្រធាន!

ឥឡូវនេះ ខ្ញុំសូមឆ្លងចូលទៅបញ្ហាសំខាន់ពីរផ្សេងទៀត ដែលពាក់ព័ន្ធនឹងសន្តិភាព និងសន្តិសុខ នោះគឺបញ្ហាភេរវកម្មមិនមែនរដ្ឋ និងប្រតិបត្តិការរក្សាសន្តិភាព។

ខ្ញុំយល់ឃើញថា ការមិនអើពើចំពោះការគំរាមកំហែងពីភេរវកម្មមិនមែនរដ្ឋ ដោយគ្រាន់តែសង្ឃឹមថាវានឹងរលត់ទៅវិញដោយឯកឯង គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។ ជាមួយនេះ យើងក៏ត្រូវទទួលស្គាល់ដែរថា ឫសគល់នៃជម្លោះសាសនាជ្រុលនិយមនេះ មិនទាន់ត្រូវបានដោះស្រាយ​នៅឡើយទេ។ ជាការពិត ភាពជ្រុលនិយមគ្រប់ទម្រង់មានប្រភពចេញមកពីអយុត្តិធម៌សង្គម ដែលកើតឡើងដោយ សារការរើសអើងយេនឌ័រ ភាសា ពណ៌សម្បុរ ជំនឿ ឬ ដើមកំណើតជាតិសាសន៍។ ជាមួយគ្នានេះ បញ្ហាក្តៅគគុកផ្សេងទៀត នៅតែបន្តគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅតាមតំបន់ជាច្រើន      ជុំវិញពិភពលោក។

ក្នុងបរិការណ៍នេះ កម្ពុជាមានមោទនភាពចំពោះការរួមចំណែករក្សាសន្តិភាពពិភពលោកក្នុងអំឡុងពេល​ជាច្រើនឆ្នាំមកនេះក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ បច្ចុប្បន្ន កម្ពុជាមានកងកម្លាំងមួកខៀវជិត ៨០០ នាក់ ដែលក្នុងនោះមាន ១០% គឺជាស្រ្តី កំពុងបំពេញបេសកកម្មនៅស៊ូដង់ ស៊ូដង់- ខាងត្បូង លីបង់ ម៉ាលី និងសាធារណរដ្ឋអាហ្រ្វិកកណ្តាល។

ក្នុងឱកាសប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ យើងត្រូវផ្តល់កិត្តិយសដល់ជនក្លាហានទាំងអស់ដែលបានលះបង់ជីវិត រួមទាំងកងកម្លាំងរក្សាសន្តិភាពកម្ពុជាដែលបានបូជាជីវិត ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃការចូលរួមចំណែកកសាងពិភពលោកមួយកាន់តែល្អប្រសើរ និង ប្រកបដោយសុខសន្តិភាព។ កម្ពុជាបន្តប្តេជ្ញាចិត្តជានិច្ចក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងថែរក្សាសន្តិភាព ក្នុងគោលដៅលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍសម្រាប់គ្រប់ៗគ្នា។ ជាមួយគ្នានេះ កម្ពុជាស្នើឱ្យ   អង្គការសហប្រជាជាតិផ្តល់ធនធានសមស្រប​ និងការបណ្តុះបណ្តាលជាប្រចាំនៅមុន និងក្រោយការដាក់ពង្រាយកងកម្លាំង និងការគាំទ្រជាប់លាប់ចំពោះប្រតិបតិ្តការរក្សាសន្តិភាព ដើម្បីបំពេញអាណត្តិអង្គការសហប្រជាជាតិឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

៥-ការបដិសេធចំពោះភាពអយុត្តិធម៌

-ឯកឧត្តមប្រធាន!

ក្នុងនាមជាប្រទេសតូចមួយដែលស្រលាញ់សន្តិភាព និងប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ កម្ពុជាអាចដើរតួនាទីចូលរួមចំណែករបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិបាន លុះត្រាតែមានការធានាថា វិធានច្បាប់នានាដែលគ្រប់គ្រងប្រព័ន្ធអន្តរជាតិត្រូវបានអនុវត្តប្រកបដោយសមភាព។ គួរឱ្យសោកស្ដាយ ដែលជារឿយៗ អាស្រ័យទៅនឹងមហិច្ឆតានយោបាយ និងរបៀបវារៈឱកាសនិយមលាក់ពុតរបស់ប្រទេសមួយ​ចំនួន កម្ពុជាត្រូវប្រឈមមុខនឹងស្តង់ដារទ្វេ ដែលប្រកបដោយល្បិចកល និងការសម្រេចចិត្តដែលមានភាពលម្អៀង និងមានចេតនានយោបាយ ពោលគឺភាពអយុត្តិធម៌។

រឿងអយុត្តិធម៌នេះ រំលឹកខ្ញុំអំពី “ស្លាកស្នាម” ប្រវត្តិសាស្រ្ត។ ប្រមាណជាង ៤០ ឆ្នាំមុន កម្ពុជាត្រូវបាន​រំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រជាជនកម្ពុជាជាង ២ លាននាក់ បានបាត់បង់ជីវិតនៅក្នុងដៃរបបដ៏ព្រៃផ្សៃនេះ។ អ្នករស់រានមានជីវិតទាំងបាក់ស្បាត និងសល់តែបាតដៃ ទទេ គឺជាអ្នកដែលស្ដារប្រទេសជាតិពីគំនរផេះផង់។ អ្វីដែលគួរឱ្យហួសចិត្ត គឺអ្នកដែលរស់រានមានជីវិតទាំងអស់នោះ បែរជាទទួលរងទណ្ឌកម្មពីសមាជិកភាគច្រើន នៃអង្គការសហប្រជាជាតិ ដែលថែមទាំងបានអនុញ្ញាតឱ្យមេពិឃាតខ្មែរក្រហមកាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិទៅវិញ។ រដ្ឋាភិបាលដដែលទាំងនោះ ដែលបានផ្សព្វផ្សាយឥតឈប់ឈរអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺជាអ្នកដែលបានរារាំងប្រជាជនយើងពីការទទួលបានចំណីអាហារ សុខុមាលភាព ការអប់រំ ផ្ទះសម្បែង ការអភិវឌ្ឍ និងជាពិសេសសុខសន្តិភាព ​អស់រយៈពេលជាង ១២ ឆ្នាំ។

ការណ៍ដែលសហភាពអឺរ៉ុបដកហូត EBA មួយផ្នែកពីកម្ពុជា នៅពេលដែលប្រទេសនេះកំពុងប្រឹងប្រែងតស៊ូជម្នះជំងឺរាតត្បាតកូវីដ-១៩ គឺជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ។ ទោះបីជាយ៉ាងណា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ដូចដែលខ្លួនធ្លាប់បានធ្វើអស់រយៈពេល ៤០ ឆ្នាំកន្លងមកនេះ ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថាជាមាគ៌ាដ៏ត្រឹមត្រូវ នោះគឺការការពារអធិបតេយ្យភាព និងថែរក្សាសន្តិភាព ដែលកសាងបានយ៉ាងលំបាកលំបិន និងទទួលបាននូវការសាទរពេញទំហឹងដោយប្រជាជាតិកម្ពុជាទាំងមូល ដែលបានឆ្លងកាត់សោកនាដកម្មដ៏ខ្លោចផ្សាបំផុត និងកំពុងតែងើបឈរឡើងជាប្រជាជាតិមួយស្មើមុខមាត់ ស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រជាជាតិដទៃនៅក្នុងតំបន់ និងសកលលោក។

-ឯកឧត្តមប្រធាន!

ជាទីបញ្ចប់ ខ្ញុំសូមនិយាយចំៗថា ពិភពលោកយើងកំពុងជួបបញ្ហា ប្រជាជនកំពុងរងទុក្ខវេទនា ហើយភពផែនដីកំពុងតែរងគ្រោះ។ បញ្ហាប្រឈមធំៗ គឺស្ថិតនៅចំពីមុខយើងទាំងអស់គ្នា ហើយមានប្រទេសខ្លះបាន និងកំពុងគេចវេះពីការទទួលខុសត្រូវរបស់ខ្លួន។ សរុបសេចក្ដីមក វាអាស្រ័យទៅលើ ប្រទេសដែលមានអំណាចខ្លាំងក្លាជាងគេបំផុត ក្នុងការបញ្ឈប់ការគំរាមកំហែងដល់សន្តិភាពពិភពលោក និងភាពរស់រានរបស់ភពផែនដី ហើយជាមួយគ្នានេះ វាក៏អាស្រ័យទៅលើមហាអំណាចទាំងឡាយ ទាំងថ្នាក់កំពូល  ទាំងថ្នាក់កណ្ដាល ក្នុងការធ្វើការរួមគ្នាដើម្បីធានាបាននូវសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយដែលឈរលើការគោរពអធិបតេយ្យគ្នាទៅវិញទៅមក និងសន្តិសហវិជ្ជមាន។

សូមអរគុណ !

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...