នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយដែលមានរយៈពេលប្រមាណជាង២០នាទី មានចំណងជើងថា « ជំនឿទុកចិត្តដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ គឺជាកត្តាគ្រឹះធានាជោគជ័យរបស់រាជរដ្ឋាភិបាលតេជោ សែន!
ប្រជាពលរដ្ឋខ្មែរ ដែលគេធ្លាប់ស្គាល់ថាជាពលរដ្ឋដ៏អភ័ព្វក្នុងអតីតកាល ហើយទឹកដីកម្ពុជា ដែលគេធ្លាប់ស្គាល់ថាជាទឹកដីដ៏កម្សត់ និងជាប្រទេសក្រីក្រខ្លាំងនោះ បច្ចុប្បន្ននេះកម្ពុជា លែងដូច មុនទៀតហើយ។ អ្វីៗបានប្រែប្រួលស្ទើរតែនឹកស្មានមិនដល់ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីកម្ពុជាបាន រួចផុសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩ និងសង្គ្រាមស៊ីវិល អូស បន្លាយជិត ៣ទសវត្សរ៍កន្លងមកនេះ។ កម្ពុជាពេលនេះ បានកែប្រែមុខមាត់ថ្មី ក្លាយទៅជាប្រទេស ដែលមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិ ជាពិសេស បានក្លាយជាសមាជិករបស់អង្គការ អន្តរជាតិធំៗលើពិភពលោក ព្រមទាំងអាចឈរស្នើមុខស្មើមាត់ជាមួយប្រទេសនានា ទាំងក្នុងតំបន់ និងពិភពលោកផងដែរ។
កម្ពុជាបច្ចុប្បន្ន មានការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច រីកចម្រើននិងជឿលឿនគួរឱ្យកត់សំគាល់ ហើយពលរដ្ឋកម្ពុជាដែលធ្លាប់តែក្រីក្រ លំបាកតោកយ៉ាក ក៏ប្រែធូរធា សម្បូរ សប្បាយ ចម្រើនរុងរឿង និងបានក្លាយជាពលរដ្ឋស៊ីវិល័យ ទាន់សម័យ របស់របរប្រើប្រាស់សម្បូរបែប រីឯគ្រឿងឧបភោគ បរិភោគវិញ គឺមានមិនខ្វះ។ ផលិតផលលើទីផ្សារ ហាងទំនិញ ផ្សារទំនើប ជាពិសេសផលិតផល ប្រេនៗល្បីៗ ដែលមាននៅលើពិភពលោក នៅកម្ពុជា ក៏មានដូចគ្នា។ អ្វីៗទាំងអស់នេះ គឺបាន កើតចេញពីកត្តាសុខសន្តិភាពនិងស្ថេរនយោបាយ ដែលជាសរសរស្តម្ភ ដ៏សំខាន់បំផុត ដែលនាំឱ្យ កម្ពុជាមានភាពជឿនលឿនដូចបច្ចុប្បន្ននេះ។ ពេលនេះគេអាចនិយាយបានថា កម្ពុជាជាប្រទេស ដែលរក្សាបាននូវលំនឹងទាំងម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពសង្គមជាទូទៅបានយ៉ាងល្អ ក្រោមម្លប់ នៃដំបូលសុខសន្តិភាព។ បើទោះបីជា ប្រទេសជាច្រើននៅលើពិភពលោក កំពុងតែប្រឈមមុខ នឹងបញ្ហារោគរាតត្បាតកូវិដ១៩ ហើយនឹងកំពុងពុះពារដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ធកិច្ច សង្គម និងនយោបាយ បន្ថែមដោយបញ្ហាជម្លោះដ៏តានតឹងផ្នែកពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀត យ៉ាងណាក្តី តែសម្រាប់កម្ពុជា ពលរដ្ឋខ្មែរនៅតែអាចរស់នៅក្នុងភាពសុខសាន្ត។
សូមទស្សនាវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដូចខាងក្រោមនេះ៖