សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារបង្កបង្កើនផលស្រូវរដូវវស្សា របស់កសិករនៅស្រុកព្រៃកប្បាស ខេត្តតាកែវ

ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០–ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអម ដំណើរដោយឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យ វាយតម្លៃអំពី សកម្មភាពការងារបង្កបង្កើនផលស្រូវវស្សា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជា កសិករ ព្រមទាំងពិនិត្យស្ថានីយបូមទឹកស្ថិតក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ១កើតខែស្រាពណ៌ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

គួររម្លឹកដែរថា  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែងនឹកគិតគូរ ខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូនប្រជាកសិករ នៅទូទាំងប្រទេស ជាពិសេសក្នុងកាល: ទេស:ដ៏លំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។ ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ដែលប្រសូត្រចេញពីត្រកូលកសិករ សម្តេចតែងតែនៅជាមួយកសិករ គ្រប់កាល: ទេស: គ្រប់ស្ថានភាព មិនថាស្រាល ឬធ្ងន់ ដោយបានផ្តល់ជាកម្លាំងចិត្ត និងគាំទ្រឱ្យ​បង​ប្អូនប្រជាកសិករនៅទូទាំងប្រទេស ខិតខំជម្នះរាល់ឧបសគ្គ ហើយច្បាមយកឱកាស​មាស​ដើម្បីអភិវឌ្ឍន៍ បង្កើនសមត្ថភាពដល់ប្រជាកសិករឱ្យបានរឹងមាំក្នុងការផលិតស្បៀង ធានា​ឱ្យ​បាននូវសុវត្ថិភាពក្នុងការផ្គត់ផ្គង់តម្រូវការក្នុងស្រុកទាំងបរិមាណ និងគុណភាព ចាប់​យក​កាលានុវត្តភាពដើម្បីបង្កើនផលិតភាពផលិតកម្មកសិកម្ម។

បើតាមការឱ្យដឹងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា​គិតមកត្រឹមខែកក្កដា ឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំង​ប្រទេស​សម្រេចធ្វើការស្ទូង និងព្រោះបាន ១,៩៤៩,៧២៥ ហិកតា ស្មើនឹង ៧៥,២៨ ភាគរយ ​នៃផែនការចំនួន ២,៥៨៨,១៣០ ហិកតា ក្នុងនោះមាន ស្រូវស្រាលចំនួន ៦១០, ៧៣៦ ហិកតា ស្រូវកណ្តាលចំនួន ៩៥៣, ៥២៦ ហិកតា ស្រូវធ្ងន់ចំនួន ៣៣៤, ៦៩៤ ហិកតា ស្រូវចម្ការចំនួន ១៧,៦៨៣ ហិកតា ស្រូវឡើងទឹកចំនួន ៣៣,០០៦ ហិកតា។ ទន្ទឹមនេះ ក៏​បានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ៣២, ៥៦៥ ហិកតា ទទួលបរិមាណផលសរុបចំនួន ១៤១, ០៣២ តោន ទិន្នផលគិតជាមធ្យម ៤,៣៣១តោន​ក្នុង១ហិកតា  ដែលចាត់ទុកថា ជាការទទួលបានផលខ្ពស់ជាងបណ្តាឆ្នាំដទៃទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ