- សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ
- បងប្អូនជនរួមជាតិជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សក្រៃលែងដោយបានមកចូលរួមជាអធិបតី នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវ«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩ » ដែលជាកម្មវិធីត្រូវបានគិតគូរ និងរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជាសំដៅជួយដល់ប្រជាជន ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ក្នុងពេលដែលផលប៉ះពាល់ និងសភាពការណ៍នៃជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ និងមិនមានភាពច្បាស់លាស់។
ជាការពិត កូវីដ-១៩ គឺជាជំងឺដ៏កាចសាហាវបំផុតមួយ ក្នុងប្រវត្តិសាស្ត្រថ្មីៗរបស់មនុស្សជាតិ។ មកដល់ពេលនេះ មានមនុស្សជាង ៩ លាននាក់ ហើយនៅលើពិភពលោកទាំងមូលបានឆ្លងជំងឺនេះ ដែលក្នុងនោះមនុស្សរហូតដល់ទៅជាង ៤០ ម៉ឺននាក់ បានស្លាប់បាត់បង់ជីវិត។ នេះគឺជាសោកនាដកម្មដ៏អាក្រក់មួយ ដែលយើងគ្រប់គ្នាមិនចង់ជួប និងមិនចង់ឃើញកើតឡើងនោះទេ។ បច្ចុប្បន្ន ពិភពលោកនៅមិនទាន់រកឃើញនូវថ្នាំ និងវ៉ាក់សាំងសម្រាប់ព្យាបាល និងការពារជំងឺកូវីដ-១៩ នេះនៅឡើយ។ ក្រៅពីការសម្លាប់ជីវិតមនុស្សអស់រាប់សិបម៉ឺននាក់ ជំងឺកូវីដ-១៩ នេះ ក៏បានបង្កឥទ្ធិពលអវិជ្ជមានយ៉ាងច្រើនដល់សេដ្ឋកិច្ច និងសង្គមទាំងមូលផងដែរ។ យើងបានដឹងហើយថា សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលស្ទើរក្នុងគ្រប់វិស័យ ត្រូវបានទទួលរងផលប៉ះពាល់ ដែលនាំឱ្យពលរដ្ឋមួយចំនួនធំបាត់បង់ប្រាក់ចំណូល ហើយបាន និងកំពុងជួបប្រទះការលំបាកនៅក្នុងជីវភាពប្រចាំថ្ងៃ។ ជំងឺនេះបាន និងកំពុងធ្វើឱ្យប្រជាជនមួយចំនួន ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ត្រលប់ធ្លាក់ចូលទៅក្នុងភាពក្រីក្រឡើងវិញ។
សម្រាប់កម្ពុជា ទោះបីជាយើងអាចគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ក្នុងការទប់ស្កាត់ការឆ្លងក្នុងប្រទេស និងការនាំចូលជំងឺពីក្រៅប្រទេស តាមរយៈការដាក់ចេញនូវវិធានការម៉ត់ចត់ និងតឹងរ៉ឹង ក៏ប៉ុន្តែផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះសេដ្ឋកិច្ច និងសង្គមកម្ពុជានៅបន្តអូសបន្លាយ ជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់។ រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងវាយតម្លៃសភាពការណ៍ជាប្រចាំ ហើយបានដាក់ចេញជាបន្តបន្ទាប់ នូវកញ្ចប់វិធានការទាំងសេដ្ឋកិច្ច និងសង្គម ដើម្បីជួយរក្សាលំនឹងអាជីវកម្ម ទ្រទ្រង់ជីវភាពរស់នៅរបស់កម្មករនិយោជិត ក៏ដូចជាទ្រទ្រង់ប្រាក់ចំណូលរបស់ប្រជាជន ដោយឈរលើគោលការណ៍ «ជួយធ្វើអន្តរាគមន៍លើវិស័យ និងប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត»។
ជាក់ស្តែង នៅក្នុងវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញ វិធានការអន្តរាគមន៍ចំនួន ៤ ជុំ រួចមកហើយតាមរយៈការអនុគ្រោះពន្ធ ការអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន (Credit relief) ការបង្កើន សន្ទនីយភាព (Liquidity) នៅក្នុងទីផ្សារ ការផ្ដល់ប្រាក់ឧបត្ថម្ភ រយៈពេល ២ ខែសម្រាប់កម្មករ-បុគ្គលិក ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និងការរៀបចំគម្រោងហិរញ្ញប្បទាន សម្រាប់ទុនបង្វិល ដើម្បីបំពេញតម្រូវការរបស់រោងចក្រ សហគ្រាស និងអាជីវកម្មទាំងអស់ ដើម្បីជួយស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ។ល។
នៅក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញ រួចមកហើយនូវគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងគាំទ្រកសិករដែលកម្មវិធីនេះត្រូវបានពង្រីកវិសាលភាពដល់ ១៨ ខេត្តគោលដៅ និងមានថេរវេលាអនុវត្តរហូតដល់ឆ្នាំ ២០២២។ សម្រាប់ឆ្នាំ ២០២០ នេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើនទំហំថវិកាសម្រាប់គម្រោងនេះ ពីប្រមាណជិត ៣៨ លានដុល្លារ ទៅដល់ប្រមាណ ១០០ លានដុល្លារ។ ក្នុងឆ្នាំ ២០២០ គម្រោងនេះនឹងផ្តល់ជូនប្រជាពលរដ្ឋដែលបានបាត់បង់ការងារ ហើយវិលត្រលប់ទៅស្រុកកំណើតវិញ (ទាំងពីក្នុង និងក្រៅប្រទេស) ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ នូវឱកាសទទួលបានការងាររយៈពេលខ្លី ជាមួយនឹងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងចំនួនរហូតដល់ប្រមាណជិត ១ លាននាក់។ លើសពីនេះទៀត គម្រោងនេះក៏នឹងជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បីបម្រើដល់ការអភិវឌ្ឍ និងបង្កើនផលិតភាពនៅក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ដែលការណ៍នេះនឹងផ្តល់ប្រយោជន៍ដោយប្រយោលជូនប្រជាពលរដ្ឋរាប់លានគ្រួសារថែមទៀត។
ថ្ងៃនេះ ក្នុងគោលដៅជួយដល់ស្រទាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលបានសម្រេចបង្កើត និងដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយសង្គមថ្មីមួយ ដែលជាកម្មវិធី ជំនួយសង្គមពិសេស សំដៅជួយដល់ជនក្រីក្រដែលមានប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) នោះគឺ៖ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩»។ គោលបំណងធំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវកម្មវិធីនេះ គឺជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយរួមបញ្ចូលផងដែរ នូវអ្នកបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនចុះទៅក្នុងភាពទីទាល់ក្រីក្រឡើងវិញ។ ការដាក់ចេញនូវកម្មវិធីនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបើ «ហ៊ាននិយាយ គឺហ៊ានធ្វើ» ហើយធ្វើដោយម៉ត់ចត់ ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត។
តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនឹងត្រូវបានផ្តល់ជូននៅតាមទីកន្លែង ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ទៅតាមកម្រិតនៃប័ណ្ណសមធម៌នីមួយៗ ទៅតាមភាពងាយរងគ្រោះ និងទៅតាមតំបន់។ ការរៀបចំបែបនេះ គឺត្រូវបានធ្វើឡើងឱ្យស្របតាមគោលការណ៍សមធម៌ និងដើម្បីឆ្លើយតបទៅនឹងភាពខុសគ្នានៃថ្លៃទំនិញរវាងតំបន់នីមួយៗផងដែរ។ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី ៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស។ ដូចឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរាយការណ៍ពីខាងដើម បច្ចុប្បន្ន គ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានប្រមាណជាង ៥៦ ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ១០០ ប៊ីលានរៀល (ឬប្រមាណ ២៥ លានដុល្លារ) ក្នុងមួយខែៗសម្រាប់ការបើកផ្តល់នេះ។
ខ្ញុំសូមបញ្ជាក់ជូនជនរួមជាតិថា កម្មវិធីជំនួយសង្គមនេះមិនមែនជាកម្មវិធីដែលមានលក្ខណៈអចិន្រៃ្តយ៍នោះទេ។ រាជរដ្ឋាភិបាលរៀបចំកម្មវិធីនេះឡើង សម្រាប់ផ្តល់ជំនួយសង្គម នៅក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ដោយការបើកផ្តល់នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ២ ខែម្តង ដែលជុំទី ១ គឺនឹងត្រូវបានធ្វើឡើងសម្រាប់ខែមិថុនា មួយលើក និងខែកក្កដា មួយលើក។ រាជរដ្ឋាភិបាលនឹងបន្តតាមដាន និងធ្វើការវាយតម្លៃអំពីសភាពការណ៍ និងផលប៉ះពាល់ជាក់ស្តែងពីជំងឺ កូវីដ-១៩ នេះតទៅទៀត។ ប្រសិនបើសភាពការណ៍ និងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ និងមិនមានភាពល្អប្រសើរ កម្មវិធីជំនួយសង្គមនេះនឹងត្រូវបានអនុវត្តក្នុងជុំថ្មីសម្រាប់រយៈពេល ២ ខែទៀតជាបន្តបន្ទាប់។ តែបើផលប៉ះពាល់ពីជំងឺកូវីដ-១៩មានភាពធូរស្បើយ រាជរដ្ឋាភិបាលនឹងបញ្ឈប់នូវកម្មវិធីជំនួយសង្គមមួយនេះ ហើយបង្វែរថវិកាទៅវិនិយោគលើកិច្ចការចាំបាច់នានា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនជារួមវិញ។
បន្ថែមលើនេះ ខ្ញុំក៏សូមគូសរំលេចផងដែរថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនដល់គ្រួសារក្រីក្រនេះ គឺត្រូវបានរៀបចំឡើងក្នុងគោលដៅជួយសម្រួលដោះស្រាយការលំបាករបស់ប្រជាជន ក្នុងរយៈពេលដែលបងប្អូនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ប៉ុន្តែយើងក៏ត្រូវតែចៀសវាងឱ្យបានផងដែរ នូវការបង្កើតឡើងនូវទម្លាប់រស់នៅដោយពឹងផ្អែកទាំងស្រុងទៅលើប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល។ អាស្រ័យហេតុនេះហើយទើបរាជរដ្ឋាភិបាល ទន្ទឹមនឹងការយកចិត្តទុកដាក់រៀបចំ និងដាក់ឱ្យអនុវត្តនូវកម្មវិធីជំនួយសង្គមនេះបានរចនាដាក់ចេញនូវវិធានការជាប្រព័ន្ធប្រទាក់ក្រឡាគ្នាថែមទៀត រួមមានដូចជាការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន (Credit relief) ការបង្កើនសន្ទនីយភាព (Liquidity) នៅក្នុងទីផ្សារ ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ពិសេសសម្រាប់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ការរៀបចំគម្រោងហិរញ្ញប្បទានសម្រាប់ទុនបង្វិល ការបង្កើនទំហំទុន និងពង្រីកវិសាលភាពនៃគម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងគាំទ្រកសិករ និងការចែកគ្រាប់ពូជជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាដើម ដូចខ្ញុំបានរំលឹកពីខាងលើ សំដៅបង្កលក្ខខណ្ឌអនុគ្រោះ និងអំណោយផលឱ្យប្រជាពលរដ្ឋ បន្តខិតខំធ្វើការរកទទួលទានបន្ថែមទៀត តាមរយៈសកម្មភាពដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វពាហនៈ និងសកម្មភាពផលិតកម្ម ការកែច្នៃ និងអាជីវកម្មផ្សេងៗ ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង។
[ចាប់ផ្ដើមអត្ថាធិប្បាយ ១]
បញ្ជាក់៖ ជំនួយសង្គមក្នុងពេលមានវិបត្តិ មិនមែនជាការចិញ្ចឹមរបស់រដ្ឋជាអចិន្ត្រៃយ៍
… ក្នុងចំណុចនេះ អនុញ្ញាតឱ្យខ្ញុំបានបញ្ជាក់បន្ថែមទៅលើរបាយការណ៍របស់ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន។ ប៉ុន្តែមុនដំបូង ខ្ញុំគួរតែបញ្ជាក់ថា នេះគឺជាជំនួយសង្គមក្នុងពេលមានវិបត្តិ មិនមែនជាការចិញ្ចឹមរបស់រដ្ឋជាអចិន្ត្រៃយ៍នោះទេ។ បើទោះបីជាមនុស្សមួយចំនួន (ធ្វើ)ការអុជអាល និងមិនយល់ ក៏ប៉ុន្តែពួកគេល្មមសមរម្យដើម្បីចូលសាលារៀនឡើងវិញ ដើម្បីយល់ដឹងថា អ្វីទៅដែលជាការចិញ្ចឹម និងអ្វីដែលហៅថា ជាកិច្ចការជំនួយសង្គម?
ការសន្សំសំចៃសាច់ប្រាក់តាំងពីយូរណាស់មកហើយ ជួយអោយរាជរដ្ឋាភិបាលផ្តល់ជំនួយឧបត្ថម្ភបាន
មុននឹងនិយាយទៅដល់បញ្ហាទាក់ទិនជាមួយនឹងជំនួយឧបត្ថម្ភនេះ ខ្ញុំគួរតែត្រូវរំលឹកបន្ដិចអំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលកន្លងទៅ ហើយរឿងនេះ ក៏បានកើតតាំងពីសម័យឯកឧត្តម គាត ឈន់ ដែលជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបន្តមកទៀត ជំរុញខ្លាំងនៅក្នុងដំណាក់កាល ដែលឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ធ្វើជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការសន្សំសាច់ប្រាក់។ ប្រសិនបើយើងចង់ផ្ដល់ជំនួយសង្គម មិនមែនយកក្រដាសទៅឱ្យប្រជាពលរដ្ឋទេ ត្រូវយកសាច់ប្រាក់ទៅឱ្យប្រជាពលរដ្ឋតែម្ដង។ ដូច្នេះ ភាពមានមាយាទរបស់រាជរដ្ឋាភិបាល ទើបយើងមានលទ្ធភាព មានសាច់ប្រាក់ដើម្បីនឹងចែកជូនប្រជាពលរដ្ឋ ដែលនឹងត្រូវចាប់ផ្ដើមនៅប៉ុន្មានថ្ងៃខាងមុខ។ ខែក្រោយនេះ ក៏ត្រូវបើកថែមទៀត។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ប្រាប់ខ្ញុំព្រឹកមិញថា បានបញ្ជូនរួចទៅហើយចំនួន ១២៥ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល ៥ ខែ។ ពិតមែនតែខ្ញុំនិយាយនៅក្នុងនេះ គឺនិយាយថា ២ ខែម្ដងៗ ប៉ុន្តែយើងបានបញ្ចេញសាច់ប្រាក់រួចស្រេចទៅហើយ ដើម្បី(បញ្ជូន)ទៅកាន់គោលដៅក្នុងទំហំដែលនិយាយជាប្រាក់ដុល្លារ គឺ ១២៥ លានដុល្លារសហរដ្ឋអាមេរិក។ ខ្ញុំនៅចាំបានថា មានដំណាក់កាលខ្លះ រាជរដ្ឋាភិបាលរកតែសាច់ប្រាក់បើកបៀវត្សរ៍ឱ្យមន្រ្តីរាជការមិនបានផង រហូតទៅដល់យើងជំពាក់ប្រាក់បៀវត្សរ៍មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងរង្វង់ ១ ខែ ទៅ២ ខែ។ មន្រ្តីរាជការរបស់យើងខ្លះថា ស្រុកខ្មែរមួយខែមានរយៈពេល ៦០ ថ្ងៃឯណោះ។ យើងត្រូវទៅខ្ចីលុយពីធនាគារជាតិយកមកបើកបៀវត្សរ៍។
ប៉ុន្តែ ដោយសារការខិតខំសន្សំសំចៃ ការកៀរគរប្រមូលចំណូល ត្បិតត្បៀតចំណាយ និងខិតខំសន្សំសាច់ប្រាក់ យើងមានលទ្ធភាពបង្កើនបៀវត្សរ៍ឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង ហើយយើងក៏មានលទ្ធភាពដើម្បីនឹងបើកបៀវត្សរ៍ឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង។ ពីមុននោះ ត្រឹមតែថ្ងៃទី ២៣ យើងបើកបានហើយ ប៉ុន្តែក្រោយមក នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានបើកបៀវត្សរ៍ក្នុងមួយខែពីរដងឯណោះ។
ការឧបត្ថម្ភសាច់ប្រាក់នេះចាប់ផ្ដើមពី ៥៦ ម៉ឺនគ្រួសារ
ឥឡូវនេះ ដល់ពេលនៃការអនុវត្តនូវការឧបត្ថម្ភសាច់ប្រាក់។ ប្រសិនបើយើងគ្មានមានសាច់ប្រាក់នៅក្នុងឃ្លាំងទេ តើយើងបានអ្វីទៅយកទៅចែកជូនប្រជាពលរដ្ឋ? នេះជាចំណុចដែលយើងត្រូវមើលឃើញ។ ខ្ញុំធ្លាប់តែនិយាយថា ហោចណាស់ យើងមានសល់សាច់ប្រាក់ជាង ៣ ពាន់លានដុល្លារសហរដ្ឋអាមេរិកផងដែរ។ ប្រទេសមួយចំនួនក៏ចង់ធ្វើនូវកម្មវិធីនេះ ក៏ប៉ុន្តែគ្មានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីធ្វើកិច្ចការងារនេះទេ។ កុំភ្លេចថា កម្ពុជាជាប្រទេសក្រីក្រមួយ មិនអាចរត់តាមប្រទេសអ្នកមានៗ ក្នុងការផ្ដល់ជំនួយឱ្យចំនួនច្រើនៗសម្រាប់ប្រជាពលរដ្ឋនោះទេ។ ប៉ុន្តែ យើងមានសមត្ថភាពធ្វើត្រឹមប៉ុណ្ណេះ ដោយចាប់ផ្ដើមពី ៥៦ ម៉ឺនគ្រួសារ។
ក្រសួងផែនការត្រូវបន្តធ្វើបច្ចុប្បន្នភាពចំនួនគ្រួសារក្រីក្រ ដែលអាចនឹងកើនឡើងទៅខាងមុខ
ខ្ញុំសូមបញ្ជាក់បន្ដិច ឥឡូវនេះ មានត្រឹមតែ ៥៦ ម៉ឺនគ្រួសារទេ ក៏ប៉ុន្តែខេត្តនីមួយៗ តាមរយៈក្រសួងផែនការ ត្រូវតែធ្វើបច្ចុប្បន្នភាពបន្តទៀត នូវចំនួនអ្នកដែលអាចនឹងកើនឡើង។ ត្រូវធ្វើការងារនេះឱ្យបានហ្មត់ចត់។ កុំភ្លេចថា អត្រានៃភាពក្រីក្ររបស់យើងបានធ្លាក់ចុះមកនៅក្រោម ១០% បន្ដិច ប៉ុន្តែជំងឺកូវីដ ១៩ នេះ អាចនឹងធ្វើឱ្យអ្នកត្រូវឆ្លងផុតបន្ទាត់នៃភាពក្រីក្រ ធ្លាក់មក(នៅ)ក្រោម(បន្ទាត់នៃ)ភាពក្រីក្រវិញ។ អញ្ចឹង នៅក្នុងរយៈពេលដែលយើងធ្វើកន្លងទៅនេះ មានលេចចេញត្រឹមតែ ៥៦ ម៉ឺនគ្រួសារទេ។ ប៉ុន្តែ អាចនឹង ២ ខែក្រោយ ក្នុងស្ថានភាពមិននឹងនរនៃសេដ្ឋកិច្ច ចំនួនគ្រួសារក្រីក្រនោះ អាចកើនឡើងពី ១០ ម៉ឺន ឬ ២០ ម៉ឺនគ្រួសារបន្ថែមទៀត។ យើងក៏ត្រូវចំណាយទុនលើសពីនេះ … ប្រជាពលរដ្ឋមានសិទ្ធិដាក់ស្នើសុំនូវជំនួយឧបត្ថម្ភ … ប៉ុន្តែមិនមែនបានសេចក្ដីថា ឱ្យតែគាត់អះអាង គឺសុទ្ធតែទទួលយកទាំងអស់ទេ។ ត្រូវពិនិត្យឱ្យជាក់ច្បាស់។ តើគាត់ក្រីក្រពិតប្រាកដ ឬអត់? (សូម)ក្រសួងផែនការដឹកនាំធ្វើការងារនេះ ជាមួយនឹងអាជ្ញាធរខេត្ត/រាជធានី ដែលមកកាន់ទីនេះ ត្រូវធ្វើកិច្ចការងារនេះបន្ដ។
ប្រើ ២៥ លានដុល្លារ/ខែ ឬឈានទៅដល់ ៣០ លានដុល្លារ ឬលើស ក៏នៅតែបន្តធ្វើ
ដោយឡែក រាជធានីភ្នំពេញធ្វើមិនទាន់ចប់ទេ។ ប៉ុន្តែ ខ្ញុំគិតថា បើទោះបីធ្វើមិនទាន់ចប់ យើងអាចផ្ដល់ជំនួយឧបត្ថម្ភនោះ សម្រាប់អ្នកដែលបានធ្វើរួចហើយៗ បន្ដធ្វើតទៅទៀត សម្រាប់អ្នកដែលមិនទាន់បានធ្វើ។ ប៉ុន្តែ ខេត្តនានា ដែលបានធ្វើរួចមកហើយ ត្រូវបន្ដតាមពិនិត្យ។ គ្រួសារនេះថ្ងៃនេះ នៅលើកម្រិតនៃភាពក្រីក្រ ប៉ុន្តែមួយខែក្រោយគាត់ធ្លាក់ចុះក្នុងភាពក្រីក្រ។ គាត់ត្រូវតែបានបញ្ជូនចូលទៅក្នុងចំនួនគ្រួសារ ដែលត្រូវបានជំនួយឧបត្ថម្ភពីរដ្ឋ។ ឥឡូវនេះ ខ្ញុំគិតថា ក្នុងមួយខែយើងចំណាយត្រឹមតែ ២៥ លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ តែប្រសិនបើទំហំនៃការរីកនៃចំនួនអ្នកក្រីក្រ គឺយើងអាចឈានទៅចាយ ៣០ លានដុល្លារ ឬលើស ៣០ លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។ យើងត្រូវតែប្រឹង ដើម្បីធានាថា ប្រជាជនកម្ពុជារបស់យើង គ្មានប្រជាជនណាម្នាក់ដែលអត់ឃ្លានដាច់បាយរហូតដល់ទៅដល់ស្លាប់ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ។
ឥឡូវនេះ ខ្ញុំត្រូវនិយាយឱ្យបានច្បាស់ ជាមួយនឹងការបញ្ជាក់រប ស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន នៅក្នុងសុន្ទរកថារបស់គាត់អម្បាញ់មិញនេះ។ យើងមាន ក្រ-១ និង ក្រ-២ ដែលមានស្ថានភាពខុសគ្នា។ ខ្ញុំចង់បញ្ជាក់អំពីចំណុចទាក់ទិនជាមួយនឹងការទទួលបានរបស់ក្រុមគ្រួសារនីមួយៗ វាយ៉ាងម៉េច?
រូបមន្តនៃការឧបត្ថម្ភសាច់ប្រាក់
កាលពីថ្ងៃទី ២១ (មិថុនា) នេះ ខ្ញុំបានទទួលពីវិទ្យុផ្សាយសម្លេងបរទេសមួយផ្សាយជាភាសាខ្មែរ សម្ភាសមួយបណ្ឌិតម្នាក់។ ធម្មតាទេ អ្នកសារព័ត៌មានទាំងនោះ តែងមានទំនាក់ទំនងជាមួយខ្ញុំ គាត់បញ្ជូនសម្លេងទាំងស្រុងនៃបទសម្ភាសន៍របស់គាត់មកឱ្យខ្ញុំ។ ខ្ញុំគិតថា បណ្ឌិតរូបនេះមិនចេះអ្វីទាល់តែសោះ ហើយមានឈ្មោះបណ្ឌិត ដែលគាត់ប្រើពាក្យថា ១ ម៉ឺន ៨ ពាន់រៀល យកទៅធ្វើអីកើត? តែ បើទោះបីជា ១ ម៉ឺន ៨ ពាន់រៀល ក៏ដោយចុះ ខ្ញុំគិតថាវាប្រសើរជាងអត់ ហើយប្រសិនបើប្រជាពលរដ្ឋយល់ឃើញថាតិចពេក មិនចង់យកក៏ហីទៅចុះ។ រាជរដ្ឋាភិបាលកាន់តែអរដោយសារតែប្រជាពលរដ្ឋប្រឹងខ្លួនឯង មិនចាំពឹងពាក់ប្រាក់រាជរដ្ឋាភិបាល។
ប៉ុន្តែ រាជរដ្ឋាភិបាលមិនមែនផ្ដល់ប្រជាពលរដ្ឋត្រឹមប៉ុណ្ណឹងទេ។ ខ្ញុំ សុំបញ្ជាក់នៅត្រង់នេះ ដែលទាក់ទិននឹង ការផ្ដល់(ជំនួយនេះ)។ ភាពសមធម៌ដំបូង គឺស្ថិតនៅក្នុងគ្រួសារនីមួយៗ។ ទោះបីមានមនុស្សច្រើន ឬមនុស្សតិច ត្រូវទទួលបាន ១២ ម៉ឺនរៀលដូចគ្នា។ គ្រួសារមាន(សមាជិក)តែម្នាក់ ក៏ទទួលបាន ១២ ម៉ឺនរៀល គ្រួសារមាន ១០ នាក់ ក៏បានទទួល ១២ ម៉ឺនរៀល។ ហ្នឹងសមធម៌ជាមួយគ្រួសារ។ ១២ ម៉ឺនរៀលស្មើនឹង ៣០ ដុល្លារអាមេរិក។ បើអ្នកនៅជនបទ ទទួលបាន ៨ ម៉ឺនក្នុងមួយគ្រួសារ បើទោះគ្រួសារហ្នឹងមានគ្នាតែម្នាក់ ឬពីរនាក់និងគ្រួសារខ្លះមានគ្នា ៧ ឬ ៨ នាក់ គឺទទួលបានដូចគ្នា។
ប៉ុន្តែ បន្ទាប់មកតើមានអ្វីនឹងកើតឡើង? ត្រូវគិតចំនួនមនុស្ស។ គ្រួសារទទួលបានស្មើៗគ្នា មិនគិតថាមានចំនួនមនុស្សច្រើន ឬមនុស្សតិចទេ។ បន្ទាប់ទៅ … ត្រូវគិតទៅដល់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ គាត់ទទួលបាន ១២ ម៉ឺនរៀលក្នុងមួយគ្រួសារ ហើយត្រូវគិតក្នុងមនុស្សម្នាក់ៗ ថែមទៀត (ដែល)ត្រូវបានទទួល ៤ ម៉ឺនរៀលក្នុងម្នាក់ … បើក្នុងគ្រួសារមានកូន អាយុក្រោម ៥ ឆ្នាំ … ត្រូវទទួលបានម្នាក់ ៤ ម៉ឺនរៀលទៀត … ហើយបើសិនជាមានឪពុក-ម្ដាយចាស់នៅជាមួយទៀត ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើង ត្រូវទទួលបានប្រាក់ចំនួន ២ ម៉ឺន ៨ ពាន់ រៀល ក្នុងម្នាក់ទៀត … ហើយនៅមានអ្នកមានជំងឺអេដស៍ទៀត …
ប៉ុន្តែ បើនៅរាជធានីភ្នំពេញ គឺមានចំនួនខុសគ្នា។ (គ្រួសារមួយទទួលបាន) ១២ ម៉ឺនរៀល ស្មើនឹង ៣០ ដុល្លារ(ដូចគ្នា) ប៉ុន្តែ បើគិតចំនួនសមាជិកក្នុងគ្រួសារ គឺម្នាក់ៗ ទទួលបាន(បន្ថែម) ៥ ម៉ឺន ២ ពាន់ រៀល។ (ចំនួននេះ)លើសពីអ្នកដែលរស់នៅទីក្រុង មិនមែនរាជធានី។ សូមបញ្ជាក់ (នេះគឺជាការឧបត្ថម្ភសំរាប់គ្រួសារប្រភេទ) ក្រ-១។ ក្រ-២ បានតិចជាង ។ អ្នកមានសមាជិកគ្រួសារអាយុក្រោម ៥ ឆ្នាំ ជាជនពិការ ជាជនចាស់ជរា ក៏ត្រូវទទួលបាន ដោយ ក្រ-១ បាន ៤ ម៉ឺនរៀល ក្រ-២ បាន ២ ម៉ឺន ៨ ពាន់រៀល។ អញ្ចឹងបើនិយាយពីអ្នកក្រដែលយ៉ាប់ទទួលបានខ្ពស់ជាងអ្នកដែលក្រគួរសម។
ប៉ុន្តែ សម្រាប់ជនបទ ១ គ្រួសារទទួលបាន ៨ ម៉ឺនរៀល។ មនុស្សម្នាក់ ក្នុង(គ្រួសារនៃ)ក្របខណ្ឌ ក្រ-១ ទទួលបាន ២ ម៉ឺន ៤ ពាន់រៀល ក្រ-២ បាន ១ ម៉ឺន ៦ ពាន់រៀល។ សមាជិកគ្រួសារបាន(ម្នាក់) ២ ម៉ឺន ៤ ពាន់រៀល(បន្ថែមទៀត) ដែលមានកូនអាយុក្រោម ៥ ឆ្នាំ ជនចាស់ជរា និងសមាជិកគ្រួសារដែលមានជំងឺអេដស៍។
សូមបញ្ជាក់ឡើងវិញ បើសិនជាមនុស្សពោះម៉ាយ ឬមេម៉ាយ គាត់ទទួលបានត្រឹមតែ ១២ ម៉ឺន បូកជាមួយនឹងប្រាក់ម្នាក់ៗ គឺគាត់ទទួលបានតែម្នាក់ទេ។ ជនបទបាន ២ ម៉ឺន ៤ ពាន់រៀល។ ភ្នំពេញបាន ២ ម៉ឺន ៥ ពាន់ និងទីប្រជុំជនក្រៅពីរាជធានីភ្នំពេញបាន ៤ ម៉ឺន។ អញ្ចឹង គាត់បានតែម្នាក់ទេ ប៉ុន្តែបើគាត់លើសអាយុ ៦០ ឆ្នាំ គាត់នឹងត្រូវបានបន្ថែម ៤ ម៉ឺនរៀលទៀត។ បើគាត់មានជំងឺអេដស៍ គាត់បាន ៤ ម៉ឺនរៀលបន្ថែមទៀត។ ត្រូវគិតតាមរបៀបនេះ ដែលខ្ញុំសូមយកការពន្យល់ ហើយសម្រាប់ប្រជាពលរដ្ឋដែលនឹងត្រូវទទួលផលនៅពេលខាងមុខ ហើយមិនយូរប៉ុន្មានទេ ទឹកប្រាក់នឹងត្រូវបើកទៅដល់ ព្រោះធនាគារឯកទេសវីងមានល្បឿនលឿនណាស់។ ម្សិលមិញខ្ញុំឃើញធនាគារកាណាឌីយ៉ា ជាមួយធនាគារឯកទេសវីង បានចុះហត្ថលេខាជាមួយគ្នា ដែលធ្វើឱ្យសេវាកាន់តែលឿនក្នុងការបញ្ជូនប្រាក់ទៅកាន់ប្រជាពលរដ្ឋ។
កិច្ចការបន្ទាន់គឺ ត្រូវបើកប្រាក់ឱ្យដល់ដៃប្រជាពលរដ្ឋសំរាប់ខែ ៦ នេះម្តង និងខែ ៧ ម្តងទៀត
អញ្ចឹងទេ បើសិនជាអ្នកមានកូនច្រើន សមាជិកគ្រួសារច្រើន ចំនួនប្រាក់ឧបត្ថមនេះវាក៏មានចំនួនច្រើនដែរ។ប៉ុន្តែ សម្រាប់អ្នកវិភាគមួយចំនួនគេថាតិចណាស់។ ខ្ញុំសូមស្នើថា បើអ្នកមានគ្រួសារ អ្នកគួរតែប្រាប់គ្រួសាររបស់អ្នកថា សុំកុំយកអី តិចតួចណាស់។ រដ្ឋាភិបាលសូមអរគុណ … ព្រោះ រាជរដ្ឋាភិបាលមានបន្ទុកសម្រាប់ការកសាងប្រទេស និងជួយមនុស្សច្រើនណាស់។ យើងកំពុងតែបន្តជួយចំពោះក្រុមគ្រួសារទាំងឡាយ … កិច្ចការសង្គមដែលយើងកំពុងធ្វើវាមានច្រើនណាស់ទៅហើយ … ប៉ុន្តែនេះ(ជា)ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ចំពោះមុខប្រជាជនក្នុងពេលកូវីដ ១៩ ដែលមានផលប៉ះពាល់ទៅលើជីវភាពប្រជាជន។ សូមបញ្ជាក់ថា នេះជាជំនួយឧបត្ថម្ភ មិនមែនជាការចិញ្ចឹមទេ។ ប្រជាពលរដ្ឋរបស់យើងនៅមានលទ្ធភាពទៅធ្វើកម្មករ ទៅដាំដុះ ទៅធ្វើនេះ/នោះ ទទួលបានផល។ អញ្ចឹង វាគ្រាន់បើជាងអត់។ ឥឡូវទោះបីជាថា គ្រួសារហ្នឹងមានត្រឹមតែម្នាក់ ក៏បានទទួលបាននូវប្រាក់ ឧបត្ថម្ភ ៣០ ដុល្លារ ដែរ … តើគួរទទួល ឬមិនទទួល? ខ្ញុំអត់និយាយវាយបកទៅលើពួកបណ្ឌិតឆ្កួតៗនោះទេ ប៉ុន្តែខ្ញុំចង់ពន្យល់ប្រជាពលរដ្ឋ តើគួរទទួល ឬមិនទទួល។ បើឃើញថាតិចតួចពេក មិនទទួល ខ្ញុំ(ក៏)សូមអរគុណទុកជាមុន។ ប៉ុន្តែ ខ្ញុំគិតថា ប្រជាពលរដ្ឋរបស់យើងចង់ឱ្យយើងដោះស្រាយអោយបានឆាប់។ អញ្ចឹងទេ បន្ទាប់ទៅពីនេះ កិច្ចការបន្ទាន់របស់អស់លោកត្រូវតែបើកប្រាក់នេះ ឱ្យដល់ដៃប្រជាពលរដ្ឋនៅក្នុងខែ ៦ នេះ ដែលវាជិតផុតទៅហើយ … ហើយខែ ៧ បើកមួយសាទៀត។ ឯផ្នែកការងារស្ថិតិត្រូវបន្តស្រង់ហើយចេះតែដាក់បញ្ចូលមក រដ្ឋទទួលខុសត្រូវទៅលើបញ្ហាផ្តល់ថវិកានេះ។
ត្រៀមបញ្ចេញថវិកាបន្តទៀត បើសភាពការណ៍អូសបន្លាយ, បញ្ឈប់ពេលសភាពការណ៍ប្រសើរ
យើងជាប្រទេសក្រីក្រមួយ យើងមិនមែនជាប្រទេសអ្នកមានដូចប្រទេសដទៃទេ ក៏ប៉ុន្តែ មាយាទរបស់យើង មិនមែនជាការគ្រប់គ្រងបែបកញ្ជើធ្លុះទេ។ យើងមានសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីនឹងផ្តល់ឱ្យប្រជាពលរដ្ឋរបស់យើង។ ឥឡូវយើងបានចេញ ១២៥ លានដុល្លារអាមេរិករួចទៅហើយ។ យើងត្រៀមនឹងបញ្ចេញបន្តទៀត ប្រសិនបើហេតុការណ៍នេះវាចេះតែអូសបន្លាយ។ តែយើងនឹងបញ្ឈប់នូវកម្មវិធីនេះនៅពេលដែលសភាពការណ៍វាបានប្រសើរ។
សេដ្ឋកិច្ចកម្ពុជាកំពុងដំណើរការខាងកសិកម្ម ឧស្សាហកម្ម និងសេវាមួយចំនួន
ឥឡូវនេះ បើយោងទៅលើការរាយការណ៍របស់ក្រសួងកសិកម្មប្រចាំអាទិត្យឱ្យខ្ញុំ ប៉ុន្មានថ្ងៃមុននេះ ចំនួននៃការដកស្ទូងបានប្រមាណជា ១ លាន ៥ សែន ហិកតា រួចស្រេចទៅហើយ។ ក្នុងនោះមានស្រូវស្រាល និងស្រូវចម្ការកំពុងឈានទៅដល់ដំណាក់កាលនៃការច្រូតកាត់។ ដូច្នេះ (សូម)កុំភ្លេចថា កម្ពុជានៅមានសេដ្ឋកិច្ចកំពុងដំណើរការ ជាពិសេសនៅក្នុងវិស័យកសិកម្ម។ វិស័យឧស្សាហកម្មក៏នៅដំណើរការមួយចំនួន សេវាក៏នៅដំណើរការមួយចំនួន។ ម្សិលមិញខ្ញុំក៏ចូលហាងស៊ីជាមួយគេដែរ។ សាកល្បងដែរ លឺថាចូលហាងៗ ក៏ ចូលទៅស៊ីនៅហាងជាមួយគេ។ មានទាំង ឃួង ស្រេង ទៅស៊ីជាមួយយប់មិញ។ ខ្ញុំសួរអ្នកបម្រើ(ក្នុងហាង) ថា (ស្ថានភាព)ក្មួយៗ កន្លងទៅយ៉ាងម៉េច? ឥឡូវ មនុស្សមកធ្វើការវិញអស់ ឬនៅ? គេបញ្ឈប់កម្មករទេ? (គាត់ប្រាប់)ថា នៅគ្រាមុននោះ គេផ្អាកការងារពាក់កណ្តាល ហើយទុកពាក់កណ្តាល។ ឥឡូវនេះក្រុមពួកខ្ញុំបានមកជុំគ្នាវិញហើយ។ អញ្ចឹងបានសេចក្តីថា អ្នកបាត់បង់ការងារធ្វើនៅតាមសហគ្រាសធុនតូច និងមធ្យមនោះ បានវិលត្រឡប់មកវិញហើយ …។
កម្ពុជាមិនដែលបានប្រកាសបិទសេដ្ឋកិច្ចទេ, គំរោងជាច្រើនបន្តសកម្មភាព
ខ្ញុំមិនដែលប្រកាសបិទសេដ្ឋកិច្ចម្តងណាទេ។ មានការរឹតបន្តឹងទៅលើវិស័យអប់រំ ដែលប្រមូលផ្តុំទៅដោយកុមារ និងដែលយើងមានការបារម្ភ។ មានការបិទនៅកន្លែងហាត់ប្រាណ នៅខារ៉ាអូខេ នៅឌីស្គូតែកស្អីៗ។ ប៉ុន្តែ យើងមិនដែលប្រកាសបិទរោងចក្រ យើងក៏មិនដែលប្រកាសបិទទីផ្សារនោះទេ។ កាន់តែជាងនេះទៅទៀត ភាពប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយរបស់យើងនៅទីនេះ (គឺ)បោះទុន ១០០ លានដុល្លារ ចុះទៅជនបទ (ដែលជួយអោយ)អ្នកបាត់បង់ការងារធ្វើ ក៏អាចរកការងារធ្វើនៅទីនោះបាន។ ការដ្ឋានសំណង់ថ្ងៃមុនខ្ញុំទៅមើលព្រលានយន្តហោះភ្នំពេញ(ថ្មី) បច្ចុប្បន្នមានកម្មករជាង ១០០០ នាក់ ប៉ុន្តែ(នៅពេល)ដំណើរការពេញលេញ អាចស្រូបកម្មករដល់ ២ ម៉ឺននាក់។ កំពង់សោម ដំណើរការធ្វើផ្លូវ(ត្រូវការកម្មករ)ដល់ពាន់(នាក់) (និង)បណ្តាគម្រោងមួយចំនួន ដែលយើងកំពុងសាងសង់ផ្លូវដោយក្រុមហ៊ុននានា ជាពិសេស ក្រុមហ៊ុនមកពីចិន ដូចជា ស្ពានឆ្លងទន្លេមេគង្គ និងបណ្តាផ្លូវដទៃទៀតអត់មានបានបញ្ឈប់ទេ …។
ពីមុនប្រើអង្ករពលកម្ម ឥឡូវប្រើប្រាក់ពលកម្ម
(ទឹកប្រាក់ទំហំ) ១០០ លានដុល្លារ (ប្រើជា)សាច់ប្រាក់ពលកម្ម ផ្តល់ជូនឱ្យប្រជាពលរដ្ឋអាចធ្វើកូនប្រឡាយ យកទឹកទៅស្រោចស្រព ជីកស្រះ ឬក៏ធ្វើនេះ/នោះ។ ផលប្រយោជន៍បានទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទផង និងទឹកប្រាក់ទាំងឡាយបានមកដល់នៅក្នុងហោប៉ៅរបស់ប្រជាពលរដ្ឋរបស់យើងផង។ ខ្ញុំនៅចាំបានថា ជំនន់ឆ្នាំ ២០០០ គេហៅជំនន់សហសវត្សរ៍ ឆ្នាំ ២០០០ ដើម្បីកាត់បន្ថយចំនួនមនុស្សសម្រុករកការងារធ្វើនៅទីក្រុង យើងបានបញ្ជូនអង្ករពលកម្មចុះទៅជនបទ ដើម្បីឱ្យប្រជាពលរដ្ឋគាត់ធ្វើពលកម្ម ដូរយកអង្ករ ដែលកាលពេលនោះ (មានការ)ជួសជុលឡើងវិញនូវទំនប់ទឹក ប្រឡាយទឹកដែលវាខូចខាតដោយទឹកជំនន់ … តែឥឡូវយើងមិនប្រើអង្ករពលកម្ម(ដូចមុនទេ) យើងប្រើលុយតែម្តង …។
មិនមែនជាការចិញ្ចឹមរបស់រដ្ឋទេ … សូមប្រជាពលរដ្ឋ ស្វែងរកការងារដែលអាចធ្វើបាន
ខ្ញុំសូមបញ្ជាក់ នេះមិនមែនការចិញ្ចឹមរបស់រដ្ឋទេ តែគឺជាជំនួយសង្គមមួយដ៏ធំ ដែលខ្ញុំគិតថាប្រហែលជាប្រសិនបើវាអូសបន្លាយពេលវែង យើងក៏ត្រូវប្រើពេលវែងដែរ។ ខ្ញុំប៉ាន់ស្មានថា ទឹកប្រាក់ ២៥ លានដុល្លារ ក្នុងមួយខែនេះ វាគ្រាន់តែជាការចាប់ផ្តើម មុនពេលដែលស្ថិតិត្រូវបានស្រង់បន្ថែម ដែលទឹកប្រាក់អាចរីកដល់ ៣០ ឬក៏លើស ៣០ លានដុល្លារ ក្នុងមួយខែ។ ឆ្នាំនេះ យើងនៅសល់រយៈពេល ៦ ខែ ដែលត្រូវធ្វើ។ អញ្ចឹងបើសិនជា កូវីដ១៩ អូសបន្លាយ យើងក៏ត្រូវធ្វើបន្ត ជាមួយនឹងការខិតខំ ដើម្បីជួយប្រជាពលរដ្ឋរបស់យើង។ ជាមួយនេះ អំពាវនាវចំពោះប្រជាពលរដ្ឋខ្លួនឯង អោយរកការងារធ្វើនៅកន្លែងដែលអាចធ្វើការខ្លួនឯងបាន លើកលែងតែមនុស្សចាស់ និងកុមារអាយុក្រោម ៥ ឆ្នាំទេ។ ក្រៅពីនោះ នៅអាចដាំដុះ នៅអាចធ្វើការងារបាន ជាកសិករដែលធ្វើស្រូវ ឬក៏ធ្វើចម្ការ ការចិញ្ចឹមសត្វ ឬគាត់អាចរកការងារដទៃទៀត ដែលអាចធ្វើបាន ដែលជាការសន្សំប្រាក់ឧបត្ថម្ភ ដែលរដ្ឋឧបត្ថម្ភទៅនេះសន្សំទុក ហើយគាត់ជំនះខ្លួនឯង មានស្រូវស៊ីខ្លួនឯង ដូច្នេះអាចដោះស្រាយបានបញ្ហា។
រដ្ឋក្រីក្រ ខិតខំដោះស្រាយជូនប្រជាពលរដ្ឋក្រីក្រ
ខ្ញុំគិតថា នេះជាការពន្យល់មួយ ដើម្បីឱ្យឃើញពីការខិតខំរបស់យើង ដែលបាននាំយើងអោយមានលទ្ធភាពដើម្បីធ្វើកិច្ចការងារនោះ។ សុំបងប្អូនជនរួមជាតិជាទីស្រឡាញ់ មើលឃើញថា នេះជាការទទួលខុសត្រូវរបស់រដ្ឋក្រីក្រមួយ។ តែរដ្ឋក្រីក្រនេះ នៅតែខិតខំដើម្បីដោះស្រាយសម្រាប់ពលរដ្ឋក្រីក្របាន តាមរយៈការខិតខំមួយទសវត្សរ៍ ហើយជាពិសេស ៥ ឆ្នាំ ចុងក្រោយនេះ ដែលសាច់ប្រាក់របស់យើងកើនៗ ហើយសន្សំទុក។ សាច់ប្រាក់នោះហើយដែលត្រូវ(បាន)ទម្លាក់ដើម្បីដោះស្រាយ។ ចំណូលរបស់យើង អាចដោះស្រាយបានទៅលើការចំណាយចរន្ត ក៏ប៉ុន្តែពេលនេះយើងអាចទៅឈានដល់ការបញ្ចេញសាច់ប្រាក់។
ក្នុងបទសម្ភាសន៍(មួយ)ថ្ងៃទី ២១ (មិថុនា) ជាមួយនឹងវិទ្យុអន្តរជាតិ មានអ្នក(លើកឡើង)ថា តើកម្មវិធីនេះ មិនយឺតពេលទេអី? ដោយសារតែ កូវីដ១៩ កើតតាំងពីខែមួយ ខែពីរ។ ហេតុអីចាំដល់ខែ ៦ បានត្រូវធ្វើ? បើ(គ្រានោះ) កូវីដ១៩ វាមិនទាន់ដឹងស្អីផង។ សូម្បីតែអង្គការសុខភាពពិភពលោក មិនទាន់ប្រកាសអាសន្ននៅទូទាំងពិភពលោកផង ហើយយកលុយទៅចែកឱ្យអ្នកណា? នេះគឺជាការមួយដែលមើលមិនឃើញទាល់តែសោះ នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែ ពួកគេបានត្រឹមទទួលបណ្តាសា បើសិនជាគេបានស្តាប់ ហើយបានទទួលយកនូវប្រាក់ពីរាជរដ្ឋាភិបាល ដែលមិនមែន ១៨០០០ រៀលទេ ដូចអ្នកឯងថាទេ …។
អាជ្ញាធរខេត្ត និងក្រសួង ធានាអោយមានសមធម៌និងតម្លាភាព ក្នុងការប្រមូលទិន្នន័យភាពក្រីក្រ
ចំណុចនេះ ខ្ញុំយកការបញ្ជាក់ជូន ដើម្បីយើងទាំងអស់គ្នាប្រឹងប្រែងទាំងអស់គ្នា។ សុំផ្តាំផ្ញើអាជ្ញាធរខេត្តតាមដានឱ្យជាប់ ហើយក្រសួងផែនការធ្វើការឱ្យជាប់ និងបញ្ចូលទិន្នន័យនេះមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីយើងផ្តល់ឱ្យសម្រាប់គ្រួសារដែលធ្លាក់ខ្លួនក្រីក្រ។ ពេលនេះមិនទាន់ក្រ តែខែក្រោយ អត់មានការងារធ្វើ អត់ប្រាក់ចំណូលទៅជាក្រ។ អញ្ចឹង ចំនួននេះច្បាស់ជាកើន។ ប៉ុន្តែ មិនមែនចេះតែគេប្រកាសមកថាក្រ បែរជាយើងទទួលយកគ្រប់តែរឿងទេ ព្រោះយើងធ្លាប់ជួបប្រទះហើយ។ ទឹកជំនន់ឆ្នាំ ២០០០ បើទោះបីជាមានស្រូវជង្រុកនៅលើផ្ទះ មានត្រាក់ទ័រនៅក្រោមផ្ទះ ផ្ទះក្បឿង ៣ ខ្នង ក៏គាត់ទៅដេកនៅទីទួលសុវត្ថិភាព ដើម្បីទទួលជំនួយមនុស្សធម៌ដែរ។ ខ្មែរយើងឱ្យតែធ្វើពលកម្ម គឺចំនួនគ្រួសាររួញ។ ឥឡូវថាប្រមូលមនុស្សទៅធ្វើពលកម្មថាធ្វើផ្លូវលំ ១០០ គ្រួសារ ភូមិដដែលហ្នឹងគាត់ប្រកាសថាមានតែ ៨០ គ្រួសារទេ ព្រោះគាត់សំអាងថា ទោះគាត់ការហើយក៏ដោយ តែគាត់នៅជាមួយម្តាយឪពុកគាត់ មានតែ ៨០ គ្រួសារទេ។ ដល់ពេលថាយកជំនួយទៅចែក ភូមិដដែលហ្នឹងឡើងដល់ ១២០ គ្រួសារ ថាពិតមែនតែខ្ញុំនៅជាមួយម្តាយឪពុកខ្ញុំ តែខ្ញុំស៊ីខ្លួនឯងតើ រឿងវាអញ្ចឹង។ យើងត្រូវពិនិត្យឱ្យមានសមធម៌ និងឱ្យមានតម្លាភាពនៅក្នុងការទាញយកទិន្នន័យទាក់ទងនឹងភាពក្រីក្រនេះ …។
ខំទម្លាក់អត្រាភាពក្រីក្រមកក្រោម ១០% តែចប់ កូវីដ តើនឹងឡើងវិញប៉ុន្មានភាគរយ
យើងក៏ត្រូវដឹងថា ប្រទេសមួយនេះចាប់ផ្តើមពីសូន្យ។ កុំយកកម្ពុជាទៅប្រៀបធៀបជាមួយប្រទេសដទៃ ដែលមិនមានស្ថានភាពដូចកម្ពុជានោះ។ ប្រទេសខ្លះមានសន្តិភាព ១០០ ឆ្នាំ ២០០ ឆ្នាំ ៥០ ឆ្នាំ ៦០ ឆ្នាំហើយ តែកម្ពុជា តើ របប ប៉ុល ពត បន្សល់ទុកអ្វីឱ្យយើង? យើងទើបមានសន្តិភាពគ្រប់គ្រាន់នៅឆ្នាំ ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ ដែលយើងមានឱកាសអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ ទម្លាក់អត្រានៃភាពក្រីក្រមកនៅក្រោម ១០%។ ឥឡូវ យើងកំពុងបារម្ភថា អត្រានៃភាពក្រីក្របន្ទាប់ពីចប់ កូវីដ១៩ ទៅ (តើភាពក្រីក្រនឹង)កើនឡើងប៉ុន្មានភាគរយវិញ? នេះជាបញ្ហាមិនសាមញ្ញទេ។ មិនមែនមានតែកម្ពុជាទេ។ ប្រទេសដទៃនៅលើពិភពលោក រាប់ទាំងប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ ក៏មានបញ្ហាដែរ។ អត់មានការងារធ្វើ ដាក់ពាក្យសុំអត្ថប្រយោជន៍មិនចេះតិចទេ។ ប្រទេសដែលមានប្រាក់ គេអាចអនុវត្តបាន។ ប្រទេសដែលគ្មានប្រាក់ មិនអាចអនុវត្តបានទេ ជាពិសេសប្រទេសដែលអត់មានសាច់ប្រាក់តែម្តង ព្រោះជំនួយសង្គមត្រូវតែមានសាច់ប្រាក់។ ប៉ុន្តែ គេអាចដោះស្រាយជាអង្ករ ដោះស្រាយជាអី … ប៉ុន្តែជារបស់ដែលត្រូវចំណាយប្រាក់។ សំណាងយើងដែលយើងមានប្រាក់នៅក្នុងដៃ សម្រាប់ដោះស្រាយបញ្ហាសង្គមដ៏ធំមួយនេះ។
[ចប់អត្ថាធិប្បាយ ១]
ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធអត្តសញ្ញាណកម្ម គ្រួសារក្រីក្រនៅទូទាំងប្រទេស ដើម្បីធានាបានថា ពលរដ្ឋក្រីក្រពិតប្រាកដនឹងទទួលបានប្រាក់ឧបត្ថម្ភនេះដោយប្រើប្រាស់យន្តការ «តាមការស្នើសុំ» ដែលអនុញ្ញាតឱ្យពលរដ្ឋដែលមិនទាន់មានប័ណ្ណ ដោយសារការខកខានមិនបានធ្វើកន្លងមក ឬដោយសារការធ្លាក់ខ្លួនទៅក្នុងស្ថានភាពទីទាល់ក្រនៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះ អាចដាក់ពាក្យស្នើសុំប័ណ្ណសមធម៌នេះបាននៅតាមមូលដ្ឋានឃុំ-សង្កាត់ របស់ខ្លួន។ កិច្ចដំណើរការនៃយន្តការនេះបានចាប់ផ្តើមអនុវត្តរួចហើយនៅតាមបណ្តាខេត្ត នៅឡើយតែរាជធានីភ្នំពេញ ដែលនឹងត្រូវបានជំរុញអនុវត្តជាបន្តបន្ទាប់ទៅទៀត។
[ចាប់ផ្ដើមអត្ថាធិប្បាយ ២]
យន្តការស្នើសុំអត្ថប្រយោជន៍៖ អ្នកមិនទាន់មានសៀវភៅ ក្រ ១ និង ក្រ ២, អ្នកនឹងធ្លាក់ទៅក្រោមបន្ទាត់ក្រីក្រ
ចំណុចនេះ ខ្ញុំបញ្ជាក់ឡើងវិញបន្តិច។ យន្តការតាមការស្នើសុំ។ យន្តការតាមការស្នើសុំមាន ២ ប្រភេទនៅទីនេះ។ ទី ១ ពេលដែលយើងធ្វើ យើងអត់បានធ្វើដល់ពួកគាត់។ អញ្ចឹង ពួកគាត់មានសិទ្ធិនឹងដាក់ពាក្យស្នើសុំ(តាមក្រោយ) ព្រោះគាត់ក្រីក្រមែន។ ហ្នឹងដែលយើងចន្លោះ។ ឧទាហរណ៍ ក្នុងមួយភូមិអញ្ចឹងនៅខ្វះ ២ ឬ ៣ គ្រួសារ ដែលគាត់មានសិទ្ធិដាក់ពាក្យស្នើសុំ។ ហ្នឹងអ្នកដែលក្រីក្រស្រាប់ ដែលមិនទាន់មានសៀវភៅ ក្រ-១ ក្រ-២ នោះ។ ប៉ុន្តែ មួយទៀត អ្នកដែលពេលនេះយើងបានឃើញគាត់ហើយ តែគាត់មិនមែនស្ថិតនៅក្នុងស្ថានភាពក្រទេ តែមួយខែក្រោយ គាត់ធ្លាក់ក្រ។ អញ្ចឹងគាត់ស្នើសុំអត្ថប្រយោជន៍។ យើងត្រូវពិនិត្យឱ្យបានច្បាស់ទៅលើបញ្ហានេះ។ ធានាថាប្រជាពលរដ្ឋរបស់យើង គឺទទួលបាននូវផលប្រយោជន៍ពិតប្រាកដពីការអនុវត្តនូវកម្មវិធីជំនួយសង្គមដ៏ធំមួយនេះ។
[ចប់អត្ថាធិប្បាយ ២]
ការប្រកាសដាក់ឱ្យអនុវត្តនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩» នាពេលនេះគូសរំលេចឱ្យឃើញជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់ខ្ញុំផ្ទាល់ នឹងមិនទុកឱ្យពលរដ្ឋណាមួយត្រូវស្លាប់ដោយអត់បាយដោយគ្មានការយកចិត្តទុកដាក់នោះទេ។ ជាមួយហេតុផលនេះ ខ្ញុំសូមស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តនូវកម្មវិធីជំនួយសង្គមនេះ ប្រកបដោយភាពទទួលខុសត្រូវនិងប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ ខ្ញុំសូមស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ជាពិសេសក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន បន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធីសាស្រ្ត និងគោលការណ៍ ដែលត្រូវបានដាក់ចេញមកដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងគោលដៅធានាឱ្យពួកគាត់ទទួលបាន ស្របតាមលក្ខខណ្ឌវិនិច្ឆ័យជាធរមាន នូវជំនួយសង្គមនាពេលនេះ ឬជំនួយផ្សេងទៀតនាពេលអនាគត។
[ចាប់ផ្ដើមអត្ថាធិប្បាយ ៣]
ក្រុមការងារចុះមូលដ្ឋាន ជួយត្រួតពិនិត្យមើលប្រសិទ្ធភាពនៃការអនុវត្តជំនួយសង្គមនេះ
ក្រៅពីយន្តការដែលមានស្រាប់ជាអចិន្ត្រៃយ៍នៅថ្នាក់ឃុំ/សង្កាត់ នៅមូលដ្ឋាន យើងមានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ដើម្បីជួយត្រួតពិនិត្យមើលនូវប្រសិទ្ធភាពនៃការអនុវត្ត។ សូមឱ្យប្រធានក្រុមការងារគ្រប់ខេត្តទាំងអស់ ឆ្លុះបញ្ចាំងឱ្យទាន់ពេលវេលាទៅកាន់ ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ដែលជាអ្នកទទួល(អនុវត្តប្រតិបត្តិការតាមរបៀប)អគ្គសេនាធិការតែមួយ។ យន្តការសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា (មានសណ្ឋានតាមបែប) អគ្គបញ្ជាការមួយ និងអគ្គសេនាធិការមួយ។ ក្នុងករណីដែលអគ្គសេនាធិការ គឺរដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោះស្រាយបាន ក៏ដោះស្រាយទៅ។ បើដោះស្រាយមិនបាន ក៏ស្នើមកអគ្គបញ្ជាការ គឺនាយករដ្ឋមន្រ្តី ដើម្បីនឹងធ្វើកិច្ចការងារទាំងនេះ។ អញ្ចឹងជួយតាមដាន ទាំងការពិនិត្យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងទាំងប្រសិទ្ធភាពនៃការបើកផ្ដល់ ដើម្បីធានាថាមិនមានការបាត់បង់ណាមួយកើតឡើង …។
[ចប់អត្ថាធិប្បាយ ៣]
ទន្ទឹមនេះដែរ ខ្ញុំក៏សូមលើកទឹកចិត្តឱ្យបន្តខិតខំជំរុញអនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងអស់ ដែលមានស្រាប់ ឱ្យបានរលូន និងមិនយឺតយ៉ាវ ដែលក្នុងនោះរួមមាន៖ របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និងការឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍ មូលនិធិសមធម៌សុខាភិបាល និងរបបថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ របបថែទាំសុខភាព និងរបបហានិភ័យការងារសម្រាប់កម្មករនិយោជិត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារ អាយុក្រោម ២ ឆ្នាំ និងកម្មវិធីផ្តល់អាហារតាមសាលារៀន ដែលត្រូវបានបង្វែរពីការចម្អិនម្ហូបអាហារជូនសិស្សានុសិស្ស មកជាការចែកជាអង្ករជូនគ្រួសារក្រីក្រនៅក្នុងសហគមន៍របស់សាលារៀនទាំងនោះ។
[ចាប់ផ្ដើមអត្ថាធិប្បាយ ៤]
កម្មវិធីសមធម៌ដទៃទៀតបន្តធ្វើ
នេះជាកម្មវិធីដែលយើងបាន និងកំពុងអនុវត្តហើយ។ កម្មវិធីសមធម៌សម្រាប់ការចូលព្យាបាលដោយឥតគិតថ្លៃរបស់ប្រជាពលរដ្ឋបន្តធ្វើ។ ក្នុងហ្នឹង បើនិយាយពី ឯកឧត្តម អ៊ិត សំហេង រាយការណ៍ឱ្យខ្ញុំវិញ ឥឡូវចំនួនកម្មការិនីឆ្លងទន្លេកើនឡើងតែម្តង។ តែប្រហែលជាមានតាំងពីមុន កូវីដ១៩។ ឥឡូវតាមដឹង ដោយសារ កូវីដ១៩ ធ្វើឱ្យស្រ្តីមានផ្ទៃពោះច្រើនណាស់ … ឆ្នាំ ២០២១ ចាំមើលចុះ ក្មេងកើតច្រើនណាស់ ព្រោះដោយសារតែរឿង កូវីដ១៩។ នេះគឺជាការនិយាយលេងទេ តែវាអាចជារឿងពិតដែរ។
កម្មវិធីរបស់យើងមានច្រើនរួចមកហើយ តែថ្ងៃនេះគឺជាកម្មវិធីថ្មីមួយ។ កម្មវិធីដែលមានរួចមកហើយនោះ ជាកម្មវិធីដែលយើងមានជាអចិន្ត្រៃយ៍ ត្រូវធ្វើទៅមុខរហូត អត់មានដកថយ។ទេ កម្មវិធីទាំងប៉ុន្មានដែលខ្ញុំបានបញ្ជាក់នេះ ដូចជាកម្មវិធីផ្តល់សាច់ប្រាក់សម្រាប់អ្នកមានផ្ទៃពោះ ហើយរហូតដល់កូនអាយុ ២ ឆ្នាំ ជាកម្មវិធីអចិន្ត្រៃយ៍រហូត ផ្តល់ឱ្យកម្មការិនីឆ្លងទន្លេនូវប្រាក់ឧបត្ថម្ភក៏ជាកម្មវិធីអចិន្ត្រៃយ៍រហូត។ ទាក់ទងនឹងការថែទាំសុខភាព ក៏ជាកម្មវិធីអចិន្ត្រៃយ៍។ ប៉ុន្តែកម្មវិធីដែលយើងដាក់ចេញថ្ងៃនេះជាកម្មវិធីវិសាមញ្ញ ដែលវាស្ថិតនៅក្នុងដំណាក់កាលផលប៉ះពាល់ដោយសារ កូវីដ១៩ នេះ។
សូមម្ចាស់អគារកាត់បន្ថយថ្លៃឈ្នួលអគារសំរាប់គ្រឹះស្ថានសិក្សាឯកជន
… ពីមុននេះ យើងក៏បាននិយាយច្រើនហើយ ហើយខ្ញុំក៏បានឃើញថា ធនាគារជាតិក៏បានធ្វើកិច្ចការងារនេះច្រើនហើយដែរ។ ថ្ងៃមុន ខ្ញុំបានឃើញគណៈកម្មការសភាពិនិត្យអំពីកិច្ចការទាក់ទិនជាមួយនឹងគ្រឹះស្ថានសិក្សារបស់ឯកជន។ ខ្ញុំសុំយកឱកាសនេះ អំពាវនាវចំពោះម្ចាស់អគារទាំងឡាយ កាត់បន្ថយថ្លៃឈ្នួលអគារ។ ពីមុន ខ្ញុំអំពាវនាវរួមទាំងអស់ ព្រោះឥឡូវទោះបីសណ្ឋាគារក៏គេចុះថ្លៃដែរ ហើយកន្លែងខ្លះ ចុះការទទួលទានអី ដល់ទៅ ៣០% ទៅ ៥០% ឯណោះ។ អញ្ចឹងទេ សាកលវិទ្យាល័យខ្លះ គ្រឹះស្ថានខ្លះ គេមានអគាររបស់ខ្លួនគេ អត់បញ្ហាទេ។ ប៉ុន្តែ គ្រឹះស្ថានសិក្សាខ្លះជួលអគារគេ។ អញ្ចឹងទេ ដើម្បីធានាថាកុំឱ្យក្នុងពេលដែលមានវិបត្តិនេះ គ្នាបង់ខាតខ្លាំងពេក សុំម្ចាស់អគារទាំងឡាយ ផ្តល់នូវការយោគយល់ និងភាពទន់ភ្លន់ជាមួយនឹងគ្រឹះស្ថានសិក្សាឯកជនដែលបានជួលអគារ។
រៀបចំឥណទានកម្ចីបន្ថែម សំរាប់គ្រឹះស្ថានសិក្សាឯកជន
ឯមួយទៀត ធនាគារជាតិនៃកម្ពុជា គួរពិភាក្សាជាមួយនឹងធនាគារឯកជន ធនាគារផ្សេងៗ។ ខ្ញុំចារឱ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ផង ហង់ ជួនណារ៉ុន ផង ជា ចាន់តូ ផង គឺការរៀបចំឥណទានឡើងវិញ … យើងបានរៀបចំឥណទានឡើងវិញចូលជាង ១០ ម៉ឺនគ្រួសារ … ប៉ុន្តែសុំឱ្យពិនិត្យអំពីការរៀបចំឥណទានឡើងវិញ សំរាប់គ្រឹះស្ថានការសិក្សារបស់ឯកជនផង។ ខ្ញុំលើកឧទាហរណ៍អញ្ចេះ។ គ្រឹះស្ថានសិក្សាឯកជនគាត់យកប្លង់ស្អីៗ យកទៅដាក់ខ្ចីពីធនាគារបានលុយហើយ។ គាត់អត់មានស្អីយកទៅបញ្ចាំ ដើម្បីខ្ចីប្រាក់ថែមទៀតទេ។ អត់មានអីយកទៅខ្ចីប្រាក់ឡើងវិញទេ។ ឧទាហរណ៍ថា អគារ និងដីធ្លីរបស់គាត់ ៥ លានដុល្លារ។ គាត់ធ្លាប់យកទៅបញ្ចាំបាន ៥០ ម៉ឺនយកមក។ អញ្ចឹងការរៀបចំឥណទានឡើងវិញនៅទីនេះ យើងអាចរៀបចំទៅតាមករណីជាក់ស្តែង។ ឧទាហរណ៍ ពីដើមតម្លៃអគារនិងដីធ្លីរបស់គាត់ ៥ លានដុល្លារ ទៅខ្ចីបាន ៥០ ម៉ឺន ឥឡូវអាចពង្រីកទំហំនៃចំនួនដែលអាចខ្ចីបានរហូតដល់ ៨០ ម៉ឺន។ អញ្ចឹង គាត់នឹងបានប្រាក់កម្ចី ៣០ ម៉ឺនដុល្លារមកថែមទៀត។ ហើយគាត់យកមកធ្វើអី? គ្រឹះស្ថានឯកជនមួយចំនួនមិនទាន់មានអនឡាញបង្រៀនទេ។ គាត់អាចយកដើមទុនហ្នឹងមករៀបចំជាប្រព័ន្ធរៀនតាមអនឡាញ។
លើកទឹកចិត្តឱ្យធនាគារធ្វើការរឹបអូស ប្រសិនបើជឿការឃោសនា/ចលនា មិនឱ្យសងលុយ
ខ្ញុំគិតថាបញ្ហានេះ ធនាគារអាចធ្វើទៅរួច។ ឥឡូវនេះ អ្នកដែលបំផុសឱ្យគេមកដកលុយពីធនាគារ ចាំតែគេមកដកតើ។ ឥឡូវ ធនាគារខ្លះសល់លុយមិនដំណើរការផង។ អញ្ចឹងទេ អ្នកដែលចង់ឱ្យធនាគារនៅស្រុកខ្មែរដួលរលំតាមរយៈកុំសងធនាគារ និងដកលុយពីធនាគារ ប្រហែលជាខកចិត្តមិនតិចទេ … ខ្ញុំគ្រាន់តែអំពាវនាវឱ្យធនាគារធ្វើការយោគយល់ នៅក្នុងដំណាក់កាលនៃការលំបាក ប៉ុន្តែការសងនៅតែសងហ្នឹង។ ប៉ុន្តែ មានអ្នកចលនា ទី១ ឱ្យមនុស្សកុំសងធនាគារ។ ខ្ញុំនឹងគាំទ្រឱ្យធនាគារប្តឹងទៅតុលាការដើម្បីរឹបអូស បើសិនជាជនណាគាំទ្រនយោបាយរបស់អ្នកអំពាវនាវនេះ ព្រោះអ្នកឯងរកស៊ីខូច … ខ្ញុំមិនចង់ឱ្យមានការរឹបអូសទេ។ ខ្ញុំធ្លាប់និយាយថា មិនគួរមានការរឹបអូសនៅក្នុងដំណាក់កាល កូវីដ១៩ នេះទេ។ ប៉ុន្តែ ខ្ញុំនឹងគាំទ្រឱ្យមានការរឹបអូស ប្រសិនបើអ្នកដែលជំពាក់ធនាគារ បន្តការឃោសនាចលនាអ្នកដទៃកុំឱ្យ(បង់) ខ្លួនឯងក៏មិនបង់ … អញ្ចឹងធនាគារប្តឹងរឹបអូសតែម្តងទៅ … ផ្នែកធនាគារមានគោលការណ៍របស់គេ។ យើងអំពាវនាវឱ្យមានការរៀបចំឥណទានឡើងវិញ សម្រាលអត្រាការប្រាក់ ទុនបម្រុងកាតព្វកិច្ចបញ្ចុះពី ១២,៥% មកនៅត្រឹមតែ ៧% ទេ ដើម្បីរុញទុនទៅតាមធនាគារនេះឱ្យវាកាន់តែរីក។ ក្រៅពីនោះ យើងបន្ថែមទុនយ៉ាងម៉េច ដើម្បីពង្រីកឱ្យមានចរន្តប្រាក់នេះកាន់តែធំ។ អញ្ចឹង សូមបញ្ជាក់ មកដល់ពេលនេះ ធនាគារមួយចំនួនត្អូញត្អែរថាអត់មានអ្នកខ្ចី (ពី)ព្រោះ(មិន)មាននរណាទៅ(ធ្វើ)តាមមនុស្សឆ្កួតនោះ ទៅដកលុយពីធនាគារ។ គេទុកលុយក្នុងធនាគារដើម្បីនឹងយកការប្រាក់។ មានន័យថា អ្នកទាំងនោះទុកចិត្តទៅលើសមត្ថភាពគ្រប់គ្រងរបស់រាជរដ្ឋាភិបាល បានគេមិនទៅដកសាច់ប្រាក់ …។
មិនឱ្យគ្រឹះស្ថានអប់រំឯកជនណាមួយដួលរលំ
… តែយើងកុំឱ្យមានគ្រឹះស្ថានសិក្សាណាមួយរបស់ឯកជនដួលរលំ។ អញ្ចឹង ទីមួយ ខ្ញុំអំពាវនាវចំពោះម្ចាស់អគារ ដែលជួលអគារឱ្យគ្រឹះស្ថានសិក្សាឯកជន បន្ថូរបន្ថយថ្លៃ និងមានភាពទន់ភ្លន់។ ឯទីពីរ សូមឱ្យរៀបចំឥណទានឡើងវិញ ដើម្បីឱ្យទំហំដែលធ្លាប់ខ្ចីបាន ៥០ ម៉ឺន(ដុល្លារ) ឱ្យវាឡើងទៅដល់ ៧០ ឬ ៨០ ម៉ឺន ឬច្រើនជាងហ្នឹង ហើយគ្នាបានអាលុយហ្នឹងមករៀបចំប្រព័ន្ធអនឡាញ សម្រាប់ការសិក្សា ព្រោះសាលាមួយចំនួនអត់រៀនតាមប្រព័ន្ធអនឡាញបានទេ ដោយខ្វះការរៀបចំ អាចថាខ្វះទុន។
ត្រៀមបម្រុងសម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ ១៩
… យើងកំពុងតែប្រុងប្រៀបតទៅទៀត ជាមួយថវិកាផ្ទាល់ផង ជាមួយនឹងការធ្វើការងារជាមួយដៃគូរបស់យើងផង ទៅលើការត្រៀមបម្រុងសម្រាប់ស្ដារឡើងវិញបន្ទាប់ពី កូវីដ១៩។ ប៉ុន្តែ មិនមែនចាំទៅដល់នោះទេ យើងបានចាប់ផ្ដើមរួចមកហើយ អំពីគេហៅថា សកម្មភាពនៃការរុញសេដ្ឋកិច្ចទៅមុខ តាមរយៈការមិនបញ្ឈប់នូវគំរោងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងសាងសង់ ដោយមានទាំងការវិនិយោគផ្ទាល់របស់យើង ទាំងការវិនិយោគ ដែលផ្ដល់ហិរញ្ញប្បទានមកពីខាងក្រៅ។ យើងរុញប្រាក់ទៅជនបទ ដោះស្រាយប្រទាក់ក្រឡារវាងសេដ្ឋកិច្ចផង និងសង្គមផង។
ការនាំចេញអង្ករមានការកើនឡើង, កម្ពុជាមិនមានអសន្តិសុខស្បៀង
យើងកំពុងតែជម្រុញវិស័យកសិកម្ម ដែលឆ្នាំនេះ ក្នុងស្ថានភាព កូវីដ១៩ បែរជាការនាំចេញអង្កររបស់យើង មានការកើនឡើងគួរឱ្យកត់សម្គាល់។ មុននេះ យើងនាំចេញបានប្រមាណ ៤០ ទៅ ៥០ ម៉ឺនតោនទេ ក្នុងមួយឆ្នាំ។ ឆ្នាំនេះអាចនឹងឈានទៅដល់ ៨០ ម៉ឺនតោន ឬលើសពីនេះ។ អញ្ចឹង សូមបញ្ជាក់ថា បើទោះបីកម្ពុជាយ៉ាងម៉េចក៏ដោយ តែកម្ពុជាមានចំណុចខ្លាំងមួយ គឺនៅត្រង់ថា រៀងរាល់ឆ្នាំ យើងមានអតិរេកស្រូវប្រមាណជិត ៦ លានតោនឯណោះ។ ខ្លះគេថា កម្ពុជាងាយរងគ្រោះពីអសន្តិសុខស្បៀង។ យើងគ្រាន់តែបញ្ជាក់ត្រឡប់ទៅវិញថា យើងមានផ្ទៃដីដាំដុះរាប់លានហិកតា ហើយរហូតមកដល់ពេលនេះ ស្រូវវស្សារបស់យើងសម្រេចបានជាង ១ លាន ៥ សែនហិកតារួចស្រេចទៅហើយ។ ប៉ុន្មានអាទិត្យខាងមុខនេះ ជាពិសេស ក្នុងខែ ៧ ហ្នឹង ច្រើនតែជាខែច្រូតស្រូវស្រាល ដើម្បីធ្វើបន្តមួយរដូវទៀត។ ដូច្នេះ កម្ពុជាគ្មានអសន្តិសុខស្បៀងទេ។ ផ្ទុយទៅវិញ កម្ពុជានឹងមានការទទួលខុសត្រូវរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការលក់ស្បៀងចេញក្រៅប្រទេស។ ហោចណាស់ យើងកំពុងចរចាជាមួយទីម័រលេស្តបន្ថែម ដើម្បីជួយបញ្ជូនទៅទីម័រលេស្ត ដែលជាប្រទេសខ្វះខាតស្បៀងមួយ ដែលយើងរុញសម្រាប់ប្រទេសក្រីក្រ។ អញ្ចឹង សូមកុំភាន់ច្រឡំទៅលើរឿងនេះ ថាកម្ពុជានឹងដាច់បាយនោះ។ អំបិលមានផលិត អង្ករមានផលិត រោងចក្ររបស់យើងអាចផលិតបាននូវអ្វីដែលហៅថាជាប្រភេទស្បៀង។
ចរាចរណ៍ចាប់ផ្ដើមស្ទះវិញហើយ
ការដ្ឋាននានាបន្តក្នុងការធ្វើសំណង់ ខ្លះធ្វើផ្ទះ ខ្លះធ្វើផ្សារស្អីៗ នៅបន្តទាំងអស់។ អញ្ចឹង យើងក៏មិនទាន់ដល់កម្រិតនាំគ្នាដេកតាមផ្លូវអត់បាយនោះទេ។ ឥឡូវវាដល់ម៉ោងស្ទះឡានឡើងវិញហើយ។ តែរឿងស្ទះឡានវាជារឿងតម្រូវការរបស់មនុស្ស។ កាលមុននោះ ពេលដែលមានបញ្ហា យើងអំពាវនាវទៅ។ ប្រជាពលរដ្ឋយើងក៏ស្ដាប់ ឃើញថាលើផ្លូវមិនសូវមានមនុស្សទេ។ ឥឡូវ យើងដល់ថ្នាក់កម្រិតជាប់ឡានឡើងវិញហើយ។ ហើយជាប់ឡានវាបង្ហាញពីអី? បង្ហាញថា ប្រជាពលរដ្ឋរបស់យើងនៅមានប្រាក់ចំណូល ដើម្បីទិញសាំងចាក់ឡាន/ម៉ូតូទេតើ វាមិនទាន់ដល់កម្រិត។
រាជរដ្ឋាភិបាលកម្ពុជា មានគ្រប់លក្ខខណ្ឌក្នុងការដោះស្រាយសេដ្ឋកិច្ច
អ្នកខ្លះគេថា បើចង់ដោះស្រាយសេដ្ឋកិច្ចបាន វាទាល់តែមានលក្ខខណ្ឌ ៣។ ទី ១ ឆន្ទៈនយោបាយ ទី ២ មានលុយទប់ និងទី ៣ ត្រូវមានសមត្ថភាព។ គេថា យើងអត់គ្រប់លក្ខខណ្ឌទាំងអស់។ ទី ១ យើងអត់មានឆន្ទៈនយោបាយដោះស្រាយទេ។ ទី ២ គឺយើងអត់មានលុយបម្រុងទេ។ ឯងថាអីថាទៅ តែយើងមានលុយបើក។ ទី ៣ ថាយើងអត់មានសមត្ថភាព។ តែរឿងអត់មានសមត្ថភាព ខ្ញុំបានបញ្ជាក់ហើយថា ប្រើក្បាលអ្នកឯងឱ្យជួយកែរដ្ឋធម្មនុញ្ញហ្នឹង វាជាស្អី? តើវាជាសមត្ថភាពរបស់ ហ៊ុន សែន ទេ? ពូកែណាស់ខាងបង្អាប់ … ខ្ញុំត្រូវការពន្យល់ប្រជាជន ខ្ញុំមិនតមាត់ជាមួយនរណាទេ … បើសិនជារដ្ឋាភិបាលនេះគ្មានសមត្ថភាព តើយើងមានលទ្ធភាពប្រកាសគោលនយោបាយហ្នឹងទេ? ហើយចេញលុយថ្ងៃនេះ ១២៥ លានដុល្លារទៅទេ? បើគ្មានឆន្ទៈ ហើយគ្មានលុយបម្រុង និងគ្មានសមត្ថភាព តើមានលទ្ធភាពទេ …។
យើងបន្តធ្វើការជាមួយគ្រប់ដៃគូ
យើងបន្តធ្វើការជាមួយដៃគូតទៅទៀត។ ដៃគូនោះ រួមមានទាំងធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក រាប់ទាំងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធផងដែរ កំពុងចរចា ដែលអាចនឹងយកពីទីនោះមកប្រមាណជា ២៥០ លានដុល្លារ សម្រាប់ហិរញ្ញប្បទាន ដែលខ្ញុំចង្អុលបង្ហាញថា គួរត្រូវប្រើធ្វើទៅជាផ្លូវលំចាក់កៅស៊ូ … កាន់តែច្រើន ដើម្បីធ្វើឱ្យជនបទរបស់យើងរីកចម្រើនឡើង។ យើងធ្វើការជាមួយដៃគូ ដូចជា ចិន ជប៉ុន ហើយសហភាពអឺរ៉ុប ដូចជា ប្រកាស … ប្រមាណ ៦០ លានជាង … ផ្នែកស្ដារឡើងវិញកំពុងពិភាក្សា។ អញ្ចឹងយើងមានធ្វើការជាមួយដៃគូ ទន្ទឹមនឹងប្រាក់របស់យើងមួយចំនួន យើងត្រូវរកពីខាងក្រៅ … ជាមួយកូរ៉េខាងត្បូងក៏យើងធ្វើ។ នេះគ្រាន់តែជាការបញ្ជាក់។ ខ្ញុំនិយាយច្រើនជាងការអាន។ ក៏ប៉ុន្តែ បើមិននិយាយដូច្នេះ គឺយើងយល់គ្នាមិនអស់នោះទេ។
[ចប់អត្ថាធិប្បាយ ៤]
មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណសាជាថ្មីចំពោះ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការគិតគូររៀបចំគោលនយោបាយ និងកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ប្រាក់ឧបត្ថម្ភនេះនឹងចូលរួមចំណែកជួយសម្រួលជីវភាពប្រជាពលរដ្ឋក្រីក្រនៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស បន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួងសុខាភិបាល។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមជួបប្រទះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ ១៩» ចាប់ពីពេលនេះតទៅ៕