សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន,​ អញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

CNV:

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកពិនិត្យការដ្ឋាន។ បន្តិចទៀតយើងនឹងពិនិត្យនៅនឹងទីកន្លែង។ ប៉ុន្តែ មុនពេលដែលយើងទៅពិនិត្យនេះ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់ជាមួយនឹងរបាយការណ៍របស់ឯកឧត្ដម ជា សុផារ៉ា ដែលជាប្រធានគណៈកម្មការជម្រុញការកសាងអាកាសយានដ្ឋានថ្មី ហើយនិងបានស្ដាប់ដោយយកចិត្តទុកដាក់​នូវរបាយការណ៍របស់លោក ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន និងទស្សនាវីដេអូអម្បាញ់មិញនេះ។ ខ្ញុំសូមកោតសរសើរដោយអស់ពីចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មិនត្រូវបានរារាំងដោយ Covid-19

Covid-19 មិនអាចរារាំងដំណើរ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់យើងបានទេ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការសាងសង់ ក៏ដូចជា ផ្នែកពាក់ព័ន្ធ ដែលក្នុងនោះមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ដែលបានជួយមកដល់ក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហាដីធ្លី និងបញ្ហាពាក់ព័ន្ធដទៃទៀត។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានធ្វើកិច្ចការងារដ៏ល្អ ដែលធ្វើឱ្យមានវឌ្ឍនភាព ដែលមកដល់ពេលនេះសម្រេចប្រមាណជា ៣០% នៃគម្រោងគ្រោងទុក។ អ្វីដែលលោក ពុង ឃាវសែ បានលើកឡើង គឺនៅត្រង់ថា នៅពេលខាងមុខនេះ តម្រូវការខាងកម្មករមានរហូតទៅដល់ ២ ម៉ឺននាក់/ថ្ងៃ។ ចំណុចនេះ គេបានឃើញហើយថា បើទោះបីជា Covid-19 អាចមានការប៉ះពាល់ទៅលើផ្នែក(មួយចំនួន) ជាពិសេស ទេសចរណ៍ និងឧស្សាហកម្មមួយចំនួន ប៉ុន្តែ Covid-19 មិនអាចរារាំងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទាំងរដ្ឋ និងវិស័យឯកជនបានទេ។

តម្រូវការកម្លាំងពលកម្មនៅតាមការដ្ឋាននានា ជួយដោះស្រាយការងារដល់កម្មករដែលត្រូវបានព្យួរការងារ

ប៉ុន្មានអាទិត្យមុននេះ ខ្ញុំបានទៅទស្សនកិច្ចពិនិត្យមើលការកសាងផ្លូវនៅខេត្តព្រះសីហនុ ដែលនៅទីនោះ យើងក៏បានប្រើប្រាស់រាប់ពាន់នាក់នៃកម្មករ​។ គម្រោងនៅទីនេះ ឥឡូវនេះ គឺមានត្រឹមពាន់នាក់ ប៉ុន្តែ នៅពេលខាងមុខ នៃការចាប់ផ្ដើមសាងសង់គ្រប់ផ្នែក នឹងប្រើកម្មកររហូតទៅដល់ ២ ម៉ឺននាក់។ ជាមួយនឹងគម្រោងដទៃៗទៀត ដែលកំពុងដំណើរការទាំងផ្លូវថ្នល់/ស្ពាន និងបណ្ដាសំណង់នានាដូចជាក្រុមហ៊ុន CIC ខ្លួនឯងនៅជ្រោយចង្វារ, ក្រុមហ៊ុនបុរី ប៉េង ហួត, ក្រុមហ៊ុនបុរី ជីប ម៉ុង សុទ្ធតែត្រូវការកម្មករទាំងអស់។ ដូច្នេះ នោះហើយ គឺជាការរួមចំណែក នៃការដោះស្រាយបញ្ហាបញ្ជូនពលកម្មពីកន្លែងមួយ ដែលវាមានផលប៉ះពាល់រហូតទៅដល់ព្យួរការងារ ទៅកាន់កន្លែងមួយថ្មីទៀត ដើម្បីនឹងទទួលបានការងារធ្វើ និងប្រាក់ចំណូលជាបន្ត។

២០២៣ នឹងសម្ពោធដំណាក់ទី ១, ២០៣០ ដំណាក់កាលទី ២ និង ២០៥០ ដំណាក់កាលចុងក្រោយ

ខ្ញុំសូមកោតសរសើរ ចំពោះបណ្ដាក្រុមហ៊ុនទាំងអស់ ជាពិសេសព្រលានយន្តហោះនេះ ដែលធ្វើឱ្យយើងអាចមើលឃើញអំពីចក្ខុវិស័យសម្រាប់ឆ្នាំ ២០៥០ ដែលជាដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍព្រលានយន្តហោះនេះ។ ពេលនោះ មិនប្រាកដថា តើមនុស្សប៉ុន្មាននាក់ដែលកំពុងនៅទីនេះ អាចរស់ដល់ឆ្នាំ ២០៥០ ប៉ុន្តែហោចណាស់ឆ្នាំ ២០២៣ យើងនឹងរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់នូវព្រលានយន្តហោះនេះ ដែលអាចមានសមត្ថភាពទទួលនូវអ្នកដំណើរ ១៣ លាននាក់។ បន្ទាប់ទៅឆ្នាំ ២០៣០ ហើយខ្ញុំសង្ឃឹមខ្លួនឯងថា ២០៣០ ខ្ញុំនឹងរស់បានទៅដល់ពេលនោះ។ វាមិនលំបាកទេ។ បើទោះបីខ្ញុំមិនកាន់ការងារក៏ដោយ ខ្ញុំអាចធ្វើជាភ្ញៀវមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវដំណាក់កាលទី ២ ដែលមានសមត្ថភាពទទួលនូវភ្ញៀវចំនួន ៣០ លាននាក់។ ឯដំណាក់កាលទី ៣ ចុងក្រោយ ២០៥០​ មិនប្រាកដថាយើងអាចរស់បានទៅដល់ពេលនោះទេ តែជួនកាលយើងអាចក្លាយទៅជាកុមារម្នាក់ មកចូលរួមអបអរសាទរជាមួយនឹងពិធី​សម្ពោធនោះផងដែរ ប្រសិនបើមានការចាប់ជាតិមែន។

ព្រលានយន្តហោះ ៣ សាងសង់ពេលទន្ទឹមគ្នា

ទៅលើការសាងសង់នូវព្រលានយន្តហោះនេះ ខ្ញុំក៏គួរតែបញ្ជាក់បន្តិចថា ឥឡូវយើងកំពុងកសាងព្រលានយន្តហោះព្រមៗគ្នាចំនួន ៣ ទី (១) ព្រលានយន្តហោះទីក្រុងភ្នំពេញថ្មីនេះ ទី (២) ព្រលានយន្តហោះនៅសៀមរាប និងទី (៣) ព្រលានយន្តហោះកងកេង ដែលការពង្រីកក្នុងរយៈពេលចុងក្រោយនេះ យើងអាចទទួលយន្តហោះប្រភេទធំចុះចតបានហើយ ដោយមានចម្ងាយ(ផ្លូវ)រត់រហូតទៅដល់ ៣២០០ ម៉ែត្រ ដែលបានពង្រីកហើយ។ ប៉ុន្តែស្ថានីយអ្នកដំណើរផ្សេងៗ ក៏នឹងប្រព្រឹត្តទៅ (ដោយ)រួចរាល់នៅឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន VINCI របស់បារាំង។ ឯនៅទីនេះ ខ្ញុំបានឃើញថា មានក្រុមហ៊ុន(មក)ពីប្រទេសជាច្រើន ដែលបានមកចូលរួមនៅក្នុងការដេញថ្លៃ ការរចនាប្លង់ និងការសាងសង់នានា គឺមានការចូលរួមចម្រុះ ដែលគុណភាពនៃព្រលានយន្តហោះរបស់យើងថ្ងៃក្រោយក៏នឹងមានសមត្ថភាព ដែលអាចមិនមែនគ្រាន់តែផ្លូវចុះតែមួយទេ គឺនឹងឈានទៅដល់ផ្លូវហោះពីរ មួយឡើង/ចុះ ឬចុះព្រមគ្នាក៏ធ្វើទៅរួច។ នេះជាតម្រូវការចាំបាច់ នៃការអភិវឌ្ឍប្រទេសជាតិ។

Covid-19 ផ្លាស់ប្ដូរឥរិយាបថមនុស្សពីរាប់រយពាន់ឆ្នាំ ទៅជាទម្លាប់ថ្មី

មនុស្សមួយចំនួនអាចចោទសួរថា ដំណាក់កាល Covid-19 ម៉េចក៏ចាំបាច់ធ្វើព្រលានយន្តហោះ? កាលពីប៉ុន្មានថ្ងៃមុននោះ នៅពេលដែលកងទ័ពជើងគោក រួមជាមួយអគ្គស្នងការនគរបាលជាតិ ធ្វើពិធីចែករថយន្តចំនួន ២៩០ គ្រឿង ទៅចំពោះកងទ័ព នគរបាល និងអាវុធហត្ថ បែរជា(មានអ្នក)និយាយថា ដំណាក់កាល Covid-19 ចាំបាច់អីទៅទិញឡានយកមកបំពាក់? នេះ(ជាការ)គិត(បែប)ជាតិរច្ឆានពិតប្រាកដហើយ។ យើងមិនយល់។ ហើយភាពល្ងង់ខ្លៅរបស់ពួកគេ បានត្រឹមប៉ុណ្ណឹងទេឬ? ឥឡូវ និយាយបញ្ហាព្រលានយន្តហោះ ថា Covid-19 រកតែយន្តហោះ ១ គ្រឿងចុះក៏មិនឃើញផង បើសៀមរាបបិទឈឹងតែម្ដង នៅសល់តែការហោះហើរផ្ទៃក្នុងប្រទេស។ ប៉ុន្តែ យន្តហោះជាអន្តរជាតិ គឺអត់មានទេ។ យន្តហោះដែលហោះពីអន្តរជាតិមក គឺចុះតែនៅព្រលានយន្តហោះភ្នំពេញ និងព្រលានយន្តហោះកងកេង នៅខេត្តព្រះសីហនុ​ឯណោះ។ អញ្ចឹង តើមានការចាំបាច់ ដើម្បីនឹងធ្វើព្រលានយន្តហោះឬទេ?

ច្បាស់ហើយថា ឥឡូវ Covid-19 ដាក់ឱ្យយើងនូវសភាពការណ៍មួយមិនច្បាស់លាស់។ បញ្ហាស្ថិតនៅត្រង់ថា តើ Covid-19 នឹងបញ្ចប់នៅពេលណា? ហើយ(បន្តទៅ) Covid-19 នឹងមានអ្វីកើតឡើងនៅពេលខាងមុខបន្ថែមទៀត? រហូតទៅដល់ Covid-19 បានផ្លាស់ប្ដូរនូវឥរិយាបថរបស់មនុស្ស ដែលមានរាប់រយរាប់ពាន់ឆ្នាំហើយនោះ អោយក្លាយទៅជាទម្លាប់ថ្មី។ ឧទាហរណ៍៖ កាលពីមុន Covid-19 តើយើងមានពាក់ម៉ាសទេ? តើយើងមានអង្គុយឃ្លាតឆ្ងាយពីគ្នាទេ? វាមិនមាន។ កាលមុន Covid-19 តម្រូវឱ្យយើងលាងដៃដោយអាល់កុល ដោយសាប៊ូច្រើនប្រភេទ? វាអត់មានទេ។ អញ្ចឹងទេ Covid-19 វាបានផ្លាស់ប្ដូរឥរិយាបថរបស់មនុស្សហើយ។ បើចេញដំណើរទៅក្រៅប្រទេស ត្រឡប់មកវិញ​ត្រូវដាក់ខ្លួនឯងឱ្យនៅ ១៤ ថ្ងៃដាច់ដោយឡែកពីគេ។ ដែលប្ដី/ប្រពន្ធធ្លាប់តែមកដល់ភ្លាម ជួនកាលបើមានកូនធំបន្ដិច ឱ្យលុយកូនទៅទិញស្ករគ្រាប់ ដើម្បីឱ្យបានជួបប្រពន្ធ។ ប៉ុន្តែឥឡូវនេះ មកដល់ផ្ទះហើយ ប្រពន្ធត្រូវនៅដោយឡែក កូនត្រូវនៅដោយឡែក ឪពុកត្រូវនៅដោយឡែក។ Covid-19 បានផ្លាស់ប្ដូរឥរិយាបទបែបនេះ។

ពេលអ្នកវិទ្យាសាស្រ្តរកវ៉ាក់សាំងការពារបាន ការអភិវឌ្ឍនឹងវិលមកភាពប្រក្រតីវិញ

ពិភពលោកមុននេះ មួយថ្ងៃៗ យន្តហោះហោះពេញមេឃ។ ឥឡូវ យន្តហោះគ្រប់ប្រទេសទាំងអស់ គឺតម្រៀបជួរចោលនៅនឹងដី ហើយដែលតាមព្រលានយន្តហោះជាច្រើននៅលើពិភពលោក មិនមានសកម្ម​ភាពដំណើរការទេ។ នេះវាបានបង្កើតឡើងនូវស្ថានភាពមិនច្បាស់លាស់សម្រាប់យើង។ ប៉ុន្តែ យើងនៅមាន​ភាពច្បាស់លាស់មួយ នៅត្រង់ថា Covid-19 មិនអាចរំលាយភពផែនដីនេះបានទេ នៅពេលដែលអ្នកវិទ្យាសាស្រ្តស្វែងរកវ៉ាក់សាំងការពារបានហើយនោះ គឺការអភិវឌ្ឍនឹងវិលមកភាពប្រក្រតីវិញ។ គ្រាន់តែភាពប្រក្រតីនោះ វាស្ថិតនៅតាមគន្លងថ្មី (និង)របៀបថ្មី ដែលសព្វថ្ងៃ អង្គការសុខភាពពិភពលោកបានអំពាវនាវថា ត្រូវរៀនរស់ជាមួយនឹងជំងឺកូវីដ ១៩ ព្រោះបើយើងមិនសម្របខ្លួនទេ ជំងឺកូវីដ ១៩ អាចនឹងបំផ្លាញយើង​។

កូវីដ ១៩ បង្កវិបត្តិសេដ្ឋកិច្ចពិភពលោក និងតាមប្រទេស, ប្រទេសភាគច្រើន មានកំណើនអវិជ្ជមាន

អ្វីដែលខ្ញុំចង់និយាយសំដៅនៅទីនេះ គឺនៅត្រង់ថា ជំងឺកូវីដ ១៩ ដាក់យើងឱ្យយើងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ និងប៉ះទង្គិចទៅលើបញ្ហាជាច្រើន ពិសេសវិបត្តិសេដ្ឋកិច្ចពិភពលោក និងវិបត្តិសេដ្ឋកិច្ចតាមប្រទេសមួយៗ។ ឆ្នាំនេះ ប្រហែលជាមានតិចតួចណាស់ ប្រទេសដែលមានកំណើនសេដ្ឋកិច្ចវិជ្ជមាន។ ប៉ុន្តែ ភាគច្រើន សេដ្ឋកិច្ចនៃបណ្ដាប្រទេស គឺធ្លាក់។ បានសេចក្ដីថា ដក។ ប្រទេសខ្លះបានប្រកាសទុកជាមុនហើយ ដូចជាសាំងហ្គាពួរ ថានឹង ដកដល់ ៧% (នៃកំណើនសេដ្ឋកិច្ច)ឯណោះ។ ប្រទេសខ្លះថា (ដក)១០% ឯណោះ។ តាមការប៉ាន់ប្រមាណរបស់អ្នកសេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី របស់ IMF និងធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ក្នុងរង្វង់(ដក)១,៥% ទៅ(ដក) ២,៩%។ ប៉ុន្តែ យើងបានវាយតម្លៃថា ភាពប្រាកដប្រជាអាចនឹង(មានក្នុងកម្រិត) -១,៩% នៅក្នុងឆ្នាំនេះ។ នេះ គឺជាស្ថានភាពមិនធ្លាប់មានក្នុងរយៈពេលជាង ២០ ឆ្នាំ។

បច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនណាប្រកាសក្ស័យធនទេ នៅកម្ពុជា

ប៉ុន្តែសួរថា ចុះបើអ្នកឯងមានវិបត្តិសេដ្ឋកិច្ចៗ អត់ឡើងអញ្ចឹង តើព្រលានយន្តហោះចាំបាច់ត្រូវកសាងទេ? ម៉េចក៏មិនទុកលុយយកទៅធ្វើស្អីផ្សេង? សូមបញ្ជាក់ជូន ក្រុមហ៊ុននៅកម្ពុជាបច្ចុប្បន្ននេះ មិនទាន់មានក្រុមហ៊ុនណាមួយប្រកាសក្ស័យធនទេ (ឬ)ប្រកាសអាសន្នអំពីការខ្វះទុនលើការវិនិយោគដែរ។ ឧទាហរណ៍នៅទីកន្លែងនេះ ត្រូវការវិនិយោគ ១៥០០ លានដុល្លារ។ ក្រុមហ៊ុនមួយនេះ អត់ទាន់និយាយពីរឿងខ្វះលុយ​ ហើយផ្អាកដំណើរការសាងសង់ទេ។ យើងមើលក្រុមហ៊ុនដទៃទៀត ដូចជាក្រុមហ៊ុន ប៉េង ហួត, ក្រុមហ៊ុន ជីប ម៉ុង កំពុងបើកការដ្ឋានសាងសង់ទាំងអស់។ ពីមុនធ្លាប់សាងសង់យ៉ាងម៉េច ក៏នៅសាងសង់ដដែល។ ខ្ញុំបានជួបម្ចាស់ក្រុមហ៊ុន ប៉េង ហួត, ជួប លាង ឃុន  ខ្ញុំបានសួរថា ផ្ទះនៅលក់ដាច់អត់? (ពួកគាត់)ថា នៅលក់ដាច់ ប៉ុន្តែគ្រាន់តែលក់ដាច់តិចជាងមុនតែប៉ុណ្ណឹងទេ។ អញ្ចឹង ប្រជាជនខ្មែរនៅមានលទ្ធភាព ដើម្បីទិញផ្ទះតើ។ ខែ មេសា តួលេខរាងធ្លាក់បន្ដិច, ខែ ឧសភា តួលេខឡើង(ចំនួនលក់ផ្ទះបុរីចេញ)។

(ទន្ទឹមនឹង) មានផ្នែកបាត់បង់ការងារ (ក៏មានផ្នែកដែល)បង្កើនការងារដែរ

ចំណុចនេះហើយ បានជាយើងឃើញថា អត្រាអត់មានការងារធ្វើ ដែលទទួលផលប៉ះពាល់ពីជំងឺកូវីដ ១៩ មាននៅក្នុងវិស័យទេសចរណ៍, មាននៅក្នុងវិស័យឧស្សាហកម្មមួយចំនួន ប៉ុន្តែ(ទន្ទឹមនឹង)មានផ្នែកដែលបាត់បង់ការងារ (ក៏មានផ្នែកដែល)បង្កើនការងារដែរ។ សូម្បីតែរោងចក្រ(ក៏មានការ)បន្ថយការងារ ឬព្យួរការងារនៅរោងចក្រខ្លះ ប៉ុន្តែវាទៅបង្កើនការងារនៅរោងចក្រខ្លះទៀត ដែលផលិតកម្មហ្នឹងវាត្រូវឱ្យផលចំណេញ។ ឧទាហរណ៍៖ នៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ចាម និងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង នៅត្រង់ថា នៅទីនោះផលិតនូវសំលៀកបំពាក់ពេទ្យ ឧបករណ៍ពេទ្យ។ អញ្ចឹងទេ សម្ភារពេទ្យ ខោអាវពេទ្យម៉ាក Du Pont និងសម្ភារពេទ្យដទៃទៀត គឺប្រទេសនានាកំពុងត្រូវការបញ្ជាទិញ។ អញ្ចឹង នៅទីនោះ គេបង្កើនសង្វាក់ផលិតកម្មរបស់គេឡើង។

បឹងជើងលោង​៖ ចាក់ដីបំពេញការដ្ឋាន ដោះស្រាយការការស្រោចស្រព បង្កើតសន្និធិត្រី និងដោះជំនន់

អញ្ចឹង ព្រលានយន្តហោះនេះត្រូវតែធ្វើទៅតាមផែនការ មិនត្រឹមតែព្រលានយន្តហោះនេះមួយទេ ការដ្ឋានទាំងអស់ត្រូវបន្តដំណើរការ។ ហើយការគ្រោងទុករបស់យើងនេះ ឆ្នាំ ២០២៣ (បញ្ចប់ការសាងសង់ព្រលានយន្តហោះ) ប៉ុន្តែ ខ្ញុំនៅតែផ្ដល់មតិ ដោយសារនៅទីនេះ អ្នកទាំងឡាយអាចដឹងហើយថា យើងមានភ្ជាប់ទីក្រុងភ្នំពេញ មានខេត្តកណ្ដាល និងខេត្តតាកែវ។ សូមឱ្យអាជ្ញាធរខេត្តកណ្ដាល និងខេត្តតាកែវ សហការគ្នាឱ្យបានល្អ ជួយទៅដល់ក្រុមហ៊ុនផង តែជួយដល់កសិករ ចំពោះអ្នកដែលនៅទន្លេបាទី នៅព្រៃកប្បាស និងនៅស្អាង គឺតំបន់ក្រាំងយ៉ូវ បានសេចក្ដីថា បើនៅខាងទន្លេបាទីរបស់ខេត្តតាកែវ ពាក់ព័ន្ធនឹងឃុំពត់សរ របស់ស្រុកបាទី ហើយមានផ្នែកខ្លះក្នុងស្រុកព្រៃកប្បាសតិចតួចទេ ប៉ុន្តែ ទាក់ទងច្រើនមកខាងក្រាំងយ៉ូវ ដែលបឹងនោះ គេហៅថា បឹងជើងលោង។ ខ្ញុំបានប្រាប់លោក ពុង ឃាវសែ ឱ្យជួយជីកបឹងជើងលោងឱ្យជ្រៅ ហើយយកអាចម៌ដីនោះ មកចាក់បំពេញឱ្យព្រលានយន្ដហោះនេះ។

ហេតុអីបានជាខ្ញុំត្រូវរំលឹករឿងនេះ? បឹងជើងលោងនេះ មានតួនាទីសំខាន់ណាស់ ដែលវាទាក់ទងជាមួយនឹងខេត្តដល់ទៅពីរ ឬស្រុកបី។ ខេត្តតាកែវ ទាក់ទងនឹងស្រុកពីរ និងខេត្តកណ្ដាល ទាក់ទងនឹងស្រុកមួយ គឺស្រុកស្អាង។ វាជាប្រភព នៃការដោះស្រាយទឹក សម្រាប់កសិករធ្វើស្រែប្រាំងនៅតំបន់ពត់សរ និងផ្នែកមួយចំនួន នៃស្រុកព្រៃកប្បាស ហើយវាធ្លាក់មកជាតំបន់ នៃការធ្វើស្រែប្រាំងតាំងពីក្រាំងយ៉ូវ រហូតចេញមកទន្លេបាសាក់របស់យើងនេះ។ អញ្ចឹង ត្រូវតែស្ដុកទឹកឱ្យបានច្រើននៅទីនេះ តាមរយៈការស្ដារអាចម៌ដី។ ការយកអាចម៌ដីពីក្នុងអាងមកចាក់ធ្វើព្រលានយន្តហោះ ជាផលចំណេញរបស់ក្រុមហ៊ុន តែក៏ជាផលចំណេញរបស់រដ្ឋ និងរបស់ប្រជាជនដែរ។ នៅពេលណាដែលបឹងជើងលោងវាជ្រៅ វានឹងបង្កើតបាននូវស្ដុកត្រីរបស់យើង (ហើយ)ធំធាត់នៅក្នុងបឹងជើងលោង។ តែបឹងជើងលោង មិនមែនគ្រាន់តែដោះស្រាយបញ្ហាប្រភពទឹកសម្រាប់ស្រោចស្រពតែមួយមុខទេ តែបឹងជើងលោង(ក៏)ជាប្រភពនៃការដែលយើងជម្លៀសទឹកជំនន់ព្រែកត្នោត ព្រោះយូរៗម្តង ជំនន់ព្រែកត្នោតនឹងកើតឡើង។ ជំនន់ព្រែកត្នោតនោះ គឺវាធ្លាក់ទៅក្នុងទន្លេបាសាក់ ប៉ុន្តែ នៅពេលណាដែលទឹកទន្លេបាសាក់វាខ្ពស់ដែរ ពេលដែលទឹកជំនន់ទៅ តើទឹកទៅណា? យើងត្រូវបញ្ចៀសវាទៅបឹងជើងលោង។

ឆ្នាំ ២០០០ ខ្ញុំបានបញ្ជាឱ្យ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ធ្វើការកាត់ផ្លូវជាតិលេខ ២ ហើយប្រហែលជាអ្នកទាំងឡាយ ដែលជិះតាមផ្លូវឃើញព្រែកមួយនោះ ហើយធ្វើស្ពានកាត់ ព្រែកនោះហើយ គឺជាបឹងជើងលោង នៅពេលដែលទឹកជំនន់ព្រែកត្នោតធ្លាក់ចូលមក ហើយបើចេញ(ពី)ទន្លេទៅមិនរួច គឺយកវាទៅស្តុកនៅបឹងជើងលោងសិន។ អញ្ចឹង បានជាខ្ញុំទទូច ហើយប្រាប់ ឯកឧត្តម ពុង ឃាវសែ ច្រើនដង ថាឱ្យយកចិត្តទុកដាក់ទៅលើការជីកយកដីចេញពីបឹងជើងលោង ដើម្បីបម្រើឱ្យការដ្ឋានសាងសង់ ប៉ុន្តែ ផលប្រយោជន៍នៃទឹកនេះ គឺបានមកប្រជាជនសម្រាប់ស្រោចស្រព ហើយក៏ជាផលប្រយោជន៍នៃការរំដោះទឹកជំនន់ តាមរយៈព្រែករទាំងចុះទៅ យកទៅទុកនៅហ្នឹង។ ដល់ពេលហូរចេញ អត់ហូរចេញតាមព្រែករទាំងចុះទៅព្រែកត្នោត ដើម្បីចេញទៅទន្លេបាសាក់ តាមតាខ្មៅទេ វាចុះទៅព្រែកអំបិលវិញ។ វាចេញតាមបឹងជើងលោង រួចហើយវាចេញតាមក្រាំងយ៉ូវ ហើយចុះតាមបណ្តាឃុំ ចេញទៅខាងស្អាង ចុះទៅទន្លេបាសាក់វិញដដែល។

ថ្ងៃទី ២៤ (មិថុនា) ប្រកាសជំនួយជាសាច់ប្រាក់សម្រាប់ប្រជាពលរដ្ឋក្រីក្រជាង ៦០ ម៉ឺនគ្រួសារ

ថ្ងៃនេះ ខ្ញុំមកពិនិត្យទៅលើការដ្ឋាននេះ បន្ទាប់ពីពិនិត្យនូវការដ្ឋានសាងសង់ផ្លូវនៅឯខេត្តព្រះសីហនុ។ ខ្ញុំសង្ឃឹមថា អ្នកដែលខ្វះការងារធ្វើ ស្វែងរកការងារធ្វើ ស្វែងរកប្រាក់ចំណូល។ ច្បាស់ណាស់នឹងមានប្រាក់ចំណូលនៅកន្លែងនេះ ដែល(នឹង)មានប្រាក់ចំណូលបន្ត ព្រោះគ្មានអ្នកណាមួយ ដែលអាចរស់បានដោយមិនធ្វើការងារទេ។ ប្រសិនបើរដ្ឋអន្តរាគមន៍ ក៏គ្រាន់តែអន្តរាគមន៍ក្នុងរយៈពេលណាមួយដែរ គ្មានប្រទេសណាមួយ ដែលចិញ្ចឹមមួយជីវិតនោះទេ នៅពេលដែលយើងធ្វើការងារបាននោះ។ ថ្ងៃទី ២៤ (មិថុនា) ខាងមុខនេះ ខ្ញុំនឹងប្រកាសការឧបត្ថម្ភប្រមាណជាង ៦០ ម៉ឺនគ្រួសារ ដែលចូលមនុស្សរាប់លាននាក់ អំពីជំនួយជាសាច់ប្រាក់ សម្រាប់ប្រជាពលរដ្ឋក្រីក្រ បន្ទាប់ពីយើងបាន និងកំពុងអនុវត្តនូវការឧបត្ថម្ភចំពោះកម្មករដែលបាត់បង់ការងារធ្វើ ចំពោះកម្មការិនីដែលឆ្លងទន្លេ ចំពោះស្ត្រីដែលមានផ្ទៃពោះ និងកម្មវិធីមួយចំនួនទៀត​។ ពេលនោះយើងនឹងប្រកាសអំពីបញ្ហានេះ។

រាជរដ្ឋាភិបាលនៅតែមានលទ្ធភាពដំឡើង និងបន្តបើកបៀវត្សរ៍ ពីរដងក្នុងមួយខែ

ក្រុមហ៊ុននេះ មិនមានផលប៉ះពាល់ណាមួយស្តីអំពីហិរញ្ញវត្ថុសម្រាប់ការសាងសង់ទេ ដោយមានភាពរឹងមាំក្នុងវិស័យហិរញ្ញវត្ថុ។ ជាទូទៅក្នុងប្រទេសកម្ពុជារបស់យើង អត់ទាន់មានក្រុមហ៊ុនណាមួយ ឬការដ្ឋានណា​មួយត្រូវបិទដោយសារការខ្វះទុនទេ។ អត់ទាន់មានទេ។ ប៉ុន្តែ វាចំឡែកត្រង់អញ្ចេះ មានអ្នកខ្លះគេថាកម្ពុជាស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច អ្នកឯងនិយាយត្រូវ វិបត្តិសេដ្ឋកិច្ចពេលនេះ មិនមែនប៉ះពាល់តែកម្ពុជា​មួយទេ ពិភពលោកទាំងមូល រាប់ទាំងប្រទេសអ្នកមាន ដែលត្រូវការបញ្ចេញទុនមកសង្គ្រោះសេដ្ឋកិច្ច ឬក៏អន្តរាគមន៍ក្នុងវិស័យសង្គម។ ប៉ុន្តែ ប្រទេសខ្លះក៏គេមានលុយគ្រប់គ្រាន់ ប្រទេសខ្លះត្រូវចាប់ផ្តើមលក់ប័ណ្ណរតនាគារ ដើម្បីខ្ចីលុយពីប្រជាពលរដ្ឋយកមកសង្គ្រោះសេដ្ឋកិច្ច។

(មាន)អ្នកខ្លះបង្ហោះហ្វេសប៊ុកថា ឆ្នាំក្រោយកម្ពុជានឹងអត់មានប្រាក់បើកបៀវត្សរ៍ទេ។ ខ្ញុំគ្រាន់តែបញ្ជាក់ថា Covid-19 មិនអាចសម្លាប់(រាជ)រដ្ឋាភិបាលហ៊ុន សែន បានទេ។ ឥឡូវនេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទទួលបាននូវការឡើងបៀវត្សរ៍ បើទោះបីមកដល់ខែ មេសា ត្រូវឡើងបៀវត្សរ៍មួយដំណាក់ទៀត ពេលនោះ Covid-19 កំពុងតែវាយប្រហារ ចំណូលធ្លាក់ចុះ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលនៅតែមានសមត្ថភាព ដើម្បីនឹងដំឡើងបៀវត្សរ៍ ហើយបន្តបើកបៀវត្សរ៍/ខែបើក ២ ដង។ បើអ្នកឯងរង់ចាំឱ្យ(រាជ)រដ្ឋាភិបាល ហ៊ុន សែន ដួល អ្នកច្បាស់ជាចូលទៅក្នុងការវង្វេងទិសដៅ។ តែខ្ញុំក៏ចង់ឱ្យអ្នកឯងវង្វេងទិសដៅរហូតទៅដែរ ព្រោះបានជាអ្នកឯងឡប់ទៅហើយ ឱ្យឡប់រហូតទៅ មិនបាច់រកគ្រូស្រោចទឹកទេ។ បើយោងទៅលើស្ថានភាពធម្មតា មកដល់ពេលនេះ ផ្នែកគយយើងអាចប្រមូលបានប្រមាណ ២០០០ (លានដុល្លារ) ឬលើស ២០០០ លានដុល្លារ។ ប៉ុន្តែ បើមិនសម្រេចដល់គោលដៅនៃ ២០០០ លានដុល្លារ គ្រាន់តែផ្នែកគយមួយ ក៏យើងសម្រេចបាន ១២០០ លានដុល្លារដែរ។ វាគ្រាន់តែធ្លាក់ចុះក្នុងបរិមាណមួយ ក៏ប៉ុន្តែ យើងមិនទាន់ដល់កម្រិតដែលអត់មានសាច់ប្រាក់បើកបៀវត្សរ៍ទេ។

ចំណូលចរន្ត គ្រប់គ្រាន់សំរាប់ការចំណាយចរន្ត

ខ្ញុំសុំបញ្ជាក់ អាចមានអ្នកសារព័ត៌មានដាក់ការងឿងឆ្ងល់ថា កម្ពុជាមានប្រាក់ពិតប្រាកដទេ នៅក្នុងដៃ ដែលថាមានជាង ៣០០០ លានដុល្លារ? ជាង ៣០០០ លានដុល្លារ ខ្ញុំអត់ទាន់និយាយពី ២០ ពាន់លានដុល្លារជាទុនបម្រុងអន្តរជាតិទេ ខ្ញុំនិយាយអំពីបញ្ហាសាច់ប្រាក់។ រឿងកម្ពុជា ខ្ញុំសុំបញ្ជាក់ថា មាយាទរបស់យើង គឺការសន្សំ ហើយសន្សំនេះទៀតសោត មិនមែនការសន្សំតួលេខទេ សន្សំសាច់លុយ។ យើងសល់សាច់លុយប្រមាណជា ៣៥០០ លានដុល្លារ។ អញ្ចឹង យើងមានលទ្ធភាព ដើម្បីនឹងរុញនូវថវិកានោះ។ ឥឡូវកម្មករដែលបាត់បង់ការងារធ្វើ កំពុងបើកមួយថ្ងៃៗ ១ ម៉ឺននាក់ (ឬ) ២ ម៉ឺននាក់ តាមធនាគារឯកទេសវីង ហើយចំពោះការបើកផ្តល់បៀវត្សរ៍ប្រចាំខែនេះ គ្មានតម្រូវការចាំបាច់យកប្រាក់សន្សំរបស់យើង យកមកប្រើប្រាស់ទេ ចំណូលចរន្តរបស់យើង យកទៅចំណាយចរន្តវិញ គឺវាគ្រប់គ្រាន់ហើយ …។

រថយន្តយោធា ២៩០ គ្រឿង បញ្ជាទិញតាំងពីខែកុម្ភៈ ដោយគ្មានប្រើប្រាស់ថវិកាជាតិសូម្បីមួយសេន

… ហេតុអី បានយកឡាន ២៩០ គ្រឿងមកបំពាក់ឱ្យកងទ័ព។ រថយន្តនេះ ក្រោយពេលដែល នាយឧត្តមសេនីយ៍ នេត សាវឿន យកមកឆ្លងខ្ញុំ ថាមានរថយន្តប្រភេទនេះៗ។ ខ្ញុំឱ្យបញ្ជាទិញតាំងពីខែកុម្ភៈ ប៉ុន្តែ ដោយសារ COVID-19 ទោះបីជាផលិតហើយក៏ដោយ ត្រូវរង់ចាំឱ្យមានការស្ងប់នៅប្រទេសចិន។ រឿងនេះចាប់ផ្ដើមពីអ្វី? ចាប់ផ្ដើមពីសម័យថ្ងៃមួយ គឺទឹកជំនន់ធ្ងន់ធ្ងរបាក់ទំនប់វារីអគ្គិសនី នៅក្នុងប្រទេសឡាវ។ បាក់ព្រឹបភ្លាម ឡាវបានបញ្ជូនព័ត៌មានមកកម្ពុជា ព្រោះស្រុកថាឡាបរិវ៉ាត់ នៅជាប់នឹងព្រំដែនរបស់ឡាវ។ ពេលនោះភូមិភាគមួយនៅខេត្តស្ទឹងត្រែង បានចល័តកងទ័ព និងកម្លាំងនគរបាល អាវុធហត្ថ ប្រមាណជាង ១០០០ នាក់ ដើម្បីទៅយកប្រជាជនចេញពីតំបន់ដែលត្រូវលិចលង់។ ភាពលំបាកនៅពេលនោះ គឺបញ្ហាទាក់ទិននឹងបញ្ហាជាមួយនឹងមធ្យោបាយដឹកជញ្ជូនកម្លាំង ដើម្បីទៅជួយសង្គ្រោះប្រជាពលរដ្ឋ ហើយភាពលំបាកក្នុងការដឹកប្រជាពលរដ្ឋចេញពីផ្ទះសំបែង។ មិនមែនឱ្យគាត់ដើរទេ ត្រូវដឹកគាត់ចេញ ជាពិសេសក្មេងៗ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ ត្រូវតែដឹកយកមុន។ ប៉ុន្តែ ពេលនោះមធ្យោបាយរបស់យើង​មានស្ដួចស្ដើងណាស់។

អញ្ចឹង ខ្ញុំគិតថា ខ្ញុំមិនអាចប្រើថវិកាជាតិទេ ខ្ញុំត្រូវចលនាសប្បុរសជននានា ដើម្បីរកវិធីបំពាក់មធ្យោបាយឱ្យថ្នាក់យោធភូមិភាគ បណ្ដាកងពលនៅខាងលើនេះ។ រថយន្តដែលមាន កងពល ៩៩ របស់ក្រសួងការពារជាតិ និងកងពល ៩០ របស់កងទ័ពជើងគោក ដែលមានរថយន្តជាង ២០០ គ្រឿង ហើយនៅតាមអង្គភាពមួយចំនួន ប៉ុន្តែ អ្នកដែលប្រតិបត្តិការលឿនរហ័ស គឺនៅភូមិភាគ និងកងពលឯណោះទេ។ ខ្ញុំសុំបញ្ជាក់ឡើងវិញថា យើងអត់មានប្រើប្រាស់ថវិការដ្ឋសូម្បីមួយសេន។ ប៉ុន្តែ នយោបាយខឿនការពារជាតិរបស់ប្រជាជន មិនមែនជារឿងថ្មីទេដែល ហ៊ុន សែន បានធ្វើរឿងនេះ។ ជោគជ័យខ្លាំងណាស់។ ពេលមានសភាពការណ៍ម្ដងៗ វិស័យឯកជនចូលរួមជួយកងទ័ព។ អញ្ចឹង បានជាមានអង្គភាពធ្វើសម្ព័ន្ធភាពជាមួយគ្នា។ ក្រុមហ៊ុននេះធ្វើសម្ព័នភាពជាមួយកងពលនេះ។ អញ្ចឹងទេ វាទៅជាការផ្សារភ្ជាប់ទំនាក់ទំនង រវាងរដ្ឋជាមួយប្រជាជនបេះមិនដាច់។ រហូតដល់ក្រុមហ៊ុនខ្លះក៏ធ្វើសម្ព័នភាពជាមួយនឹងកងការពារព្រំដែន។ ឥឡូវ បើគេមិនមែនជាតិរច្ឆានទេ គេគួរតែសប្បាយចិត្តថា រថយន្តដែលបានបំពាក់ឱ្យកងកម្លាំងប្រដាប់អាវុធ វាជាមធ្យោបាយមិនមែនគ្រាន់តែការការពារជាតិទេ។ ការដឹកជញ្ជូនមនុស្សទៅសង្គ្រោះបន្ទាន់នៅកន្លែងណាមួយ (និង/ឬ)ដឹកកងទ័ពទៅសង្គ្រោះបន្ទាន់នៅកន្លែងណាមួយ គឺសុទ្ធតែត្រូវការរថយន្តទាំងអស់។ រលំអាគារនៅខេត្តព្រះសីហនុ និងរលំអាគារនៅខេត្តកែប កម្លាំងកងទ័ពចូលរួមជាស្នូលនៃប្រតិបត្តិការ ប៉ុន្តែ ពេលចល័តទ័ពត្រូវខ្វះមធ្យោបាយ។ អញ្ចឹងទេ បានជាខ្ញុំ ជាមួយនិងសប្បុរសជននានា ប្រើប្រាស់ថវិកាប្រ​មាណជិត ២០ លានដុល្លារ ដើម្បីទិញរថយន្ត សម្រាប់ជាមធ្យោបាយឱ្យកងទ័ព នគរបាល អាវុធហត្ថ។ ខ្ញុំសូមជម្រាប ២០០ គ្រឿងតិចណាស់ បើប្រៀបធៀបជាមួយសម័យរដ្ឋកម្ពុជា។​ កងពលលេខ ២៨៦ រថយន្តជិត ២០០ គ្រឿង។

ថ្ងៃទី ២៨ មិថុនា ២០២០ នឹងសូត្រមន្តចូលនៅអាគារទីស្នាក់ការគណបក្សប្រជាជនថ្មី

ឥឡូវ មិត្តចិនផ្ដល់រថយន្តឱ្យខ្ញុំ ១៥៧ គ្រឿង។ កំពុងប្រើប្រាស់។ អាថ្មីៗនេះ យកមកបញ្ជូនទៅឱ្យយោធភូមិភាគឯណោះ។ ប៉ុន្តែ បានអា ២០០ គ្រឿងជាងនោះ កាលពីកម្មករយើងមកពីថៃបាក់ទឹកបាក់ដី ឆ្នាំ ២០១៤-១៥ ប្រើប្រាស់មធ្យោបាយកងទ័ពទាំងអស់ទៅដឹក ទើបអាចទៅរួច។ ឡាននីមួយៗ សុទ្ធតែមានអង្ករ/ឆ្នាំង ព្រោះប្រជាជនគាត់ត្រូវការឃ្លាន គឺត្រូវចិញ្ចឹមពួកគាត់។ ឥឡូវ មានវេទិកាតុមូលពីរឿងរថយន្ត ២៩០ គ្រឿង។ នេះជាប្រភេទតិរច្ឆាន។ ហើយ(នៅ)មិនសុខចិត្ត មករករឿងគណបក្សប្រជាជន(ពីការ)កសាងអាគារ។ តែខ្ញុំប្រាប់ថា អ្នកឯងចង់ថាម៉េចក៏ថាទៅ។ ថ្ងៃទី ២៨ នេះ គណបក្សប្រជាជននឹងសូត្រមន្តចូលនៅអាគារហើយ។ កុំអីយកថ្ងៃទី ២៦ ចំថ្ងៃ សុក្រ ប៉ុន្តែ ថ្ងៃទី ២៦ ជាប់ប្រជុំអាស៊ានទាំងព្រឹក/ល្ងាច។ ថ្ងៃសុក្រល្អ ​និយាយតាមជើងលេខ។ អាទិត្យចុះរណ្ដៅ ច័ន្ទចុះផ្លូវ អង្គារចុះភ្លើង ពុធចុះភូមិ ព្រហស្បតិ៍្តចុះព្រៃភ្នំ សុក្រចូលដំណេក សៅរ៍ចុះទឹក អញ្ចឹងទេសុក្រចូលដំណេកវាល្អ។ ឯថ្ងៃទី ២៨ ចំថ្ងៃអាទិត្យ ចំថ្ងៃបុណ្យខួបគណបក្សប្រជាជន តែក៏ចំថ្ងៃសីល៍ដែរ ៨ កើត។ អញ្ចឹង សូត្រមន្ត។

លុយសាងសង់អាគារទីស្នាក់ការគណបក្សប្រជាជន បានមកពីការចូលរួមរបស់សមាជិក/ជិកាបក្ស

គេដាក់ថា បានលុយពីណា? ចម្លើយរបស់ខ្ញុំប្រាប់ទៅអ្នកឯងវិញ សមាជិក/ជិកា គណបក្សប្រជាជនមានគ្រប់មជ្ឈដ្ឋានទាំងអស់ តាំងពីកម្មករ កសិករ ពាណិជ្ជករ កូនសេដ្ឋី។ អញ្ចឹង មានអីត្រូវពិបាកត្រឹម ៣០ លានដុល្លារជាងយកទៅសាងសង់ សម្រាប់អាគារគណបក្សមួយ ដែលជាបក្សកាន់អំណាច? ឯពួកអ្នកឯងដើររៃលុយ ដើម្បីធ្វើនេះ/នោះពីសមាជិករបស់អ្នក។ រឿងរបស់អ្នកឯង មានមកទី ១, ទី២ ធ្វើនេះ/នោះ ខ្លះចលនាគ្នាបង្កើតទូរទស្សន៍ វាមិនចេញទូរទស្សន៍ព្រះអាទិត្យ (វាចេញ)ព្រះច័ន្ទឯណាណោះទៅវិញ បាត់លុយគេមិនដឹងទៅណាទេ។ ខ្ញុំគ្រាន់តែនិយាយខ្លីទេ អត់ចាំបាច់ថាលុយមកពីណា លុយមកពីការចូលរួមរបស់សមាជិក/ជិកាគណបក្សប្រជាជន។ សូម្បីតែ ពុង ឃាវសែ ក៏ជាសមាជិកគណបក្សប្រជាជន ដូច្នេះ ពុង ឃាវសែ ខ្លាចអីនឹងចូលកន្លះលាន ឬ ២០ ម៉ឺន(ដុល្លារ)។ ឧកញ៉ានេះ/នោះ ហើយសមាជិកគណបក្សម្នាក់បន្តិចៗ ផ្សំគ្នាទៅ គឺជាង ៣០ លានដុល្លារ​បាត់។ ឯចំពោះពេទ្យកាល់ម៉ែត គឺយើងអំពាវនាវសប្បុរសជនចូល ដែលមកពេលនេះ គឺមានថវិកាជាង ១០០ លានដុល្លារ ក្នុងនោះថវិការដ្ឋ គឺទម្លាក់ចុះ ៣០ លានដុលារ និងថវិកាសប្បុរសជនជាង ៧០ លានដុល្លារ ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យ។

បើគ្មានសមត្ថភាព មិនអាចឈរជើងក្នុងហ្វូងអ្នកនយោបាយខ្មែរជាង ៤១ ឆ្នាំបានទេ

នេះជាការរួមចំណែក គេហៅសិល្បៈនៃការចែករំលែក ដើម្បីជួយដល់ប្រជាជន។ ក្នុងសម័យកូវីដ ១៩ នេះ អត់ទាន់ឃើញមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង មិនបានដោះស្រាយទេ។ គ្រាន់តែប្រាប់ពួកអ្នកឯងវិញថា កុំមើលស្រាលរដ្ឋាភិបាល ហ៊ុន សែន ឱ្យសោះ ហើយកុំមើលស្រាយពីសមត្ថភាពរបស់ ហ៊ុន សែន ក្នុងការដោះស្រាយ(បញ្ហា) ប្រសិនបើ ហ៊ុន សែន គ្មានលទ្ធភាពទេមិនអាចឈរជើងនៅក្នុងហ្វូងអ្នកនយោបាយស្រុកខ្មែររយៈ(ពេល) ៤១ ឆ្នាំកន្លងទៅទេ។ តាំងពីអាយុមិនទាន់គ្រាប់ ៣០ ឆ្នាំ (២៦ ឆ្នាំកន្លះ) ធ្វើរដ្ឋមន្ត្រីរួចទៅហើយ។ អាយុ ៣២ ឆ្នាំ ធ្វើនាយករដ្ឋមន្ត្រី ហើយធ្វើជាង ៣៥ ឆ្នាំរួចទៅហើយៗ ធ្លាប់ប្រើក្បាលអ្នកឯង។ អ្នកឯងអ្នកចោទ ប៉ុន្តែ ខ្ញុំធ្លាប់ប្រើក្បាលអ្នកឯងឱ្យជួយកែរដ្ឋធម្មនុញ្ញ អ្នកឯងនៅចាំទេ? អញ្ចឹង បើអ្នកឯងហ៊ានជេរ ហ៊ុន សែន អាល្ងង់ អញ្ចឹង អ្នកឯងវាល្ងង់ជាង ព្រោះអាល្ងង់នេះ ប្រើអាល្ងង់នោះបាន។ កែរដ្ឋធម្មនុញ្ញមិនមែនជារឿងលែងទេណាអា ២/៣ មក ៥០+១ អ្នកឯងជេរ ហ៊ុន សែន អាយ៉ង អញ្ចឹង ឯងហ្នឹងកញ្ជះអាយ៉ងទៅទៀត ព្រោះអញប្រើក្បាលអ្ហែងបាន។ អ្ហែងត្រូវចាំ។

២៥ លានដុល្លារ/ខែ សម្រាប់សង្គ្រោះ និងជួយទំនុកបម្រុងជាង ៦០ ម៉ឺនគ្រួសារ

មិនមែនយកវេទិកានេះ ដើម្បីឆ្លើយឆ្លងទេ ក៏ប៉ុន្តែ គ្រាន់តែពន្យល់ ហើយសួរថា បានលុយមកពីណាទៅសង្គ្រោះប្រជាជន? ខ្ញុំសូមប្រកាសទុកជាមុន ថ្ងៃទី ២៤ (មិថុនា ២០២០)នេះ ខ្ញុំនឹងប្រកាស ក្នុងមួយខែ យើងត្រូវចំណាយប្រមាណជា ២៥ លានដុល្លារ សម្រាប់សង្គ្រោះ (និង)ជួយទំនុកបម្រុងទៅដល់ជាង ៦០ ម៉ឺនគ្រួសារ។ ពេលនោះវាមានលទ្ធភាព យើងប្រើប្រាស់នូវថវិកាចរន្ត ដែលជាចំណូលធម្មតា។ ក្នុងរង្វង់ពេលកូវីដ ១៩ បើវាមិនបានលើស ៥០០ លានដុល្លារ ក៏បានត្រឹម ៤០០ លានដុល្លារដែរ ហើយចាយទៅលើបៀវត្សរ៍ត្រឹមតែជាង ២០០ លានដុល្លារទេ។ ដូច្នេះ ការដ្ឋានដែលកំពុងដំណើរការនៅបន្ត។ សូម្បីផ្លូវខ្សែក្រវាត់ក្រុង ដែលយើងកំពុងមើលក្បែរយើងនេះ ដំណើរការសាងសង់ ហើយត្រូវទម្លាក់ទុនជាបន្តបន្ទាប់ ដើម្បីដោះស្រាយផលប៉ះពាល់។ និយាយអញ្ចឹង មិនមែនបានសេចក្តីថា បើកឱ្យបណ្តាខេត្ត និងស្ថាប័នចាយលុយផ្ដេសផ្ដាសទេ។ អត់ទេ។

សិល្បៈចែករំលែក ដើម្បីមូលនិធិប្រយុទ្ធនឹង កូវីដ ១៩

ប្រាក់ខែអត់មានកាត់កងទេ លើកលែងតែគេស្ម័គ្រចិត្តជួយ ដែលរហូតមកដល់ពេលនេះ គឺអ្នកដែលបានកាត់បៀវត្សរ៍មានដូចជា ៦០០០០-៧០០០០ ម៉ឺននាក់ឯណោះ ហើយទំហំថវិកា គឺជាង ១០ លានដុល្លារ សម្រាប់ជួយកូវីដ ១៩ ឯចំណូលបានមកពីសប្បុរសជន ដែលដឹកនាំដោយសម្តេចព្រះមាតាជាតិ ក៏ដូចជា ព្រះមហាក្សត្រ ដែលព្រះអង្គបានចាប់ផ្តើមចលនានេះ យើងមានចំណូលដូចជា ១៥ លានដុល្លារ តែយើងចំណាយត្រឡប់ទៅវិញក្នុងការទិញសម្ភារៈបំពាក់មធ្យោបាយស្អីៗនេះ អស់ប្រមាណជា ៨-៩ លានដុល្លារ ប៉ុណ្ណឹង។ នេះជាសិល្បៈ នៃការចែករំលែក។ អ្នកឯងកុំមើលស្រាលកម្ពុជា។ ទុកនៅក្នុងឃ្លាំង មានសម្ភារ ស្តុកដែលប្រើជាប្រចាំរបស់ក្រសួងសុខាភិបាល ហើយក៏មានសម្ភារស្តុកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ម៉ាសត្រូវតែមាននៅក្នុងឃ្លាំង ១១ លាន ម៉ាសជានិច្ច។ សម្លៀកបំពាក់សម្រាប់គ្រូពេទ្យ ត្រូវតែមានប៉ុន្មានពាន់កំប្លេ រហូតទៅដល់ស្តុកទុកអង្ករ/មី ប៉ុន្មានរោងចក្រត្រូវស្តុកទុកប៉ុន្មាន? ឈានទៅដល់ផលិតទឹកត្រី ទឹកស៊ីអ៊ីវ ដើម្បីបម្រុងទុក។ សូមអ្នកឯងចាំ។ ភាពលម្អិតនៅទីនេះ ខុសពីពួកអ្នកឯងគិត។ អញ្ចឹង ខ្ញុំចង់ឱ្យអ្នកឯងវាយតម្លៃខុសទៀតទៅចុះ ដោយសារភាពតិរច្ឆាន វាមិនងាយក្នុងការកែទេ។ អ្វីដែលជាសមិទ្ធផលរបស់ជាតិ វាជាផលអាក្រក់សម្រាប់ពួកគេ បានជាពួកគេ(ប្រឆាំង)ម្តងហើយម្តងទៀត។

ត្រូវការមធ្យោបាយដឹកជញ្ជូន រថយន្តពន្លត់អគ្គីភ័យ រថយន្តគិលានសង្គ្រោះ

ធ្វើអីក៏ខុសចិត្តវា។ បើខ្ញុំ(វិញ) ជាជនជាតិកម្ពុជាម្នាក់ស្រឡាញ់ជាតិ ឃើញបានមធ្យោបាយដឹកជញ្ជូនយ៉ាងច្រើនចូលមកក្នុងប្រទេសកម្ពុជា វាសប្បាយចិត្ត។ ដោយសារតែយើងមិនខ្វះមធ្យោបាយក្នុងពេលដែលយើងមានការចាំបាច់។ ប្រទេសយើងមិនទាន់ដូចប្រទេសដទៃទេ។ ប្រទេសដទៃ ស្រាប់តែភ្នំភ្លើងបម្រុងផ្ទុះ ត្រូវជម្លៀសប្រជាជនចេញភ្លាម។ អញ្ចឹង គេប្រើរថយន្តច្រើនណាស់។ បើប្រទេសហ្វីលីពីនវិញ ងាយណាស់ គាត់ឧស្សាហ៍ជម្លៀសប្រជាជន។ គេទស្សន៍ទាយបានថា ខ្យល់ព្យុះនឹងវាយប៉ះតំបន់នេះ(ឬនោះ)។ អញ្ចឹង អាជ្ញាធរត្រូវជម្លៀសប្រជាជនដោយមធ្យោបាយ មិនមែនជម្លៀសប្រជាជនដោយឱ្យគាត់ដើរទេ ព្រោះតែត្រូវការរហ័ស។ ខ្ញុំត្រូវការបន្តទៀតនូវមធ្យោបាយដឹកជញ្ជូន ត្រូវការតទៅទៀតនូវរថយន្តពន្លត់អគ្គីភ័យ ត្រូវការតទៅទៀតនូវរថយន្តពេទ្យ សម្រាប់សង្គ្រោះ ហេតុអីបានជាពួកអ្នកឯងមិនយល់? បើអ្នកឯងដឹងថា ហ៊ុន សែន នឹងដួលនៅឆ្នាំក្រោយហើយ ម៉េចក៏មិនបណ្តោយឱ្យដួលទៅ? ម៉េចចាំបាច់និយាយច្រើនម៉្លេះ? បើសិនជា ហ៊ុន សែន វិញ គង់តែឯងចង់ដួលដដែល អញធ្វើឱ្យឯងដួលតែម្តងទៅ មិនចាំបាច់ដាស់តឿនឯងទេ។ ហើយ(ចុះនេះ)ម៉េចក៏និយាយច្រើនម៉្លេះ? ៦ ខែទៀត ហ៊ុន សែន អត់មានលុយបើកប្រាក់ខែទេ។ អើ! ចាំមើលឱ្យ ហ៊ុន សែន ដួល។ អញ្ចឹងបណ្តោយឱ្យដួលតែម្តងទៅ ចាំបាច់ទៅនិយាយច្រើនម្ល៉េះ។ ហ៊ុន សែន អើយ!ល្អហើយៗ។ ប៉ុន្តែ បើវាមិននិយាយ យើងអត់មានការបកស្រាយជូនប្រជាពលរដ្ឋយើងដែរ។

ខ្ញុំអត់និយាយតវាទេ ខ្ញុំត្រូវការបកស្រាយឱ្យប្រជាពលរដ្ឋកម្ពុជាបានដឹង។ សាច់លុយមានក្នុងឃ្លាំង មាននៅក្នុងរតនាគារ និងមានផ្ញើនៅធនាគារជាតិ។ ខ្ញុំមិននិយាយអំពីទុនបម្រុងអន្តរជាតិនៅក្រៅប្រទេសត្រូវយកមកប្រើទេ។ គ្រាន់តែចំណូលចរន្ត បើទោះបីវាធ្លាក់ចុះបន្តិច តែវានៅតែមានចំណូល ១ ខែជិត ៤០០ លាន(ដុល្លារអាមេរិក) ឬលើស ៤០០ លានដុល្លារ(អាមេរិក)/ខែដែរ។ វាល្មមនឹងចាយ ។ ឥឡូវ វាល្អហើយ អត់ចេញទៅប្រជុំនៅខាងក្រៅប្រទេស សល់លុយមិនតិច។ ប្រជុំតាម Video Conference ទៅ លើកមុនត្រូវហោះទៅនេះ/នោះ។ អញ្ចឹងទេ គ្រាន់តែការប្រជុំនៅបរទេសអត់បានប្រជុំនេះ សល់លុយក្រាស់ក្រែល ដែលយើងអាចយកទៅបម្រើការនេះ/នោះបាន។

ព្រលានពោធិ៍ចិនតុង សម្រាប់ការចុះចត នៃឥស្សរជនជាន់ខ្ពស់មកទស្សនកិច្ចកម្ពុជា …

ត្រឡប់មកព្រលានយន្តហោះយើងវិញ។ ខ្ញុំបន្តលើកទឹកចិត្ត ហើយសង្ឃឹមថា ឯកឧត្តម ជា​ សុផារ៉ា, ឯកឧត្តមអភិបាលខេត្តកណ្តាល, (អភិបាល)រាជធានីភ្នំពេញ ក៏ដូចជា (អភិបាល)ខេត្តតាកែវ ខិតខំរួមគ្នា សហ​ការដោះស្រាយបញ្ហា ធ្វើម៉េចឱ្យព្រលានយន្តហោះយើងនេះវាបានរួចរាល់តាមការគ្រោងទុក។ ខ្ញុំឆ្លៀត បកស្រាយបន្តិច អាចចោទជាសំណួរថា បើក(អាកាសយានដ្ឋាន)ថ្មី តើ(អាកាសយានដ្ឋាន)ចាស់នៅធ្វើអី? តាមគារគិតជាបឋមរបស់ខ្ញុំ អាចាស់ត្រូវទុកនៅតែជាព្រលានយន្តហោះដដែល ប៉ុន្តែមុខងាររបស់វាទី (១) ជាព្រលានយោធាដដែល ដែលយើងមិនអាចយកព្រលានយោធាមកដាក់នៅទីនេះទេ គឺទុកនៅឯណោះ, ទី (២) ការហោះហើរផ្ទៃក្នុង ដែលយើងនឹងមានព្រលានយន្តហោះកាន់តែច្រើន។ ប្រជាជនកម្ពុជាមានលុយដើម្បីនឹងជិះយន្តហោះ ទោះបីគាត់មានឡានទំនើប ក៏ប៉ុន្តែឡានវាត្រូវប្រើ(ពេល)ប៉ុន្មានម៉ោងឯណោះ ក្នុងពេលដែលយន្តហោះទៅសៀមរាប ទៅខេត្តព្រះសីហនុ ហើយបន្តទៅយើងអាចរៀបចំនៅបាត់ដំបង/រតនគិរី នូវព្រលានយន្តហោះ សម្រាប់ការហោះហើរផ្ទៃក្នុង, ទី (៣) យើងប្រើសម្រាប់ការដឹកជញ្ជូនសម្ភារទំនិញខាងផ្លូវអាកាស ឯចុងក្រោយប្រើប្រាស់សម្រាប់ Private Jet គឺបានសេចក្តីថា នៅក្នុងតំបន់របស់យើងគេមានយន្តហោះច្រើនណាស់ តែខ្វះកន្លែងដាក់។ គេអាចយកយន្តហោះមកផ្ញើជាមួយយើង បើសិនយើងមានមូលដ្ឋានល្អ។ សម្រាប់ការអញ្ជើញមកដល់នៃឥស្សរជនជាន់ខ្ពស់ ជាព្រះមហាក្សត្រជាប្រ​មុខ​រដ្ឋ ជានាយករដ្ឋមន្ត្រីមកទស្សនកិច្ចនៅកម្ពុជា គឺចុះនៅពោធិ៍ចិនតុងដដែល។

ក្នុងឋានៈជាឪ តែងគាំទ្រ/អប់រំកូន ឲ្យមានសមត្ថភាព

អ្នកខ្លះគេថា ពោធិ៍ចិនតុងអាចក្លាយទៅជាទីក្រុងរណបមួយថ្មី។ អត់ទេ។ អាហ្នឹងចាំដំណាក់កាលក្រោយខ្ញុំ អ្នកណាធ្វើនាយករដ្ឋមន្ត្រីពេលនោះ។ មួយថ្ងៃៗ រវល់តែរឿងផ្ទេរអំណាចឱ្យ ហ៊ុន ម៉ាណែត។ ខ្ញុំចេះតែមិនយល់​។ ចុះឪវាកំពុងឈរធ្វើ(ជា)នាយករដ្ឋមន្ត្រី ហើយប្រកាស ១០ ឆ្នាំ ចុះកូនវាមកយកអំណាចពីឪវា? ខ្ញុំសុំនិយាយ នៅកម្ពុជាមិនមែនមានតែ ហ៊ុន ម៉ាណែត មួយបេក្ខជនទេ។ ក្នុងគណបក្សប្រជាជន មានបេក្ខ​ជនច្រើនណាស់។ ក៏ប៉ុន្តែ ក្នុងឋានៈជាឪពុក យ៉ាងណាក៏គាំទ្រកូនខ្ញុំ អប់រំកូនខ្ញុំឱ្យវាមានសមត្ថភាព។ បើវាមិនបានប៉ុនឪវា ក៏បាន ៨០% ឬ ៩០% របស់ឪវាទៅចុះ។ ប៉ុន្តែ បញ្ហាវាស្ថិតនៅត្រង់ អ្នកបោះឆ្នោតទេ។ ដំបូងនៅក្នុងបក្សខ្លួនឯង ទទួលយកបានឬអត់ អាហ្នឹងទី (១) ទី (២) ត្រូវឆ្លងកាត់ការបោះឆ្នោតពីប្រជាជន បើបក្សយើងឈ្នះ ទើបមានលទ្ធភាព។ អញ្ចឹង គណបក្សត្រូវដាក់បេក្ខភាព។

ជាថ្មីម្តងទៀត សូមប្រកាសថា បន្តធ្វើនាយករដ្ឋមន្ត្រីមិនតិចជាង ១០ ឆ្នាំ

៣ ឆ្នាំមុន ខ្ញុំប្រកាសថា (បន្តធ្វើនាយករដ្ឋមន្ត្រី) មិនតិចជាង ១០ ឆ្នាំ។ ឥឡូវ ថ្ងៃនេះ ខ្ញុំប្រកាសថា មិនតិចជាង ១០ ឆ្នាំទៀត។ ពេលនោះ ហ៊ុន ម៉ាណែត អាយុជាង ៥០ (ឆ្នាំ)ហើយ។ ឥឡូវ ហ៊ុន ម៉ាណែត អាយុ ៤៣ (ឆ្នាំ)។ អញ្ចឹង សល់ ១០ ឆ្នាំទៀត ហ៊ុន ម៉ាណែត (អាយុ) ៥៣ (ឆ្នាំ)។ តែឪវាធ្វើ នាយករដ្ឋមន្ត្រីតាំងពីអាយុ ៣២ ឆ្នាំឯណោះ។ អញ្ចឹង រឿងអីដែលធ្វើមិនបាន? ប៉ុន្តែរឿងនោះ រឿងក្មេងជំនាន់ក្រោយ។ ហើយក្មេងជំនាន់ក្រោយ មិនមែនមានតែ ហ៊ុន ម៉ាណែត មួយដែលមានលក្ខណសម្បត្តិទេ។ មានច្រើនណាស់នៅក្នុងគណបក្សប្រជាជន។ ពេលវេលានឹងផ្តល់ឱ្យអ្នកឯងបានឃើញ។ វារត់ទៅជ្រកក្បាលនៅស្រុកគេ ហើយវាអផ្សុក វាគ្មានអីធ្វើ វាគិតតែ live ទៅ និយាយទៅ។ រហូតដល់គេប្រជុំសភាថា លោក ហ៊ុន សែន ខកចិត្តខ្លាំងណាស់ ព្រោះអត់បានផ្ទេរអំណាចឱ្យកូនប្រុស។ អញនៅធ្វើ។ អ្នកណាមានសមត្ថភាពមកជំនួស ហ៊ុន សែន បច្ចុប្បន្ននេះ? និយាយឱ្យពិត។ ចេញមុខមក។ ក្នុងតួអង្គនៃគណបក្សប្រជាជន អត់មានអ្នកណាទេ។ មានតែពួកអ្នកឯងទេចង់ធ្វើ។ ប៉ុន្តែ អ្នកប្រហែលជាចាំជាតិក្រោយ នៅពេលដែល ហ៊ុន សែន មានវត្តមាននៅទីនេះ គណបក្សប្រជាជនមានវត្តមាននៅទីនេះ អ្នកឯងត្រូវរង់ចាំជាតិក្រោយ។

គណបក្សប្រជាជន មិនមែនដឹកនាំកញ្ឆក់កណ្តៀត

អ្នកឯងសម្លឹងមើលទីស្នាក់ការគណបក្សប្រជាជន តាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់ខេត្ត ធ្វើមិនមែនសម្រាប់ ២ ឆ្នាំ ឬ ៣ ឆ្នាំទេ ធ្វើសម្រាប់ ៥០ ឆ្នាំ (និង/ឬ) ១០០ ឆ្នាំទៅមុខ។ អ្នកឯងត្រូវចាំ។ គេវិនិយោគទុនទៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្ស មិនមែនសំដៅដឹកនាំកញ្ឆក់កណ្តៀតតាមបែបពួកអ្នកឯងទេ។ សុំបញ្ជាក់ឡើងវិញ បើអ្នកឯងសង្ឃឹមថា (រាជ)រដ្ឋាភិបាល ហ៊ុន សែន នឹងអស់លុយបើកប្រាក់ខែ អ្នកឯងពិតជាតិរច្ឆាន ហើយមិនទាំងចេះគិតលេខផង កុំថាអ្នកឯងថ្នាក់បរិញ្ញា(បត្រ) បរិញ្ញា(បត្រ)ជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត ឪបណ្ឌិតទៀតក៏នៅតែអ្នកឯងអត់ចេះបូកលេខ។

នៅកម្ពុជា អ្នកដែលធ្វើការជាមួយយើងមានធនាគារអភិវឌ្ឍន៍អាស៊ី មាន IMF មានធនាគារពិភពលោក មានដៃគូដទៃទៀត គេក៏អាចដឹងបានអំពីសមត្ថភាពសេដ្ឋកិច្ចរបស់កម្ពុជាដល់ណា រហូតដល់គេព្យាករថា  -១,៥% ទៅដល់ (-)២,៩% ប៉ុន្តែ សម្រាប់យើង -១,៩%។ អញ្ចឹងទេ គេអាចដឹងបាន។ ហើយរឿងនេះយើងមិនមែនមិនធ្លាប់ទេ ឆ្នាំ ២០០៥ យើងធ្វើសេដ្ឋកិច្ចមានកំណើន ១៣,៣% ជាអត្រាខ្ពស់បំផុត។ (ឆ្នាំ) ២០០៦ ១២%។ (ឆ្នាំ) ២០០៧ ១១%។ (ឆ្នាំ) ២០០៨ ពេលនោះធ្លាក់នៅតែ ៦,៨%។ (ឆ្នាំ) ២០០៩ នៅសល់ ០,៥% ឬ ០,៦% មិនដឹង។ ប៉ុន្តែ ពេលនោះ មិនបានធ្វើឱ្យស្ថានភាព នៃសេដ្ឋកិច្ចកម្ពុជារអិលធ្លាក់ទៅការបាត់បង់ម៉ាក្រូសេដ្ឋកិច្ច ដែលគ្រប់គ្រងមិនបានទេ។

សូមមានការប្រុងប្រយ័ត្នជាមួយនឹងការឆ្លងរីករាលដាល នៃកូវីដ ១៩

ឥឡូវ តាមខ្ញុំស៊ើបពីគេ ព្រោះខ្ញុំអត់បានទៅចូល លឺថា ហាងមួយៗចូលស៊ីពេញអស់ទៀតទៅហើយ គ្រាន់តែពេលមុនចូលបានមនុស្សច្រើនជាង ឥឡូវ ចូលបានមនុស្សតិចជាង ដោយសារគម្លាតសុវត្ថិភាព។ អញ្ចឹង អ្នកធ្វើការនៅតាមភោជនីយដ្ឋាន តាមស្អីៗ នៅតែបន្តមានការងារធ្វើ។ យើងបាត់បង់ពាក់ព័ន្ធសេវាទេស​ចរណ៍មកពីខាងក្រៅប្រទេស ឯសេវាទេសចរណ៍នៅក្នុងប្រទេស ចាប់ផ្តើមឡើងវិញហើយ។ ប៉ុន្តែ ខ្ញុំនៅតែអំពាវនាវឱ្យបងប្អូនមានការប្រុងប្រយ័ត្នជាមួយនឹងការឆ្លងរីករាលដាល នៃកូវីដ ១៩ នេះ តាមវិធីដែលណែនាំដោយក្រសួងសុខាភិបាលកម្ពុជា។ គម្លាតសុវត្ថិភាព ការពាក់ម៉ាស ការលាងដៃដោយអាល់កុលក្តី ដោយជែលក្តី ដោយសាប៊ូក្តី និងវិធានការអនាម័យដទៃទៀត ត្រូវចាប់ផ្តើមពីមនុស្សម្នាក់ៗ ទើបធានាសុវត្ថិភាពនៅក្នុងក្រុមគ្រួសារ និងធានាសុវត្ថិភាពនៅក្នុងសង្គមជាតិរបស់យើងបាន។

អំណោយកំដរដៃជូនដល់កម្មករ និងបុគ្គលិក

ខ្ញុំដឹងថានៅទីនេះកំពុងមានកម្មករ (និង)បុគ្គលិក (ចំនួន) ១១០២ នាក់ ខ្ញុំក៏សូមផ្តល់ជូននូវថវិកា សម្រាប់ម្នាក់ៗ ១០ ម៉ឺនរៀល ដែលជាកាដូ នៃការចុះសួរសុខទុក្ខ។ យើងមិនទាន់(ដល់ថ្នាក់)នាយករដ្ឋមន្ត្រីដើរទៅកន្លែងណា ខ្វះលុយជួយឧបត្ថម្ភកម្មករ ដែលខ្ញុំធ្លាប់ធ្វើពីមុននោះទេ។ ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅទីនេះស្រាប់ហើយ។ យើងមិនទាន់ដល់ថ្នាក់ថា អឺ! កូវីដ ខ្ញុំនឹងកាត់បន្ថយការដែលខ្ញុំធ្លាប់ជួយឧបត្ថម្ភម្នាក់ ១០ ម៉ឺនរៀល មកនៅតែ ១ ម៉ឺនរៀល មិនទាន់ដល់កម្រិតទេ … ផ្តាំពីចម្ងាយទៅផង។

នៅពេលសាងសង់ពេញបន្ទុក ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ជាទីកន្លែងមួយស្វែងរកការងារធ្វើ

ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ហើយតាមរយៈក្រុមហ៊ុន ខ្ញុំសូមផ្តាំសួរសុខទុក្ខ ចំពោះកម្មករ/ការិនី ដែលកំពុងធ្វើការនៅការដ្ឋាននេះ ខ្លះក៏នៅក្បែរហ្នឹងក៏អាចស្តាប់បាន។ អញ្ចឹង ទីកន្លែងនេះ គឺជាទីកន្លែងមួយស្វែងរកការងារធ្វើ ដែលនឹងមានតម្រូវការរហូតដល់កម្មករ ២ ម៉ឺននាក់ឯណោះ នៅពេលដែលការសាងសង់ពេញបន្ទុក។ អញ្ចឹង កម្មករដែលបានបាត់បង់ការងារពីថៃ បានបាត់បង់ការងារពី តាមកន្លែងនេះ/នោះ រកការងារធ្វើនៅទីកន្លែងដែលគេបើក រាប់ទាំងឥឡូវនេះរដ្ឋបានបង្កើនទុន គេហៅថា សាច់ប្រាក់ពលកម្មជូនទៅជនបទ ១០០ លានដុល្លារ ដើម្បីឱ្យប្រជាពលរដ្ឋគាត់អាចជីកកូនប្រឡាយតូចៗ គាត់បម្រើឱ្យការអភិវឌ្ឍនៅមូលដ្ឋានគាត់ផង (និង)គាត់បានប្រាក់ហ្នឹងទៀត។ គ្រាន់តែជូនសារឱ្យអ្នកឯង។ មិនមែនជាការអួតទេ ក៏ប៉ុន្តែសួរថា តើកងទ័ពនគរបាល និងមន្ត្រីរាជការ រដ្ឋបានជំពាក់ប្រាក់ខែគេហើយឬនៅ? អត់ទេ ១៤ ថ្ងៃ បើកប្រាក់ខែម្តង។ ចុងបញ្ចប់ ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី មានជោគជ័យ សិរីសួស្តី ប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...