ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណ ចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់សម្ដេច ចំពោះការបាត់បង់ម្តាយក្មេក ម្តាយ និងជីដូនជាទីស្រឡាញ់ដែលជាម្លប់ដ៏កក់ក្តៅបំផុតរបស់ក្រុមគ្រួសារសម្ដេចទាំងមូល កាលពីថ្ងៃទី០៤ ខែឧសភា ២០២០ កន្លងទៅនេះ។
នៅលើផេកផ្លូវការ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា “ខ្ញុំព្រះករុណានិងក្រុមគ្រួសារ សូមអរព្រះគុណព្រះតេជគុណ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារខ្ញុំ ចំពោះការបាត់បង់ម្តាយក្មេក ម្តាយ និងជីដូនជាទីស្រឡាញ់ដែលជាម្លប់ដ៏កក់ក្តៅបំផុតរបស់ក្រុមគ្រួសារខ្ញុំទាំងមូល កាលពីថ្ងៃទី០៤ ខែឧសភា ២០២០ កន្លងទៅនេះ”។ សម្ដេចតេជោបានបន្តថា ការចូលរួមរំលែកទុក្ខរបស់បងប្អូនទោះបីដោយផ្ទាល់ ឬដោយប្រយោលតាមសារលិខិតក្តី ឬតាមបណ្តាញសង្គមក្តី គឺបានបង្ហាញពីការគោរពស្រឡាញ់ និងរួមសុខរួមទុក្ខជាមួយក្រុមគ្រួសារសម្ដេចគ្រប់កាលៈទេសៈទាំងអស់ដែលមិនអាចបំភ្លេចបានឡើយ ជាពិសេសក្នុងស្ថានភាពដ៏លំបាកនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រគេនពរ ព្រះតេជគុណ និងព្រះសង្ឃគ្រប់ព្រះអង្គ នឹងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជួបតែសចក្តីសុខ នឹងពុទ្ឋពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ដែរថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាមាតាបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានទទួលអនិច្ចកម្មកាលពីយប់ថ្ងៃទ០ ៤ ខែ ឧសភា ឆ្នាំ ២០២០ នៅវេលាម៉ោង ០២:១២ នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៩៦ ឆ្នាំ ដោយជរាពាធ។ បន្ទាប់ពីពិធីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន រយៈពេល២យប់៣ថ្ងៃតាមគន្លងប្រពៃណីសាសនារួចមក សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែចេញពីភូមិ គ្រឹះ លេខ៤១ មហាវិថីសម្តេចព្រះសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឆ្ពោះទៅ កាន់ទីបញ្ចុះសព នៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៧និង១៨នាទី ព្រឹក ថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២០។ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ត្រូវបានប្រារព្វពិធីបញ្ចុះតាមគន្លងប្រពៃណី សាសនា នៅវេលាម៉ោង១៥ និង៣៣នាទីរសៀលថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភាឆ្នាំ២០២០។
តាមជីវប្រវត្តិរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាបានឱ្យដឹងថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រសូត្រនៅថ្ងៃ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី០៤ ខែឧសភាឆ្នាំ១៩២៥ ក្នុងគ្រួសារកសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុក ក្រូចឆ្មារ ខេត្តកំពង់ចាម។ មានបិតានាម ឱក ប៊ុន មាតានាម ណៃ ហួត។ អ្នកឧកញ៉ា ព្រឹទ្ធមហា ឧបាសិកា ធម្មញ្ញាណវិវឌ្ឍនាជាបុត្រីទី២ ក្នុងចំណោមបងប្អូន០៤នាក់ ក្នុងនោះមានស្រី ៣រូប និង ប្រុសមួយរូប។
គួររម្លឹកដែរថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»៕