សព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានយកទៅបញ្ចុះ នៅស្រុកកំណើត ក្នុងស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ

ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ — សព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជា​មាតា​បង្កើត​របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងជាមាតាក្មេក របស់សម្ដេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាទទួលមរណៈ​ភាព នៅថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ដោយជរាពាធនោះ ត្រូវបានដង្ហែយកទៅបញ្ចុះនៅឯស្រុកកំណើត បន្ទាប់ពីបាន​តម្កល់​ធ្វើពិធី​បុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធ សាសនាខ្មែរ អស់រយៈពេល​ពេល២​យប់៣ថ្ងៃ ដែលមានទីតាំង ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០ ៦ ខែឧសភា ឆ្នាំ២០២០។

ពិធីដង្ហែសពបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា​ ហើយបើតាមជីវប្រវត្តិ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី កើតនៅថ្ងៃចន្ទ ១២កើត ខែ ពិ សាខ ឆ្នាំឆ្លូវ ព.ស ២៤៦៨ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ១៩២៥ នៅក្នុងគ្រួសារកសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ បិតានាម ឱក ប៊ុន មាតានាម ណៃ ហួយ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាបុត្រទី២ ក្នុង​ចំណោមបងប្អូន៤នាក់ ក្នុងនោះមានស្រី៣រូប និងប្រុស១រូប។ កាលពីកុមារ អ្នកឧកញ៉ា ព្រឹទ្ធ​មហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មិនបានចូលរឿនសូត្រទេ លោកបាន​ចំណាយ​ពេល​យុវ័យ ដើម្បីតែជួយការងារមាតាបិតា នៅក្នុងគ្រូសារក្នុងការប្រកបរបរ​ធ្វើ​ចំការ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានរៀបអាពាហ៍​ពិពាហ៍ជាមួយ​ឧបាសក លីន គ្រី នៅឆ្នាំ១៩៤៣ នៅក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ពីចំណង​អាពាហ៍ពិពាហ៍នោះ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា មានបុត្រាបុត្រីចំនួន ៥រូប គឺទីមួយៈ ឈ្មោះ ប៊ុន សាមលេន (ស្រី) ទីពីរៈ ឈ្មោះ គ្រី ទូច (ប្រុស) ទីបីៈ ឈ្មោះ គ្រី សុខណាក់ (ប្រុស) ស្លាប់នៅក្នុងរបបប៉ុល ពត ទីបួនៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាន្នី និងទីប្រាំៈ ឈ្មោះ ប៊ុន សុថា (ស្រី)។សូមបញ្ជាក់ថា ក្នុងមួយជន្មាយុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហា​ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបូជា នូវកម្លាំងកាយពល និងបញ្ញាញាណ ក្នុងការចិញ្ចឹមបីបាច់បុត្រធីតារបស់​មហាឧបាសិកា ចាប់តាំងពីប្រសូត្រពីផ្ទៃរហូតធំដឹងក្តី មានកេរ្ត៍ឈ្មោះបោះសម្លេងក្នុងសង្គម និងក្លាយជាគ្រួសារដែលប្រជាពលរដ្ឋកម្ពុជាទូទៅគោរពស្រឡាញ់ និងជាគ្រួសារមួយ​ដែល​តែង​តែមានព្រហ្មវិហាធម៌ សណ្តោសប្រោសប្រណី ដល់មនុស្សផងទាំងពួង។ តាមរយៈ​កាយវិកាយ និងកិច្ចការមនុស្សធម៌ធ្វើបុណ្យចែកទាន និងកសាងនូវសមិទ្ធផលសង្គមជាច្រើន រាប់មិនអស់ ចាប់តាំងពីទីក្រុងរហូតដល់ទី ជនបទឆ្ងាយដាច់ស្រយាល ដោយមិនប្រកាន់វណ្ណៈ ពណ៌សប្បុរ និងនិន្នាការអ្វីទាំងអស់។

គួររម្លឹកដែរថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជ​ក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ