សម្តេចតេជោ ហ៊ុន សែន អរគុណជនរួមជាតិ ដែលបានចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំ ចំពោះអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

52

ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ –​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។

នៅលើផេកផ្លូវការ នាថ្ងៃទីចន្ទ នេះ ០៤ សម្ដេចតេជោបានសរសេរថា សូមអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតលោកយាយព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅថ្ងៃទី០៤ ឧសភា ឆ្នាំ២០២០នេះ។

គួរបញ្ជាក់ដែរថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាមាតាក្មេករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាព នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២ និង១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។

បើតាមសេចក្តីជូនដំណឹង សពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី តម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនានៅភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទះលេខ៤១ ផ្លូវសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទន្ទឹមនេះដែរ សពនឹងត្រូវយកទៅបញ្ចុះនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ដែលមានទីតាំង ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

គួររំម្លឹកដែរថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»។ សូមបញ្ជាក់ថា ក្នុងមួយជន្មាយុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបូជា នូវកម្លាំងកាយពល និងបញ្ញាញាណ ក្នុងការចិញ្ចឹមបីបាច់បុត្រធីតារបស់មហាឧបាសិកា ចាប់តាំងពីប្រសូត្រពីផ្ទៃរហូតធំដឹងក្តី មានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងសង្គម និងក្លាយជាគ្រួសារដែលប្រជាពលរដ្ឋកម្ពុជាទូទៅគោរពស្រឡាញ់ និងជាគ្រួសារមួយដែលតែងតែមានព្រហ្មវិហាធម៌ សណ្តោសប្រោសប្រណី ដល់មនុស្សផងទាំងពួង តាមរយៈកាយវិកាយ និងកិច្ចការមនុស្សធម៌ធ្វើបុណ្យចែកទាន និងកសាងនូវសមិទ្ធផលសង្គមជាច្រើន រាប់មិនអស់ ចាប់តាំងពីទីក្រុងរហូតដល់ទីជនបទឆ្ងាយដាច់ស្រយាល ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ និងនិន្នាការអ្វីទាំងអស់៕

ដោយ ជឹម ណារី