ជីវប្រវត្តិសង្ខេប អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងជាមាតាក្មេករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង០២:១២ ទៀបភ្លឺ ចូលថ្ងៃចន្ទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ។

ខាងក្រោមនេះ ជាប្រវត្តិរូបសង្ខេបរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី 

ជីវប្រវត្តិសង្ខេប

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី កើតនៅថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ២៤៦៨ ត្រូវនឹងថ្ងៃទី0៤ ខែឧសភា ឆ្នាំ១៩២៥ នៅក្នុងគ្រួសារ​កសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម​ ។

បិតានាម ឱក ប៊ុន មាតានាម ​ណៃ ហួយ  ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាបុត្រីទី២ ក្នុងចំណោមបងប្អូន ៤នាក់ ក្នុងនោះមានស្រី៣រូប និងប្រុស១រូប  ។

កាលពីកុមារ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មិនបានចូលរៀនសូត្រទេ លោកបានចំណាយពេលយុវវ័យ ដើម្បីតែជួយការងារមាតា បិតា នៅក្នុងគ្រួសារក្នុងការប្រកបរបរធ្វើចំការ​ ។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានរៀបអាពាហ៍ពិពាហ៍ជាមួយ ឧបាសក លីន ​គ្រី នៅឆ្នាំ១៩៤៣ នៅក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។ ពីចំណងអាពាហ៍ពិពាហ៍នោះ អ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា មានបុត្រា បុត្រី ចំនួន ៥រូប​ ។

១- ឈ្មោះ  ប៊ុន សាមលេន   ស្រី

២- ឈ្មោះ  គ្រី ទូច   ប្រុស

៣- ឈ្មោះ គ្រី សុខហាក់   ប្រុស  ស្លាប់នៅក្នុងរបបប៉ុលពត

៤- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​

៥- ឈ្មោះ ប៊ុន សុថា   ស្រី

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និង ឧបាសក លីន ​គ្រី មានមុខរបរជាកសិករ ក្នុងការចិញ្ចឹមបុត្រា បុត្រីទាំង៥នាក់ ទោះមានភ្លៀងផ្គរ ក្តៅ ត្រជាក់ យ៉ាងណាក៏អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដោយសុចរិត យុត្តិធម៌ និងលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីឱ្យកូនទាំង៥ នាក់ បានរៀនសូត្រចេះដឹង និងមានមុខរបរសមរម្យគ្រប់ៗគ្នា ។ នៅក្នុងឆ្នាំ១៩៧០ ដល់ ១៩៧៥​ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា និងគ្រួសារបន្តប្រកបមុខរបរនៅក្នុងស្រុកកំណើត កាលនោះជាតំបន់រំដោះ ។ ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា និងគ្រួសារត្រូវបានរបបប្រល័យពូជសាសន៍ បង្ខំឱ្យធ្វើការជាទម្ងន់ ដូចជាប្រជាជនទូទៅ នៅក្នុងប្រទេសទាំងមូលដែរ ។ ប៉ុន្តែប្រការដែលគួរកត់សម្គាល់ និងសោកស្តាយនោះ​គឺ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា  បានបាត់បង់ស្វាមី នៅដើមឆ្នាំ១៩៨០ ដោយក្រុមប៉ុល​ពតសម្លាប់នៅលើផ្ទះ នៅក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ  ។

ក្រោយពីបាត់បង់ស្វាមីជាទីស្រឡាញ់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បាននាំក្រុមគ្រួសារមករស់នៅទីក្រុងភ្នំពេញ តាំងពីឆ្នាំ១៩៨០ រហូតដល់សព្វថ្ងៃ​ ។

នៅក្នុងជីវិតរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានបន្សល់ទុកនូវស្នាដៃ ខាងសាសនា និងសង្គមជាច្រើនជាអាទិ៍មាន៖

  •  កសាងដំបូលព្រះវិហារ ឡុមភីនីវ័ននគរកសិនវា រាជធានី ព្រះសាលវ័ន ប្រទេសនេប៉ាល់ ចំនួនទឹកប្រាក់ ១៨០.០០០ដុល្លារ​​
  • វត្តព្រែកចាឡាក់ កសាងសាលាឆាន់ ១ ខ្នង ក្នុងឃុំព្រែកចាឡាក់ ស្រុកឆ្លូង ខេត្តក្រចេះ អស់ទឹកប្រាក់ចំនួន ១៣០.០០០ដុល្លារ​
  • វត្តរលាំងកំពូល កសាងសាលាឆាន់ ១ ខ្នង អស់ទឹកប្រាក់ ៣៨០.០០០ដុល្លារ
  • កុដិ ១ ខ្នង អស់ទឹកប្រាក់ ៤៥.០០០ដុល្លារ
  • កសាងព្រះពុទ្ធរូប ៥ អង្គ អស់ទឹកប្រាក់ ៣០.០០០ដុល្លារ
  • វត្តពោធិសាល ក្នុងឃុំប៉ឺស ២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កសាងសាលាឆាន់ អស់ទឹកប្រាក់ចំនួន ៧៣.០០០ដុល្លារ
  • កសាងព្រះវិហារឃុំគោកព្រិក ស្រុកគីរីវង្ស ខេត្តតាកែវ អស់ទឹកប្រាក់ចំនួន ២៩៥.២០០ដុល្លារ
  • វត្តអម្ពវ័ន កសាងព្រះវិហារ ឃុំជំនីក អស់ទឹកប្រាក់ចំនួន ១៩០.៧០០ដុល្លារ កសាងសាលាឆាន់ អស់ទឹកប្រាក់ចំនួន ១២៧.០០០ដុល្លារ កសាងដំបូលព្រះពុទ្ធ អស់ទឹកប្រាក់ ៥០.០០០ដុល្លារ ។
  • វត្តហ្លួង ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កសាងសាលាឆាន់ព្រះវិហារ អស់ទឹកប្រាក់ ចំនួន១៦២.០០០ដុល្លារ។
  • វត្តឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កសាងព្រះវិហារអស់ទឹកប្រាក់ចំនួន ៥០.០០០ ដុល្លារ ។
  •  វត្តចំពុះក្អែក ហៅវត្តមុនីសុវណ្ណ កសាងមហាកុដិ កុដិ សាលាពុទ្ធិកៈ បឋមសិក្សា អស់ទឹកប្រាក់ ចំនួន ២២៥.០០០ ដុល្លារ ។
  • វត្តលង្កា កសាងមហាកុដិ កុដិ អស់ទឹកប្រាក់ចំនួន ៣៨៨.៩១២ ដុល្លារ ។
  • វត្តបុទុមវត្តី កសាងមហាកុដិ សាលាធម្មសភា កុដិ អស់ទឹកប្រាក់ចំនួន ៥៣០.០០០ដុល្លារ។
  • វត្តច័ន្ទបុរីវង្ស កសាងព្រះវិហារ សាលាធម្មវិន័យ សាលាហោត្រ័យ អស់ទឹកប្រាក់ចំនួន ៤០៧.០០០ ដុល្លារ ។
  • វត្តមុនីប្រសិទ្ធិវង្ស កសាងសាលាធម្មសភា អស់ទឹកប្រាក់ ៣១៥.០០០ ដុល្លារ ។
  • កសាងប្រាសាទព្រះគោ ព្រះកែវ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ អស់ទឹកប្រាក់​ចំនួន​៣៥០.០០០ដុល្លារ​ ។
  • សាលារៀន វត្តអារាម សាលាឆាន់ កុដិ ម៉ាស៊ីនភ្លើង អណ្តូងទឹក ស្រះទឹក និងការឧបត្ថម្ភផ្សេងៗ ទៀតដែលមិនបានរៀបរាប់អស់។
  • ដោយសារស្នាដៃដ៏ធំធេងក្នុងវិស័យសាសនា និងសង្គម អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ទទួលបាននូវគ្រឿងឥស្សរិយយស ជាតូបការ ព្រមទាំងគ្រឿងឥស្សរិយយសថ្នាក់ ខ្ពស់របស់ជាតិ ជាច្រើនគ្រឿងទៀត។
  • ​នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះកុរណា ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាន គោរមងារមហាឧបាសិកា ប៊ុន ស៊ាងលី ជាអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
  • អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មានសុខភាពល្អរឹងមាំ ទោះបី មានព្រះជន្ម៩៥ឆ្នាំហើយក៏ដោយ។

ទើបតែមកដល់ថ្ងៃព្រហស្បតិ៍១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្រាប់តែមានជំងឺធ្ងន់ តម្រូវឱ្យអញ្ជើញចូលព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅវេលាម៉ោង១៧:០០។

បន្ទាប់ពីសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាង លី បានធូរស្បើយ និងបានមកព្យាបាលបន្តនៅគេហដ្ឋាន ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

នៅមន្ទីរពេទ្យក៏ដូចជានៅគេហដ្ឋាន លោកគ្រូពេទ្យ វេជ្ជបណ្ឌិតជំនាញៗជាច្រើនរូប បានប្រឹងប្រែងយកចិត្តទុកដាក់ និងបានប្រើប្រាស់ឱសថជាច្រើនមុខ ដើម្បីព្យាបាលជំងឺជរាពាធ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ឥតមានធ្វេសប្រហែសមួយវិនាទីណាសោះឡើយ។

ប៉ុន្តែទោះបីលោកគ្រូពេទ្យ វេជ្ជបណ្ឌិត គ្រប់ផ្នែក គ្រប់ជំនាញ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមមុខជំនាញយ៉ាងណាក៏មិនអាចស្រោចស្រង់ជីវិតអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ឱ្យរួចផុតពីមច្ចុរាជបានឡើយ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានលាចាកលោកនេះទៅនៅវេលាម៉ោង០២:១២ ទៀបភ្លឺ ចូលថ្ងៃចន្ទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅចំពោះមុខសេចក្តីទុក្ខសោកសង្វេគ ស្តាយស្រណោះ ក្រៀមក្រំ ធ្ងន់ធ្ងរជាទីបំផុត។

ការទទួលអនិច្ចកម្មរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់មួយដ៏ធំធេងនូវ មាតា ជីដូន ជីដូនទួត ដែលមានព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់​បំផុតចំពោះកូនចៅ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ