សម្ដេចតេជោនាយករដ្ឋមន្ត្រី អរគុណចំពោះប្រទេសចិន និងជប៉ុន ដែលបានផ្ដល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលក្នុងនោះចិនបានបញ្ជូនគ្រូពេទ្យជំនាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងស៊ីវិល និងយោធា មកជួយកម្ពុជា រួមទាំងសម្ភារបរិក្ខាពេទ្យ និងម៉ាស ខណៈដែលរដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២០លានដុល្លារអាម៉េរិក ដែលនឹងផ្ដោតលើការទិញសម្ភារបរិក្ខាពេទ្យ ថ្នាំ និងរថយន្តសង្គ្រោះបន្ទាន់ ជាដើម។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្ដីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) រវាងថ្នាក់ដឹកនាំរបស់អាស៊ាន និងអាស៊ានបូកបី (ចិន កូរ៉េ និងជប៉ុន) នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ចែករំលែកនូវទស្សនៈមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែក្នុងនោះមាន ទី១ «ការចែករំលែកបទពិសោធន៍» គឺជាគន្លឹះក្នុងការគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ អាស៊ានត្រូវដកស្រង់បទពិសោធន៍ ពីភាពជោគជ័យ និង ឧត្ដមានុវត្តន៍របស់ប្រទេសបូកបី ជាពិសេស ចិន និងសាធារណរដ្ឋកូរ៉េ ក្នុងការទប់ស្កាត់ និងគ្រប់គ្រងជារួម លើការរីករាដាលនៃជំងឺនេះ បានប្រកបដោយប្រសិទ្ធភាព។ ក្នងន័យនេះ កម្ពុជាស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត រវាងស្ថាប័នពាក់ព័ន្ធ នៅក្នុងក្របខ័ណ្ឌអាស៊ានបូក ដើម្បីចែករំលែកបទពិសោធន៍ សំដៅធានានូវសុខមាលភាពជូនប្រជាជនយើងក្នុងតំបន់ទាំងមូល។ ទន្ទឹមនេះដែរ យើងគួរពិនិត្យលទ្ធភាពប្រើប្រាស់នូវមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដែលមានស្រាប់ ហើយកំពុងប្រើប្រាស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់អាស៊ីបូព៌ា ដែលក្នុងនោះមាន វិស័យសុខាភិបាល យកមកទ្រទ្រង់កិច្ចប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ទី២ «អាយុជីវិតជាចម្បង» យើងត្រូវបង្កើតយន្តការរួមមួយ ដើម្បីលើកកម្ពស់ការចែករំលែកបច្ចេកទេស បទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងវេជ្ជសាស្ត្រអំពីជំងឺនេះ សំដៅការពារ ទប់ស្កាត់ វិនិច្ឆ័យ ព្យាបាល និងតាមដាន ជាពិសេស សម្រាប់ក្រុមមនុស្សដែលងាយរងគ្រោះថ្នាក់នឹងជំងឺនេះ ដូចជា  ក្រុមមនុស្សវ័យចាស់ និងក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងប្រយុទ្ធនឹងជំងឺនេះផ្ទាល់។ ទន្ទឹមនេះ យើងក៏ត្រូវបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ រវាងមន្ទីរពិសោធន៍ មន្ទីរពេទ្យ និងសាកលវិទ្យាល័យដែលពាក់ព័ន្ធ ដើម្បីបង្កើនល្បឿននៃការទប់ស្កាត់ និងការព្យាបាលជំងឺឆ្លងនេះ។ ម្យ៉ាងទៀត ប្រទេសបូកបី គួរពង្រឹងសមត្ថភាពផលិតកម្មសម្ភារបរិក្ខាពេទ្យចាំបាច់  និងសម្រួលការផ្គត់ផ្គង់ឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់ នៅក្នុងប្រទេសសមាជិកអាស៊ាន និងប្រទេសបូកបី។

ទី៣ «កាត់បន្ថយហានិភ័យសេដ្ឋកិច្ច» យើងត្រូវលើកកម្ពស់ការសម្របសម្រួល និងកិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធ ដើម្បីពិនិត្យដាក់ចេញនូវវិធានការរួម ដែលអាចបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសង្វាក់ផលិតកម្ម សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ដោយប្រកាន់យកគោលការណ៍បន្តបើកចំហរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងរក្សាឱ្យបានរលូន នូវលំហូរនៃការដឹកទំនិញឆ្លងដែន ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ កម្ពុជាសូមស្នើឱ្យយន្តការទាំងឡាយក្រោមកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដូចជា កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានបូកបី កិច្ចសហប្រតិបត្តិការទេសចរណ៍បូកបី កិច្ចសហប្រតិបត្តិការការងារអាស៊ានបូកបី និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត រៀបចំការពិភាក្សាគ្នាជាបន្ទាន់ ដើម្បីរកដំណោះស្រាយរួម។

ទី៤ អាស៊ីបូព៌ា គឺជាតំបន់មួយដែលមានសក្ដានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយសេដ្ឋកិច្ចមានទំហំប្រមាណជាង ៣៥.៥ ទ្រីលានដុល្លារអាម៉េរិក និងប្រជាជនសរុបជាង ២ ០០០លាននាក់ ជាមួយនឹងការបន្តកើនឡើងនូវប្រាក់ចំណូល។ ដូច្នេះអាស៊ាន និងប្រទេសបូកបី ត្រូវចាប់យកសក្ដានុពលនេះ ដើម្បីប្រែក្លាយទៅជាប្រភពកំណើនថ្មីសម្រាប់តំបន់ តាមរយៈការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យផ្សេងទៀតឱ្យកាន់តែទូលំទូលាយ និង ស៊ីជម្រៅថែមទៀត។ ដោយឡែក ការរាលដាលនៃជំងឺកូវីដ-១៩ ក៏កំពុងបង្ហាញយ៉ាងច្បាស់ថា ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចតំបន់ យើងត្រូវធ្វើពិពិធកម្មនូវប្រភពកំណើន ដោយផ្លាស់ប្ដូរពីការពឹងផ្អែកទៅលើតម្រូវការពីតំបន់ខាងក្រៅ មកពឹងផ្អែកទៅលើតម្រូវការនៅក្នុងតំបន់យើងវិញ។ ក្នុងន័យនេះ កម្ពុជាសូមលើកទឹកចិត្តដល់បណ្ដាប្រទេសចូលរួមកិច្ចប្រជុំនេះ លើកកម្ពស់សមាហរណកម្ម និងជំរុញការតភ្ជាប់រវាងក្នុងគ្រប់វិស័យឱ្យបានឆាប់រហ័ស ជាមួយនឹងការយកចិត្តទុកដាក់ពិសេសដល់បណ្ដាប្រទេសដែលមានការអភិវឌ្ឍតិចតួច ដើម្បីចូលរួមចំណែកស្ដារសេដ្ឋកិច្ច និងបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង។

ទី៥ «ពង្រឹងការតភ្ជាប់ផ្នែកឌីជីថល» ក្នុងបរិការណ៍នៃការអនុវត្តគោលការណ៍ «រក្សាចម្ងាយសង្គម» ដើម្បីចៀសវាងការឆ្លង ទំនៀមទម្លាប់ និងឥរិយាបទរស់នៅប្រចាំថ្ងៃមួយចំនួនរបស់ប្រជាជនយើង ត្រូវបានផ្លាស់ប្ដូរផងដែរ ដូចជា របៀបធ្វើការ ការរៀនសូត្រ ការប្រជុំ ។ល។ ហេតុនេះ កម្ពុជាស្នើសុំប្រទេសបូកបី ពិនិត្យជួយចែករំលែក និងគាំទ្របច្ចេកវិទ្យាលើវិស័យមួយចំនួន ដូចជា វិស័យរដ្ឋាភិបាលឌីជីថល វិស័យធុរកិច្ចឌីជីថល និងវិស័យប្រព័ន្ធសិក្សាឌីជីថល ដើម្បីធានានូវនិរន្តរភាពនៃការអភិវឌ្ឍ ទាំងក្របខ័ណ្ឌទ្វេភាគី អនុតំបន់ ក៏ដូចជាពហុភាគី៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ