សម្ដេចតេជោ ហ៊ុន សែន ចែលរំលែកនូវទស្សនៈ៦ចំណុច ដែលអាស៊ានត្រូវតែរួមដៃគ្នា និងប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិរួម

ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នាពេល​កន្លងមក វិធានការនានាប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសទាំងអស់ ភាគច្រើន​គឺផ្តោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេស  ក្នុងបរិការណ៍សកលភាវូបនីយកម្ម​និងសមា​ហរ​ណ​​កម្មតំបន់។ សម្ដេចតេជោយល់ថា ការប្រយុទ្ធនឹងកូវីដ-១៩នេះ គឺមិនអាចដោះស្រាយ​ត្រឹម​កម្រិតប្រទេសនីមួយៗបានឡើយ ព្រោះភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺនេះ ទាមទារឱ្យ​មានការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយ និយាយជារួម អាស៊ានត្រូវតែរួមដៃគ្នា និងប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរ​ភូមិ​រួម។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសស្ដីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ជាមួយថ្នាក់ដឹកនាំរបស់អាស៊ាន នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅវិមាន​សន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ចែករំលែកនូវទស្សនៈមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងនោះមាន ទី១. ដោយកូវីដ-១៩ ជាជំងឺថ្មី និង​មានចំណុចជាច្រើនពាក់ព័ន្ធនឹងជំងឺនេះ ដែលយើងមិនទាន់បានយល់ដឹងអាស៊ាន​ត្រូវការចាំ​បាច់​នូវការលើកកម្ពស់ការចែករំលែកឱ្យបានទាន់ពេលវេលានូវឧត្តមានុវត្តន៍ ព័ត៌មានទិន្នន័យ ព្រមទាំងបច្ចេកទេស បទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងវេជ្ជសាស្ត្រអំពីជំងឺនេះ ក្នុងការ​ការពារទប់ស្កាត់ វិនិច្ឆ័យ ព្យាបាល និងតាមដាន។ ទន្ទឹមនេះ ​ការបន្តពង្រឹងយន្តការកិច្ច​សហ​ប្រតិ​បត្តិការអាស៊ានដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ​និងដៃគូសន្ទនានានា ក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមដែល​កើតចេញពីជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ការផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមករវាងសមាជិកអាស៊ាន ដូចជាការចែករំលែកនូវធន​ធាន បច្ចេកទេស និងសម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត។ល។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់​ចំពោះការឯកភាពបង្កើត”មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩​” ដើម្បីឆ្លើយ​តប​នឹងតម្រូវការចាំបាច់នានា រួមមានក្នុងផ្នែកបរិក្ខារ និងផ្នែកសុខាភិបាលជាដើម។ ទី២. អាស៊ាន​ដែលជាប្រទេសមានវាសនារួមគ្នា គប្បីត្រូវលើកកម្ពស់ការសម្របសម្រួល​និងកិច្ចសន្ទនាឱ្យ​កាន់តែជិតស្និទ្ធចំពោះការដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីបញ្ចៀសនូវផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់​​សេដ្ឋ​កិច្ចសង្គមនៅក្នុងតំបន់ ដូចជាការចាត់វិធានការជាឯកតោភាគី ជាអាទិ៍ការបិទច្រក​ឆ្លង​កាត់ព្រំដែនដោយមិនបានជូនដំណឹងជាមុន ដែលអាចបង្កការប៉ះពាល់ដល់​ច្រវ៉ាក់ផ្គត់​ផ្គង់ផលិតកម្ម និងលំហូរពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងសេដ្ឋកិច្ចតំបន់ទាំងមូល ជាពិសេសការធ្វើដំណើរ ការប្រកបមុខរបរ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិតខាងគ្នាផង ក្នុងតំបន់អាស៊ានយើង។ ទី៣. ដោយការប្រយុទ្ធប្រឆាំងនឹងជំងឺ​កូវីដ-១៩នេះត្រូវការថវិកា សម្ភារៈ បរិក្ខារ ក៏ដូចជាកម្លាំងមនុស្សច្រើន។ អ្វីដែលកម្ពុជាអាចផ្ដល់​ជាបទពិសោធន៍ គឺការជំរុញនិងបំផុសនូវវប្បធម៌ចែករំលែក ដែលនៅក្នុងនេះគឺមានការចែក​រំលែកពីស្ថាប័នរដ្ឋទៅប្រជាជន ការចែករំលែកពីដៃគូអភិវឌ្ឍន៍​និងអង្គការមិនមែនរដ្ឋាភិបាល​ទៅប្រជាជន ការចែករំលែកពីអ្នកមានធនធានទៅសង្គម និងអ្នកមានធនធាន និងការចែក​រំលែករវាងប្រជាជននៅក្នុងមូលដ្ឋាន។ វប្បធម៌នេះគឺមិនត្រឹមតែបន្ថយនូវសម្ពាធមក​លើថវិកា​ជាតិប៉ុណ្ណោះទេ តែក៏បង្កើតបានជាចលនារួបរួមស្មារតីជាប្រជាជាតិតែមួយ និងចលករក្នុង​ការ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ។ ទី៤. យើងត្រូវចៀសវាង ការរើសអើងពូជសាសន៍​និង​ការប្រកាន់​ជំហរស្ដីបន្ទោស ដែលជាល្បែងទម្លាក់កំហុសដ៏អាក្រក់មួយនាំដល់ការបែ​កបាក់​សាមគ្គីភាព ខណៈដែលពិភពលោកទាំងមូល កំពុងខិតខំរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ​រាតត្បាត​នេះ។ ក្នុងស្មារតីមនុស្សធម៌និងសាមគ្គីភាពអន្តរជាតិ កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង ២,២០០ នាក់ ចូលចត នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០។ កម្ពុជាមិនត្រឹមតែបាននិងកំពុងជួយព្យាបាលពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បាន​ព្យាបាលទាំងជនបរទេស រួមមានឥណ្ឌូណេស៊ី ០២នាក់ ម៉ាឡេស៊ី១៣ នាក់ចិន០១នាក់ អង់គ្លេស ០៥នាក់ បារាំង ៤០នាក់ កាណាដា ០១នាក់ ប៊ែលហ្សិក ០១នាក់ និងអាមេរិកាំង ០២នាក់ ដោយមិនគិតថ្លៃនៅកម្ពុជា។ ទី៥. យើងត្រូវបន្តពង្រឹងស្មារតីជួយគ្នាទៅវិញទៅមក​ក្នុងអាស៊ានជាពិសេសចំពោះប្រជាជនអាស៊ាន ដែលជាប់គាំងដំណើរឬរងគ្រោះដោយ​ជំងឺ​កូវីដ-១៩។ ក្នុងន័យនេះសម្ដេចតេជោក៏សូមថ្លែងអំណរគុណដល់បណ្ដា​ប្រទេសសមាជិក​អាស៊ាន ដែលបានសហការជួយសម្របសម្រួលដល់ការធ្វើដំណើរ​ប្រជាពលរដ្ឋកម្ពុជាដែល​ជាប់​គាំងដំណើរតាមផ្លូវនិងនៅតាមព្រលានយន្តហោះមួយចំនួន ​កន្លងមក ហើយកម្ពុជា ក៏បានខិតខំជួយសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ដូចគ្នាដែរ។ កាលពីថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២០ កម្ពុជាបានសម្របសម្រួលឲ្យម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួល​ពលរដ្ឋម៉ាឡេស៊ីដែលជាប់នៅកម្ពុជាចំនួន ១១១នាក់។ ទី៦.អាស៊ានត្រូវគិតគូរ​ជា​យុទ្ធ​សាស្ត្រ​ក្នុងការស្ដារនិងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ-១៩ ​ត្រូវ​បញ្ចប់។​កម្ពុជាយល់ថាអាស៊ានត្រូវពន្លឿនការអនុវត្តផែនការ និងយន្តការនានាដែលមានស្រាប់ឱ្យ​បាន​លឿន ក៏ដូចជាជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ លុបបំបាត់របាំងមិនមែន​ពន្ធ​និង​បង្កើនកិច្ចសម្រួលពាណិជ្ជកម្ម។

សម្ដេចតេជោបានបន្ថែមទៀតថា យើងក៏ត្រូវជំរុញការអនុវត្តគំនិតផ្ដួចផ្ដើមនានា សម្រាប់​សមាហរណកម្មអាស៊ានដោយផ្ដោតលើ (១)-ការលើកកម្ពស់សហគ្រាសមី​ក្រូតូច​និង​មធ្យម(MSMEs) និងការបង្កើតធុរកិច្ចថ្មីផ្នែកនវានុវត្ដន៍បច្ចេកវិទ្យា (Start-Ups), (២)-ការលើក​​កម្ពស់កិច្ចសហការរវាងវិស័យឯកជននិងសាធារណៈក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល, និង​(៣).ការអភិវឌ្ឍន៍ធនធានមនុស្សនិងជំនាញវិជ្ជាជីវៈឌីជីថល៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ