ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមេដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​ពិសេស​តាម​រយៈប្រព័ន្ធវីដេអូ(Video Conference) ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃជំងឺកូវីដ-១៩

ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជា មួយថ្នាក់ដឹកនាំរបស់អាស៊ាន និងប្រទេសបូកបីផ្សេងទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​អាស៊ានពិសេស និងកិច្ចប្រជុំអាស៊ានបូកបីពិសេសស្ដីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដែលជាការតបតាមការអញ្ជើញរបស់ ឯកឧត្ដម ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជា​ប្រធាន​អាស៊ាន ឆ្នាំ២០២០នោះ។

អញ្ជើញអមសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ នៅឯវិមាន​សន្តិភាព នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ រួមមាន ឯកឧត្ដម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន  និងកីឡា និងឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងឥស្សរជន​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។ ​

បើតាមប្រភពពីក្រសួងការបរទេសបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​ពិសេស និងកិច្ចប្រជុំអាស៊ានបូកបីពិសេស ស្ដីពីកូវីដ-១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹង​អញ្ជើញថ្លែងសន្ទរកថាដ៏មានអត្ថន័យចំនួន ០២ ស្ដីពីផលប៉ះពាល់នៃកូវីដ-១៩ ទៅលើការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់​ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គម ជារួម ដែលទាម​ទារកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីឆ្លើយ​តបទៅនឹងការគំរាមកំហែងនៃកូវីដ-១៩នេះ។ កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ គឺជាព្រឹត្តិ​ការណ៍ដ៏សំខាន់បន្ថែមទៀត ដែលឆ្លុះបញ្ចាំងពីការរួបរួមរបស់អាស៊ាន តាមរយៈសកម្មភាពនៃ​ការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ការឆ្លើយតបដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងជំងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្រប​ពេលជាមួយការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរិះរកកិច្ចសហប្រតិបត្តិការជាមួយដៃគូ​ខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយនិងលុបបំបាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ