សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះ សុវត្ថិភាពសុខភាពជាប្រចាំ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើបងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ទោះបីពេលនេះ ប្រទេសយើងគ្មានការដាក់បម្រាមហាមឃាត់តឹងតែង ក្នុងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយក្តី។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បានសរសេរថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ។ ទោះបីពេលនេះ ប្រទេសយើងគ្មានការដាក់បម្រាមហាមឃាត់តឹងតែងក្នុងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយក្តី បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ ហើយត្រូវចងចាំគ្រប់ពេលថា ជំងឺឆ្លងកូវីដ-១៩ គឺជាជំងឺឆ្លងរាត្បាតដ៏កាចសាហាវបំផុត ដែលក្នុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះវាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័សបំផុត។ មកទល់ពេលនេះ គ្មានថ្នាំលេបឬចាក់ព្យាបាលនៅឡើយទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា សូមបងប្អូនប្រជាពលរដ្ឋយកជាប់ជាមួយនូវម៉ាស ទឹកអាល់កុល ឬជែលសម្លាប់មេរោគ និងបាក់តេរី ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ។ សូមកុំឱ្យមានការសោកស្តាយធ្លាក់មកលើខ្លួនយើង និងក្រុមគ្រួសារយើងឱ្យសោះ ដោយសារតែការធ្វេសប្រហែស និងមើលស្រាល ជំងឺឆ្លងកូវីដ-១៩។ យើងចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ