ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណមិត្តចិនជាអនេក ដែលតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។
នៅលើផេកផ្លូវការរបស់សម្ដេចតេជោនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានសរសេរថា អរគុណមិត្តចិនជាអនេក ជានិច្ចកាល មិត្តចិនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ សម្ដេចតេជោបានបញ្ជាក់ថា ក្រៅអំពីជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិត្តចិនបានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិនបានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារ និងឧបករណ៍ប្រដាប់ប្រដាប្រើប្រាស់ជាច្រើនសម្រាប់ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ កម្ពុជាសូមអរគុណមិត្តចិន នឹងសូមឱ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែល្អរឹងមាំដូចដែកថែប។
គួរបញ្ជាក់ដែរថា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានទទួលសម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុសកូវីដ-១៩ ដែលជាជំនួយរបស់ក្រសួងការពារជាតិរបស់សាធារណរដ្ឋប្រជាមានិតចិនចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារអាម៉េរិក។ ក្នុងពិធីប្រគល់ និងទទួលសម្ភារពេទ្យទប់ស្កាត់វីរុសកូវីដ-១៩នេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្ដម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ។ ចំណែកភាគីចិន តំណាងដោយអនុពន្ធ័យោធាប្រចាំកម្ពុជា។ នេះជាលើកទី២ហើយ ដែលក្រសួងការពារជាតិចិន បានប្រគល់សម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុសកូវីដ-១៩ ដល់ក្រសួងការពារជាតិកម្ពុជា ដែលការប្រគល់លើកទី១ គឺសម្ភារសម្រាប់ការពារ ទប់ស្កាត់វីរុសកូវីដ-១៩ មានទម្ងន់ជាង ២តោននោះ៕