សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យពលករជាង២០០នាក់ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៊ី អាចត្រឡប់មកកម្ពុជា បើសិនម៉ាឡេស៊ីបញ្ជាក់ថាគ្មានជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០២០​នេះ បានបញ្ជាក់ថា នៅពេល​នេះរាជរដ្ឋាភិបាល សម្រេច ឲ្យពលករខ្មែរជាង​២០០នាក់ ដែលកំពុង​ស្នាក់នៅ​ប្រទេស​ម៉ាឡេស៊ី អាចត្រឡប់​មក​កម្ពុជា បើសិនអាជ្ញាធរ​ម៉ាឡេស៊ី​បញ្ជាក់ថា គ្មានជំងឺកូវីដ១៩ទេនោះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើពលករ​ខ្មែរដែល​កំពុង​ស្នាក់​នៅម៉ា​ឡេស៊ី ត្រូវបាន​រកឃើញ​ថាមាន​ជំងឺកូវីដនោះ តម្រូវឲ្យ​ព្យាបាលនៅ​ទីនោះ​​រហូតសះស្បើយសិន ទើបអនុញ្ញាត​ឲ្យត្រឡប់​មកកម្ពុជាវិញ។ ដោយឡែកសម្រាប់បងប្អូន ដែលគ្មានជំងឺកូវីដ១៩ ពេល​មកដល់​កម្ពុជា ក៏ត្រូវ​ធ្វើ​ចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Page Facebook យ៉ាងដូច្នេះថា «អរគុណកូនក្មួយ​នៅម៉ាឡេស៊ី ដែលយោគយល់ដល់វិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា។ មក​ទល់​ថ្ងៃនេះក​ម្ពុជានិងពិភពលោកកំ​ពុងសកម្ម​នាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង​កូវីដ​-​១៩​។​ ហើយមកទល់​ពេលនេះ ពិភពលោកក៏មិនទាន់​រកឃើញថ្នាំព្យាបាល​ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះនៅឡើយទេ។

រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណកូនក្មួយពលករជាង​២០០នាក់ ដែលក្នុងនោះ​ក៏មានកូនក្មួយ​អ្នកទោសចំនួន៧៣នាក់ផងដែរ ដែលត្រូវបាន​ផ្អាកការធ្វើដំណើរ វិលត្រឡប់មកកម្ពុជា កាលពីពេលថ្មីៗ​ក្នុងពេល​ដែលប្រទេស​យើងកំពុងដា​ក់បម្រាមតឹ​ងរឹងក្នុងការធ្វើដំណើរ​។ ប៉ុន្តែនៅពេល​នេះបម្រាម​ការធ្វើដំណើរ ក្នុងប្រទេស​ក៏បានលើក ដូច្នេះរាជរដ្ឋា​ភិបាល​កម្ពុជា បានសម្រេច​ឲ្យកូន​ក្មួយ​ពលករខ្មែរជាង​២០០នាក់ អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែសូមកូនក្មួយទុកពេលវេលា ឲ្យខាងអាជ្ញាធរម៉ាឡេស៉ី គេធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថា កូនក្មួយគ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ-១៩។ យើងទាំងអស់គ្នា ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះជំងឺកូវីដ-១៩ នេះ គឺងាយឆ្លងខ្លាំងណាស់។

សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាច​វិល​ត្រឡប់​មកក​ម្ពុជាវិញបាន​ក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាកព្យាបាល នៅទីនោះសិនរហូតដល់ជាសះស្បើយ ទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ។ ចំពោះកូនក្មួយដែលនឹងមកដល់កម្ពុជាវិញ គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត ហើយក៏មានការធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅតាមផ្ទះផងដែរ»៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort