សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្ដីពី កូវីដ-១៩

  • ព្រះចៅ ស៊ុលតង់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ានបូកបី
  • ឯកឧត្ដម លោកជំទាវ លោក លោកស្រី!

ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្ដែងនូវក្ដីរីករាយ ដោយបានចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំ នៃប្រទេសបូកបី តាមរយៈវីដេអូខនហ្វេរ៉ីន (Video Conference) នាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមអរគុណចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ដួចផ្ដើមរៀបចំឱ្យមានកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស អំពីជំងឺកូវីដនេះឡើង ដើម្បីពិភាក្សាអំពីការឆ្លើយតបរួមរបស់យើង សំដៅទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ កូវីដ-១៩។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបូកបី ដែលបានខិតខំទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នូវការរីករាលដាលនៃជំងឺនេះ និងបន្តការអនុវត្តវិធានការបង្ការប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាក់ស្ដែង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនក្រុមគ្រូពេទ្យជំនាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងស៊ីវិល និងយោធា មកជួយកម្ពុជា រួមទាំងសម្ភារៈបរិក្ខារពេទ្យ និងម៉ាស ខណៈដែលរដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២០ លានដុល្លារអាមេរិក ដែលនឹងផ្ដោតលើការទិញសម្ភារៈបរិក្ខារពេទ្យ ថ្នាំ និងរថយន្តសង្គ្រោះបន្ទាន់ ជាដើម។

ពិតណាស់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កើនឱ្យមានការព្រួយបារម្ភ និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងៗ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ​ក្នុងតំបន់ និងសកលលោក។ ការណ៍នេះ បានធ្វើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្លាយជាបញ្ហារួម (Common Challenge) របស់យើងទាំងអស់គ្នា ទោះបីជាប្រទេសយើងនីមួយៗ កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ។

ក្នុងបរិការណ៍នេះ យើងចាំបាច់ត្រូវមានការឆ្លើយតបឱ្យទាន់ពេលវេលា និងកិច្ចខិតខំប្រឹងប្រែងរួម ក៏ដូចជាការសម្របសម្រួលដោយប្រសិទ្ធភាព ទាំងក្នុងក្របខណ្ឌអាស៊ាន និងអាស៊ានបូកបី ដោយត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដោះស្រាយមួយ ដែលមានបរិយាប័ន្ន និងភាពគ្រប់ជ្រុងជ្រោយ។ ក្នុងន័យនេះ ក្របខណ្ឌអាស៊ានបូកបី គឺជាយន្តការដ៏សំខាន់ប្រកបដោយសក្ដានុពល ដែលអនុញ្ញាតឱ្យយើងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលនេះ។ ក្នុងស្មារតីនេះ ខ្ញុំសូមចែករំលែកនូវទស្សនៈមួយចំ​នួន ដូចខាងក្រោម៖

ទី ១ «ការចែករំលែកបទពិសោធន៍» គឺជាគន្លឹះក្នុងការគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ អាស៊ានត្រូវដកស្រង់បទពិសោធន៍ ពីភាពជោគជ័យ និងឧត្ដមានុវត្តន៍របស់ប្រទេសបូកបី ជាពិសេស ចិន និងសាធារណរដ្ឋកូរ៉េ ក្នុងការទប់ស្កាត់ និងគ្រប់គ្រងជារួម លើការរីករាលដាលនៃជំងឺនេះ បានប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ កម្ពុជាសូមស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត រវាងស្ថាប័នពាក់ព័ន្ធ នៅក្នុងក្របខណ្ឌអាស៊ានបូក ដើម្បីចែករំលែកបទពិសោធន៍ សំដៅធានានូវសុខុមាលភាពជូនប្រជាជនយើងក្នុងតំបន់ទាំងមូល។ ទន្ទឹមនេះដែរ យើងគួរពិនិត្យលទ្ធភាពប្រើប្រាស់នូវមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដែលមានស្រាប់ ហើយកំពុងប្រើប្រាស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់អាស៊ីបូព៌ា ដែលក្នុងនោះមានវិស័យសុខាភិបាល យកមកទ្រទ្រង់កិច្ចប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ-១៩។

ទី ២ «សុវត្ថិភាពអាយុជីវិតជាចម្បង»៖ យើងត្រូវបង្កើនយន្តការរូមមួយ ដើម្បីលើកកម្ពស់ការចែករំលែកបច្ចេកទេស បទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងវេជ្ជសាស្រ្តអំពីជំងឺនេះ សំដៅការពារ ទប់ស្កាត់ វិនិច្ឆ័យ ព្យាបាល និងតាមដាន ជាពិសេស សម្រាប់ក្រុមមនុស្ស ដែលងាយរងគ្រោះថ្នាក់នឹងជំងឺនេះ ដូចជា ក្រុមមនុស្សវ័យចាស់ និងក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងប្រយុទ្ធនឹងជំងឺនេះផ្ទាល់។ ទន្ទឹមនេះ យើងក៏ត្រូវបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ រវាងមន្ទីរពិសោធន៍ មន្ទីរពេទ្យ និងសាកលវិទ្យាល័យ ដែលពាក់ព័ន្ធ ដើម្បីបង្កើនល្បឿននៃការទប់ស្កាត់ និងការព្យាបាលជំងឺឆ្លងនេះ។ ម្យ៉ាងទៀត ប្រទេសបូកបី គួរពង្រីកសមត្ថភាពផលិតកម្មសម្ភារៈបរិក្ខារពេទ្យចាំបាច់ និងសម្រួលការផ្គត់ផ្គង់ឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់ នៅក្នុងប្រទេសសមាជិកអាស៊ាន និងប្រទេសបូកបី។

ទី ៣ «កាត់បន្ថយហានិភ័យសេដ្ឋកិច្ច»៖ យើងត្រូវលើកកម្ពស់ការសម្របសម្រួល និងកិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធ ដើម្បីពិនិត្យដាក់ចេញនូវវិធានការរួម ដែលអាចបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសង្វាក់ផលិតកម្ម សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ដោយប្រកាន់យកគោលការណ៍បន្តបើកចំហសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងរក្សាឱ្យបានរលូន នូវលំហូរនៃការដឹកជញ្ជូនទំនិញឆ្លងដែន ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ កម្ពុជាសូមស្នើឱ្យយន្តការទាំងឡាយក្រោមកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដូចជា កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានបូកបី កិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី កិច្ចសហប្រតិបត្តិការការងារអាស៊ានបូកបី និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត រៀបចំការពិភាក្សាគ្នាជាបន្ទាន់ ដើម្បីរកដំណោះស្រាយរួមគ្នា។

ទី ៤ អាស៊ីបូព៌ា គឺជាតំបន់មួយដែលមានសក្ដានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មខ្ពស់ ដោយសេដ្ឋកិច្ចមានទំហំប្រមាណជាង ២៣,៥ ទ្រីលានដុល្លារអាមេរិក និងប្រជាជនសរុបជាង ២ ពាន់លាននាក់ ជាមួយនឹងការបន្តកើនឡើងនូវប្រាក់ចំណូល។ ដូច្នេះ អាស៊ាន និងប្រទេសបូកបី ត្រូវចាប់យកសក្ដានុពលនេះ ដើម្បីប្រែក្លាយទៅជាប្រភពកំណើនថ្មីសម្រាប់តំបន់ តាមរយៈការជម្រុញពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យផ្សេងទៀត ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត។ ដោយឡែក ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏កំពុងបង្ហាញយ៉ាងច្បាស់ថា ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចតំបន់ យើងត្រូវធ្វើពិពិធកម្មនូវប្រភពកំណើន ដោយផ្លាស់ប្ដូរពីការពឹងផ្អែកទៅលើតម្រូវការពីតំបន់ខាងក្រៅ មកពឹងផ្អែកទៅលើតម្រូវការនៅក្នុងតំបន់យើងវិញ។ ក្នុងន័យនេះ កម្ពុជាសូមលើកទឹកចិត្តដល់បណ្ដាប្រទេសចូលរួមកិច្ចប្រជុំនេះ លើកកម្ពស់សមាហរណកម្ម និងជម្រុញការតភ្ជាប់រវាងក្នុងគ្រប់វិស័យឱ្យបានឆាប់រហ័ស ជាមួយនឹងការយកចិត្តទុកដាក់ពិសេសដល់បណ្ដាប្រទេស ដែលមានការអភិវឌ្ឍតិចតួច ដើម្បីចូលរួមចំណែកស្ដារសេដ្ឋកិច្ច និងបន្តលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង។

ទី ៥ «ពង្រឹងការតភ្ជាប់ផ្នែកឌីជីថល»៖ ក្នុងបរិការណ៍នៃការអនុវត្តគោលការណ៍ «រក្សាចម្ងាយសង្គម» ដើម្បីចៀសវាងការឆ្លង ទំនៀមទម្លាប់ និងឥរិយាបទរស់នៅប្រចាំថ្ងៃមួយចំនួនរបស់ប្រជាជនយើង ត្រូវបានផ្លាស់ប្ដូរផងដែរ ដូចជា របៀបធ្វើការ ការរៀនសូត្រ ការប្រជុំ ។ល។ ហេតុនេះ កម្ពុជាស្នើសុំប្រទេសបូកបី ពិនិត្យជួយចែករំលែក និងគាំទ្រផ្នែកបច្ចេកវិទ្យាលើវិស័យមួយចំនួន ដូចជា វិស័យរដ្ឋាភិបាលឌីជីថល (E-government) វិស័យធុរកិច្ចឌីជីថល (E-business) និងវិស័យប្រព័ន្ធសិក្សាឌីជីថល (E-Learning) ដើម្បីធានានូវនិរន្តភាពនៃការអភិវឌ្ឍ ទាំងក្របខណ្ឌទ្វេភាគី អនុតំបន់ ក៏ដូចជាពហុភាគី។

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort