សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពី កូវីដ-១៩

  • ព្រះចៅ ស៊ុល តង់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ាន
  • ឯកឧត្ដម លោកជំទាវ លោក លោកស្រី!

ជាបឋម ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដោយបានចូលរួមនៅក្នុង «កិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពី កូវីដ-១៩» និងសូមសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម ដោយសាធារណរដ្ឋសង្គមនិយមវៀតណាម ស្របពេលដែលប្រទេសអាស៊ានទាំង ១០ ក៏ដូចជាសកលលោកទាំងមូល កំពុងជួបប្រទះនូវបញ្ហាប្រឈមស្រួចស្រាវពីជំងឺកូវីដ-១៩។ ខ្ញុំសូមស្វាគមន៍វត្តមានឯកឧត្ដម មូយុឌីន យ៉ាសី នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំកំពូលពិសេសនេះ។

ជាការពិត ផលប៉ះពាល់ពីជំងឺកូវីដ-១៩ បានមកដល់លឿន និងមានទំហំធំ ហើយកំពុងរីករាលដាលពីវិស័យមួយទៅវិស័យមួយ។ ជាក់ស្ដែង ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កឱ្យមានផលប៉ះពាល់កាន់តែខ្លាំងដល់ការអភិវឌ្ឍអាស៊ានជារួម ដោយមិនត្រឹមតែលើប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ះពាល់ដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្មក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំរួមជាមួយប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា សូមសំដែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសសមាជិកអាស៊ាន ដែលទទួលរងនូវការបាត់បង់ជីវិតប្រជាជនដោយសារកូវីដ-១៩។

សម្រាប់កម្ពុជា យើងអាចវាយតម្លៃបានថា ស្ថានភាពជំងឺកូវីដ-១៩ កំពុងស្ថិតក្នុងដំណាក់កាលនៃការឆ្លងជាចង្កោមតូចៗ ដែលមួយផ្នែកធំនៃការឆ្លង គឺជាការនាំចូលជំងឺពីខាងក្រៅ។ ដូចប្រទេសដទៃនៅអាស៊ាន កម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត និងហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានចែកជាបីសមរភូមិ៖ ទី១. ការទប់ស្កាត់មិន​​​ឱ្យមានការបន្តនាំជំងឺចូលមកកម្ពុជា ទី២. ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង ទី៣. ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ-១៩។ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងកម្រិតខ្ពស់បំផុត កម្ពុជាបានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាបញ្ជាការដ្ឋានរួមក្នុងការដឹកនាំ ដាក់ចេញ និងជំរុញការអនុវត្តនូវវិធានការទាំងអស់។ ទន្ទឹមនេះ កាលពីថ្ងៃទី ៧ ខែមេសា កន្លងទៅ កម្ពុជាក៏បានសម្រេចចិត្តលើកពេលប្រារព្ធពិធីចូលឆ្នាំថ្មី និងបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។

នាពេលកន្លងមក វិធានការនានាប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសទាំងអស់ ភាគច្រើនគឺផ្តោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេស។ ក្នុងបរិការណ៍សកលភាវូបនីយកម្ម និងសមាហរណកម្មតំបន់ ខ្ញុំយល់ថា ការប្រយុទ្ធនឹងកូវីដ-១៩នេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ព្រោះភាពជោគជ័យ នៃការប្រយុទ្ធនឹងជំងឺនេះ ទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ និយាយជារួម អាស៊ានត្រូវតែរួមដៃគ្នា និងប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិរួម។ ក្នុងស្មារតីនេះ អនុញ្ញាតឱ្យខ្ញុំចូលរួមចែករំលែកនូវទស្សនៈមួយចំនួនដូចខាងក្រោម៖

ទី១. ដោយកូវីដ-១៩ ជាជំងឺថ្មី និងមានចំណុចជាច្រើនពាក់ព័ន្ធនឹងជំងឺនេះ ដែលយើងមិនទាន់បានយល់ដឹង អាស៊ានត្រូវការចាំបាច់នូវ៖ (១) ការលើកកម្ពស់ការចែករំលែកឱ្យបានទាន់ពេលវេលានូវឧត្តមានុវត្តន៍ ព័ត៌មាន ទិន្នន័យ ព្រមទាំងបច្ចេកទេស បទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងវេជ្ជសាស្ត្រ អំពីជំងឺនេះ ក្នុងការការពារ ទប់ស្កាត់ វិនិច្ឆ័យ ព្យាបាល និងតាមដាន (២) ការបន្តពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអាស៊ាន ដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងដៃគូសន្ទនានានា ក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីជំងឺកូវីដ-១៩ ប្រកប​ដោយ​ប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ និង (៣) ការផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមករវាងសមាជិកអាស៊ាន ដូចជាការចែករំលែកនូវធនធាន បច្ចេកទេស និងសម្ភារៈ បរិក្ខាវេជ្ជសាស្រ្ត ។ល។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះការឯកភាពបង្កើត “មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩” ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នានា រួមមានក្នុងផ្នែកបរិក្ខា និងផ្នែកសុខាភិបាលជាដើម។

ទី២. អាស៊ាន ដែលជាសហគមន៍មានវាសនារួមគ្នា គប្បីត្រូវលើកកម្ពស់ការសម្របសម្រួល និងកិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធ ចំពោះការដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីបញ្ចៀសនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គមនៅក្នុងតំបន់ ដូចជា ការចាត់វិធានការជាឯកតោភាគី ជាអាទិ៍ ការបិទច្រកឆ្លងកាត់ព្រំដែនដោយមិនបានជូនដំណឹងជាមុន ដែលអាចបង្កការប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ផលិតកម្ម និងលំហូរពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងសេដ្ឋកិច្ចតំបន់ទាំងមូល ជាពិសេស ការធ្វើដំណើរ ការប្រកបមុខរបរ  ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៃប្រទេសជិតខាងផងគ្នា ក្នុងតំបន់អាស៊ានយើង។

ទី៣. ដោយការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ត្រូវការថវិកា សម្ភារៈបរិក្ខារ ក៏ដូចជាកម្លាំងមនុស្សច្រើន, អ្វីដែលកម្ពុជាអាចផ្ដល់ជាបទពិសោធន៍ គឺការជំរុញ និងបំផុសនូវវប្បធម៌ចែករំលែក ដែលនៅក្នុងនេះ គឺមានការចែករំលែកពីស្ថាប័នរដ្ឋទៅប្រជាជន ការចែករំលែកពីដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលទៅប្រជាជន ការចែករំលែកពីអ្នកមានធនធានទៅសង្គម និងអ្នកគ្មានធនធាន និងការចែករំលែករវាងប្រជាជននៅក្នុងមូលដ្ឋាន។ វប្បធម៌នេះគឺមិនត្រឹមតែបន្ថយនូវសម្ពាធមកលើថវិកាជាតិប៉ុណ្ណោះទេ តែក៏បង្កើតបានជាចលនារួបរួម ស្មារតីជាប្រជាជាតិតែមួយ និងចលករក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ​។

ទី៤. យើងត្រូវចៀសវាងការរើសអើងពូជសាសន៍ និងការប្រកាន់ជំហរស្ដីបន្ទោស ដែលជាល្បែងទម្លាក់កំហុសដ៏អាក្រក់មួយ នាំដល់ការបែកបាក់សាមគ្គីភាព ខណៈដែលពិភពលោកទាំងមូល កំពុងខិតខំរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពអន្តរជាតិ កម្ពុជាបានអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង ២២០០ នាក់ ចូលចត នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០។ កម្ពុជាមិនត្រឹមតែបាន និងកំពុងជួយព្យាបាលពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បានព្យាបាលទាំងជនបរទេស រួមមានឥណ្ឌូណេស៊ី ២ នាក់, ម៉ាឡេស៊ី ១៣ នាក់ ចិន ១ នាក់ អង់គ្លេស ៥ នាក់ បារាំង ៤០ នាក់, កាណាដា ១ នាក់, ប៊ែលហ្សិក ១ នាក់ និងអាមេរិកាំង ២ នាក់ ដោយមិនគិតថ្លៃនៅកម្ពុជា។

ទី៥. យើងត្រូវបន្តពង្រឹងស្មារតីជួយគ្នាទៅវិញទៅមកក្នុងអាស៊ាន ជាពិសេស ចំពោះប្រជាជនអាស៊ាន ដែលជាប់គាំងដំណើរ ឬរងគ្រោះដោយជំងឺកូវីដ-១៩។ ក្នុងន័យនេះ ខ្ញុំសូមថ្លែងអំណរគុណដល់បណ្ដាប្រទេសសមាជិកអាស៊ាន ដែលបានសហការជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាប់គាំងដំណើរតាមផ្លូវ និងនៅតាមព្រលានយន្តហោះមួយចំនួនកន្លងមក។ កម្ពុជាក៏បានខិតខំជួយសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ដូចគ្នាដែរ។ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ កម្ពុជាបានសម្របសម្រួលឱ្យម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលពលរដ្ឋម៉ាឡេស៊ី ដែលជាប់នៅកម្ពុជាចំនួន ១១១ នាក់។

ទី៦. អាស៊ានត្រូវគិតគូរជាយុទ្ធសាស្ត្រ ក្នុងការស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ-១៩ ត្រូវបញ្ចប់។ កម្ពុជាយល់ថា អាស៊ានត្រូវពន្លឿនការអនុវត្តផែនការ និងយន្តការនានាដែលមានស្រាប់ ឱ្យបានលឿន ក៏ដូចជាជម្រុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ លុបបំបាត់របាំងមិនមែនពន្ធ និងបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម។ បន្ថែមលើនេះ យើងក៏ត្រូវជំរុញការអនុវត្តគំនិតផ្ដួចផ្ដើមនានា សម្រាប់សមាហរណកម្មអាស៊ានដោយផ្ដោតលើ៖ (១) ការលើកកម្ពស់សហគ្រាសមីក្រូ តូច និងមធ្យម(MSMEs) និងការបង្កើតធុរកិច្ចថ្មីផ្អែកលើនវានុវវត្តន៍បច្ចេកវិទ្យា (Start-Ups) (២) ការលើកកម្ពស់កិច្ចសហការរវាងវិស័យឯកជន និងសាធារណៈ ក្នុងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល និង (៣) កាអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈឌីជីថល។

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...