សម្រង់សារសម្លេង​សម្តេចតេជោ ហ៊ុន សែន, អំពីការដាក់ចេញនូវវិធានការស្តុកទំនិញជាយុទ្ធសាស្រ្តមួយចំនួន ក្នុងយុទ្ធនាការប្រយទ្ធប្រឆាំង Covid-19

CNV:

ខ្ញុំសូមជូន(សារសម្លេងនេះទៅ)ថ្នាក់ដឹកនាំក្នុងការប្រយុទ្ធប្រឆាំង Covid-19
ក៏ដូចជាថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល និង
ផ្នែកពាក់ព័ន្ធទាំងអស់!

កន្លងទៅយើងបានរៀបចំស្ដុកបម្រុង និងរៀបចំខ្លួន ដោយមិនទាន់មានផ្នែក​ណាមួយមានការថ្លោះធ្លោយទេ បើទោះបីប្រទេសយើង … ​ត្រូវបានជនបរទេសខ្លះ សរសេរអត្ថបទបន្ដុះបង្អាប់នៅលើសារព័ត៌មាន​ នៅពេលដែលប្រទេសគេ​កំពុង​លិច​លង់ ដោយការខ្វះចន្លោះ នៃការធ្វើអភិបាលកិច្ច​អំពីសុខភាពរបស់ប្រជាជនគេក៏ដោយ។ ​សម្រាប់យើង គឺយើងមានមោទនភាព​ ដោយសារតែក្រសួងសុខាភិបាលនិងផ្នែកពាក់ព័ន្ធ​ រាប់ទាំងការស្ដុកបម្រុងស្បៀងអាហារ​ និងការធ្វើកិច្ចការងាររបស់យើងបានប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់។

កន្លងទៅខ្ញុំបានចេញបញ្ជាឱ្យទិញម៉ាស ៥ លាន ២ សែន ជាម៉ាសធម្មតា និង ២០ ម៉ឺនម៉ាស​​សម្រាប់គ្រូពេទ្យ បូកនឹងខោអាវពេទ្យ ៥ ពាន់ កំផ្លេ ដែលក្នុងនោះមានផលិតក្នុងស្រុកខ្លះ និង​នាំ​ពីក្រៅប្រទេសខ្លះ ដែលមានមួក​ ក្បាំងមុខ និងអ្វីដែលទាក់ទងជាមួយនឹង​ការការពារគ្រូពេទ្យ។​ នេះជាការចាំបាច់។ យើងមិនអាចឱ្យគ្រូពេទ្យណាម្នាក់ឆ្លងដោយសារតែខ្វះការទទួល​ខុសត្រូវ​​របស់យើងនោះទេ។ ឥឡូវនេះ ខ្ញុំសុំចេញបទបញ្ជាបន្ថែម ដែលយើងមានការស្ដុក​បម្រុង​របស់រាជរដ្ឋាភិបាលមួយកម្រិតទៀត។

ក្នុងស្ដុកបម្រុងរបស់រាជរដ្ឋាភិបាលនេះ ខ្ញុំចេញបញ្ជាដូចតទៅ​​ ទី ១ គឺស្ដុកបម្រុងម៉ាសសំរាប់រាជរដ្ឋាភិបាល​គឺចំនួន ១០ លានម៉ាស​ ហើយការស្តុកបម្រុង ១០ លានម៉ាសនេះ សូមបញ្ជាក់ តែពាក្យថា​ស្ដុក​ បើកាលណាប្រើអស់ ១ លាន ម៉ាស ត្រូវបញ្ជូន ១ លានមកវិញ​ ឬក៏ ២ លានមកវិញ គឺមិនត្រូវឱ្យទាបជាង ​១០ លានទេ​។ ត្រូវផលិតនៅក្នុងស្រុកបន្ថែម។ បើសិនជាមានការខ្វះខាត​ ត្រូវទិញពីក្រៅប្រទេសចូលមក​ជា​មួយរោងចក្រនៅកំពង់សោម ដែលត្រូវការផលិតឱ្យយើងជាបន្ដ​​បន្ទាប់​​ ដើម្បីឱ្យម៉ាសនេះមិនឱ្យតិចជាង ១០ លានទេ។ បើសិនរោងចក្រផលិតបានកាន់តែច្រើន ​យើងទិញយកទាំងអស់​ ដើម្បីយើងយកមករក្សាក្នុងស្ដុក​ នេះជាយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល​។

សម្រាប់ផ្នែកសំលៀកបំពាក់គ្រូពេទ្យត្រូវទិញ ៥ ពាន់ កំផ្លេ សម្រាប់ស្ដុករបស់រាជរដ្ឋាភិបាល​ គឺទិញ​ដូចលើកមុន ទិញមកពីក្រៅស្រុក និងក្នុងស្រុក ដើម្បីផ្គុំគ្នាឱ្យទៅជាសំលៀកបំពាក់គ្រូពេទ្យ​។​ ម៉ាសសម្រាប់គ្រូពេទ្យ ដែលមុននេះស្ដុកបម្រុងនៅក្នុងក្រសួងសុខាភិបាលមាន​ ៣ ម៉ឺន ៤ ពាន់ ខ្ញុំ​ឱ្យ​ទិញ​ ២០ ម៉ឺន។ (សម្ភារៈ) ៥ ពាន់កំផ្លេហ្នឹង ទុកនៅក្រសួងសុខាភិបាល​ប្រើប្រាស់ចុះ …​ ប៉ុន្ដែឥឡូវ ខ្ញុំឱ្យស្ដុកសម្រាប់ខោអាវគ្រូពេទ្យមាន ៥ ពាន់ សម្រាប់ បូកនឹងម៉ាសគ្រូពេទ្យ ៥០ ម៉ឺនម៉ាស​ ដើម្បធានាថាគ្រូពេទ្យរបស់យើងមិនខ្វះម៉ាសប្រើប្រាស់នោះទេ។

ចំពោះអាល់កុល​ កន្លងទៅ​ (យើងបានណែនាំ)ឱ្យផលិត … ការផលិតយកមកប្រើប្រាស់​ជា​ចរន្ដក្នុងមួយថ្ងៃ​ ៣ ពាន់ ៤ ពាន់ ៥ ពាន់លីត្រ។​ ប៉ុន្ដែខ្ញុំចេញបញ្ជាឱ្យស្ដុកបម្រុងយុទ្ធសាស្ដ្ររបស់​រាជ​រដ្ឋាភិបាលឱ្យបាន ១ លានលីត្រយ៉ាងតិច​។ ប្រសិនប្រើប្រាស់អស់ថា ២០ ម៉ឺនលីត្រ​ ត្រូ​វ​តែដាក់ឱ្យផលិត(ឱ្យគ្រប់)​ ១ លានលីត្រឡើងវិញ ដើម្បីឱ្យធានាថាយើងមិនមានការខ្វះខាតទេ​ … ដោយសារឯកឧត្តម សុខ ចិន្ដា និងឯកឧត្តម ជូ វិចិត្រ ធ្លាប់បានធ្វើ​​កិច្ច​ការងារនេះជាមួយម្ចាស់រោងចក្រ ហើយឯកឧត្តម សុខ ចិន្ដា ធ្លាប់បាន​ធ្វើការងារនេះ ជាមួយឯកឧត្តម ម៉ម ប៊ុនហេង​ ជាមួយលោកជំទាវ យក់ សម្បត្ដិ ដូចនេះសូមបន្ដធ្វើ។

សូមបញ្ជាក់ឡើងវិញ ម៉ាសត្រូវស្ដុកបម្រុង ១០ លានម៉ាស សំលៀកបំពាក់គ្រូពេទ្យ ៥ ពាន់កំផ្លេ​ បូកជា​មួយម៉ាស់ N95 (ចំនួន) ៥ ពាន់ម៉ាសបន្ថែមទៀត។​ ស្ដុកនេះមិនចំាបាច់យកទៅទុក​នៅឯណាទេ គឺទុកនៅក្រសួងសុខាភិបាលដដែល គ្រាន់តែពេលយកប្រើប្រាស់ ​គឺសុំការ​អនុ​ញ្ញាតថា​​ប្រើប្រាស់​ស្ដុករបស់​រាជរដ្ឋាភិបាល។ ជូនព័ត៌មានមកខ្ញុំ ដើម្បីខ្ញុំបញ្ជាទិញថែមតែ​ប៉ុណ្ណោះ​។ បានសេចក្ដីថា (របស់ទាំង)នោះជារបស់ពេទ្យ ហើយស្ដុកតាមក្បួនខ្នាតរបស់គេ​។ ដោយ​ឡែក ​អាល់​កុលត្រូវ​តែរក្សាទុកស្ដុកនេះ (ដើម្បី)ចៀសវាងការលំបាកក្នុងការ​គ្រប់គ្រង​ស្អីៗ អាចឱ្យរោងចក្រជួយគ្រប់គ្រងឱ្យយើង​។ ក្នុងករណី ដែលរោងចក្រអេស្កាដេ​ មិនអាចផលិតគ្រប់គ្រាន់ យើងអាចទាក់ទងជាមួយរោងចក្រដទៃទៀត​ដូចជា រោងចក្រ​កូរ៉េដែល​ធ្វើអេតាណុល ក៏អាចនឹងផលិតឱ្យយើងបានដែរ ដើម្បីត្រៀមទុកបម្រុងជាយថាហេតុ (សំរាប់)យើងប្រើប្រាស់ …។

ឯផ្នែកមួយទៀត ទាក់ទងនឹងបញ្ហាការស្តុកស្បៀង គឺឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានរាយការណ៍ឱ្យខ្ញុំជាបន្តបន្ទាប់រួចហើយ។ ខ្ញុំគាំទ្រ ហើយនឹងឱ្យគិតគូរបន្ថែមទៅលើបញ្ហាក្រៅពីការស្តុកអង្ករ និងស្រូវ។ យើងត្រូវគិត​ពិនិត្យអំពីបញ្ហាឱ្យរោងចក្រផលិតមីនៅក្នុងប្រទេសរបស់យើង បង្កើនសមត្ថភាពផលិត។ រាជរដ្ឋាភិបាលត្រូវតែធានាថាយករបស់គេក្នុងប៉ុន្មាន ហើយយើងស្តុកនៅកន្លែងនោះ យើងបង់ប្រាក់ឱ្យគេមួយចំនួន (ដើម្បី)គេអាចផលិតចាក់ចូលទីផ្សារ ចៀសវាងការ(ខ្វះទំនិញនេះនាំដល់ការ)ឡើងថ្លៃ។ រោងចក្ររបស់យើងមានដល់ទៅ ៤ ធំៗ។ អញ្ចឹងទេ យើងផលិតមីហ្នឹងបន្ថែម ដើម្បីចាក់ចូលទីផ្សារ។ ក្រៅពីនោះគឺរោងចក្រនីមួយៗ មានកាតព្វកិច្ច គឺបម្រុងឱ្យរដ្ឋប៉ុន្មាន?

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ឯកឧត្តម ប៉ាន សូរស័ក្តិ ត្រូវធ្វើការជាមួយគ្នាពាក់ព័ន្ធជាមួយនឹងបញ្ហាស្តុកស្បៀងនេះ។ ហើយក៏មានឯកឧត្តម វ៉េង សុខុន ខាងកសិកម្មផងដែរ អំពីបរិមាណស្តុក។ ហើយប្រភពត្រី ដែលនៅកន្លែងត្រូវការលក់ដូរស្អីៗនេះ ដើម្បីចៀសវាងការឡើងថ្លៃត្រី។ ត្រីក៏ត្រូវតែរក្សាទុក គឺក្នុងរយៈពេលនេះគួរតែមានការហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេសផងដែរ។ កន្លងទៅយើងមិនបានហាមឃាត់ទេ យើងហាមឃាត់តែស្រូវ/អង្ករ ក៏ប៉ុន្តែអាចនឹងនៅមានការនាំចេញត្រី។ អញ្ចឹង​ក៏សុំឱ្យត្រីបង្វិលមកលក់ក្នុងទីផ្សារកម្ពុជាយើងវិញ។

ខ្ញុំសូមបញ្ជាក់សាជាថ្មីម្ដងទៀតថា ថវិកាប្រមាណជាង ១១ លានដុល្លារ ដែលសប្បុរសជនបានចូល ឥឡូវនេះ (មានទាំង)រាប់រយមន្រ្តីរាជការរបស់យើងបានរួមជាវិភាគទានជាប្រាក់បៀវត្សរបស់ខ្លួនដើម្បីជួយ។ ខ្ញុំសុំឱ្យប្រើប្រាស់ថវិកាទាំងនេះ ជួយទៅដល់ប្រជាជនវិញ ទៅទិញម៉ាស ទិញសម្ភារៈរបស់គ្រូពេទ្យ ម៉ាសរបស់គ្រូពេទ្យ ទិញអាល់កុល ហើយនិងការត្រៀមបម្រុងសម្រាប់ខាងផ្នែក និយាយរួម យើងត្រៀមបម្រុងសម្រាប់ជួយទៅដល់ប្រជាជនវិញ។

ខ្ញុំសុំអំពាវនាវផងដែរ ឯកឧត្តម ម៉ម ប៊ុន​ហេង ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន អាចបង្កើនថវិកាសម្រាប់បង្កើននូវជីវភាពរបស់គ្រូពេទ្យនៅជួរមុខ។ ក្នុងរយៈពេលប៉ុន្មានខែនេះ គ្រូពេទ្យទាំងនេះអត់បាននៅជិតប្រពន្ធ/កូនទេ គឺជាការលះបង់មួយធំណាស់។ ដើម្បីកុំឱ្យក្រុមគ្រូពេទ្យនេះមានការពិបាកក្នុងការគិតទៅដល់ក្រុមគ្រួ​សារ ខ្ញុំសុំស្នើឱ្យពិនិត្យបង្កើននូវប្រាក់ឧបត្ថម្ភសម្រាប់គ្រូពេទ្យនេះថែមទៀត។ ឱ្យគ្រូពេទ្យទាំងនេះនឹងនរចិត្ត កុំខ្វល់ទៅដល់បញ្ហាគ្រួសារដែលនៅផ្ទះ ហើយដែលគ្នាមិនបានទៅជួបសោះ ជាពិសេស ត្រូវយកចិត្តទុកដាក់ថែទាំ បំប៉នគ្រូពេទ្យរបស់យើង ដើម្បីឱ្យគ្រូពេទ្យរបស់យើងមានលទ្ធភាពដើម្បីនឹងធ្វើការគ្រប់គ្រាន់។

នេះជាការបញ្ជាមួយបន្ថែមទៀត ទៅលើការគិតគូរនៅគ្រប់ករណីទាំងអស់ ហើយសុំពិនិត្យអំពីបញ្ហាប្រេងផងដែរ។ ដោយសារយើងត្រៀមជាយថាហេតុនូវករណីដែលពលរដ្ឋរបស់យើងធ្វើដំណើរពីប្រទេសថៃ ចូលមកកម្ពុជាមកដល់ពេលនេះ គឺមានជាង ៥ ម៉ឺននាក់ ជិត ៦ ម៉ឺននាក់ ប៉ុន្តែនឹងមានបន្តមកបន្តទៀត​។ ខ្ញុំបានជ្រើសរើសសេណារីយោ ៤ យ៉ាង។ ក្នុងជម្រើស ៤ នោះ ខ្ញុំយកជម្រើសទី ៤។ បើយកជម្រើសទី ៤ គឺយើងត្រូវពិនិត្យទៅតាមទល់ដែន ហើយមានមួយចំនួនយើងត្រូវពិនិត្យសុខភាពរបៀបណា? បំពាក់សម្ភារៈរបៀបណាឱ្យនៅកន្លែងនោះ? ត្រូវតែក្រសួងសុខាភិបាលម្ចាស់ការ ដើម្បីធ្វើកិច្ចការងារនេះជាមួយនឹងក្រុមការងារនៅតាមព្រំដែនទាំងអស់។

សុំលុយកាក់នោះក៏ត្រូវទិញជាមុង ជាភួយ ជាកន្ទេលសម្រាប់អ្នកដែលរស់នៅ។ គេថា ដាក់ឱ្យនៅដាច់ដោយឡែក ហើយមិនមែននៅតាមសណ្ឋាគារ តែនៅតាមសាលារៀន កន្លែងនេះ/នោះ តម្រូវឱ្យមានមុង មានភួយ និងកន្ទេល មានខ្នើយ។ ជួនកាល ខ្នើយពិបាករក ប៉ុន្តែមានមុងត្រូវតែមាន ភួយត្រូវតែមាន កន្ទេលត្រូវតែមាន ហើយនិងបន្ថែមក្រមាជួនចំពោះពួកគាត់។ ពេលដែលគាត់ចេញទៅឱ្យគាត់យកទៅ(ជាមួយគាត់)។ យើងចេញស្តុកហ្នឹង ហើយទាក់ទងនឹងការដឹកជញ្ជូនទៀត យើងអាចប្រើប្រាស់នូវរថយន្តរបស់កងទ័ព កងពលលេខ ៩០ ​និង ៩៩ យករថយន្តកងទ័ព ដាក់ដំបូលដាក់អីឱ្យស្រួល ដឹកពួកគាត់ទៅកាន់មូលដ្ឋាន ហើយឱ្យមូលដ្ឋានគ្រប់គ្រងពួកគាត់នេះ ឱ្យដាក់(ពួកគាត់)នៅដាច់ដោយឡែកទៅតាមក្រុមគ្រួសារ ឬដាក់ដាច់ដោយឡែកនៅតាមសហគមន៍។

ធ្វើតាមនេះ។ មានការរៀប​ចំល្អហើយ ជាង ៥ ម៉ឺននាក់ដែលមករួចហើយ។ មិនទាន់បង្កហានិ​ភ័យណាមួយសម្រាប់សុខភាពសាធារណៈតាមសហគមន៍នៅឡើយទេ ដោយសារតែការគ្រប់គ្រងបងប្អូនយើងធ្វើបានល្អណាស់។ សូមអបអរសាទរ កោតសរសើរចំពោះថ្នាក់ភូមិ ថ្នាក់ឃុំ ថ្នាក់ស្រុក ហើយនិងថ្នាក់ជាតិរបស់យើងដែលបានចុះទៅមូលដ្ឋានធ្វើកិច្ចការដ៏ល្អ ទាំងការឃោសនាផង ទាំងការណែនាំសព្វគ្រប់ផង ដែលធ្វើឱ្យយើងគ្រប់គ្រងបានសភាពការណ៍​បែបនេះ។

អញ្ចឹងទេ សុំចាត់ចែងធ្វើកិច្ចការងារហ្នឹង។ បញ្ជាក់ឡើងវិញ។ សរុប ផ្នែកសុខាភិបាល​មានម៉ាស ១០ លាន ខោអាវគ្រូពេទ្យ ៥ ពាន់កំផ្លេ ម៉ាសគ្រូពេទ្យ ៥០ ម៉ឺន អាល់កុល ១ លានលីត្រ ជាស្តុកបម្រុងរបស់រាជរដ្ឋាភិបាល ប៉ុន្តែអ្នកគ្រប់គ្រងស្តុកគឺក្រសួងសុខាភិបាលដដែល ហើយពេលណាយកចេញប្រើប្រាស់ត្រូវយកទៅបញ្ចូលឱ្យគ្រប់ស្តុកឡើងវិញ។ ឯរបស់ដែលបញ្ជាទិញរួចមកហើយរាប់លានម៉ាសនេះគឺថា ក្រសួងសុខាភិបាលចាត់ចែងប្រើប្រាស់តាមតម្រូវការទៅ … ប៉ុន្តែ នេះជាស្តុកបម្រុងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល​។ ឯផ្នែកខាងស្បៀងគឺសុំ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម ចម ប្រសិទ្ធ ឯកឧត្តម ប៉ាន សូរស័ក្កិ ឯកឧត្តម វ៉េង សុខុន ពិភាក្សាជាមួយគ្នា តើស្តុកស្រូវប៉ុណ្ណឹងអាចគ្រប់គ្រាន់ទេ?  នេះជាចំណុចដែលយើងត្រូវពិ​ចារ​ណាជាមួយគ្នា។ តើត្រូវការមីប៉ុន្មាន? ហើយឱ្យរោងចក្រណាផលិត​ប៉ុន្មាន?

ខ្ញុំក៏សុំបញ្ជាក់ដែរ ក្រៅពីមីក៏ត្រូវពិភាក្សាអំពីបញ្ហាទឹកស្អាត។ អញ្ចឹងអាចនឹងផ្តល់ឱ្យរោងចក្រនេះ ត្រៀមទឹកស្អាតឱ្យរដ្ឋាភិបាលប៉ុណ្ណេះ។ ទឹកផឹកដូចជា វីតាល់ ដូចជា អារុណា ដូចជាច្រើនប្រភេទ មានតាំងពី Evian ផលិតក្នុងស្រុកយើង គឺក្រុមហ៊ុនណាផលិតឱ្យយើងប៉ុន្មាន ដល់ពេលយើងមានត្រូវការនៅកន្លែងណាមួយ ឧទាហរណ៍ថាមានហានិភ័យនៅតំបន់ណាមួយ យើងដឹកទាំងទឹកហ្នឹងទៅឱ្យប្រជាពលរដ្ឋទទួលទានតែម្តង កុំឱ្យខ្វះខាត …។ ខ្ញុំសូមបញ្ជាក់ ខាងផ្នែកឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលទទួលបន្ទុកទៅលើការគ្រប់​គ្រងស្បៀង និងផលិតចំណីអាហារបន្ថែម គឺត្រូវគិតគូរបញ្ហាទឹកការទទួលទានរបស់ប្រជាពលរដ្ឋរបស់យើង​។ គ្រូពេទ្យរបស់យើងត្រូវតែប្រើទឹកស្អាត ហើយអ្នកជំងឺទាំងឡាយត្រូវតែប្រើទឹកស្អាត ទឹកដបតែម្តង ហើយអាចប្រើដបតូច ដបធំ … ប៉ុន្តែ និយាយរួមដបតូចៗទៅវាស្រួលប្រើ …។

ប្រើប្រាស់ថវិកាទាំងឡាយ ដែលថវិកាសប្បុរសជន និងមន្រ្តីរាជការរបស់យើងបរិច្ចាគ គឺអត់មានប្រើប្រាស់មកខាងជំនួយ មកខាងរដ្ឋទេ។ យើងយកថវិកានេះ ជូនទៅប្រជាពលរដ្ឋវិញ។ ថវិការដ្ឋត្រូវបានប្រាស់ទៅលើចំណុចមួយចំនួនដែលថវិការបស់សប្បុរសជនមិនបានប្រើប្រាស់។ យើងទម្លាក់ថវិការដ្ឋទៅឱ្យតែម្តង រាប់ទាំងការផលិតម៉ាសស្អីៗ បើសិនជាថវិកានោះវាស្តើង គឺជូនថវិការដ្ឋចេញ។

ស្បៀងអាហារស្អីៗ នេះ គឺប្រើប្រាស់ថវិការដ្ឋទាំងអស់។ ហើយការបំប៉នគ្រូពេទ្យ ខ្ញុំនៅតែទាមទារថាធ្វើម៉េច ឱ្យតម្លើងបំប៉នគ្រូពេទ្យនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យគាត់មានកម្លាំងចិត្ត កុំឱ្យគាត់ខ្វល់ខ្វាយពីក្រុមគ្រួសារ ដោយគាត់ធ្វើការមិនបានជួបប្រពន្ធកូននោះ។ អញ្ចឹងសុំចាត់ចែងប្រើប្រាស់ទៅ  យើងជាប្រទេសក្រ ប៉ុន្តែយើងមិនក្រខាងចិត្តគំនិតនោះទេ យើងចេះគ្រប់គ្រងប្រជាពលរដ្ឋរបស់យើង។ មកដល់ម៉ោងនេះមិនទាន់មានអ្នកណាមួយស្លាប់ទេ។

លទ្ធផលថ្ងៃនេះ គឺល្អប្រសើរណាស់។ គ្មានអ្នកឆ្លង ហើយអ្នកដែលជាសះស្បើយរហូត ១៥ នាក់ ក្នុងពេលដែលអ្នកសរសេរកាសែតពីបរទេស(មួយចំនួន នៅ)ប្រទេស(ខ្លួនឯង)ស្លាប់មួយថ្ងៃៗ រាប់រយ និងឡើងដល់ពាន់។​ ប៉ុន្តែគេបែជាមកប្រដៅយើងថាជាប្រទេសដែលមានហានិភ័យធំណាស់។ បន្តិចទៀតខ្ញុំនឹងឱ្យហ្វេស​ប៊ុករបស់ខ្ញុំបង្ហោះ អំពីរូបភាពមួយស្តីអំពីជនជាតិខ្មែរម្នាក់ត្អូញត្អែរនៅឯប្រទេសក្រៅ អំពីតើសេវាសុខភាពរបស់ប្រទេសក្រៅតើវាយ៉ាងម៉េច  ប្រៀបធៀបទៅនឹងសេវាសុខភាពរបស់ប្រជាជនកម្ពុជាដែលយើងក្រ។ បញ្ហាវាមិនស្ថិតត្រង់ថា សេវារបស់អ្នកឯងពូកែ ឬមិនពូកែទេ វាស្ថិតនៅត្រង់មេដឹកនាំណាពូកែពិតប្រាកដ។ អារឿងសម្ភារៈទំនើបវាចេះតែទំនើប ប៉ុន្តែមនុស្សវាមិនទំនើប វាក៏នៅមិនទំនើបអញ្ចឹងដែរ។ យើងមិនទំនើបប៉ុន្តែយើងមានវិធានការជាក់ស្តែងរបស់យើង។ យើងក៏នៅតែអាចស្រោចស្រង់ និងដោះស្រាយប្រជាពល​រដ្ឋរបស់យើងមិនឱ្យធ្លាក់ទៅក្នុងការភ័យខ្លាច។ គេតែងតែនិយាយថា លោក ហ៊ុន សែន ដូចជាខ្វះខាតការយកចិត្តទុកដាក់ ក៏ប៉ុន្តែគេមិនស្គាល់នូវសិល្បៈនៃការចាត់ចែង និងដោះស្រាយបញ្ហាបែប ហ៊ុន សែន នោះទេ។ ដំបូងឡើយគឺខ្ញុំគ្រាន់តែប្រកាសកុំឱ្យប្រជាជនភ័យខ្លាច ហើយបន្ទាប់ទៅយកវិធានការជាបន្តបន្ទាប់ដែលវិធានការនោះមិនផ្តល់ការភ័យខ្លាចឱ្យប្រជាជនកម្ពុជានោះទេ។ ពួកគេនឹងយល់ក្រោយបញ្ចប់ Covid-19 អ្នកណាខ្លាំងអ្នកណាខ្សោយ។ (រឿង)ស្ថិតនៅត្រង់ថា តើអ្នកណាខ្លះទុកឱ្យប្រជាជនស្លាប់​គរជើង អ្នកណាខ្លះដែលប្រជាជនខ្លួនគ្មានការស្លាប់។

កន្លែងហ្នឹងជាលក្ខណៈវិនិច្ឆ័យធំជាងគេ។ នៅកន្លែងហ្នឹង ខ្ញុំគិតថាពួកកាសែតបរទេស វានឹងចូលដល់ដំណាក់កាលដែលវាបាក់មុខនៅពេលក្រោយ។ សូម្បីតែឥឡូវ (អ្នកសារព័ត៌មានក្នុង)ប្រទេសដែលពូកែសរសេរបន្តុះបង្អាប់ប្រទេសកំពុងអភិវឌ្ឍដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា នេប៉ាល់ ស្រីលង្ការ ស្អីៗ កំពុងតែបាក់មុខជាបន្តបន្ទាប់ហើយ នៅពេលដែលប្រទេសរបស់ពួកគេកំពុងតែឈានដល់(ការស្លាប់)រយពាន់ ដែលនឹងអាចឈានទៅដល់ហានិភ័យខ្ពស់ជាងនោះថែមទៀត។ គ្រូពេទ្យគ្មានទាំងម៉ាសពាក់ខ្លួនឯងផងនោះ។ ហ្នឹងជាវិធីគ្រប់គ្រងនៃអ្នកដែលចាត់ទុកថាអភិបាលកិច្ចសកល អភិបាលកិច្ចបែបទំនើប។ យើងមិនប្រដៅគេទេ ក៏ប៉ុន្តែយើងរំលឹកខ្លួនយើងថា ពេលនេះយើងបញ្ចេញកម្លាំងទាំងអស់ដើម្បីធ្វើកិច្ចការងារជាផលប្រយោជន៍របស់ប្រជាជនយើង។

កុំទុកឱ្យប្រជាជនណាម្នាក់ស្លាប់ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ។ នេះគឺជាបញ្ហាធំ មិនមែនគ្រាន់តែបញ្ហា Covid-19 ទេ។ យើងត្រូវពិនិត្យមើលប្រជាជនយើងដែលខ្វះខាតស្បៀងត្រូវផ្តល់ស្បៀងឱ្យពួកគាត់បានបន្ទាន់បានឆាប់។ កុំឱ្យពួកគាត់ខ្វះស្បៀងអាហារឱ្យសោះក្នុងពេលដែលសភាពការណ៍មានការប្រែប្រួលពីក្រៅប្រទេស និងនៅក្នុងប្រទេស។ យើងត្រូវគ្រប់គ្រងអ្វីៗដែលមានក្នុងប្រទេសរបស់យើង និងចាត់ចែងប្រើប្រាស់ធនធានដែលមានរបស់យើងសម្រាប់បម្រើប្រជាជនរបស់យើង។ សូមអរគុណ សង្ឃឹមថា សម្តេច ឯកឧត្តម  លោកជំទាវអស់លោក លោកស្រី នឹងយកទៅអនុវត្តឱ្យបានល្អ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...