សម្ដេចតេជោ ហ៊ុន សែន៖ បើយើងអត់មានធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នទេ រដ្ឋមិនអាចផាកពិន័យណាមួយចំពោះអ្នកមិនគោរព​បំរាមទេ

ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​គូស​បញ្ជាក់ថា​ បើយើងអត់មានធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នទេ រដ្ឋមិនអាចផាក​ពិន័យណាមួយចំពោះអ្នកមិនគោរពបំរាមនោះទេ។ ប៉ុន្តែសុំអង្វរកប្រជាពលរដ្ឋចូលរួមទប់​ស្កាត់​ការ​ឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាង មុខ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន  សែន បានគូសបញ្ជាក់ថា “យើងមិនបានបិទប្រទេសទេ យើងមិនបាន​ដាក់​បំរាមគោចរទេ ព្រោះគ្មានច្បាប់ដើម្បីដាក់ទេ។ តែយើងសុំអង្វរកកុំធ្វើដំណើរ នៅ​សប្បាយជួប​ជុំកូន ចៅកុំឱ្យពិបាក ហើយយើងគ្មានសិទ្ធិផាកពិន័យគាត់ទេ។ អីច្ចឹងសុំឱ្យអ្នក​ច្បាប់ទាំងឡាយដែលចេះតែនិយាយថា ធ្វើអីច្ចឹងត្រូវ ហើយថាបើអត់មានធ្វើ​ច្បាប់ដាក់​ប្រទេស​ក្នុងគ្រាមានអាសន្នទេ រដ្ឋមិនអាចផាកពិន័យទេ។” សម្ដេចតេជោបានលើកឡើងថា បញ្ហានេះ ត្រូវយល់ថា រាជរដ្ឋាភិបាលត្រូវមានឧបករណ៍ក្នុងដៃ  បើនិយាយស្តាប់គ្នាមិនបានទេ ប្រកាស​ភ្លាមបំរាមគោចរភ្លាមថាត្រឹមម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺអ្នកត្រូវគោរព។ សម្ដេចតេជោបាន​លើក​ឡើងដូចនៅប្រទេសហ្វីលីពីន រដ្ឋាភិបាលដាក់បទបញ្ជារហូតដល់ចេញបញ្ជា​ឱ្យបាញ់​សម្លាប់ រហូតមានស្លាប់ម្នាក់ ប៉ុន្តែកម្ពុជាមិនធ្វើបែបនេះទេ។ សម្ដេចតេជោបានបន្ដថា រាជ​រដ្ឋាភិបាលធ្វើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គ្រាន់តែចង់បាន​ច្បាប់​មួយដើម្បីឱ្យប្រជាពលរដ្ឋធ្វើ បើអ្នកមិនគោរព គឺត្រូវទទួលពិន័យ ហើយវិសាលភាពនោះ​អាចប្រកាសទូទាំងប្រទេស ឬប្រកាសផ្នែកណាមួយនៅក្នុងប្រទេស។

សម្ដេចតេជោបានបន្ថែមថា “ការផាកពិន័យគ្មាននោះទេ ប៉ុន្តែខ្ញុំសូមអង្វរកដល់ប្រជា​ពលរដ្ឋថា​សុំយោគយល់ ហើយការយល់យោគនេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ  ដែល​បញ្ហានេះមិនបានធ្វើឱ្យមនុស្សទុកចិត្តគ្នាផងដែរ។​ ដូច្នេះគួរយកការមិនទុកចិត្តគ្នានោះនៅ​ឱ្យ ឆ្ងាយពីគ្នាតែម្តងទៅដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩”៕

ដោយ  ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ