ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំសប្បាយភ្លេចខ្លួនឱ្យសោះព្រោះថាហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ នៅមាននៅពេលខាងមុខដោយសារបណ្តាប្រទេសលើសកលលោកបានកំពុងរីករាលដាលខ្លាំង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋមានការឆាប់ភ័យខ្លាច ហើយក៏បានឆាប់ភ្លេចផងដែរ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ករណីនេះ ដោយសារប្រជាពលរដ្ឋ ឃើញអ្នកឆ្លងតិច ហើយពេលខ្លះអត់មានបែរជាអ្នកជាច្រើនទៅវិញ។ សម្តេចតេជោបានបន្ដ ថា ទោះបីជាកម្ពុជាមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នេះ តិចជាងបណ្តាប្រទេសផ្សេងៗក្តី ដូចជា វៀតណាម ថៃ និងប្រទេសផ្សេងៗទៀត ប៉ុន្តែយើងមិនត្រូវសប្បាយរីករាយ ហើយភ្លេចខ្លួនក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ឱ្យសោះព្រោះវាមិនអាចវាយតម្លៃបាននោះទេ។
សម្ដេចតេជោបានបន្ដទៀតថា ពេលនេះប្រជាពលរដ្ឋទាំងអស់បានប្តូរឥរិយាបថពីការខ្លាចបែរមកធ្វើការប្រុងប្រយ័ត្នដោយធ្វើការអនាម័យជាមួយសាប៊ូ អាល់កុល ដើម្បីបង្ការ ទប់ស្កាត់ជំងឺនេះផងដែរ។ សម្ដេចតេជោបានបញ្ជាក់ថា ពលករដែលមកពីប្រទេសថៃប្រមាណ៦ម៉ឺននាក់មិនទាន់ឃើញមានអ្នកណាឆ្លងជំងឺកូវីដ-១៩នេះនៅឡើយទេ ដោយសារតែពួកគេបានសហការដោយរក្សាឱ្យនៅក្នុងផ្ទះរយៈពេល១៤ថ្ងៃ៕
ដោយ ប៊ុនរិទ្ធ