សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ

CNV: 15 ខែ​មិថុនា, 2017


ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ជាមួយនឹងសាកល វិទ្យាល័យបញ្ញាសាស្ត្រ ដើម្បីធ្វើពិធីចែកសញ្ញាបត្រ សម្រាប់ជ័យលាភីដែលបញ្ចប់នូវការសិក្សាថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ។ អម្បាញ់មិញ ឯកឧត្តម កុល ផេង បានធ្វើរបាយការណ៍ពាក់ព័ន្ធ ជាមួយនឹងវឌ្ឍនភាពនៃសាកលវិទ្យាល័យនេះ។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែបានចូលរួមតាំងពី​ដើម​ទី​ជាមួយ​នឹងសាកលវិទ្យាល័យនេះ ដែលបានរីកធំធាត់មកដល់ដំ​ណាក់​កាល​នេះ ក្រោមការពិនិត្យ​ដោយ​យកចិត្តទុកដាក់ទៅលើបញ្ហាគុណភាពអប់រំ ពីសំណាក់ក្រសួងអប់រំ ក៏ដូចជា ថ្នាក់ដឹកនាំនៃសាកល​វិទ្យា​ល័យ និងសាស្ត្រាចារ្យផ្ទាល់តែម្តង។

និស្សិតកំពុងសិក្សានៅបញ្ញាសាស្ត្រ ៨៦ ភាគរយ មានការងារធ្វើ

ក្នុងចំណោមនិស្សិតសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ យើងក៏បានសង្កេតឃើញថា និស្សិតមួយចំ​នួនក៏បានទៅបំពេញការងារនៅកន្លែងនេះ ឬក៏កន្លែងនោះ តាមអត្រាដែលមានរួចមកហើយ ចំនួននោះគឺ ៨៦%។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានជួបជាមួយនឹងនិស្សិតមួយចំនួន ដែលកំពុងសិក្សានៅបញ្ញា​សាស្ត្រ​នេះ។ ពិតជាគួរអោយកោតសរសើរ ដោយសារតែគេបានប្រឹងប្រែងធ្វើការនៅក្នុងពេលថ្ងៃ ពីព្រឹក​ដល់​ល្ងាច ហើយ (ពេល)យប់បានគេធ្វើការរៀនសូត្របន្ត។ ក្រៅពីអាហារូបករណ៍ ដែលសាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​បាន ផ្តល់អោយខ្ញុំ ខ្ញុំមាននិស្សិតមួយចំនួនផ្សេងទៀត ដែលខ្ញុំជួយបង់ថ្លៃអោយរៀននៅទីនេះ។ កាលពីថ្ងៃ អាទិត្យកន្លងទៅ ខ្ញុំទៅវាយកូនហ្គោល។ ក្មួយម្នាក់ដែលកំពុងរៀននៅខាងទំនាក់ទំនងអន្តរជាតិ កំ​ពុង​តែ​សិក្សានៅទីនេះ ហើយទើបនឹងចាប់ផ្តើមនៅ​ឆ្នាំទីមួយ។ អញ្ចឹងទេ វិធីដែលល្អ គឺថា បបួលគ្នានៅទី​នោះ ខ្ញុំជាអ្នកចេញ(បង់ថ្លៃសាលា) ២ ឆ្នាំ ឯកឧត្តម ប៉ែន ស៊ីមន ចេញ(បង់ថ្លៃសាលា) ១ ឆ្នាំ អ៊ុក រ៉ាប៊ុន ចេញ​(បង់ថ្លៃសាលា) ១ ឆ្នាំ អញ្ចឹង គ្រប់ ៤ ឆ្នាំ។

យុវជនសម័យនេះ មានឱកាសច្រើនជាងយុវជនសម័យមុន

នេះគឺ​ជាការគួរអោយគោរពណាស់ នៅក្នុងសម័យបច្ចុប្បន្ន ដែលយុវជនមានលំហធំទូលាយ សម្រាប់ការ​ជ្រើស​រើសរបស់ខ្លួន បន្ទាប់ពីប្រទេសមានសន្តិភាព។ អតីតកាលរបស់យើងវាឈឺចាប់ខ្លាំងណាស់ ដែល យុវ​​ជនជំនាន់មុននេះបាត់ឱកាស​ ដោយសារតែសង្គ្រាមនោះឯង។ យុវជនបច្ចុប្បន្ន មានលទ្ធភាពធំធេង​ណាស់​នៅក្នុងការស្វះស្វែងរកចំណេះវិជ្ជា ឬក៏ស្វះស្វែងរកការងារធ្វើ ដែលពីពេលមុននោះ យើងទាំង​អស់​គ្នា​ជាចំណាប់ខ្មាំងនៃសង្គ្រាម បើទោះបីនៅតំបន់ណាក៏ដោយ គ្មានជម្រើសទីបីសម្រាប់ការជ្រើសរើស​របស់​យុវ​ជនទេ។ នេះជាសំណាងល្អរបស់យុវជនរបស់យើង ដែលយើងត្រូវរៀបចំផ្លូវមួយ និងរៀបចំនូវ​ស្ថាន​ភាព​អំ​ណោយផលទាំងឡាយ សម្រាប់ការអភិវឌ្ឍយុវជនរបស់យើង ដែលពាក់ព័ន្ធសំខាន់ទៅលើការបណ្តុះ​បណ្តាលធនធានមនុស្ស ដើម្បីការរីកចម្រើនលូតលាស់ នៃសេដ្ឋកិច្ចសង្គមរបស់យើង។

វិស័យឯកជនចូលរួមបណ្តុះបណ្តាលធនធានមនុស្ស

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយឃើញវឌ្ឍនភាព នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏ដូចជា សាកលវិទ្យាល័យដទៃទៀត ដែលក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល អនុញ្ញាតអោយវិស័យ ឯកជនចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស មិនមែនតែត្រឹមថ្នាក់ឧត្តមសិក្សានោះទេ តែយើង​បានអនុញ្ញាតអោយវិនិយោគទៅលើការសិក្សាតាំងពីថ្នាក់ក្រោមមក។ ថ្ងៃនេះ លោក លី ឆេង ក៏បាន​មក​ទី​នេះ។ អរគុណណាស់។ រឿងនេះ ធ្វើអោយខ្ញុំកាន់តែមានមោទនភាពទៅលើអ្វីដែលជាកិច្ចការយើងបានធ្វើ ហើយជាកិច្ចការនៅក្នុងក្របខណ្ឌជាគោលនយោបាយ ដែលក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាលបាន​ដាក់​ចេញ ហើយទទួលយកដោយប្រជាពលរដ្ឋ និងការចូលរួមដោយប្រជាពលរដ្ឋ។

ជាលើកដំបូងដែលខ្ញុំបានអញ្ជើញក្រុមដៃទេពធ្វើសរសៃ មកធ្វើលើកទីមួយ។ ដល់មកធ្វើលើកទីពីរ ខ្ញុំសួរ​តែ​ម្តងថែមទៀត … ចុងក្រោយសួរថា មើលក្មួយឯង​សល់លុយប៉ុន្មាន ប្រាប់ពូអោយត្រង់ទៅមើល? ក្មួយ​ប្រុស​គាត់​ក៏បានឆ្លើយថា សល់តែសម្រាប់ម៉ាបង់ថ្លៃអោយកូនរៀន។ ចុះ ១ ឆ្នាំ ប៉ុន្មានទៅ? ថា ១ ឆ្នាំ បង់ ៨០០ (ដុល្លារអាមេរិក) ព្រោះរៀនទាំងភាសាខ្មែរផង និងអង់គ្លេសផង។ ចុះរៀននៅឯណា? ថារៀននៅ​ប៊ែល​ធី។ អញ្ចឹង​ទេ ក៏ទាក់ទងភ្លាមទៅជាមួយនឹង ឯកឧត្តម លី ឆេង ម្ចាស់សាលា។ កាលហ្នឹងបញ្ជាក់​ថា​អោយ​រហូតទៅដល់បរិញ្ញា(បត្រ)ឯណោះ មួយចប់។ ដូច្នេះ គ្នាក៏បានសល់ ១ ឆ្នាំ ៨០០ (ដុល្លារអាមេរិក) ប៉ុន្តែ អ្វីដែលសំខាន់ គឺនៅត្រង់ថា ទោះបីជាខ្លួនពិការក៏ដោយ ក៏បានខិតខំសន្សំប្រាក់កាក់ដើម្បីកូនរៀន។ នេះ​ហើយជាចលនាដែលប្រជាជនទទួលយកនូវក្នុងវិស័យអប់រំ។

ការវិនិយោគទៅលើវិស័យអប់រំ គឺជាការចាំបាច់

គ្មានជោគជ័យណាមួយដែលបានមកដោយខ្វះការចូលរួមនោះទេ។ ឧទាហរណ៍៖ គោលនយោបាយរបស់ រាជរដ្ឋាភិបាល អនុញ្ញាតអោយវិស័យឯកជនចូលរួមនូវក្នុងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈ​ការ​កសាងសាលារៀន តាមរយៈការរៀបចំគ្រូ និងសាស្ត្រាចារ្យ ក៏ប៉ុន្តែ បើសិនឯកជនមិនព្រមធ្វើ មិនព្រម ដាក់ទុន វាក៏មិនជោគជ័យ។ ឯរឿងមួយទៀត បើសិនជាឯកជនព្រមធ្វើទៅហើយ តែប្រជាពលរដ្ឋមិនចូល រួម​អោយរៀននៅក្នុងសាលានោះ វាក៏មិនជោគជ័យដែរ ក៏ប៉ុន្តែ ជាចលនាជាតិរបស់យើងឥឡូវនេះ គឺមាន ការ​ចង់ចេះចង់ដឹងខ្លាំងណាស់។ ការវិនិយោគសម្រាប់យុវជន និងកុមាររបស់យើង គឺជាការវិនិយោគត្រឹម​ត្រូវ​បំផុត ដែលយើងត្រូវផ្តល់នូវធាតុអំណោយផលថែមទៀត សម្រាប់ការធានាទៅលើការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស ដែលវាទាក់ទងជាមួយនឹងការពង្រឹងស្ថាប័ន។ បើនិយាយពីគេហៅថា ហេដ្ឋា​រចនាសម្ព័ន្ធ​មាន​ពីរបែប មួយគឺហេដ្ឋារចនាសម្ព័ន្ធរឹង ដែលទាក់ទងតាំងពីផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះ ឬក៏វិស័យ​ដទៃ​ទៀត … មួយទៀតគឺទន់ (ដែលមាន) ច្បាប់ លិខិតបទដ្ឋានស្ថាប័ន ហើយជាពិសេសគឺធនធាន​មនុស្ស​នេះតែម្តង។ អញ្ចឹងទេ ការវិនិយោគទៅលើវិស័យអប់រំ គឺជាការចាំបាច់។

កោតសរសើរក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យ

ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ ក៏ដូចជាសាស្ត្រាចារ្យ​ទាំង​ខ្មែរ និងបរទេស ដែលបានបង្រៀននៅទីនេះ។ ថ្ងៃមុនខ្ញុំសួរក្មួយដែលរៀនខាងទំនាក់ទំនងអន្តរជាតិថា ក្រៅ​ពី​ភាសាអង់គ្លេស តើយកភាសាអី? ថាយកភាសាចិន។ ខ្ញុំក៏បានប្រាប់អ្នកគ្រប់គ្រងថា(ក្មួយ)នេះ​កំពុង​តែ​រៀននៅ​សាកល​វិទ្យា​ល័យ​បញ្ញាសាស្ត្រ​ខាង​ទំ​នាក់ទំនងអន្តរជាតិ ហើយខ្ញុំក៏បានប្រាប់ ថាបើរៀនភា​សា​ចិន​ផ្នែកទំនាក់ទំនងអន្តរជាតិមិនអីទេ អោយ​ចប់បរិញ្ញា(បត្រ)ហើយ ចាំខ្ញុំជួយបញ្ជូនទៅស្រុកចិន ដើម្បី​រៀន។ ខ្ញុំផ្តល់មតិអោយថែមទៀតថា បើសិនជាក្មួយប្រឹងប្រែងសិក្សាទាក់ទងជាមួយអាស៊ាន និងក្រប ខណ្ឌអាស៊ីបូព៌ា និងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក អោយមានឯកទេសខាងផ្នែកហ្នឹង ថ្ងៃ​ក្រោយ ចំចំណុចរបស់វាតែម្តង។

ក្នុងក្របខណ្ឌអាស៊ាន វាមិនមែនគ្រាន់តែសហគមន៍អាស៊ាននៅថ្ងៃនេះប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ គេបាន​ដឹង​រួច​មក​ហើយថាការចរចាកំពុងតែប្រព្រឹត្តទៅ ដើម្បីឈានទៅដល់ការសម្រេច អំពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៅក្នុងក្របខណ្ឌតំបន់ ដែលមានអាស៊ានដប់ និងដៃគូប្រាំមួយ ហើយដែលចុះហត្ថលេ​ខា និង​ប្រកាស​នៅ​ទី​ក្រុងភ្នំពេញនេះតែម្តង កាលពីឆ្នាំ ២០១២។ នៅមានបញ្ហាច្រើនទៀត ដែលទាក់ទងក្នុងក្របខណ្ឌតំបន់។ ខ្ញុំរីករាយជាមួយនឹងការឃើញនូវការលូតលាស់បែបនេះ ជាមួយនឹងស្ថាប័នអប់រំ ហើយសូមកោតសរសើរ​ជាមួយនឹងការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រឹង​ប្រែង​យ៉ាង​ច្រើននៅក្នុងកំណែទម្រង់រយៈពេលកន្លងទៅនេះ។ ឥឡូវ ជិតដល់ពេលដែលត្រូវប្រឡងមធ្យម​សិក្សា​ទុ​តិយ​ភូមិទៀតហើយ។​

ខ្ញុំឃើញថាឥឡូវនេះ ខាងផ្នែកនានាកំពុងតែត្រៀមខ្លួនដើម្បីផ្តល់ជំនួយ សម្រាប់ការបំប៉នមុនពេលប្រឡង។ នេះជាការស្រែកឃ្លានរបស់ប្រជាពលរដ្ឋរបស់យុវជនរបស់យើង។ ខ្ញុំសូមអរគុណចំពោះបង កុល ផេង ដែល​​បានខិតខំរៀបចំនូវសាកលវិទ្យាល័យនេះឡើង ហើយក៏អរគុណជាមួយនឹងការផ្តល់ជាបន្តបន្ទាប់នូវ​អា​​ហា​រូបករណ៍។ ​តាមធម្មតាខ្ញុំជាមួយនឹងបង កុល ផេង ក្នុងឋានៈជាអ្នកធ្វើការជាមួយគ្នា មួយរយៈកាល​នៃ​ការធ្វើការ​ជាមួយគ្នារហូតមកដល់ពេលនេះ ខ្ញុំហៅគាត់ឯកឧត្តមប្រហែល ជា ១០ ភាគរយ និងហៅ​គាត់​បង គឺ ៩០​ ភាគរយ …។

ខ្ញុំសូមយកឱកាសនេះ សម្តែងជូននូវការអបអរសាទរជាមួយជ័យលាភីទាំងអស់ ដែលបានទទួលសញ្ញា​បត្រ​នៅ​ថ្ងៃនេះ។ ការពិតទៅជ័យលាភីទាំងនេះ ទាំងព្រះសង្ឃ និងគ្រហស្ថ បានបញ្ចប់ការ​សិក្សា​យូរ​ក្រែល​មក​ហើយ ប៉ុន្តែ គ្រាន់តែឱកាសនៃការប្រគល់សញ្ញាបត្រនោះ មិនទាន់បានមកដល់​។ មានក្មួយខ្ញុំម្នាក់​ក៏បាន​ទទួលសញ្ញាបត្រនៅថ្ងៃនេះ ឯណា ម៉ូនីកា? ចប់បរិញ្ញាបត្រនៅបញ្ញាសាស្ត្រ ថ្ងៃហ្នឹងដូចមានឈ្មោះ​ត្រូវ​ឡើងទទួលនឹងគេដែរ។ ឥឡូវ កំពុងតែបន្ត(ការសិក្សា)នៅវិទ្យាស្ថានជាតិគ្រប់គ្រង។ ចេះតែប្រឹងទៅ ប៉ុន្តែ គេមានការងារធ្វើរួចស្រេចទៅហើយ។

កាត់បន្ថយគម្លាតខួរក្បាលអាចធ្វើបាន

ខ្ញុំមានមោទនភាព មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែកម្នាក់ពីរនាក់ទេ ក៏ប៉ុន្តែទូទាំងសង្គមទាំងមូល។ ចំណុចនេះហើយដែលខ្ញុំព្រះករុណាខ្ញុំ តែងលើកថា ការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ គឺជារឿងលំបាកធ្វើ ក៏ប៉ុន្តែការកាត់បន្ថយគម្លាតខួរក្បាល គម្លាតនៃចំណេះដឹង គឺអាចធ្វើទៅរួច។ រឿងនេះ ផ្តើមចេញ​ពីបទពិ​សោធន៍​របស់យុវជនម្នាក់ ដែលទើបមានអាយុ ២៥ ឆ្នាំ។ បន្ទាប់មកអាយុ ២៧ ឆ្នាំ កាន់មុខ​តំ​ណែង​ជារដ្ឋ​មន្ត្រី​ការបរទេស។ អាយុ ៣២ ឆ្នាំ កាន់ដំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសមួយ ហើយដែលនាំប្រទេស នោះ​​បាន​ឆ្លង​កាត់នូវព្យុះសង្ឃរា និងនាំប្រទេសមកដល់ដំណាក់កាលនៅថ្ងៃនេះ គឺរូបខ្ញុំនេះឯង។ តើខ្ញុំចេញ​ពី​កូនអភិជនទេ? តើខ្ញុំចេញពីកូនអ្នក មានទ្រព្យសម្បត្តិទេ? អត់ទេ។ ចម្រៀង “ជីវិតក្មេងវត្ត” បានបង្ហាញ​ប្រាប់​ជនរួមជាតិកម្ពុជាបានជ្រាបថា កុមារដែលមានអាយុដែលទើបតែ ១៣ ឆ្នាំ បែកពីឪពុកម្តាយ តើវារឿង​ជូរ​ចត់ប៉ុនណា? លំបាកប៉ុនណា? ដូច្នេះហើយបានជានៅពេលដែលខ្ញុំព្រះករុណាខ្ញុំ មានលទ្ធភាពដើម្បី​ដឹក​នាំប្រទេស បញ្ជូនសាលារៀនទៅដល់ក្បែរជណ្តើរផ្ទះតែម្តង គឺស្ថានភាពបច្ចុប្បន្ន ក្នុងក្របខណ្ឌនៃ​គោល​​នយោបាយ និងផែនការឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច។ ស្រុកមួយវិទ្យាល័យច្រើន។ រឿងនេះ គឺបានសម្រេចជាបន្តបន្ទាប់ហើយ។

ការបណ្តុះបណ្តាលគ្រូបច្ចុប្បន្នឈានដល់ ១២+៤

ការបណ្ដុះបណ្ដាលគ្រូរបស់យើងក៏បាន​ធ្វើយ៉ាងហ្មត់ចត់ ឥឡូវនេះ ក្របខណ្ឌគ្រូដែលបានបណ្ដុះបណ្ដាល​នៅតាម​បណ្ដាខេត្ត ដែលហៅថា ១២+២​ នោះ ក្រសួងអប់រំ យុវជន និងកីឡា កំពុងតម្រង់ទិសឆ្ពោះទៅរក ១២+៤ បានសេចក្ដីថា អ្នកទាំងនោះ គឺមុន​ចេញ​ទៅ​​បង្រៀន គឺមិនត្រឹមតែ ១២+២ និងឈានទៅដល់ ១២+៤ គឺថ្នាក់បរិញ្ញាតែម្ដង។ នៅទីនេះ ប៉ុន្មានខែ​មុននេះ​ ខ្ញុំបានមកចែកសញ្ញាបត្រ​ជាមួយនឹង​សាស្រ្ដា​ចារ្យ គ្រូបង្រៀន កម្រិតបរិញ្ញាបូកមួយ។ ដូច្នេះ នៅ​ទូទាំងប្រទេសរបស់យើង ដោយសារសន្ដិភាព​ដែល​យើង​រកបានដោយលំបាក យើងបានប្រឹងបែងកសាង​រចនាសម្ព័ន្ធតភ្ជាប់ និងបានកសាងជម្រុញនូវការ​អភិ​វឌ្ឍ​លើវិស័យអប់រំនេះ ដែលវាកាត់បន្ថយ​គម្លាត រវាងទីក្រុង និងជនបទ។

ស្តង់ដាអប់រំនៅទីក្រុង និងជនបទ គឺតែមួយ

ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានលើកលើបញ្ហានេះ រឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនៅ​ត្រង់ថា វិទ្យាល័យមួយនៅ​ក្នុង​ស្រុក​កូនមុំរបស់ខេត្តរតនគិរី នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរតាមរថយន្ដ​ចេញពីខេត្តរតនគិរី​ឆ្ពោះ​ទៅ​កាន់​ខេត្តស្ទឹងត្រែង ខ្ញុំព្រះករុណាខ្ញុំ ចូលទៅកាន់វិទ្យាល័យកូនមុំ។ វិទ្យាល័យនៅ​ស្រុកកូនមុំនេះ សិស្ស​ប្រលងបាក់ឌុប ប្រលងមធ្យមសិក្សាទុតិយភូមិ គឺជាប់ដល់ទៅ ៩៧% … ដល់ត្រឡប់មកវិញ ខ្ញុំព្រះ​ករុណាខ្ញុំ មិនចុះមកតាមខេត្តក្រចេះទេ ដោយសារតែហេដ្ឋា​រចនាសម្ព័ន្ធយើងបានតភ្ជាប់ជុំវិញទៅហើយ។ ដូច្នេះ ក៏បកឆ្លងស្ពានមេគង្គ ព្រោះនៅខាងលើយើងមានស្ពានពីរ ​មួយស្ពានសេកុងតម្រង់ឆ្ពោះទៅ​ព្រំដែន​ឡាវ ឯមួយទៀត គឺស្ពានទន្លេមេគង្គ។ កាត់តាមស្ពានទន្លេមេគង្គ ចេញតាមផ្លូវជាតិលេខ ៩ ដែល​យើង​បានកសាងថ្មី ហើយមកដល់យើងមិនចេញតាមផ្លូវលេខ ៦២ ទេ គឺកាត់ចុះមកស្រុកគូលេន នៅទីនោះ គឺ​សិស្ស​ដែលប្រលងជាប់មានចំនួនដល់ ៨២% … (ជាការ)បង្ហាញច្បាស់អំពីភាពដែលអាចធ្វើទៅ​បាននូវ​ការ​កាត់បន្ថយ​គម្លាត​ខាងផ្នែកខួរ​ក្បាល។

… សូម្បីតែអាមេរិកកាំង តើប្រជាជនអាមេរិកាំង ឬថា Donald Trump គាត់អាចមានលទ្ធភាព​ដើម្បីធ្វើ​អោយ​ប្រជាជនអាមេរិកក្លាយទៅជាអ្នកមានដូច Bill Gates ទាំងអស់គ្នាបានទេ ឬក្លាយខ្លួនទៅជាអ្នក​មាន​ទ្រព្យសម្បត្តិដូចប្រធានាធិបតី Donald Trump បានទេ? ច្បាស់ជាមិនរួចទេ។ ក៏ប៉ុន្តែ គេមាន​លទ្ធភាពដើម្បី​បណ្ដុះ​មនុស្សអោយមានចំណេះដឹងស្មើនឹង Bill Gates គ្រាន់តែវាអត់លុយស្មើនឹង Bill Gates តែប៉ុណ្ណោះ។ ប៉ុន្ដែ ខួរក្បាលវាមិនអន់ទេ។ អញ្ចឹង ចំណុចនេះហើយ ដែលជាចំណុច​ទាមទា​រ​អោយ​យើង​​ខិតខំវិនិយោគបន្ថែមទៀត ទៅលើវិស័យអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយយើង​ក៏ត្រូវ​ដាក់​ចេញនូវ​ក្របខណ្ឌគោលនយោបាយ ដែលមានរួចមកហើយនេះ និងអនុវត្តបន្តនៅក្នុងទិសដៅ។

ក្របខណ្ឌពីរត្រូវផ្តល់បៀវត្សរ៍ខ្ពស់ជាងគេ

ឧទាហរណ៍៖ ក្របខណ្ឌ​ នៃ​នយោបាយឧស្សាហកម្ម ២០១៥-២០២៥ គឺវាជាចំណុចដែល​ទាមទារ​នូវការ​តម្រង់​ទិស នៃការ​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ដើម្បីផ្ដល់លទ្ធភាពសម្រាប់អោយការទាក់ទាញវិនិយោគ​មក​កាន់​ទីនេះ។ ឥឡូវនេះ ក្នុងវិស័យ​អប់រំបណ្ដុះបណ្ដាលនេះ ក្រៅពីសាកលវិទ្យាល័យដែលស្ថិត​ក្នុងការ​គ្រប់​គ្រង​ផ្ទាល់របស់ក្រសួងអប់រំ ទោះបី​សាកលវិទ្យាល័យរដ្ឋ​ ឬសាកលវិទ្យាល័យឯកជន យើងនៅមានផ្នែកការ​បណ្ដុះ​បណ្ដាលគ្រប់គ្រងដោយ​ស្ថាប័នមួយចំនួនផ្សេងទៀត ដូចជាផ្នែកខាងក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដែលបានធ្វើនូវកិច្ចការ​ទាំងនោះ។

តែកន្លងនៅគ្រូខាងផ្នែកវិស័យ​អប់រំបានទទួល​បាន​ទទួល​​បៀវត្សរ៍ខ្ពស់។ គ្រូខាងផ្នែកក្រសួង​ការងារ ឥឡូវ​បាន​កែ​សម្រួលហើយ។ ខ្ញុំសម្រេចពីម្សិលមិញនេះ។ មកពីយើងលើកមិនទាន់​ពេល។ ប៉ុន្តែ មិនអីទេ អា​ហ្នឹង​អោយកម្រិតទៅប៉ុនគ្នាទៅ។ ចំណុចនេះហាក់បីដូចជាបានដាក់ត្រូវ គេហៅថា ដាក់ថ្នាំ​ត្រូវ។ ពិតមែន​តែ​ប្រទេសយើងក្រ ក៏ប៉ុន្តែបៀ​វត្សរ៍​ខ្ពស់​ជាងគេ គឺនៅក្នុងវិស័យអប់រំនេះឯងតែម្ដង។ ក្របខណ្ឌពីរ​ដែល​​យើង​ផ្ដល់នូវបៀវត្សរ៍ខ្ពស់ជាងគេ គឺវិស័យ​អប់រំ និងសុខាភិបាល នេះហើយ គឺជាការយកចិត្តទុកដាក់របស់​រាជ​រដ្ឋា​ភិបាល។​

អញ្ចឹង ជាមួយការអបអរសាទរ សម្រាប់ជ័យលាភី ដែលបានទទួលសញ្ញាបត្រថ្ងៃនេះ ខ្ញុំ​ព្រះករុណាខ្ញុំ ក៏​សូម​ចូលរួមជាមួយមាតាបិតា អាណាព្យាបាលរបស់និស្សិតទាំងឡាយ និងក្រុមគ្រួសារនិស្សិត ចូលរួម​អប​អរ​សាទរផងដែរ ហើយសង្ឃឹមថា ផ្លូវនេះ គឺជាផ្លូវដែលល្អបំផុតហើយ។ គ្មានផ្លូវណាដែលល្អជាង​ផ្លូវ​នេះទៀតទេ។ រាប់ទាំងរបៀបនៅក្នុងការផ្ដល់នូវទ្រព្យសម្បត្តិចែកកេរ្តិ៍អាករអោយកូនចៅ ការចែកទ្រព្យ​សម្បត្តិ​លុយ​កាក់ មាសពេជ្រ អោយកូនចៅ មិនប្រាកដថាវាគង្សទេ។ អាចវាទៅចាញ់ល្បែង អាចចោរលួច អាច​មា​នរឿងនេះ ​រឿងនោះ បាត់បង់ ក៏ប៉ុន្តែ ចែកចំណេះវិជ្ជា គឺមិនបាត់បង់ទៅណាទេ។

សភាពការណ៍ពិភពលោកមានការប្រែប្រួលលឿនណាស់

អ្វីដែល ខ្ញុំព្រះករុណាខ្ញុំ ស្នើសុំចំពោះ​និស្សិត គឺការបន្តការខិតខំដើម្បីការរីកលូតលាស់បន្ថែមទៀត សម្រាប់​ចំ​ណេះដឹងរបស់យើង។ គ្មានការចេះ​ដឹងណា​មួយ បើសិនជាយើងគ្មានការខិតខំ ហើយអាចដើរ​ទាន់​សភាព​ការណ៍ទេ។ រឿងនេះពិភពលោកប្រែប្រួល​លឿន​ណាស់ ហើយស្មុគស្មាញណាស់បច្ចុប្បន្ននេះ សូម្បី​តែ​យប់មិញ រឿងដែលមិនគួរមានវាអាចកើតមាន​ទៅដែរ។ ប្រទេសអាមេរិកគួរតែ​ជាប្រទេសដែល​មាន​សុវត្ថិ​ភាព តែបែរជាសមាជិកសភាកំពុង​តែ​​ហាត់ទាត់បាល់ មានមនុស្សទៅបាញ់? ក្នុងពេលដែលកំពុង Live អំពី​​ការ​បាញ់សមាជិកសភានៅអាមេរិក អាឆេះអាគារនៅក្រុងឡុងដ៏នោះ។ មិន​ទាន់ប្រាកដថាអាគារនៅទី​ក្រុង​ឡុង​ដ៍វាឆេះដោយឯកឯងនោះទេ …។

ពិភពលោកប្រែប្រួលលឿនណាស់ ពីតំបន់ដែលមានសុវត្ថិភាពបំផុត ទៅជាតំបន់​ដែលអសុវត្ថិភាពបំផុត ពី​តំ​បន់ដែលធ្លាប់មានសន្ដិភាព ទៅជាតំបន់ដែលមានសង្រ្គាម ដូចជានៅមជ្ឈិមបូព៌ា កាលមុននេះមាន​សង្រ្គាម​មកពីណា? ពួកគេមានសុវត្ថិភាពណាស់។ ឥឡូវមជ្ឈិមបូព៌ាពោរពេញទៅដោយ​ហិង្សា ពោរ​ពេញ​ទៅ​ដោយអស្ថេរភាព។ នោះប្រហែលជាពិបាកណាស់ ក្នុងការដោះស្រាយយកឈ្នះទៅលើពួក​ភេរវកម្ម ជា​ពិ​សេសរដ្ឋឥស្លាម ISIS ព្រោះ ISIS កំពុងវាយលើបណ្ដារដ្ឋនានា ឯបណ្ដារដ្ឋដែលប្រឆាំង​ជាមួយ​ភេរវ​កម្ម​កំ​ពុងតែទាស់គ្នា។ រឿងនេះវាលំបាកណាស់ ឥឡូវធ្វើយ៉ាងម៉េចអ្នក​នេះក៏ប្រឆាំងភេរវកម្ម អ្នកនោះ​ក៏ប្រឆាំង​ភេរ​វកម្ម ប៉ុន្តែ ទីចុងបំផុតអាអ្នកប្រឆាំងភេរវកម្មមកទាស់គ្នាឯង។ ​អញ្ចឹងពួក ISIS ប្រាកដជាសើចហើយ។ ការវាយនៅក្នុងប្រទេសអ៊ីរ៉​ង់ (ត្រូវបាន)អ៊ីរ៉ង់ចោទថា អារ៉ាប៊ីសាអូឌីត និង​អាមេរិកជាអ្នកវាយ។ បើអ​ញ្ចឹង​ៗ ទៅ​ដោះយ៉ាងម៉េច។ នៅអាហ្គានីស្ថានវាយមិនឈប់ រាលដាលមកដល់អាស៊ីអាគ្នេយ៍របស់យើងនេះ ដែល​ឥឡូវ​នេះ បីអាទិត្យប្លាយនៃប្រតិបត្តិការណ៍យោធា ដែលបញ្ជាដោយ​ប្រធានាធិបតី ឌុយ ទែតេ របស់ហ្វីលី​ពីន នៅមិនទាន់បញ្ចប់នៅឡើយទេ។ អញ្ចឹង ​បញ្ហាទាំងអស់នេះ ទាក់ទងជាមួយនឹងសំណុំ​បញ្ហាដ៏សាំញ៉ាំ ដែល​ធ្វើអោយការរីកលូតលាស់ នៃសេដ្ឋកិច្ចពិភពលោកមានការថមថយ ឬការព្យាករមិនត្រូវផង។

រំលឹករឿងជំនួយ សហរដ្ឋអាមេរិក

ថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំ ជួបថ្នាក់ដឹកនាំ IMF ខ្ញុំបាន​សួរគាត់ អំពីបញ្ហាមួយចំនួន។ ដំបូងសួរគាត់ អ្នកឯង​វាយ​តម្លៃយ៉ាងម៉េចអំពីការលើកឡើងនៃសេដ្ឋកិច្ចពិភពលោក? យើងមិនចាំបាច់និយាយពីសេដ្ឋកិច្ចកម្ពុជា និង​សេដ្ឋកិច្ចក្នុងតំបន់ទេ តែយើងចង់ដឹងរបៀបវាយតម្លៃរបស់គាត់ នេះជាសំណួរទីមួយ។ សំណួរទីពីរ តើ​អ្នកឯងព្យាករបានទេនូវតម្លៃប្រេង និងតម្លៃស្បៀង ក៏ដូចជាកសិផល​ដែលពេលនេះកំពុងតែធ្លាក់? គាត់​​ហ៊ាន​ឆ្លើយតែអាសំណួរទីមួយទេទាក់ទងនឹងកំណើនសេដ្ឋកិច្ច​ពិភពលោក ដែលគាត់បញ្ជាក់ថា អត្រា​នេះ​អាច​មានការផ្លាស់ប្ដូរ។ យើងអាចយល់បាននូវសម្ដីនេះ ព្រោះអាមេរិកក៏មានបញ្ហាដែរ យើងឃើញថា អា​មេ​រិក​បានប្រកាសកាត់បន្ថយជំនួយទៅក្រៅប្រទេស ៣០ ភាគរយ ប៉ុន្ដែ អ្នកនៅស្រុកខ្មែរនេះ កាសែត​មួយចំ​នួន​នៅស្រុកខ្មែរវាថាកាត់តែកម្ពុជាទេ ដើម្បីអោយឃើញថាកម្ពុជាហ្នឹងវា​អាក្រក់តែឯង …។

… ខ្ញុំនិយាយរឿង​មួយ។ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៣ ក្រោយ​ការ​បោះឆ្នោត ៣ ​ថ្ងៃ ខ្ញុំនិយាយនៅ​ខ្សាច់​កណ្ដាល ខ្ញុំថាបើអាមេរិកកាត់(ជំនួយក៏)កាត់ទៅ ហើយអ្នកដែលងាប់មិនមែនប្រជាជនខ្មែរទេ ងាប់អ្នក​ណា​ដែល​​ធ្វើការអង្គការក្រៅរដ្ឋាភិបាលអោយអាមេរិក …។ អតីតអគ្គរដ្ឋទូតអាមេរិក William E. Todd បាន​មក​ជួបខ្ញុំ សួរថាម៉េចបានឯកឧត្តមជ្រើសរើសពេលហ្នឹងដើម្បីនិយាយអាហ្នឹង? បានខ្ញុំមើលមុខតែម្ដងថា​​ដោយ​សារតែមនុស្សមួយចំនួន សមាជិកព្រឹទ្ធសភាខ្លះ និងរដ្ឋសភាខ្លះ ថាអោយ​ផ្ដាច់ជំនួយទៅ។ បើអ្នក​ឯង​កុំនិយាយធ្វើម៉េចខ្ញុំនិយាយ? វាផ្ដើមចេញពី Washington ទេ។

នឹងប្រាប់ Donald Trump អំពីមូលហេតុដែលគេមិនចូលចិត្តអាមេរិក

… ប្រជុំអាស៊ានអាមេរិក(ឆ្នាំនេះ) ខ្ញុំនឹងប្រាប់ Donald Trump។ ខ្ញុំចង់ប្រាប់ អូបាម៉ា (Barack Obama) ពេល​ប្រជុំនៅឡាវ ក៏ប៉ុន្តែខ្ញុំ​គិតថា អូបាម៉ា (Barack Obama) គាត់ជិតអស់អាណត្តិ ខ្ញុំមិននិយាយទេ។ ឆ្នាំ​នេះ​អាច Donald Trump មកប្រជុំអាស៊ាន-អាមេរិក។ ខ្ញុំនឹងប្រាប់គាត់ថា តើអ្វីទៅដែល(ធ្វើអោយ)គេ​មិន​​ចូល​ចិត្តអាមេរិក? ឥឡូវ ទាំងអស់គ្នាប្រហែលជាដឹងហើយ។ ទៅទូត​​អាមេរិក ដើម្បីសុំ Visa យក ១៥០ ដុល្លារ។ ជាប់ក៏អស់ ១៥០ មិនជាប់ក៏អស់ ១៥០។ ខ្ញុំនឹងសួរ Donald Trump លើរឿងហ្នឹងបន្ដិច ថា​តើអាចសម្រួលបានទេ? ថាអាជាប់ទៅចុះយកលុយគ្នា ចុះអាមិនជាប់យកលុយគ្នាដែរ? រឿងហ្នឹង​សម្រាប់​អ្នកមានលុយ វាមិនមែនជាបញ្ហាទេ តែអ្នកដែលគ្មានលុយ​នោះ ត្រូវទៅខ្ចីបុល … អញ្ចឹងទេ ខ្ញុំត្រូវ​តែ​ហ៊ាននិយាយត្រង់ ក្នុងទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក …។

ការពង្រឹងសមត្ថភាព​ធនធានមនុស្ស គឺជាការចាំបាច់

សម្រាប់ប្រទេសរបស់យើងដែលកំពុងឈានឆ្ពោះទៅមុខ និងគោលនយោបាយជាច្រើន ដែលបានដាក់​ចេញ ហើយយើងកំពុងបន្តអនុវត្ត ដែលក្នុងនោះ ការរៀបចំផ្លូវដើរសម្រាប់យុវជនសម្រាប់ប្រជាជន និង​​តាម​វិស័យ ក៏ដូចជាអនុវិស័យដាក់ចេញរួចរាល់មកហើយ និងបន្ដដាក់ចេញតទៅទៀត។ ការខិតខំពង្រឹងសមត្ថ​ភាព​​ធនធានមនុស្ស គឺជាការចាំបាច់ខ្លាំងណាស់នៅក្នុងពេលវេលា ដែលកម្ពុជាកំពុងស្ថិតនៅក្នុង​ក្រប​ខណ្ឌ​នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយកំពុងតែចរចា ដើម្បីឈានឆ្ពោះទៅរកការព្រមព្រៀង នៅក្នុង​ក្រប​ខណ្ឌ​ភាព​ជាដៃគូ នៃសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៃតំបន់ដែលមានអាស៊ានដប់បូកប្រាំមួយ ក្នុងនោះ មាន​ចិន មានឥណ្ឌា មានជប៉ុន កូរ៉េខាងត្បូង អូស្រ្ដាលី និងញ៉ូហ្សេឡែន។ បើសិនជាសមត្ថភាព​យើង​មិន​ដល់ទេ វានឹងលំបាកទៅ​ស្វះស្វែងរកការងារធ្វើ …។

រាជរដ្ឋាភិបាលខិតខំរកទីផ្សារការងារនៅខាងក្រៅ

ខ្ញុំសូមជម្រាប មិនមែន​បញ្ហាតែពលករនៅបរទេស គឺជារឿងដាច់ដោយឡែករបស់កម្ពុជានោះទេ រាជរដ្ឋាភិ​បាល​បាន​ប្រឹង​ណាស់ ដើម្បី​រកទីផ្សារការងារ បែរជាមនុស្សមួយចំនួនថា រដ្ឋាភិបាលធ្វើការអសមត្ថភាព​រក​ការ​ងារអោយប្រជាជនខ្លួនឯងធ្វើមិន​បាន បណ្ដាយអោយប្រជាជនទៅរកការងារធ្វើនៅក្រៅប្រ​ទេស។ តែ​ខ្ញុំ​សូម​ទាក់ទាញយកការយកចិត្តទុកដាក់ ​គ្រាន់តែកូរ៉េខាងត្បូងមួយ តើមានប្រទេសប៉ុន្មានទៅ ដែលកំ​ពុង​តែ​ប្រ​ណាំងប្រជែងបញ្ជូនពលករទៅកាន់កូរ៉េ? យើងបានស្នើសុំអោយកូរ៉េផ្ដល់ការយោគយល់ចំពោះកម្ពុជា ដើម្បី​បញ្ជូននូវពលករពីកម្ពុជាទៅកាន់កូរ៉េ។

ទស្សន​កិច្ចរបស់ខ្ញុំនៅក្នុងដំណាក់កាលក្រោយការឡើង​កាន់អំ​ណាច​របស់អតីតប្រធានាធិបតី Kim Dae Jung សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈដំបូងផ្ដល់ដោយកូរ៉េ ត្រូវ​បាន​បញ្ចូនមកកាន់កម្ពុជា។ គោលដៅសំ​ខាន់​នៅទីនេះ គឺ​បណ្ដុះបណ្ដាលហើយបញ្ជូនទៅកាន់កូរ៉េ។ មានបងប្អូនមួយចំនួនទៅធ្វើការនៅថៃដោយ​ខុស​ច្បាប់ យើងបាន​ប្រឹងប្រែងសម្រុះសម្រួលអោយគាត់ត្រូវច្បាប់។ នៅម៉ាឡេស៊ីក៏ដូចគ្នា។ ប្រទេសនានា​សុទ្ធ​តែបានស្វះស្វែងរកទីផ្សារ​ការងារនៅខាងក្រៅប្រទេស ដែលខ្វះពលកម្មពិតប្រាកដ គឺសិង្ហបុរី​ និងម៉ា​ឡេ​ស៊ីទេ។ ប្រទេសទាំងពីរនេះ​ ក៏មិនមែន​ជាប្រទេសដែលបញ្ចូនពលករចេញក្រៅដែរ តែគឺជាប្រ​ទេស​នាំ​ពលករ​ចូល។ សម្រាប់ប្រទេសថៃ គឺគាត់បញ្ជូនពលករចេញទៅក្រៅប្រទេស ប៉ុន្ដែគាត់ខ្វះពលករ (ដែល)​ពលករ​​ទៅ​ពី​កម្ពុជា មកពីមីយ៉ាន់ម៉ា និងមក​ពីឡាវ ដើម្បីជំនួសអោយអ្នកដែលចេញទៅក្រៅ។

ការប្រកួតប្រជែងអំពីសមត្ថភាពក្នុងក្របខណ្ឌការងារតាម​វេទិកាអន្ដរជាតិ

ការប្រកួតប្រជែងដើម្បីចូលទៅនៅក្នុងក្របខណ្ឌការងារ តាម​វេទិកាអន្ដរជាតិនានា តម្រូវអោយមានសមត្ថ​ភាព​ពេញលេញទើបអាចធ្វើទៅបាន។ គេមិនអាចដាក់ជាកូតាជ្រើសរើស​ទេ។ មានការប្រកួតប្រជែង​អំពី​សមត្ថ​ភាព។ ឧទាហរណ៍៖ លើកអំពីបញ្ហាអាស៊ានទៅចុះ។ អាស៊ានវា​មាន​អគ្គលេខាធិការ និងមានអគ្គ​លេ​ខា​ធិការរង។ យើងធ្លាប់បានបញ្ជូន ដោយសារដល់វេនដែលយើងត្រូវបញ្ជូន​អគ្គលេខាធិការរង ទៅធ្វើជា​អគ្គ​លេខាធិការរងនៃអាស៊ាន ប៉ុន្តែដល់បេក្ខជនទាក់ទិនជាមួយ​នឹងលេខាធិការអាស៊ាននោះ វាត្រូវមាន​កុង​សង់​ស៊ុសក្នុងការជ្រើសរើស។ អញ្ចឹងទេ បើយើងដាក់ទៅប្រកួតប្រជែង​ជាមួយគេ​ យើងវាអន់ពេក ធ្វើទៅ​ម៉េច​នឹងរួច? ម៉េចគេទទួល? នៅមានផ្នែកផ្សេងៗទៀត ដែលយើងចាំបាច់ត្រូវចូលរួម។

ឥឡូវ កម្ពុជាបានកាន់តួនាទីមួយចំនួននៅក្នុងវេទិកាអន្តរជាតិ ហើយយើងធ្វើកាន់តែច្រើនទៅៗ សម្រាប់​ការ​ប្រជុំនៅក្នុងប្រទេសរបស់យើង។ មានពេលខ្លះក៏សុំថា យើងក៏មិនត្រូវមានមោទនភាពជ្រុល តែយើង​ក៏​មិន​ត្រូវបង្អាប់ខ្លួនឯងនោះទេ។ ខ្ញុំលើកឧទាហរណ៍មួយ។ ឥឡូវនេះ ប្រធានាធិបតី Donald Trump បាន​ឡើង​​កាន់​ដំណែង​រ​យៈ​ពេល​ជិត​ប្រាំពីរខែហើយ បើគិតពីថ្ងៃទី ២០ មករា ប៉ុន្តែ មួយរយថ្ងៃដំបូង គេដាក់ថា មួយរយថ្ងៃនៃការកាន់តំណែងរបស់ប្រធានាធិបតី Donald Trump រំលោភសិទ្ធិមនុស្ស ៨០ ដង។ ឥឡូវ​ឮថាសមាជិកសភាបក្សប្រជាធិបតេយ្យកំពុងតែប្ដឹង។ មិនដឹងថាមានរឿងអីកើតឡើងតទៅទៀតទេ។ ប៉ុន្តែ មានរឿង​អញ្ចេះ ដើម្បីលើកបង្ហាញអំពីថា ការគិតគូរនៅលើពិភពលោកនេះ ឬសម្រាប់យើងនៅក្នុងទៅ​នេះ។ វាច្បាស់ជា​មាន​ការ​យល់​ដឹងមិនដូចគ្នាទេ ដោយសារការយល់ដឹងវាមិនដូចគ្នាហ្នឹងហើយ បានជា​មានជំ​នឿ​សាសនា​ក៏​វាច្រើន។ ល្ងាចនេះ ខ្ញុំត្រូវទៅស្រាយបួសជាមួយនឹងបងប្អូនឥស្លាម ក្នុងពេលវេលា​ស្រាយ​បួស ដែលហៅថា រ៉ាម៉ាឌននោះ ហើយដោយសារតែការគិតគូរវាមិនដូចគ្នាហ្នឹងហើយ បានជា​បង្កើត​អោយ​មាន​ទស្សនៈខុសគ្នាហ្នឹង គឺបង្កើតទៅជាបក្សនយោបាយ។

រឿងជាច្រើនដែលគួរអោយចង់សើច ក្នុងកិច្ចប្រជុំ World Economic Forum

មានរឿងកើតឡើង​ក្នុងវេទិកា World Economic Forum នៅដាវ៉ូស។ មានរឿងដែលគួរអោយ​ចង់សើច​ដល់​ទៅពីររឿង។ ពេលយប់មួយដង​ ពេលថ្ងៃមួយដង ហើយសុទ្ធតែបង្កើតដោយសាកលវិទ្យាធិការ​ទៅ​ទៀត។ សាកលវិទ្យាធិការមួយគាត់បានលើកថា នៅពេលខាងមុខ អាមេរិក និងចិននឹងវ៉ៃគ្នា។ ដូច្នេះ នឹង​ដាក់​អាស៊ានអោយទៅជាតំបន់ដែលមានគ្រោះថ្នាក់។ ដោយសារតែពេលនោះខ្ញុំជាអ្នកបិទ(ការពិភាក្សា)​ បន្ទាប់​ពីការ​ពិភាក្សាក្នុងរង្វង់ ២ ម៉ោង … ខ្ញុំបានប្រាប់ទៅអង្គប្រជុំ ប្រាប់ទៅលោកសាស្ត្រាចារ្យហ្នឹងថា លោក​សាស្ត្រាចារ្យ សូមលោកកុំទៅបង្រៀននិស្សិតបែបនេះ។ សម្រាប់ខ្ញុំ អាមេរិក និងចិន នឹងមិនវ៉ៃគ្នា​ទេ។ អ្នកទាំងពីរសុទ្ធតែមានផលប្រយោជន៍ក្នុងសហប្រតិបត្តិការ។​ គេមានយន្តការគ្រប់គ្រងទំនាក់ទំនង​នេះ។ អញ្ចឹងទេ អាស៊ាននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតជាមួយនឹងចិន ហើយក៏ជាដៃគូពាណិជ្ជកម្មជា​មួយ​នឹង​អាមេរិកដែរ ហ្នឹងទី ១។ ទី ២ សម្រាប់យើងជាអាស៊ាន និងប្រទេសមួយៗរបស់អាស៊ាន មិនត្រូវទុក​ខ្លួន​ជាស្រមោច និងសង្អារ សម្រាប់ដំរីជាន់ទេ។ ផ្ទុយទៅវិញ យើងកំពុងដើរតួនាទីជា​អ្នកសម្រប​សម្រួល ហើយជាតួនាទីស្នូលទៀតផង។ ដូច្នេះ មិនគួរត្រូវទៅបង្រៀននិស្សិតធុនហ្នឹងទេ។ អាហ្នឹងរឿង​មួយ​ទៅ។

ដល់ទៅស្អែកឡើងមុនពេល Donald Trump ស្បថចូលកាន់ដំណែងប្រហែល ២ ម៉ោង មានរឿងកើត ឡើងទៀតហើយ អំពីបញ្ហានយោបាយគាំពារនិយមរបស់ Donald Trump។ បានខ្ញុំប្រាប់ថា នយោ​បាយ​គាំ​ពារនិយមមិនមែនមិនជោគជ័យទេ។ បើសិនជាថា Donald Trump បង្ខំអោយក្រុមហ៊ុនអាមេរិករើរោង ចក្រទាំងអស់ផលិតកូកាកូឡាចូលទៅអាមេរិក ប្រជាជនអាមេរិកនឹងកើតទឹកនោមផ្អែមទាំងអស់។ ហើយ បើ​និយាយពីបញ្ហារថយន្ត តម្រូវអោយរោងចក្រអាមេរិកទៅផលិតរថយន្តនៅក្នុងអាមេរិក ហាមឃាត់ការនាំ ចូល និងវ៉ៃពន្ធខ្ពស់ក្នុងការនាំចូលរថយន្តជប៉ុន រថយន្តអង់គ្លេស រថយន្តអាលឺ្លម៉ង់ និងពីប្រទេសដទៃ តើវា យ៉ាងម៉េច? បើបង្ខំអោយប្រជាជនអាមេរិកប្រើប្រាស់រថយន្តអាមេរិក ក្នុងពេលដែល​ប្រជាជន​អាមេរិក​មិន​ចង់ តើរឿងហ្នឹងវាចេញស្អី? គាត់អាចធ្វើមិត្តជាមួយប្រទេសមួយទៀត ដែលបង្ខំអោយប្រជាជន​ប្រើ​នោះ។ ឯសម្រាប់ការវ៉ៃពន្ធខ្ពស់ លទ្ធផលចុងក្រោយសម្រាប់គាត់​ គឺប្រជាជនគាត់ជាអ្នកបង់ថ្លៃទេតើ។
ក្រៅពីរឿងហ្នឹងចេញរឿងមួយមកទៀត ដោយសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមួយនៅប្រទេសអង់ គ្លេស។ គាត់ដាក់សំណួរអញ្ចេះ គាត់ថា តើអាស៊ានមានសមាជិកអាស៊ានណាមួយដែលត្រៀមខ្លួន​ចាក​ចេញពីអាស៊ាន? បានខ្ញុំឆ្លើយតបថា លោកសាស្ត្រាចារ្យ លោកគួរដូរសំណួរនេះវិញ ពីប្រទេសណាដែល​ចង់ចាកចេញពីអាស៊ាន ទៅជាប្រទេសណាខ្លះនឹងចាកចេញពី EU ក្រោយពីអង់គ្លេសចាកចេញ? ការពិត​វា​អញ្ចឹង។ សំណាងហើយដែល Marine Le Pen អត់ជាប់ឆ្នោត បើគាត់ជាប់ឆ្នោត បារាំងចេញទៀត។ ច្រើន​រឿងណាស់។ គួរតែដាក់សំណួរទៅឯណោះ កុំដាក់សំណួរមកអាស៊ី។ បានខ្ញុំឆ្លើយថា អាស៊ាន​យើង​ខ្ញុំ​មាន​សាមគ្គីភាព អាស៊ានយើងខ្ញុំធ្វើការតាមកុងសង់ស៊ុស អាស៊ានយើងខ្ញុំអត់មានបងធំទេ។
មិនមែនអោយតែគេជាប្រទេសដែលមានការរីកលូតលាស់ សុទ្ធតែគិតត្រូវនោះទេ។ យើងត្រូវមានចំ​ណែក​ក្នុង​ការគិត មិនត្រឹមតែក្នុងក្របខណ្ឌនៃប្រទេសរបស់ខ្លួនទេ ប៉ុន្តែ ជាកិច្ចការអន្តរជាតិផងដែរ។ យើងសោក​ស្តាយ​ជាមួយនឹងការបាត់បង់ជីវិតរបស់កងទ័ពយើងនៅឯអាហ្វ្រិកកណ្តាល ប៉ុន្តែ យើងមិនដកថយមួយជំ​ហាន​ណាពីការប្រឹងប្រែងរបស់យើង ដើម្បីបន្តក្នុងការបញ្ជូនកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅ​ចូល​​រួមប្រតិបត្តិការរក្សាសន្តិភាពនៅប្រទេសក្រៅនោះទេ។​ យើងបានខំធ្វើកិច្ចការងារនេះ។

គណៈកម្មាការជាតិរៀបចំការបោះឆ្នោត កងកម្លាំងប្រដាប់អាវុធ បណ្តាបក្សនយោបាយ ធ្វើកិច្ចការដ៏ល្អ

… សូមអនុញ្ញាតអោយខ្ញុំយកឱកាសបន្តិចទៀត ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មាការជាតិ​រៀបចំ​ការបោះឆ្នោត ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ថ្លែងកោតសរសើរ ចំពោះបណ្តាបក្ស​នយោ​បាយ ដែលបានចូលរួមធ្វើកិច្ចការដ៏ល្អ ដើម្បីធ្វើអោយការបោះឆ្នោតឃុំ/សង្កាត់កន្លងទៅនេះ សម្រេចបាន​ជោគ​ជ័យ។ ពិតមែនតែមិនទាន់ប្រកាសលទ្ធផលជាផ្លូវការ ហើយបក្សនេះក៏ថាឈ្នះ បក្សនោះក៏ថាឈ្នះ បើ​អញ្ចឹង​ឈ្នះទាំងអស់គ្នាតើ? មានស្អី? ប្រជាជនកម្ពុជាឈ្នះតើ។ ប្រជាពល​រដ្ឋរបស់បានចេញមកបោះ​ឆ្នោត​មាន​ចំនួនយ៉ាងច្រើន។ ការបោះឆ្នោតគ្មានហិង្សា តែខ្ញុំអត់យល់ (ដែល)បណ្តាស្ថានទូតនានា រាប់ទាំងទូត​អា​មេរិកនៅទីក្រុងភ្នំពេញចេញសេចក្តីថ្លែងការណ៍ថា បោះឆ្នោតហ្នឹងល្អ ដល់មានអាអង្គការ​ក្រៅរដ្ឋាភិបាល​មួយ​របស់ Brad Adams ហៅ Human Right Watch ស្អីគេនោះ វាថាអាហ្នឹងអត់ល្អ បើអញ្ចឹង​ស្តាប់​អ្នក​ណា​ឥ​ឡូវហ្នឹង? អាហ្នុងស្អីក៏មិនល្អដែរ ជាពិសេសអោយតែគណបក្សប្រជាជនឈ្នះ គឺថា អាហ្នឹងមិ​ន​ល្អ​តែ​ម្តង។ ទាល់តែថាគណបក្សប្រជាជនរលាយបានថាល្អ។ សូមផ្តាំទៅ Brad Adams ល្មមកែខ្លះទៅ ស្អីក៏​ចង​​កម្មចងពៀរមាំម្ល៉េះ? គេមិនមែនសរសើរថាអ្នកឯងល្អទេ គេសរសើរថាអ្នកឯងល្ងង់ ដោយសារផ្នែក​តំ​ណាង​អោយរដ្ឋាភិបាល គេថាល្អ។ អ្នកឯងថាអញ្ចឹងមិនមែនប្រឆាំងត្រឹមតែកម្ពុជាឯណា? ប្រឆាំងទាំង​រដ្ឋា​ភិ​បាលអ្នកឯងទៅទៀត …។

សុវត្ថិភាពបោះឆ្នោតជាបញ្ហាធំ

អ្វីដែលជាការកត់សម្គាល់ ការបោះឆ្នោតតាមកាលកំណត់ ក្នុងអាណត្តិដែល ខ្ញុំព្រះករុណាខ្ញុំ ដឹកនាំ គឺមិន​អាច​អោយថ្លោះធ្លោយ ពន្យារពេលណាមួយនៃការបោះឆ្នោតទេ។ ឥឡូវអ្នកខ្លះថាខ្ញុំមិនដឹង ពេលយើងប្រ​កាស​លទ្ធផលបោះឆ្នោតតាំងពីណាពីណីមក ចុះឈ្មោះបោះឆ្នោត ហើយដាក់បេក្ខជន គេនៅតែថា​យើង​មិន​បោះឆ្នោត។ ឥឡូវ និយាយថាម៉េច? សុំទោសៗ មិនសុំទោសក៏ហីទៅ អោយទទួលស្គាល់ថា​ខ្លួន​បាន​និយាយ​ខុសហើយ។ ការកត់សម្គាល់បរិយាកាសសម្រាប់ការបោះឆ្នោត ពិតមែនហើយការជេរប្រទេច​តាម​ហ្វេស​ប៊ុកវានៅតែមាន រហូតទៅដល់ការប្រមាថអាយុជីវិតទៀតផង។ តែអាហ្នឹងកម្មរបស់គេទេ។ … អ្នក​ឯង​​បង្ហោះនៅបាងកក គេដឹងថាអ្នកឯងនៅកន្លែងណា គេទាក់ទងទៅកន្លែងហ្នឹង។ បង្ហោះនៅបាងកក ប៉ុន្តែយើងចាំនៅភ្នំពេញ ចាំអ្នកឯងមក …។

ខ្ញុំវិលមកនិយាយបញ្ហាដំណើរការបោះឆ្នោត។ ឥឡូវហ្នឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុង​បន្ត​ដោះស្រាយនូវបណ្តឹងនានា ទាក់ទងនឹងការរាប់សន្លឹកឆ្នោតឡើងវិញ នៅកន្លែងនេះកន្លែងនោះ។ យើង​ទុកលទ្ធភាព សមត្ថកិច្ចរបស់អ្នកណា អ្នកហ្នឹងធ្វើ ឯសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ សូម​យក​ឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញា​ធរ​គ្រប់លំដាប់ថ្នាក់ដែលបានបង្កលក្ខណៈងាយស្រួល សម្រាប់ដំណើរការនេះ ពីដើមរហូតដល់ចប់។ ឥឡូវ នៅក្នុងសមត្ថកិច្ចគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬក៏អាចថា សមត្ថកិច្ចនៃក្រុមប្រឹក្សាធម្ម​នុញ្ញឯ​ណោះ​​ទៅវិញទេ។ ក្នុងពេលដែលយើងធ្វើយុទ្ធនាការបោះឆ្នោត ដែលមានមនុស្សរាប់លាននាក់ចូល​​រួម​ហែរ​ក្បួន រាប់ពាន់ រាប់រយនាក់ ប្រទេសមួយចំនួនរងការវាយប្រហារភេរវកម្ម ឯប្រទេសកម្ពុជា​អត់ជួប​ប្រទះ​ រឿង​នេះ​ទេ។ អ្វីក៏ដោយវាផ្តើមចេញពីសន្តិភាពទើបអាចធ្វើបាន។

សម្រាប់គណបក្សដែលកាន់អំណាច ​គិត​ដំ​បូង​គេគឺសុវត្ថិភាពនៃការបោះឆ្នោតទាំងមូល។ បក្សមិនកាន់​អំ​ណាច​គេមិនបានគិតរឿងនេះទេ។ គិតការឈ្នះខ្លួនឯងវាជារឿងមួយហើយ តែរឿងធំមួយទៀត តើសុវត្ថិភាព​នៃប្រទេសដែលនាយករដ្ឋមន្ត្រីកំពុងដឹកនាំ គណបក្សនយោបាយដែលកំពុងដឹកនាំនេះ មានសុវត្ថិភាព​ឬ​​អត់? ចំណុចនេះមិនមែនជាបញ្ហាតូចតាចទេ។ ខ្ញុំសូមអរគុណ ដែលរាប់ទាំងបណ្តាបក្សនយោបាយទាំង​អស់ ទាំងបក្សដែលជេរខ្ញុំ និងបក្សដែលមិនជេរខ្ញុំ។ ត្រឹមតែម៉ាជេរវាអត់អីប៉ុន្មានទេ ប៉ុន្តែ ធ្វើម៉េចអោយតែវា​សុវត្ថិ​ភាព។ ឆ្លងផុតនូវហិង្សា។ នេះវាជាការល្អណាស់ទៅហើយ។ ប្រៀបធៀបទៅនឹងប្រទេសដទៃ ពេល​បោះ​ឆ្នោតម្តងៗមានការស្លាប់មនុស្សច្រើន។ នៅក្នុងទសវត្សរ៍ ៩០ ហើយក្រោយ​មក​យើង​នៅមាន​សេស​សល់​ហិង្សា ប៉ុន្តែបោះឆ្នោតប៉ុន្មានពេលចុងក្រោយនេះ ហិង្សាមិនមានទេ។

… ស្ថានភាពបោះចម្រុះនៅ​ឯមូលដ្ឋាន​វា​បាន​ចាប់ផ្តើមតាំងពីឆ្នាំ ២០០២ ដូច្នេះ បងប្អូនយើង​អាច​ចេះ​ធ្វើ​ការ​ជាមួយគ្នានៃបណ្តាបក្សនយោបាយដែលនៅជាមួយគ្នា ព្រោះតិចណាស់ដែលគណបក្សណាមួយ​កាន់​អាសនៈទាំងអស់នៅក្នុងឃុំសង្កាត់នោះ។ មានដែរ ប៉ុន្តែ មានតិចតួចណាស់ ហើយភាគច្រើនកន្លែងនោះ ច្រើនតែគណបក្សប្រជាជនតែម្តង ៥ អាសនៈ ឬ ៧ អាសនៈ ស៊ីទាំងអស់ អាហ្នឹងគណបក្សប្រជាជនទេ។ ប៉ុន្តែជាទូទៅ ឥឡូវនេះ យើងបានដឹងហើយថា សង្គ្រោះជាតិកាន់ជិត ១ ភាគ ៣ (១/៣) មិនទាន់ដល់ ១ ភាគ ៣ (១/៣) ទេ។ គណបក្សប្រជាជនកាន់លើស ២ ភាគ ៣ (២/៣)។ យ៉ាងណាក៏ដោយ អត់មាន​អ្នក​ណា​មួយនៅតែឯងទេ។ កន្លែងខ្លះមានដល់ទៅបីបក្សឯណោះ កន្លែងខ្លះមានដល់ទៅបួនបក្សឯណោះ ប៉ុន្តែ រៀនធ្វើការជាមួយគ្នា​ ព្រោះនេះជាការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។

ជម្រុញគណបក្សដែលជាប់ឆ្នោត សូមធ្វើតាមការសន្យារបស់ខ្លួន

ការសន្យាស្អីៗ នាំគ្នាធ្វើទៅ សម្រេចនូវការសន្យារបស់ខ្លួនទៅ។ ធ្វើបានឬមិនបាន អាហ្នឹងមកពីយើង​សន្យា​ធំពេក។ ធ្វើមិនបាន អាហ្នឹងប្រជាជនជេរ ខ្ញុំគិតថាដំបូងប្រហែលជាមានរឿង ២ កើតឡើង។ ១ តម្លៃ​កសិ​ផល និងទីផ្សារកសិផល ដែលបក្សខ្លះគាត់បានសន្យា។ អញ្ចឹង ដល់អញបោះអោយពួកហ្អែងធ្វើមេឃុំ តម្លៃកសិផលនៅឯណា? នៅតែថ្លៃដដែល ហើយទីផ្សារនៅឯណា? អញរកទៅលក់មិនឃើញ? គ្មានអ្នក​​ណាម​កទិញ? រឿងហ្នឹងប្រហែលជាការចាប់ផ្តើមមុនហើយ។ ឯទី ២ អាខ្សឹបថា បើខ្ញុំឈ្នះ លុបចោល​បំ​ណុល ប្រហែលជាទៅហើយ លោកមេឃុំជួយលុបបំណុលអោយខ្ញុំផង។ អ្នកខ្លះក៏បាននិយាយថា នឹង​ធ្វើ​ផ្លូវ​ ដល់រួចហើយប្រកាសថានឹងរៃលុយធ្វើផ្លូវ។ អើ! ម្យ៉ាងរបស់គេដែរ។ ធ្វើទៅអាហ្នឹង អោយ​ប្រជា​ជន​គាត់​គិត។ យ៉ាងណាក្តី បងប្អូនចេះធ្វើការជាមួយគ្នានៅថ្នាក់ឃុំសង្កាត់ ដែលប្រជាជនបោះ​​ឆ្នោត​អោយ​នោះ។

លុបចោល ស.ជ.ណ ដើម្បីបើកផ្លូវអោយ សម រង្ស៊ី ចូលស្រុក

ម្សិលមិញភ្ញាក់ឡើង ខ្ញុំហៅទូរស័ព្ទទៅ ទៀ បាញ់។ ទៀ បាញ់ លើកទូរស័ព្ទ ប៉ុន្តែឮសូរសម្លេង ថាសម្លេង​អី​ហ្នុង? សម្លេងស្តាប់វិទ្យុ។ អ្នកណាគេកំពុងនិយាយ? … ខ្ញុំក៏ចាប់ចុចស្តាប់។ ដល់តែស្តាប់ទៅ គេថាបំរាម​ហាម​គេចូលស្រុក បើសិនជាដកបំរាមមកភ្លាម។ ខ្ញុំក៏ទូរស័ព្ទទៅ ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រី​ស្តីទីនៃទីស្តីការគណៈរដ្ឋមន្ត្រីថា អោយលុប ស.ជ.ណ មុន ដើម្បីបើកច្រកអោយអ្នកក្លាហានចូល។ ការ​ពិតអា ស.ជ.ណ មុនមានគោលដៅការពារសុវត្ថិភាពជីវិតគាត់តែម្តង។ សុខចិត្តអោយគេដៀលត្មះ ព្រោះច្បាស់ណាស់ថា បើខ្ញុំបានប្រកាសហើយថា ខ្ញុំសុខចិត្តកាត់ដៃស្តាំរបស់ខ្ញុំគ្រវាត់ចោល គឺខ្ញុំមិនលើក​លែង​ទោសអោយទេ ព្រោះពីរដងរួចហើយ វាគ្មានលើកទីបីកើតឡើងទៀតទេ។

គុក ជាឧបសគ្គ សម្រាប់ការវិលត្រឡប់របស់ សម រង្ស៊ី

អញ្ចឹង ការទស្សន៍ទាយទុកពីមុនច្បាស់ជាមានបញ្ហាហើយរហូតដល់អាយុជីវិតផង។ ប៉ុន្តែ ដើម្បីអោយ​អ្នក​ក្លា​ហានមានលទ្ធភាព ថាទោះជាមកជាប់គុក ឬស្លាប់ក៏ត្រូវតែមក អានេះអុកជាមួយសេះតែម្តង ហើយ​ចាំ​មើល​យ៉ាងម៉េច។ ឥឡូវ ដកចេញដើម្បីបើកផ្លូវឲ្យគាត់មក ស្រាប់តែយប់មិញប្រកាសថាអត់មក។ នេះ​គ្រាន់តែជាការលើកបម្រាម។ បម្រាមមុនគឺក្នុងគោលដៅបញ្ចៀសគ្រោះថ្នាក់ មិនមែនបិទសិទ្ធិ។ ប៉ុន្តែ គាត់​យក​ទៅជាបញ្ហាថា យើងបិទសិទ្ធិទៅវិញ។ តែសម្រាប់អ្នកគ្រប់គ្រងប្រទេស យើងមិនចង់អោយ​មាន​ហិង្សា​កើត​ឡើងទេ ព្រោះតែចុះដល់ដីគ្រឹប ច្បាស់ណាស់ការចាប់ខ្លួនមួយនឹងត្រូវធ្វើហើយ។ នេះជាអំណាច​តុលា​ការ។ គេបញ្ជាដោយព្រះរាជអាជ្ញា និងនគរបាលយុត្តិធម៌។ គេទៅចាប់ហើយ។ ជាប់គុកប៉ុន្មាន អីប៉ុន្មាន រឿង​ហ្នឹងព្រោះអាហ្នឹងវាត្រូវតែជាប់នៅក្នុងសាលក្រម។

នាយករដ្ឋមន្រ្តីត្រូវគិតខ្លាំងណាស់អាហ្នឹង ពីសុវត្ថិភាពរបស់ប្រទេស ប៉ុន្តែត្រូវបានបកស្រាយថា យើងជា​អ្នក​ខ្លាចគាត់។ ដល់យប់ គាត់អត់ប្រកាសតាម Facebook គាត់ទេ គាត់ប្រកាសតាម Twitter ហើយ​ជា​ភា​សាអង់គ្លេសទៀត។ បន្ថែមក្រោយមកគាត់ថា ធ្វើអោយប្រាកដថាខ្ញុំមិនមែនជាមនុស្សទី ១ ស្ថិតក្នុង​ចំ​ណោម​មនុស្ស ១០០ ទៅ ២០០ នាក់ ដែល ហ៊ុន សែន ត្រូវកម្ចាត់ទេ។ ខ្ញុំចូលទៅ comment ក្នុង Facebook Page របស់ Fresh News ហើយអា Fresh News វាយកទៅផ្សាយទៀតទៅ ខ្ញុំថា អ្វីទៅដែលវានៅពីក្រោយការប្រែប្រួលរបស់គាត់នេះ? ខ្ញុំថា គុក។ គុកដែលនាំអោយគាត់ប្រែប្រួល។ ឥឡូវ ខ្លួនបានសន្យាថាមកមិនខ្លាចគុកទេ ម៉េចក៏មិនមករកគុក? ឥឡូវ ខ្ញុំអត់ខ្វល់ទេ។ ប៉ុន្តែ បើសិនជា​អ្នក​ឯង​ប្រគល់ខ្លួនអោយចាប់ដោយស្រួល វាអត់មានបញ្ហាអីកើតឡើងទេ។ អានេះច្បាប់។

រឿងស្អីប្រធានបក្សនៅឯណេះ ខ្លួនឯងលាលែងហើយ បែរជាប្រកាសត្រឡប់មកប្រទេស ដើម្បីប្រជែង​យក​អំ​ណាចនាយករដ្ឋមន្រ្តីពីលោក ហ៊ុន សែន។ បើអញ្ចឹងប្រធានបក្សនៅទីនេះធ្វើអី? អញ្ចឹងបាន​មានអ្នក​ណា​មួយ​សរសេរអត្ថបទថា មុននឹងមកប្រជែងជាមួយនឹង ហ៊ុន សែន ទៅប្រជែងជាមួយនឹងគ្នាឯងនោះសិន​ទៅ។ អ្នកណាធ្វើមេបក្ស។ ប្រយ័ត្ន។ សូមផ្តល់ជាមតិ​ ដោយរោយទៅជាគ្នាប្រយ័ត្នរលាយបក្ស …។ បន្តិច​ទៀតគាត់រកលេសអីទៀតហើយ។ ប៉ុន្តែ ទម្រង់វាអញ្ចឹង។ តែមកខ្ញុំសូមលើកជាសំណួរ តើអ្នកឯង​មក​តាម​ណា? មកតាមគោកក៏មិនបាន មកតាមទឹកក៏មិនបាន។ បើចូលមកលួចលាក់វាស្មើនឹងភេរវកម្ម ដែល​ទណ្ឌិត​ដែលគេតាមចាប់ខ្លួនមានដីកាតាមចាប់ខ្លួននោះ។ ពីមុនខ្ញុំគិតសុវត្ថិភាពលោក។ ឥឡូវ ដោយ​សារ​លោកថាមកភ្លាម ខ្ញុំក៏អុកភ្លាមដែរ អត់ទាន់បាន ១០ ម៉ោងផង ដូរចិត្តថាអត់មក​ទេ ចាំច្បាស់លាស់សិន​។

… ខ្ញុំដឹងថា មិនមែនអ្នកទាំងអស់គ្នាហ្នឹងបោះឆ្នោតអោយខ្ញុំទាំងអស់ទេ។ ទោះបីអ្នកទាំងអស់គ្នា ១០០ ភាគ​រយមិនបោះអោយខ្ញុំ ក៏ខ្ញុំត្រូវតែនិយាយដែរ ព្រោះនេះជាសារមួយប្រាប់ទៅប្រជាពលរដ្ឋ ដែលបាន​ស្តាប់​​វិទ្យុ RFA អំពីការតាំងចិត្តនេះ។ អញ្ជើញមកអត់មានបញ្ហាអីទេ តែសាលក្រម​កាត់​ទោស​វា​មាន​សុ​ពល​ភាព។ ផ្នែកតុលាការ ធ្វើកិច្ចការងារនេះ ជាមួយនឹងនគរបាលយុត្តិធម៌។ គេធ្វើកិច្ចការរបស់គេ មិនទាក់​ទង​នឹងខ្ញុំទេ។ ច្រើនដងពេកហើយ។ បង្កើតបានវប្បធម៌សន្ទនា (បែរជា)ចាប់ជើងជាន់ដៃ ចាប់ដៃជាន់​ជើង។ ថាខ្ញុំចុះ តែបង ជា ស៊ីម និងបង ហេង សំរិន គាត់ជាមនុស្សចាស់ទុំ ចុះតែពីលើឡាន ចង្អុលរូបថត បីនាក់ អាបីនាក់អាចោរលក់ជាតិ អាកណ្តាលខូចជាងគេ។ អ្នកវិភាគទាំងឡាយអត់​ចេញមក​និយាយ​ថា ភាសាបែបនេះមិនគួរប្រើទេ។ ប៉ុន្តែ បើសិនជាខ្ញុំនិយាយវិញដាក់ហើយ។

… អ្នកឯងថា ស.ជ.ណ ហ្នឹងជាឧបសគ្គ។ ឥឡូវ ខ្ញុំដោះចោល។ មកមិនមក ស៊ីសងលើអ្នកឯង ប៉ុន្តែ ខ្ញុំ​បាន​រឿងម្សិលមិញថា តើនេះជាអន្ទាក់នយោបាយទេ? ហើយមានអ្នកសរសេរថា ច្បាប់ក្នុងអន្ទាក់នយោ​បាយ​។ ខ្ញុំអាចនិយាយបានថា រឿងច្បាប់ សុំអោយច្បាប់ធ្វើទៅ ខ្ញុំមិនលូកលាន់​សុំអន្តរាគមន៍ណា​មួយ​នោះ​ទេ។ នៅពេលដែលអ្នកឯងមិនបានជាប់គុក ២ ភាគ ៣ នៃទោសដែលអ្នកឯងត្រូវទទួល នេះគឺជា​ច្បាប់។ កន្លងទៅខ្ញុំបានសម្រួលច្រើនហើយ ល្មមដឹងខ្លួនហើយ។

ពាំនាំ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានចាប់ផ្តើម គេហៅថា កែទម្រង់ទៅលើប្រាក់ឧបត្ថម្ភ ចំពោះនិស្សិតជាជ័យលាភី មកទទួលសញ្ញាបត្រថ្ងៃនេះ ចំនួន ៩១៥ អង្គ/នាក់ គឺមួយអង្គ​ និងមួយនាក់ ទទួលបានថវិកា ៥ ម៉ឺន​រៀល។ មុននេះ គឺតែ ៣ ម៉ឺនទេ ប៉ុន្តែ កំណើនសេដ្ឋកិច្ច ៧ ភាគរយ គួរតែកើន សម្រាប់​និស្សិត​របស់​យើង​បាន​ហៅមកមិញ ឯចំពោះបុគ្គលិក សាស្រ្តាចារ្យបុគ្គលិក ៦៤៩ នាក់ ក្នុងមួយនាក់ៗ ថវិកា ១០ ម៉ឺនរៀល មុន​នេះតែ ៤ ម៉ឺនតើ ឥឡូវឡើងលើស។ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ចំនួន ៥ លានរៀល ដែល​មុន​នោះតែ ៣ លានទេ ជូនវិទ្យាស្ថានជាតិអប់រំ ដែលនៅកន្លែងយើងខ្ចីកន្លែងគេនេះ ថវិកា ៥ លានរៀល ដែរ ដែលមុននេះតែ ២ លានរៀលទេ។

ពីមុនពាក្យដែលថាឈ្នះ គឺពិបាករកណាស់ ឥឡូវយើងស្គាល់ពាក្យដែលថាឈ្នះ

ពិបាកជាងគេ ព្រះតេជព្រះគុណ គឺការឈរ។ បើបានដើរអត់អីទេ។ ឈរយូរទៅវារោយជើង។ ចាស់ទៅ​ចេះ​រោយ​ជើង។ អបអរសាទរដែលបានឈ្នះអាហ្កានីស្ថាន ១/០។ ដល់កហើយ ចេះតែប្រហោងពោះៗ អា​នា​ទី​ចុងក្រោយហ្នឹង។ ពីមុនពាក្យដែលថាឈ្នះ គឺពិបាករកណាស់ ឥឡូវយើងស្គាល់ពាក្យដែលថាឈ្នះ។ ចាញ់​ក៏នៅតែចាញ់ តែវាស្គាល់ពាក្យឈ្នះ។ បាល់ទាត់ ឬក៏ទៅការប្រកួតនេះ ការប្រកួតនោះ វិស័យ​កីឡា​នេះ ត្រូវប្រឹងបន្ត។ ដល់ពេលឃើញគេទាត់បាល់អញ្ចឹង នឹកឃើញអនុស្សាវរីយ៍ទាត់ជាមួយ ប៉ុល សារឿន កាលហ្នឹងសុទ្ធតែនៅក្មេងៗរៀងៗខ្លួន ទសវត្សរ៍ ៨០។ ខ្ញុំព្រះករុណាខ្ញុំ ទើបជាង ៣០ និយាយពីរត់ ទាត់​នៅ​ស្តាត​ក៏មាន ទាត់នៅអីក៏មាន។ អាបាល់ទះក៏លេង បាល់ទាត់ក៏លេង។ ឥឡូវនៅសល់តែកូនគោល។ កូន​គោលហ្នឹងមួយអាទិត្យទម្រាំបានមួយដង ជួនកាលអាទិត្យខ្លះក៏អត់ទៅទៀត …៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ