សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ អញ្ជើញជាអធិបតី ក្នុងពិធីបិទ​​លំហាត់​សម​យុទ្ធ​នាគ​មាស ​២០២០

កំពត ថ្ងៃទី៣១ ខែមី​នា ឆ្នាំ២០២០ — សមយុទ្ធយោធារួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលមានឈ្មោះថា «សមយុទ្ធនាគមាស ២០២០» លើប្រធានបទ “រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌” ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែមីនា នៅឯទីលានបាញ់គ្រាប់ ពិតតេជោសែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត បានបិទបញ្ចប់ហើយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

ពិធីបិទលំហាត់សមយុទ្ធនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា នេះជាលើកទី៤ ហើយ ដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធរួមគ្នា ដែលសមយុទ្ធនីមួយៗ សុទ្ធតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ ចំណង សាមគ្គីភាព មិត្តភាព ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹង ការផ្លាស់ប្តូរបទពិសោធ គ្នាទៅវិញទៅមក ជាពិសេស ការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការ ការចេះសម្របសម្រួលរស់នៅ និងចេះធ្វើការរួមជាមួយជាតិសាសន៍ ជាច្រើនទៀត។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា លំហាត់សមយុទ្ធនាគមាស២០២០ នេះ គឺជាលំហាត់មួយដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបន្សល់ ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំកត់ត្រាទុក ក្នុងប្រវត្តិសាស្ត្រយោធា នៃកិច្ចសហប្រតិបត្តិការ មិត្តភាព រវាងប្រទេសទាំងពីរ និងកងកម្លាំងប្រដាប់អាវុធទាំងពីរ ដោយសារការរៀបចំ សមយុទ្ធនេះ ស្របពេលដែលបណ្ដាប្រទេសទាំងអស់ នៅលើសាកលលោកនិយាយជារួម និងនិយាយដោយឡែកប្រទេសកម្ពុជា-ចិន បាននឹងកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយ ការរីករាលដាល នៃជំងឺផ្លូវដង្ហើម Covid-19 ដ៏ធ្ងន់ធ្ងរ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ាង វិន ធៀន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានចាត់ទុក លំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺជាយុទ្ធការជាក់ស្តែងមួយក្នុងការ អនុវត្តកិច្ចព្រម ព្រៀងរបស់ថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀត នៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងចូលរួមជំរុញលើកម្ពស់សមត្ថភាពនៃប្រទេស ទាំងពីរ ឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត។

បើតាមសេចក្តីរាយការណ៍របស់ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខា ធិការដ្ឋានសេនាធិការចម្រុះ និងជាប្រធានក្រុមការងារដឹកនាំ សមយុទ្ធនាគមាស ២០២០ ភាគីកម្ពុជា និងលោកវរសេនីយ៍ឯកពិសេស ចាង ធី រិន (Zhang Ti Ren) ប្រធានក្រុមការងារ ដឹកនាំ សមយុទ្ធនាគមាស ២០២០ ភាគីកងទ័ពរំដោះប្រជាជនចិន បានគូសបញ្ជាក់ថា សមយុទ្ធនាគមាស២០២០ ដែលបើកប្រតិបត្តិការរយះពេល ១៥ថ្ងៃកន្លងមកនេះ បានចាប់ ផ្តើមតាំងពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពី កងទ័ពកម្ពុជា-ចិន សរុបជាង៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះ រថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត។

គួរបញ្ជាក់ថា សម្រាប់លំហាត់សមយុទ្ធនាគមាសឆ្នាំនេះ គឺជាលើកទី៤ហើយ ដែលកង ទ័ពកម្ពុជា-ចិន ធ្វើរួមគ្នានៅក្នុងលើទឹកដីប្រទេសកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ លើកទី២នៅឆ្នាំ២០១៨  លើកទី៣នៅឆ្នាំ២០១៩៕

ដោយសំ សាម៉ន

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ