សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺ Covid-19

CNV:

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ក្មួយៗ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ

ការលះបង់ឆ្លុះបញ្ចាំងពី ការតម្រង់ឆ្ពោះទៅរកអនាគត នៃការបម្រើប្រជាជនពិតប្រាកដ

ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលបានជួបជាមួយក្មួយៗ។ ថ្ងៃនេះ ក៏ជាពេលវេលាដែលខ្ញុំត្រូវបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ សង្ឃឹមថា ស្ថានីយវិទ្យុ ទូរទស្សន៍ទាំងឡាយខិតខំធ្វើការផ្សាយបន្តផ្ទាល់នេះ ព្រោះនេះមិនគ្រាន់តែជាវេទិកានៃការជួបជុំសម្រាប់គ្រូពេទ្យស្ម័គ្រចិត្តមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏ជា​ពេលវេលាដែលខ្ញុំត្រូវបញ្ជូនសារទៅកាន់ក្របខណ្ឌទូទាំងប្រទេស។ អនុញ្ញាតឱ្យខ្ញុំសំដែងនូវការស្វាគមន៍ និងកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់ក្មួយៗ ដែលជាគ្រូពេទ្យ ក៏ដូចជានិស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធជាមួយសត្រូវឥតស្រមោល គឺ Covid-19។ ការប្ដេជ្ញាចិត្តរបស់ក្មួយៗ ដែលពូបានដឹងថា សូម្បីតែមាតាបិតាខ្លះមិនអនុញ្ញាត​ឱ្យក្មួយៗចូលរួមទេ ដោយមានការភ័យខ្លាច។ ក៏ប៉ុន្តែក្មួយៗបានតាំងចិត្ត ដើម្បីចូលរួមជាមួយនឹងយុទ្ធនាការមួយ ដែលមិនដឹងថាសត្រូវនៅទីណាឱ្យពិតប្រាកដ​។ សមរភូមិលើបញ្ហាសុខភាពសាធារណៈនេះ វាខុសគ្នាឆ្ងាយជាមួយនឹងសមរភូមិយោធា។ សមរភូមិយោធា គេអាចដឹងបានថា សត្រូវនៅទីណា កាំភ្លើងធំឯណា មីនបង្កប់នៅកន្លែងណា។

ក៏ប៉ុន្តែ Covid-19 ឬក៏ហៅថាជំងឺឆ្លងនេះ គ្មានរូបភាពពិតប្រាកដទេ។ យើងមើលមិនឃើញទេ។ មិនដឹងថា វានៅទីណាពិតប្រាកដ។ ដូច្នេះ អ្វីដែលជាលះបង់របស់ក្មួយៗនៅពេលនេះ គឺវាមានតម្លៃធំធេងមហាសាល ដែលមិនអាចកាត់ថ្លៃបានទេ។ ពូសុំយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះក្មួយៗ។ ថ្លែងជូននូវការអរគុណចំពោះមាតាបិតា អាណាព្យាបាលដែលបានអនុញ្ញាត ហើយជាពិសេសការប្ដេជ្ញាចិត្តរបស់ក្មួយ​ៗ មានកម្រិតខ្ពស់ ដែលអាចវាស់ស្ទង់បានថា អនាគតរបស់ក្មួយៗ គឺពិតជាឆ្លុះបញ្ជាំងឱ្យឃើញអំពីការតម្រង់ឆ្ពោះទៅរកអនាគត នៃការបម្រើប្រជាជនពិតប្រាកដ ចាត់ទុកថា ជាមរតកដែលមានតម្លៃ ដែលថ្ងៃក្រោយនេះ គឺស្ថាប័នពាក់ព័ន្ធជាមួយនឹងជំនាញនេះ យកចិត្តទុកដាក់បណ្ដុះបណ្ដាល និងគាំទ្រដល់និស្សិតដំបូងដែលចូលរួមប្រតិបត្តិការនេះ ហើយនិស្សិតបន្តបន្ទាប់ទៅទៀត ទៅតាមលំដាប់អាទិភាព។

គ្រូពេទ្យស្ម័គ្រចិត្ត ៤២២ នាក់ ថែមលើ ២ ពាន់នាក់, ពេទ្យទាហាន ពេទ្យនគរបាល ប្រយុទ្ធនឹង Covid-19

ប៉ុន្តែថ្ងៃនេះ គឺយើងសម្រេចជ្រើសរើសត្រឹមតែ ៤២២ នាក់សិនប៉ុណ្ណោះ។ ពិតមែនហើយ នៅមានចំនួនច្រើនទៀត ដែលបានដាក់ពាក្យមកជាបន្តបន្ទាប់។ ក៏ប៉ុន្តែ យើងមិនអាចរង់ចាំទាំងអស់នោះបានទេ។ យើងយកប៉ុណ្ណេះសិន។ យើងទុកក្នុងបញ្ជីត្រៀមបម្រុងក្រោយ។ អម្បាញ់មិញ ប្រធានអ្នករៀបចំ បានធ្វើរបាយការណ៍ហើយ។ ទម្លាប់របស់ខ្ញុំ ពិបាកហៅកូនជាឯកឧត្តម ក៏មិនបាន​ ហៅកូនជាជំទាវ ក៏មិនបាន។ អញ្ចឹងអត់ហៅតែម្ដង។ មិនដែលចេះសរសេរទៅថា ឯកឧត្តម ហ៊ុន ម៉ាណែត, ឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្តម ហ៊ុន ម៉ានិត ព្រោះគេឋានៈឯកឧត្តមអស់ហើយ។ ចារទៅថា ហ៊ុន ម៉ាណែត ទៅ អត់មានប្រើពាក្យលោក ហើយមិនប្រើពាក្យកូន ឬឯកឧត្តមទេ ហៅឈ្មោះតែម្ដង។ ឥឡូវខ្ញុំចង់យកពេលវេលានេះ ដើម្បីបញ្ជាក់បន្តិច​ថា ហេតុអ្វីបានជាយើងត្រូវជ្រើសរើសគ្រូពេទ្យស្ម័គ្រចិត្ត? ហេតុអ្វីគ្រូពេទ្យទូទាំងប្រទេស ដែលមានចំនួនជាង ២ ម៉ឺននាក់ មិនប្រើប្រាស់?

ខ្ញុំគួរតែនិយាយថា យើងមិនមែនមានតែអ្នកជំងឺ Covid-19 ទេ។ ប្រទេសរបស់យើងមានអ្នកជំងឺច្រើនប្រភេទ ដែលបាន និងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស​។ ក្នុងចំណោមគ្រូពេទ្យជាង ២ ម៉ឺននាក់នេះ មានជាង ២ ពាន់នាក់ គឺជាអ្នកប្រយុទ្ធនឹងជំងឺឆ្លង​ ដែលបច្ចុ​ប្បន្ននេះ ធ្វើកិច្ចការ​ងារមិនគ្រាន់តែទាក់ទងនឹង Covid-19 ទេ យើងត្រូវមើលលើជំងឺដទៃទៀត ដូចជាគ្រុនផ្ដាសាយបក្សី ឬជំងឺឆ្លងប្រភេទនេះប្រភេទនោះបន្ថែមទៀត … បូកបន្ថែមលើនោះ យើងបានប្រុងប្រៀបឱ្យក្រសួងការពារជាតិរៀបចំគ្រូពេទ្យ និងទីកន្លែងសម្រាប់ការព្យាបាល​។ យើងបានបញ្ជាទៅឱ្យក្រសួងមហាផ្ទៃរៀបចំគ្រូពេទ្យ ជានគរបាលជាតិបន្ថែមទៀត ដើម្បីត្រៀមឆ្លើយតប។ អញ្ចឹងទេ ការដែលត្រូវជ្រើសរើសក្មួយៗបន្ថែមនេះ សំដៅដោះស្រាយបញ្ហាដែលត្រៀមបម្រុងទុកផង និងអាចចាប់ផ្ដើមដំណើរការពីឥឡូវនេះផង។

ទូទាំងប្រទេសបម្រុង ៣ ពាន់បន្ទប់ សម្រាប់ផ្ទុកអ្នកជំងឺ COVID-19

ឥឡូវនេះ គ្រាន់តែបន្ទប់ត្រៀមបម្រុងសំរាប់ដោះស្រាយបញ្ហានេះ បានកើនឡើងជាង ៣ ពាន់នៅទូទាំងប្រ​ទេស បន្ទាប់ពីមានបទបញ្ជាហើយ​។ ក្នុងនោះ មានទាំងសណ្ឋាគារ មានសាលារៀន ភាគច្រើនយកអន្តេវា​សិកដ្ឋានរបស់គ្រូបង្រៀន និងរបស់សិស្ស ដែលពេលនេះសាលារៀនទាំងអស់ត្រូវបានផ្អាក … ភាគច្រើន(យើងយក)អន្តេវាសិកដែលបានធ្វើថ្មីៗ ដើម្បីធ្វើជាកន្លែងដាក់(អ្នកមានជំងឺ Covid-19) ព្រោះមានប្រព័ន្ធទឹកភ្លើងហើយស្រេច មានគ្រែហើយស្រេច។ (យើងយក)មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតាមខេត្ត និងសាលាមួយចំនួនថែមទៀត។ ប៉ុន្តែ ឥឡូវនេះ មិនទាន់យកសាលាច្រើនប៉ុន្មានទេ។ ភាគច្រើនយកអន្តេវាសិក ដែលភាគច្រើនទើបនឹងធ្វើថ្មីៗផងដែរ។ ឥឡូវបូកសរុបនៅទូទាំងប្រទេស និងនៅទីក្រុងភ្នំពេញនេះ គឺចំនួនដែលយើងបម្រុងទុកមានទៅដល់ជាង ៣ ពាន់បន្ទប់។

ដោយឡែកតែនៅទីក្រុងភ្នំពេញ … អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (ឬសណ្ឋាគារ The Great Duke) បានក្លាយជាកន្លែងត្រៀមរៀបចំទៅជាមន្ទីរពេទ្យសម្រាប់ការព្យាបាល។ ការដាក់ឱ្យស្នាក់នៅ នៅភ្នំពេញមាន ៤ ទីតាំងធំៗ។ ទីតាំងទី ១ ដែលកំពុងតែព្យាបាលបច្ចុប្បន្ននេះ គឺមានមន្ទីរពេទ្យខ្មែរ-សូវៀត​ ទី ២ នៅចាក់អង្រែ ទី ៣ មន្ទីរពេទ្យយោធាព្រះកេតុមាលា មិនបានប្រើនៅឡើយទេ ហើយទី ៤ គឺសណ្ឋាគារ អាំងទែកុងទីណង់តាល់ (ឬ The Great Duke) ដែលសណ្ឋាគារនេះ មានជិត ៤០០ បន្ទប់ឯណោះ …យើងក៏ជួយដោះស្រាយនូវបញ្ហាអាជីវកម្ម។ ពួកគេមិនត្រូវបានទទួលការខាតបង់ទេ ដោយសារគេបិទទៅហើយ អញ្ចឹងយើងជួយជួលគេត្រឡប់មកវិញ។ ដោយឡែក សណ្ឋាគារអាំងទែកុងទីណង់តាល់ (The Great Duke) ម្ចាស់សណ្ឋាគារមិនបានទាមទារយកប្រាក់សំណងអ្វីទាំងអស់ គឺផ្ដល់ឱ្យរដ្ឋប្រើប្រាស់។ រដ្ឋគ្រាន់តែចេញថ្លៃទឹកថ្លៃភ្លើងក្នុងពេលប្រតិបត្តិការនៅក្នុងសណ្ឋាគារហ្នឹង។ រដ្ឋមិនបានជួលទេ គឺគេអនុញ្ញាតឱ្យយើងប្រើ។ នេះជាការសប្បុរសធម៌នៅក្នុងប្រទេសរបស់យើង។

ហេតុអ្វីកម្ពុជាមិនបង្កើតគណៈកម្មការ ឬយន្តការ ក្រោយមានមួយករណីឆ្លងជំងឺ Covid-19?

នេះគឺជាការដោះស្រាយបញ្ហាស្របទៅនឹងសង្វាក់ដំណើរការកើនឡើងនូវជំងឺនៅក្នុងប្រទេសរបស់យើង។ មុននេះ ពេលដែលខ្ញុំចេញធ្វើសន្និសីទសារព័ត៌មាន ខ្ញុំនៅចាំបានថា អ្នកសារព័ត៌មានមកពី Fresh News បានសួរខ្ញុំថា តើមានការចាំបាច់ដើម្បីរៀបចំគណៈកម្មការ ឬយន្តការណា ដើម្បីទទួលខុសត្រូវទេ? ខ្ញុំបានឆ្លើយតបថា ខ្ញុំមិនចង់បង្កើតនូវគណៈកម្មការទទួលខុសត្រូវទេ ដែលវានាំទៅរកភាពសាំញ៉ាំ។​ ពេលនោះ ទ្រង់ទា្រយពិតប្រាកដនៃជំងឺក៏មិនទាន់មានផងហ្នឹង។ ខ្ញុំបានបញ្ជាក់ថា ជំងឺពិតប្រាកដរបស់កម្ពុជានៅពេលនោះ មិនមែន Covid-19 គឺជាជំងឺភ័យខ្លាច។ ពេលនោះ យើងមានតែមួយករណីតែប៉ុណ្ណោះ គឺជនជាតិចិនម្នាក់ ដែលមកពីទីក្រុង Wuhan ដែលយើងបានព្យាបាលហើយ បញ្ជូនត្រឡប់ទៅប្រទេសគេវិញ … ដូច្នេះមិនទាន់មានការចាំបាច់ដើម្បីនឹងបង្កើតនូវគណៈកម្មការ។ ទុកឱ្យអង្គភាពជួរមុខ និងដែលច្បាប់បានប្រគល់ គឺក្រសួងសុខាភិបាល ទទួលខុសត្រូវធ្វើកិច្ចការងារនេះ ដោយរួមសហការជាមួយនឹងផ្នែកពាក់ព័ន្ធដទៃទៀត។

គណៈកម្មការអន្តរក្រសួង និងថ្នាក់ក្រោមជាតិ ដែលមាននាយករដ្ឋមន្រ្តីជាប្រធាន

ឥឡូវនេះ ដល់ដំណាក់កាលដែលយើងត្រូវរៀបចំ។ ជំហានទី ១ គឺយើងរៀបចំគណៈកម្មការអន្តរក្រសួង និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានការទទួលខុសត្រូវ។ បន្ទាប់ទៅ យើងបានបង្កើតគណៈកម្មការជាតិមួយ ដែលមាននាយករដ្ឋមន្រ្តីធ្វើប្រធានតែម្ដង។ មកដល់ពេលនេះ ក៏ដូចជាករណីយោធាដែរ កាលមុន ខ្ញុំតែងតែឱ្យក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការជើងគោក និងគ្រប់ទីកន្លែងធ្វើស្ថិតិឱ្យខ្ញុំ អំពីចំនួនគ្រាប់ ចំនួនអាវុធ ចំនួនកងទ័ព ត្រូវតែរាយការណ៍ជាប្រចាំ។ ឥឡូវនេះ ខ្ញុំក៏តម្រូវដូចគ្នាដែរ ឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលរាយការណ៍ឱ្យខ្ញុំរាល់ថ្ងៃ អំពីចំនួនស្ដុកបម្រុងនៃសម្ភារៈបរិក្ខាពេទ្យ ដើម្បីឆ្លើយតប ព្រោះយើងត្រូវដឹងអ្នកណាមានស្អីខ្លះ អត់មានអីខ្លះ យើងត្រូវទិញអីខ្លះបន្ថែម។ ពិតមែនតែយើងមិនមែនអ្នកជំនាញហើយចូលប្រយុទ្ធផ្ទាល់ ក៏ប៉ុន្តែយើងត្រូវតែដឹងនូវអ្វីដែលជាស្ថានភាពពិតប្រាកដនៃកម្លាំងយើង និងការប្រយុទ្ធជាមួយនឹងសត្រូវដែលគ្មានរូបកាយពិតប្រាកដនេះ។ ជាចំណុចទី ១ ដែលខ្ញុំសុំបញ្ជាក់ (អំពី)មូលហេតុ ជ្រើសរើសគ្រូពេទ្យស្ម័គ្រចិត្ត (ដែល)រួមមានទាំងគ្រូពេទ្យកំពុងធ្វើការ ទោះបីក្នុងវិស័យរដ្ឋ ឬឯកជន ក៏មាននៅក្នុងវិស័យខាងផ្នែកនិស្សិតពេទ្យដែលកំពុងរៀន ហើយក៏ជាពេលវេលា ដើម្បីឱ្យមានការបណ្ដុះបណ្ដាល ហើយនិងធ្វើកិច្ចការនេះតែម្ដង។

ចិនប្រកាសជោគជ័យនៃសង្រ្គាមប្រឆាំង Covid-19 និងចេញទៅជួយប្រទេសជាច្រើន

មូលហេតុទី ២ មកដល់ពេលនេះ មិនទាន់មានប្រទេសណាមួយក្រៅពីប្រទេសចិន ប្រកាសអំពីជោគជ័យនៃសង្រ្គាមប្រឆាំង Covid-19 ទេ។ មានតែប្រទេសចិនមួយគត់ ដែលបានប្រកាសជោគជ័យអំពីបញ្ហាការគ្រប់គ្រងស្ថានការណ៍។ មិនត្រឹមតែជោគជ័យក្នុងប្រទេសរបស់ខ្លួនទេ ចិនកំពុងបោះជំហានជួយដល់ប្រ​ទេសជាច្រើន រាប់ទាំងអឺរ៉ុប ដែលរួមមានជួយអ៊ីតាលី ជួយអេស្ប៉ាញ ជួយបារាំង។ ប្រទេសរបស់យើងក៏បានចិនមកចូលរួមជួយដែរ។ ចិនជួយច្រើនប្រទេសណាស់។ ឥឡូវនេះ អង្គការសុខភាពពិភពលោកបានព្រមានថា សហរដ្ឋអាមេរិកអាចក្លាយទៅជាមជ្ឈមណ្ឌលនៃការរីករាលដាននៃជំងឺឆ្លងថ្មី។

ខ្ញុំសុំ Update ប្រៀបធៀបអ្វីដែលខ្ញុំបានទទួលព័ត៌មានបន្ថែម។ មិនទាន់គ្រប់គ្រាន់ទេ​ ក៏ប៉ុន្តែព្រឹកនេះ ឯកឧត្តម ស្វាយ ស៊ីថា ផ្តល់ឱ្យខ្ញុំ គិតត្រឹមម៉ោង ៧។ ខ្ញុំគ្រាន់តែអាន ដើម្បីឱ្យឃើញថា ប្រទេសដែលមានការជឿនលឿនបំផុត ដែលគេចាក់ទុកថាវិស័យវេជ្ជសាស្រ្តជឿនលឿនបំផុត​ គឺក្លាយទៅជាប្រទេសដែលបរា​ជ័យបំផុត​។ មកដល់ម៉ោងនេះ អត់ទាន់មានអ្នកណានិយាយបានថា អ្នកនេះទន់ខ្សោយអ្នកនេះខ្លាំងពូកែទេ។ ខ្លះគេមើលងាយខ្មែរ ខ្លះគេមើលងាយភូមា ខ្លះគេមើលងាយឡាវ។ ប៉ុន្តែប្រទេសដែលមើល​ងាយគេនោះ កំពុងតែក្លាយទៅជាជនរងគ្រោះពិតប្រាកដហើយ …។

(រឿង)វាស្ថិតនៅត្រង់បញ្ហាថា ​តើនៅប្រទេសរបស់យើងបណ្ដោយឱ្យមនុស្សស្លាប់ច្រើន ឬយ៉ាងណា? អាហ្នឹងគេអាចឃើញសមត្ថភាពនៅកន្លែងនេះវិញ។ ឥឡូវនេះ ចំនួនប្រទេស និងដែនដីដែលបានឆ្លង មាន ១៩៧ បូករួមទាំងនាវាទេសចរណ៍ Diamond Princess។ អញ្ចឹងបានសេចក្ដីថា ១៩៦ ប្រទេស និងដែនដី ដែលបានឆ្លងរោគនេះទៅហើយ ដោយយើងមិនគិតបញ្ចូលកប៉ាល់មួយនោះទេ។ អ្នកដែលបានឆ្លងមានចំនួន ៤១៨.៣២៨ នាក់។ អ្នកដែលបានស្លាប់ គឺមាន ១៨.៦១១ នាក់។ អ្នកដែលបានជាសះស្បើយ មិនបាច់និយាយទេ។ និយាយពីប្លុកអឺរ៉ុប និងអង់គ្លេស … អ្នកឈរនៅលំដាប់លេខមួយគឺអ៊ីតាលី ដែលមានអ្នកឆ្លងរហូតទៅដល់ ៦៩.១៧៦ នាក់។ ឥឡូវនេះ អាចឡើងដល់ ៧ ម៉ឺននាក់បាត់ទៅហើយ ចំនួនអ្នកស្លាប់ មាន ៦.៨២០ នាក់។ ចំនួនអ្នកឆ្លងថ្មីក្នុង ២៤ ម៉ោង មាន ៥.២៤៩ ករណី។ ករណីស្លាប់ថ្មីកាលពីម្សិលមិញ ក្នុង ២៤ ម៉ោង ៧៤៣ នាក់។ ម្សិលមិញចុះនៅតែជាង ៦០០ នាក់ទេ។ នាយករដ្ឋមន្រ្តីអ៊ីតាលីថាមានការចុះ ប៉ុន្តែបន្ទាប់ពីនាយករដ្ឋមន្រ្តីប្រកាសថាមានការចុះ ឥឡូវឡើងជាង ៧០០ នាក់វិញ(ស្លាប់)។ គ្រាន់តែ(អ្នកស្លាប់)ជាង ៧០០ នាក់ មានបីថ្ងៃជាប់គ្នា។ ថ្ងៃមួយនោះ មានឡើងដល់ ៧៩៣ នាក់។ អញ្ចឹងកុំភ្លេចថា អ៊ីតាលី ជាប្រទេសមួយក្នុងចំណោមប្រទេស G7 ជាប្រទេសលូតលាស់ខាងសេដ្ឋកិច្ច។

ចំណាត់ថ្នាក់ទី ២ នៅអឺរ៉ុប គឺអេស្ប៉ាញ។ ចំនួនអ្នកឆ្លង ៣៩.៨៨៥ នាក់ ចំនួនអ្នកស្លាប់ ២.៨០៨ នាក់ ក្នុងនោះអ្នកឆ្លងថ្មីតែមួយថ្ងៃទេ ឆ្លងជាង ៤.៧៤៩ ករណី។ ករណីអ្នកស្លាប់ថ្មីពីម្សិលមិញ ៤៩៧ ហើយនាយករដ្ឋមន្រ្តីអេស្ប៉ាញគាត់បាននិយាយថាសភាពការណ៍នឹងអាក្រក់បំផុតនៅថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍។ ឥឡូវមិនតាមដានព័ត៌មានអ្វីក្រៅតែពី Covid-19 ហ្នឹងទេ ព្រោះខ្ញុំបានប្រកាសហើយថា ជាកិច្ចការអាទិភាពទីមួយរបស់រាជរដ្ឋាភិបាល។ អាល្លឺម៉ង់ គាត់មានចំនួនអ្នកឆ្លងច្រើន តែស្លាប់តិច។ ឆ្លងរហូតទៅដល់ ៣២.៩៨៦ អ្នកស្លាប់ ១៥៧ ក្នុងហ្នឹងអ្នកឆ្លងថ្មី ៣.៩៣០ ករណី អ្នកស្លាប់ថ្មីចំនួន ៣៤ បានសេចក្ដីថា គាត់ទាបជាងគេប្រៀបធៀបនឹងប្រទេសប៉ុន្មានទៀត​។ ឯបារាំង បានឆ្លងទៅដល់ ២២.៣០៤ នាក់ ចំនួនអ្នកស្លាប់ឡើងដល់ ១.១០០ នាក់ ក្នុងនោះអ្នកឆ្លងថ្មីមាន ២.៤៤៨ អ្នកស្លាប់ថ្មីពីម្សិលមិញ ២៤០ នាក់។ និយាយរួមប្រទេសនៅក្នុងអឺរ៉ុបទាំងអស់  គ្មានប្រទេសណាមួយមិនទាន់ឆ្លងទេ ឆ្លងទាំងអស់ក្នុងសហភាពអឺរ៉ុប អត់មានប្រទេសណាមួយរួចទេ។

ឥឡូវ និយាយទៅដល់អាមេរិកវិញ គេចាត់ទុកថា អាចនឹងឈានទៅដល់កម្រិតនៃមជ្ឈមណ្ឌលនៃការរីករាលដាល ដែលមុននេះគេថានៅចិន បន្ទាប់ផ្ទេរពីចិន ទៅដល់អ៊ីតាលី ឥឡូវអាចនឹងផ្ទេរទៅដល់អាមេរិក។ តាមតួលេខថ្មីនេះ ឥឡូវអាចកើនលើសហ្នឹងទៅហើយ ចំនួនអ្នកឆ្លងនៅសហរដ្ឋអាមេរិ​ក​មាន ៥៣.២៦០ ចំនួនអ្នកស្លាប់មាន ៦៨៩ ក្នុងនោះអ្នកឆ្លងថ្មីកើនឡើង ៩.៥២៦ ករណី អ្នកស្លាប់ថ្មី ១៣៦ ករណី។

ប្រទេសខ្សោយវិធានការហ្មត់ចត់, ប្រទេសខ្លាំងមើលស្រាលសភាពការណ៍​ និងឆ្លើយតបយឺតពេល

… ប្រទេសធំៗ ប្រទេសអ្នកមាន ប្រទេសដែលចាត់ទុកថា វេជ្ជសាស្រ្តខ្លាំង ហើយគេហៅថា G7 ដែលមានអាមេរិក កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ និងជប៉ុន … សុទ្ធតែជាប្រទេសអ្នកមានប្រព័ន្ធសុខាភិបាលរឹងមាំ ប៉ុន្តែ ប្រទេសទាំងអស់នេះក៏មានមនុស្សស្លាប់។ ដោយឡែកអាស៊ាន ឥឡូវនេះ គ្រប់ទាំង ១០ … ម្សិលម្ងៃ ភូមាបានប្រកាសថាមានហើយ ម្សិលមិញឡាវប្រកាសថាមានហើយ។ អញ្ចឹងអាស៊ានអត់មានប្រទេសណាមួយដែលថាមិនទាន់កើតទេ។ យើងកុំទាន់និយាយថា នរណាខ្លាំងនរណាខ្សោយ បញ្ហាខ្លាំង និងខ្សោយ គឺជាបញ្ហាងាយមើលបំផុតនៅត្រង់ថា តើប្រទេសនេះឆ្លងវាច្រើនប៉ុនណា ហើយបណ្ដោយឱ្យមនុស្សស្លាប់ច្រើនប៉ុនណា? ត្រូវមើលឱ្យឃើញកន្លែងហ្នឹង (ចំពោះ)ការដែលគេឱ្យនិយមន័យថា ប្រព័ន្ធសុខាភិបាលកម្ពុជាខ្សោយ ប្រព័ន្ធសុខាភិបាលភូមាខ្សោយ ប្រព័ន្ធសុខាភិបាលឡាវខ្សោយ។ លើការជាក់ស្ដែង ឡាវទើបនឹងមានពីម្សិល ភូមាទើបនឹងមានពីម្សិលម្ងៃ ហើយក៏នៅមានតិចតួចណាស់ អ្នកខ្សោយមិនប្រាកដថាខ្សោយទេ ដោយសារតែវិធានការរបស់គេហ្មត់ចត់ជាង។ ឯអ្នកខ្លាំងមិនប្រាកដថាខ្លាំងទេ ដោយ​សារ​តែការមើលស្រាលនូវសភាពការណ៍ និងការឆ្លើយតបមិនបានទាន់ពេលវេលា​។

មិនជម្លៀសនិស្សិត និងពលរដ្ឋខ្មែរ ចេញពីចិន មិនពង្រីកជំងឺ និងមិនបំផ្លាញការទាក់ទងកម្ពុជា/ចិន

មកដល់ពេលនេះ យើងក៏អាចនិយាយបានថា យើងក៏បានចូលរួមចំណែកជាមួយប្រជាជនចិន ដែលបានដោះស្រាយបញ្ហា។ ឥឡូវក្រុង Wuhan និងខេត្ត Hebei ត្រូវបានដាក់ឱ្យដំណើរការឡើងវិញ។ ខ្ញុំមានមោទន​ភាពក្រៃលែង ដែលខ្ញុំបានធ្វើការសម្រេចចិត្តត្រូវលើបញ្ហានេះ។ នោះគឺការមិនជម្លៀសនិស្សិតខ្មែរ និងពលរដ្ឋខ្មែរ ចេញពីប្រទេសចិន។ បើសិនពេលនោះ និស្សិតយើង ២៣ នាក់ នៅក្រុង Wuhan ជួបគ្រោះថ្នាក់ ប្រហែលជាគេជេរខ្ញុំហុយដី។ ឥឡូវនេះ និស្សិតនៅក្រុង Wuhan សុវត្ថិភាពទាំងអស់។​ និស្សិតដែលនៅក្នុងប្រទេសចិនទាំងប៉ុន្មាន គ្មានអ្នកណាឈឺ ហើយគ្មានអ្នកណាមួយស្លាប់។ ពេលនោះបើសិនជាខ្ញុំសម្រេចចិត្តយកយន្តហោះ ឬជួលយន្តហោះទៅដឹកនិស្សិតខ្មែរចេញពីប្រទេសចិន តើមានរឿងអីដែលវាកើតឡើង? គឺនាំជំងឺចូលស្រុក ក្នុងពេលដែលចិនកំពុងតែយកវិធានការការពារនិស្សិតយើងនៅទីនោះ។ ប្រជាជនរបស់គាត់ក៏គាត់ការពារ និងនិស្សិតបរទេសទាំងអស់ គាត់ក៏ការពារ។ ប៉ុន្តែ ផ្ទុយទៅវិញយើងអាចខូតដល់ផលប្រយោជន៍ពីរ៖ មួយគឺនាំជំងឺចូលស្រុក ពីរបំផ្លាញចំណងទាក់ទងកម្ពុជា-ចិន … ភាសាដែលចិនសរសេរ(នៅលើសម្ភារៈ ដែលចិនដាក់)ចុះពីលើយន្តហោះ ជាភាសាខ្ញុំតាំងពីឆ្នាំ ១៩៩៥ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។ ខ្ញុំមិនត្រឹមតែមិនជម្លៀសទេ ខ្ញុំទៅកាន់ប្រទេសចិន រហូតដល់គេប្រសិទ្ធិនាមថា «បុរសសង្ហាដើរបញ្ច្រាស» … គេមានតែខ្លាចចិន ឯខ្ញុំសម្រុកទៅចិន ព្រោះយើងស្រឡាញ់គ្នា កុំស្រឡាញ់តែក្នុងពេលវេលា ដែលគេមានគេបាន។ ពេលគេលំបាក គឺគួរតែត្រូវស្រឡាញ់ឱ្យខ្លាំងជាងហ្នឹងទៅទៀត។ យើងអត់មានអីទេ យើងមានតែទឹកចិត្ត លើកទឹកចិត្តតែប៉ុណ្ណឹង។

គោលដៅ ៣ នៃដំណើរទៅកាន់ប្រទេសចិន

នៅប្រទេសចិន ខ្ញុំបានប្រាប់ចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នាយករដ្ឋមន្ត្រី លី ខឺឈាង ថាខ្ញុំមកនេះមានគោលដៅ ៣។ ទី ១ បង្ហាញពីសាមគ្គីភាពជាមួយនឹងប្រជាជនចិននៅក្នុងគ្រាដ៏លំបាកនេះ … ទី ២ បញ្ជូនសារទៅកាន់និស្សិតកម្ពុជា និងពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្នុងប្រទេសចិនថា កុំមានការភ័យខ្លាច។ ទី ៣ បញ្ជូនសារទៅកាន់ប្រជាពលរដ្ឋកម្ពុជាថា កុំមានការភ័យខ្លាច ហើយពេលនោះយើងទើបតែនឹងមាន ១ ករណី តែប៉ុណ្ណោះ។ ការសម្រេចចិត្តរបស់ខ្ញុំនេះល្មមធ្វើឱ្យអ្នកទាំងឡាយដែលធ្លាប់ចោទខ្ញុំ រាប់ទាំងករណីនាវា Westerdam ថាខ្ញុំនាំជំងឺចូលស្រុកខ្មែរ។ ល្មមភ្លឺភ្នែកហើយ។ អ្នកដែលនិយាយពីកម្ពុជាមានការលាក់លៀមទិន្នន័យ សួរថា នៅកម្ពុជាមានប៉ុន្មាននាក់ស្លាប់ដោយសារ Covid-19 ហើយឬនៅ? បើវាមិនទាន់ងាប់ផង ហើយវាចេះបង្ហោះតាមហ្វេសប៊ុក។ ខ្លះធ្វើការកាន់ទុក្ខចំពោះកម្ពុជា។ ឥឡូវហ្នឹង ប្រទេសដែលអ្នកឯងកំពុងស្នាក់នៅនោះ គួរតែត្រូវកាន់ទុក្ខឯណោះវិញ ព្រោះងាប់ច្រើនពេក … ខ្ញុំមិនចង់និយាយរឿងទាក់ទិនជាមួយនឹងអ្នកណាថាអីៗទេ។ អ្នកខ្លះឌឺដងឱ្យខ្ញុំថា ទាល់តែថ្ងៃ ៣១ ខែកុម្ភៈ បានវាមានជំងឺឆ្លង។ គាត់ភ្លេចគិតថា ពេលនោះខ្ញុំចង់និយាយអំពីបញ្ហា Westerdam ហើយពេលនោះ Westerdam វាអត់មានអីផង។

អ្នកកើតជំងឺ Covid-19 នៅកម្ពុជា គិតមកដល់ពេលនេះមាន ៩៣ ករណី

ឥឡូវ បើយើងពិនិត្យមើលកម្រិត ដែលកើតមាននៅក្នុងប្រទេសររបស់យើង មកដល់ពេលនេះ ម៉ោងនេះ យើងមាន ៩៣ ករណីហើយ។ ទិន្នន័យនៃគ្រូពេទ្យរបស់ក្រសួងសុខាភិបាល គឺមាន ៩១ ករណី ប៉ុន្តែព្រឹកមិញនេះ ឯកឧត្តម គួច ចំរើន បានរាយការណ៍មកថា ជនជាតិបារាំង ២ នាក់ ត្រូវបានឆ្លងបន្ថែមនៅឯខេត្តព្រះសីហនុ។ ឥឡូវនេះ យើងឡើង ៩៣ ករណី ដោយបន្ថែមជនជាតិបារាំង ២ នាក់បន្ថែមទៀត។ ឥឡូវធ្វើឱ្យអ្នកជំងឺដែលព្យាបាលនៅខេត្តព្រះសីហនុ មានទៅដល់ ៣៦ នាក់ ក្នុងនោះជាសះស្បើយម្នាក់ បញ្ជូនទៅភ្នំពេញម្នាក់ កំពុងព្យាបាលនៅសណ្ឋាគារឯករាជ្យ ៣៤ នាក់។ គេគិតទាំងអ្នកដែលព្យា​បាល​ជា ហើយអ្នកដែលបញ្ជូនមកភ្នំពេញ ឥឡូវហ្នឹងគឺមានចំនួន ៣៤ នាក់ ដែលកំពុងព្យាបាលនៅខេត្តព្រះសីហនុ។

កីឡាអូឡាំពិក កិច្ចប្រជុំធំៗ ត្រូវបានលើកពេល ឬធ្វើតាម Video Conference

ផ្អែកលើការវិវឌ្ឍខាងក្នុងនេះ រួមទាំងការវិវឌ្ឍនៅខាងក្រៅ ដែលយើងគិតថា ជំងឺនេះវាមិនចប់ដោយងាយទេ។ រហូតដល់ពីម្សិលមិញនេះ ជប៉ុនបានប្រកាសហើយ ទាំងគណៈកម្មការអូឡាំពិក និងទាំងជប៉ុនបានប្រកាស លើកពេលវេលាអូឡាំពិករួចស្រេចទៅហើយ។ ឡានឆាង-មេគង្គ ដែលត្រូវប្រជុំនៅវៀងចន្ទន៍ ក៏ត្រូវបានលើកពេលទៅហើយ។ អាស៊ានត្រូវប្រជុំក្នុងខែមេសា ក៏ត្រូវបានលើកពេលដែរ។ បណ្តាកិច្ចប្រជុំធំៗជាអន្តរជាតិទាំងអស់ហាក់បានជាត្រូវលុបចោល។ ឥឡូវដូចជាបានបង្កើតឱ្យមានការប្រជុំតាម Video Conference។ ដោយសារវិសាលភាពបែបនេះ ទើបយើងមានតម្រូវការប្រើប្រាស់នូវកម្លាំងធំ ដែលក្នុងនោះ តម្រូវឱ្យជ្រើសរើសនិស្សិតពេទ្យស្ម័គ្រចិត្ត ដើម្បីចូលរួមធ្វើកិច្ចការងារនេះ។ បើយើងគិតសរុបគ្រូពេទ្យ ២.០០០ នាក់ វាល្មម ប៉ុន្តែយើងត្រៀមបង្ការ និងចូលរួមធ្វើកិច្ចការងារនេះ។ ពេទ្យទាហានមិនទាន់បានប្រើទេ ពេទ្យនគរបាលមិនទាន់បានប្រើទេ។ ហេតុអីបានយើងត្រូវប្រើនូវកម្លាំងនេះ? យើងចង់រៀបចំកម្លាំងបម្រុងរបស់យើងឱ្យបានហ្មត់ចត់ ហើយយើងក៏ចង់ឱ្យមានការចូលរួមចំណែកពីគ្រប់មជ្ឈដ្ឋាន ពិសេសគឺផ្នែកពេទ្យដើម្បីចូលរួមហ្វឹកហាត់ពីឥឡូវ ធ្វើកិច្ចការពីឥឡូវ។

គ្មានអាវុធមិនគ្រប់គ្រាន់ មិនឱ្យចូលប្រយុទ្ធទេ

ខ្ញុំពិតជាមានការរីករាយ ហើយអរគុណចំពោះក្មួយៗ​ អរគុណចំពោះមាតាបិតា និងអាណាព្យាបាល ហើយសូមផ្តាំផ្ញើទៅមាតាបិតា អាណាព្យាបាល សូមកុំបារម្ភពីកូនៗ។​ ក្មួយៗក៏កុំបារម្ភ បន្តិចទៀត ពូនឹងនិយាយទៅកាន់ក្មួយៗថា ត្រូវធ្វើយ៉ាងម៉េច? ភាសារបស់ខ្ញុំ បើគ្មានអាវុធមិនគ្រប់គ្រាន់ មិនឱ្យចូលប្រយុទ្ធទេ។ ខ្ញុំដាក់ចេញបទបញ្ជាដាច់ខាត។ មិនត្រឹមតែនិស្សិតនៅកន្លែងនេះទេ គ្រូពេទ្យទាំងអស់បើគ្មានមធ្យោបាយគ្រប់គ្រាន់ទេ មិនឱ្យចូលប្រយុទ្ធទេ។ មានន័យថាម៉េច? ឧទាហរណ៍ថា បើសិនជាត្រូវចូលទៅកៀកអ្នកជំងឺ បើគ្មានអាខោអាវការពារហ្មត់ចត់សម្រាប់ក្រុមគ្រូពេទ្យហ្នឹងទេ គឺមិនឱ្យចូលទេ ព្រោះបើមិនអញ្ចឹងយើងទៅព្យាបាលអ្នកជំងឺ តែវាស្លាប់គ្រូពេទ្យឯណេះ អញ្ចឹងដាច់ខាតខ្ញុំមិនយល់ព្រមអារឿងហ្នឹងទេ។ បើនោះឈឺមួយទៅហើយ ទៅបន្ថែមដោយឈឺគ្រូពេទ្យទៀត ស្លាប់គ្រូពេទ្យទៀត អញ្ចឹងរឿងនេះមិនអាចទទួលយកកើតទេ។ អញ្ចឹងបានជាត្រូវរាយការណ៍ឱ្យខ្ញុំឱ្យគ្រប់ ឥឡូវខ្វះស្អី? ត្រូវបំពាក់ឱ្យគ្រប់ អាខោអាវពាក់មួយដងបោះចោល ត្រូវតែបោះចោល រួចហើយពាក់ថ្មី។ ខោអាវ មានមួក មានស្អីៗ និយាយរួមត្រូវឱ្យទៅតាមស្តង់ដាររបស់វា​ ដែលខាង BTV ទៅធ្វើសម្ភាសន៍នៅពេទ្យរុស្សីនោះ ថាគ្រាន់តែស្លៀកពាក់អស់កន្លះម៉ោង ហើយជួយមើលគ្នាបិទបាំង។ ដល់ចេញពីអ្នកជំងឺមកវិញ ហ្នឹងកាន់តែពិបាក ព្រោះមិនដឹងថាជំងឺវាមកតាមណា។ ត្រូវដោះយ៉ាងម៉េច? អីយ៉ាងម៉េច? ដូច្នេះ វិធីនេះគឺថាមិនមែនយកមកដើម្បីឱ្យក្មួយៗទៅស្លាប់ទេ។

ពិតហើយ នេះជាការចូលរួមប្រយុទ្ធទៅលើសមរភូមិសុខភាពសាធារណៈ ទាក់ទងទៅនឹងជំងឺឆ្លងនេះ វាមានហានិភ័យរបស់វា ដោយសារតែយើងអត់ដឹងថាវានៅកន្លែងណា? ឥឡូវមានអ្នកណាទុកចិត្តអ្នកណាទៀត។ ឥឡូវនេះ និយាយឱ្យពិត យើងកុំលាក់ការពិត។ អ្នកណាទុកចិត្តអ្នកណា? ឥឡូវបាត់បង់ជំនឿទុកចិត្តរៀងខ្លួនហើយ។ ប៉ុន្តែហោចបំផុតខ្ញុំទុកចិត្តប្រពន្ធខ្ញុំ ព្រោះខ្ញុំត្រូវដេកជាមួយគាត់ បើមិនទុកចិត្តទៅដេកជាមួយគ្នាយ៉ាងម៉េច? ហ្នឹងវាត្រូវតែអញ្ចឹង។ ប៉ុន្តែ ក្នុងករណីដែលមានការសង្ស័យណាមួយ យើងត្រូវដាក់ខ្លួនឯងចេញក្រៅ។ ខ្ញុំក៏សូមផ្តាំផ្ញើទៅ Asia Times ដែលសរសេរ អានោះមិនអស់ចិត្តពីខ្ញុំតែម្តង។ នៅពេលដែលខ្ញុំនិយាយនៅឯវាលវែង ទៅសម្ពោធអាផ្លូវ ៥៥ នោះ ខ្ញុំថា ខ្ញុំដូចជារាងតឹងច្រមុះ គិតទៅវិញគិតទៅឱ្យពេទ្យពិនិត្យ។ ខ្លះបង្ហោះហ្វេសប៊ុកថា ខ្ញុំកំពុងតែដាក់ព្យាបាលទៅឯណា ពាក់ម៉ាស ពាក់ស្អីឯណា? សុខភាពរបស់អញៗដឹងតើ។ អញចេះខ្លាចដែរតើ អ្ហែងចាំបាច់ទៅខ្វល់អីជាមួយអញម៉េះ។ ប៉ុន្តែនិយាយយ៉ាងដូច្នេះ មានន័យថា សម្លេង ហ៊ុន សែន និយាយពេលណា ក៏គេស្តាប់ជាប់នៅខាងក្រៅ។ គ្រប់សារពត៌មាន មិនថា អាធំ អាតូចទេ វាស្តាប់នៅខាងក្រៅទាំងអស់។ អញ្ចឹងវាគួរសមដែរ ចាត់ទុកថា ជាឥស្សរជនមួយ ដែលគេយកចិត្តទុកដាក់ គេតាមដាន …។

ប្រែក្លាយជំងឺភ័យខ្លាច និងមិនទុកចិត្តគ្នា ជារឿងការពារខ្លួន មិនរើសអើង មិនស្អប់ខ្ពើមគ្នា

និយាយពីបញ្ហាជំងឺនេះ ឥឡូវជំងឺបាត់បង់នូវការជឿទុកចិត្តគ្នានេះ វាកើតឡើងហើយ។ ប៉ុន្តែខ្ញុំក៏ចង់រុញទូកបណ្តោយទឹកលើបញ្ហានេះដែរ និយាយឱ្យត្រង់។ រួចម៉េចបានរុញទូកបណ្តោយទឹកលើបញ្ហាហ្នឹង? ដោយ​សារជំងឺហ្នឹង វាជាជំងឺដែលឆ្លងដោយការប៉ះគ្នា។ គេដាក់ Spot ឃោសនាថា បើនិយាយពីចម្ងាយមនុស្សវា ១ ម៉ែត្រ លើសពី ១ ម៉ែត្រទៅវាអត់អីទេ ប៉ុន្តែឆ្លងៗ ដោយប៉ះគ្នា។ អញ្ចឹងខ្ញុំសូមរុញទូកបណ្តោយទឹក អញ្ចឹងកុំនាំគ្នាប៉ះគ្នាតែម្តងទៅ ប្រើកាយវិការលើកដៃសំពះ ជំនួសឱ្យការចាប់ដៃគ្នា។ នេះជាវិធីដើម្បីកាត់បន្ថយនូវការឆ្លងដោយសារការប៉ះគ្នា។ ពីផ្ទះមួយទៅផ្ទះមួយ ពីកន្លែងមួយទៅកាន់កន្លែងមួយ ដោយការមិនទុកចិត្ត អញ្ចឹងអាការមិនទុកចិត្តនេះ គួរតែនៅផ្ទះទៅ វាទុកចិត្តហើយ។ ដូច្នេះវាកាត់បន្ថយបាន។ ខ្ញុំសូមឱ្យប្រែក្លាយជំងឺភ័យខ្លាច និងជំងឺមិនទុកចិត្តគ្នានេះ ជារឿងការពារខ្លួនទៅវិញ មិនមែនរើសអើង ស្អប់ខ្ពើមគ្នាទេ ក៏ប៉ុន្តែ ជាដំណាក់កាលដែលប្រើប្រាស់វិធីនេះ ដើម្បីការពារខ្លួនពីការឆ្លងពីម្នាក់ទៅម្នាក់។

ព្រះមហាក្សត្រ សម្តេចម៉ែ សប្បុរសជននានា រួមវិភាគទានបង្ហាញពីទឹកចិត្តខ្មែរចេះស្រឡាញ់គ្នា

នៅក្នុងឱកាសនេះទូលព្រះបង្គំខ្ញុំតាំងនាមឱ្យរាជរដ្ឋាភិបាល សូមអរព្រះគុណចំពោះព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្តេចព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ ដែលព្រះអង្គបានចូលរួមវិភាគទាន ដោយចាប់ផ្តើមមុនគេ នៃការព្រះរាជទាននូវជំនួយដ៏សប្បុរសនេះ ចេញពីព្រះមហាក្សត្រ និងចេញពីសម្តេចម៉ែរបស់យើង។ ព្រះមហាក្សត្រ ១០ ម៉ឺនដុល្លារ សម្តេចម៉ែ ២០ ម៉ឺនដុល្លារ។ បន្ទាប់ទៅ សប្បុរសជនក៏បានចាប់ផ្ដើមចូលរួម ដែលមកដល់ពេលនេះថវិកានៃការចូលរួមរបស់សប្បុរសជនបានប្រមាណជាជាង ៨ លានដុល្លារ ជិត ៩ លានដុល្លារ … ប៉ុន្តែ មិនអីទេ ព្រោះអញ្ចេះជួនកាលវាកៀកជិតអា ៩ លានដុល្លារ គេថាជិត ៩ លានដុល្លារ ដល់វាកើនលើស ៨ លានដុល្លារ គេប្រើពាក្យជាង ៨ លានដុល្លារ។ ប៉ុន្តែនិយាយឱ្យសរុបទៅវាជាង ៨ លានដុល្លារ …។

អរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមមិនថាច្រើន មិនថាតិច នេះបង្ហាញពីទឹកចិត្ត ដែលខ្មែរចេះស្រឡាញ់គ្នា។ ថវិកាយើងប៉ុណ្ណេះ គ្រាន់តែពលរដ្ឋរបស់យើង ចំនួនទឹកប្រាក់ជាង ៨ លានដុល្លារ ដែលចូលតែប៉ុន្មានថ្ងៃទេ ហើយនឹងបន្តទទួល ដោយសារតែជំងឺនេះវាអត់ទាន់ស្ងប់ទេ។ យើងក៏មិនទាន់បានប្រើប្រាស់នូវថវិកានេះនៅឡើយដែរ តែយើងត្រូវរៀបចំនូវថវិកា ហើយបើសិនជាថវិកានេះនៅសល់ ហើយជំងឺនេះបែរជាស្ងាត់ត្រឡប់ទៅវិញ ថវិកានេះជាគោលដៅរបស់ខ្ញុំ គឺបង្វែរទៅមូលនិធិគន្ធបុប្ផាវិញ … យើងបន្តការចំណាយចរន្តទៅលើវិស័យសុខាភិបាលដែលមិនមែនជា Covid-19។ ប៉ុន្តែឥឡូវនេះគេចូលមកសំដៅ Covid-19 បើវាមិនទាន់ចប់ ថវិកានេះត្រូវតែរក្សាទុក និងប្រើប្រាស់នៅក្នុងសកម្មភាពប្រឆាំងនឹង Covid-19។ សប្បុរសជនខ្លះដូចជា ឧកញ៉ា ខូវ សម្បត្តិ ផ្តល់នូវសណ្ឋាគារផ្កាយ ៥ ដោយមិនយកប្រាក់ …។

នាយករដ្ឋមន្រ្តីចង្អុលការ ក្រសួងសុខាភិបាលនាំមុខអនុវត្ត

ក៏ប៉ុន្តែ បញ្ហានេះមិនមែនចេះតែយកទៅដាក់ទេ ខ្ញុំនឹងនិយាយផ្នែកខាងក្រោម។ ពិតមែនតែខ្ញុំមិនមែនជាពេទ្យ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែចង្អុលទិសយុទ្ធសាស្ត្រ និងក្របខណ្ឌគោលនយោបាយ។ បើនិយាយពីទាហានអាហ្នឹងខ្ញុំអាចនឹងចង្អុលថា កាំភ្លើងធំគួរដាក់យ៉ាងម៉េច ដាក់នៅកន្លែងណា ហើយវាយទៅគោលដៅណា? ប៉ុន្តែ សម្រាប់ផ្នែកពេទ្យ ខ្ញុំមិនអាចចង្អុលរបៀបហ្នឹងបានទេ ប៉ុន្តែ ខ្ញុំគ្រាន់តែចង្អុលការថា អគារបែរណាគួរប្រើប្រាស់របៀបម៉េច? ហើយរបៀបយ៉ាងណា? យ៉ាងហោចណាស់ ខ្ញុំក៏បានសិក្សាពាក់ព័ន្ធនឹងដំណើររឿងហ្នឹងតាំងពីពេលចាប់ផ្តើមរហូតដល់ពេលនេះ ដែលខ្ញុំមានលទ្ធភាពដើម្បីចង្អុលការ។ ប៉ុន្តែអ្នកអនុវត្តជាក់ស្តែងនៅតែផ្នែកសុខាភិបាលដដែលនាំមុខទៅលើការអនុវត្ត។

ការចន្លោះប្រហោង ៥ លើសមរភូមិទប់ទល់ Covid-19

ទី ១ ការពារកុំឱ្យឆ្លងពីខាងក្រៅ

យើងនិយាយអំពីបញ្ហាទាក់ទិនជាមួយសកម្មភាពរបស់យើង ត្រូវធ្វើទៅតាមដំណាក់កាលនីមួយៗ។ យើងបានឆ្លងកាត់ ២ ដំណាក់កាលហើយ។ ដំណាក់កាលទី ១ គឺដំណាក់កាលការពារកុំឱ្យឆ្លងពីខាងក្រៅចូលមកក្នុងប្រទេស ដែលខិតខំភាគច្រើនលើការត្រួតពិនិត្យច្រកចេញចូលតាមច្រកទ្វារអន្តរជាតិ​ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស។ ការពិតយើងទប់ទល់រឿងនេះបានជាង ២ ខែ ក្នុងពេលដែលសភាពការណ៍ភ័យខ្លាច ខ្ញុំចេញមកបកស្រាយអំពីបញ្ហាជំងឺពិតប្រាកដរបស់យើងថាមិនមែន Coronavirus។ ពេលនោះអត់ទាន់ Covid-19 ទេ។ ពេលនោះយើងចែកអស់ ១ លានម៉ាស … បានសេចក្តីថា យើងប្រើគ្រាប់កាំភ្លើងអត់ត្រូវជាមួយសភាពការណ៍នៅពេលនោះ។ តាមពិត យើងធ្វើហ្នឹង គឺជាការត្រៀមបម្រុង ក៏ប៉ុន្តែទីចុងបំផុត ក្រោយមកប្រជាជនមិនពាក់ម៉ាសដោយសារតែវាអត់មានជំងឺពិតប្រាកដ ជំងឺពិតប្រាកដនៅពេលនោះគឺការភ័យខ្លាច ហើយដែលវាចេញមកអំពីការបំផុសព័ត៌មានបំពុលតែម្តង រាប់ទាំងអ្នកមាន។ គេថាមនុស្សមួយចំនួន ដែលមានមុខមាត់ក្នុងសង្គមខ្លះ ក៏បានប្រឌិតរឿងហ្នឹងកើតឡើងផងដែរ។ ប៉ុន្តែ ជាអកុសលយើងចាប់ផ្តើមធ្លុះធ្លាយដំបូង ជនជាតិជប៉ុនម្នាក់ធ្វើដំណើរពីជប៉ុនចុះមកវៀតណាម ចេញពីវៀតណាម​មកសៀមរាប ចេញពីសៀមរាបគាត់ទៅហ្វីលីពីន ចេញពីហ្វីលីពីនគាត់ទៅថៃ ចេញពីថៃមកសៀមរាបវិញ ចេញពីសៀមរាបទៅកាន់វៀតណាម រួចហើយទៅដល់ជប៉ុនបានគេរកឃើញ។ អញ្ចឹងក៏បានបង្កើតឱ្យមានជនជាតិខ្មែរម្នាក់នៅឯសៀមរាបកើតមានមេរោគនេះ។ ហ្នឹងជាដំណាក់កាលទី ១​ នៃការចងចាំរបស់ខ្ញុំ បើខ្ញុំមានខ្វះចន្លោះ សុំជួយកែសម្រួលខ្ញុំផង។

ទី ២ នាវាទេសចរណ៍ពីក្រុងហូជីមិញ ចូលមកភ្នំពេញ រួចហើយទៅដល់កំពង់ចាម

ដំណាក់កាលធ្លុះធ្លាយបាត់ការប្រុងប្រយ័ត្នរបស់យើង អំពីបញ្ហានាវាទេសចរណ៍ដែលចេញពីក្រុងហូជីមិញ ចូលមកភ្នំពេញ រួចហើយទៅដល់កំពង់ចាម។ នេះជាការធ្លុះធ្លាយដ៏ធំ ដែលមុននេះខាងវៀតណាមហាក់ដូចជាសង្ស័យថា ជំងឺចេញពីកម្ពុជា ក៏ប៉ុន្តែ ផ្ទុយទៅវិញ ជំងឺនេះចេញមកពីវៀតណាម ដែលជំងឺនេះ បើតាមដឹង ជនជាតិអង់គ្លេស ២ នាក់នេះ ដល់ហាណូយ បានជិះយន្តហោះពីហាណូយមកហូជីមិញ ហើយបានចុះនាវាមកកម្ពុជា។ ឥឡូវ នាវានេះ ​ក្រៅពី ៣ នាក់ ដែលបានឆ្លង ហើយម្នាក់ជនជាតិអង់គ្លេសបានជាហើយ នៅសល់អង់គ្លេស ២ នាក់ទៀត នៅពេទ្យរុស្ស៊ី និង ៤ នាក់ ទើបនឹងឆ្លងថ្មី ២ គូ ប្តីប្រពន្ធ ជនជាតិអាមេរិក ២ នាក់ ដែលជនជាតិអាមេរិកនោះហើយថា យើងយកគាត់ទៅដាក់នៅកន្លែងជីងចក់នោះ។ អាងគាត់អ្នកមាន គាត់ចង់សម្រាកនៅសណ្ឋាគារផ្កាយប្រាំ។ ​ប៉ុន្តែបើសិនជាយើងទៅតាមគាត់ ប្រហែលជាសណ្ឋាគារផ្កាយប្រាំហ្នឹងរលាយហើយ។ ឥឡូវនេះ ជនជាតិអង់គ្លេស ២ នាក់ប្តីប្រពន្ធ និងអាមេរិក ២ នាក់ ប្តីប្រពន្ធ (សរុប)៤ នាក់ផ្សេងទៀត​ អាហ្នឹងជាការធ្លុះធ្លាយទី ២។

ទី ៣ គឺករណីជនជាតិបារាំងដែលឆ្លងកាត់ Singapore

ការធ្លុះធ្លាយទី ៣ គឺជនជាតិបារាំងដែលឆ្លងកាត់ Singapore ត្រូវបានរកឃើញថា ប្តី និងកូន មានមេរោគ Covid-19។ ឥឡូវ ដោយសារកូនទើបនឹងអាយុ​ ៤ ខែ ម្តាយត្រូវមើលថែទាំកូន ឥឡូវឆ្លងទៅម្តាយទៀត​។ ក្នុងពេលនោះដែរ នាយកសាលាជនជាតិកាណាដានៅកោះពេជ្រ ក៏ត្រូវបានឆ្លង ហើយនិងជនជាតិប៊ែល​ហ្សិកក៏ត្រូវបានឆ្លង។ ហ្នឹងជាការធ្លុះធ្លាយទី ៣។

ទី ៤ គឺករណីបងប្អូនខ្មែរទៅធ្វើពិធីសាសនានៅម៉ាឡេស៊ី

ការធ្លុះធ្លាយទី ៤ បងប្អូនខ្មែរយើងដែលទៅធ្វើពិធីសាសនានៅម៉ាឡេស៊ី ត្រឡប់មកវិញ … ទៅដូចជា ៧៩ នាក់ ឆ្លង ២៣ នាក់ ហើយក្នុង ២៣ នាក់នេះ មានចម្លងដល់ប្រពន្ធ នៅឯខេត្តបាត់ដំបងមួយករណី និងឆ្លងទៅតាមវិហារមួយចំនួនផ្សេងទៀត។ អាហ្នឹងជាការធ្លុះធ្លាយទី ៤។

ទី ៥ ករណីបារាំង ៣៤ នាក់ នៅខេត្តព្រះសីហនុ និងពលករពីថៃ

ការធ្លុះធ្លាយទី ៥ គឺបារាំងលេងម្តង ៣៤ នាក់។ នេះជាការធ្លុះធ្លាយដ៏ធំតែម្តងនៅខេត្តព្រះសីហនុ។ រឿងនេះដាក់ជាកង្វល់ឱ្យយើង។ កង្វល់នេះបន្ថែមថែមទៀតទៅលើពលរដ្ឋខ្មែរដែលចេញពីប្រទេសថៃចូលមកប្រ​ទេសកម្ពុជារបស់យើង ប្រមាណជា ១ ម៉ឺន ៥ ពាន់នាក់ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ។ នេះជាសភាពការណ៍ថ្មីសម្រាប់ប្រទេសរបស់យើង ដែលចាំបាច់ពេលនេះប្រមូលផ្តុំការខិតខំទាំងអស់ ចុះមូលដ្ឋានធ្វើសកម្មភាព។ ប្រែក្លាយការភ័យខ្លាចរបស់យើង ប្រែក្លាយការសង្ស័យគ្នាទៅវិញទៅមក ទៅជាចលនាការពារខ្លួនទៅវិញ។ បើអ្នកឯងខ្លាច កុំដើរ​។ បើអ្នកឯងសង្ស័យ កុំចាប់ដៃខ្ញុំ។ អញ្ចឹងទេ រុញទូកបណ្តោយទឹកយកតែម្តង។

ការពារពីខាងក្រៅផង ការពារកុំឱ្យមានការចម្លងផង និងព្យាបាលឱ្យជាសះស្បើយផង

ឥឡូវនេះ ដំណាក់កាលការពារការឆ្លងពីខាងក្រៅបានផុតហើយ ប៉ុន្តែមិនមែនបានសេចក្តីថា យើងឈប់ការពារទេ។ ត្រូវចាំលើកន្លែងហ្នឹង។ សុំ ស្វាយ ស៊ីថា មើលៗ តើឥឡូវហ្នឹងទូរទស្សន៍ប៉ុន្មានកំពុងផ្សាយបន្តផ្ទាល់? សួរមើល? វុទ្ធី ច្រើនតែវាយមក … ប៉ុន្តែផ្សាយនៅទីនេះ ហោចណាស់ក៏មានទូរទស្សន៍ជាតិ BTV និង Fresh News ដែរ … ផ្សាយទាំងអស់ ព្រោះនេះជាការចែករំលែកសារ ដែលយើងនិយាយមិនមែនគ្រាន់តែនិយាយជាមួយនិស្សិតទេ តែនិយាយទៅកាន់ពលរដ្ឋទាំងអស់នៅទូទាំងប្រទេស។ ឥឡូវនេះ តើយើងកំពុងឈរជើងនៅកន្លែងណា? គឺយើងកំពុងឈរជើងនៅក្នុងដំណាក់កាលទី ២។ ដំណាក់កាលនេះគឺមានការងារ ៣។ (១) ដំណាក់កាលការការពារពីខាងក្រៅផង (២)ដំណាក់កាលការការពារកុំឱ្យឆ្លងពីអ្នកមានជំងឺទៅអ្នកផ្សេង និង(៣)ដំណាក់កាលព្យាបាលមនុស្សដែលឈឺ ឱ្យជាសះស្បើយ គឺមានការងារ ៣។ នេះគឺជាដំណាក់កាលទី ២។ ខ្ញុំមិនដឹងថា គ្រូពេទ្យបែងចែកប៉ុន្មានដំណាក់កាលទេ ក៏ប៉ុន្តែសម្រាប់អ្នកយុទ្ធសាស្រ្ត​ អ្នកចេញគោលនយោបាយ គឺខ្ញុំរៀបចំតែ ២ (ដំណាក់កាល) ទេ មកដល់ពេលនេះ។

ដំណាក់កាលការការពារពីខាងក្រៅ។ ការពិត ជំងឺរបស់យើងទាំងអស់ អត់មានជំងឺដែលឆ្លងនៅនឹងកន្លែងទេ។ ជំងឺនាំចូលទាំងអស់។ កើតលើពលរដ្ឋកម្ពុជា ក៏ពលរដ្ឋកម្ពុជាក៏នាំពីក្រៅមកចូលដែរ​ អត់មានកម្ពុជាទៅចម្លងឱ្យអ្នកណាទេ។ មានសារព័ត៌មានប្រទេសខ្លះ​ គេចាត់ទុកថា កម្ពុជាជាច្រកចេញចូលនៃជំងឺឆ្លង ប្រសិនបើធ្លាយ គឺប្រៀបដូចជាជំនន់មេគង្គ។ នោះជាភាសាមិនគប្បីទទួលយកមិនបាន។ តែកម្ពុជាពេលនេះយើងបានឡើងទៅដល់ ៩៣ ករណី ប៉ុន្តែយើងបាន(ព្យាបាល)ជា ៤ ករណីដែរ។ ឥឡូវដំណាក់កាលទី ២ នេះ គឺមានកិច្ចការងារ ៣ ការពារពីខាងក្រៅត្រូវបន្ត ការពារអ្នកឆ្លងហើយកុំឱ្យឆ្លងទៅអ្នកដទៃ អាហ្នឹងការងារទី ២ ឯការងារទី ៣ គឺព្យាបាលអ្នកឈឺហ្នឹងឱ្យជា ធ្វើម៉េចកុំឱ្យស្លាប់ដូចនៅអាមេរិក កុំឱ្យស្លាប់ដូចនៅអ៊ីតាលី កុំឱ្យស្លាប់ដូចនៅអេស្ប៉ាញ កុំឱ្យស្លាប់ដូចនៅបារាំង និយាយអញ្ចឹងតែម្តងទៅ។

សរសេរ ឬនិយាយស្ដី ត្រូវមានការប្រយ័ត្នប្រយែង

អស់លោកនៅអាមេរិក ឬក៏អស់លោកនៅអឺរ៉ុប កុំថាខ្ញុំ​បង្អាប់អឺរ៉ុប បង្អាប់អី ប៉ុន្តែខ្ញុំចង់និយាយសម្រាប់ប្រជាពលរដ្ឋរបស់យើងថា សូម្បីតែប្រព័ន្ធការពារ ដែលគេចាត់ទុកថា ប្រទេសជឿនលឿនបំផុត មនុស្សស្លាប់គរជើង និយាយតាមមួយបែប … ដោយសារមានអ្នកខ្លះចូលចិត្តណាស់សរសេរប្រព័ន្ធការ​ពារដ៏ទន់ខ្សោយរបស់កម្ពុជា ប្រព័ន្ធការពារដ៏ទន់ខ្សោយរបស់ឡាវ ប្រព័ន្ធការពារដ៏ទន់ខ្សោយរបស់ភូមា​ ប្រព័ន្ធការពារដ៏ទន់ខ្សោយរបស់នេប៉ាល់ ប្រព័ន្ធការពារដ៏ទន់ខ្សោយរបស់ស្រីលង្ការ។ ចូលចិត្តណាស់និយាយ ប៉ុន្តែលើការជាក់ស្តែងអ្នកណាងាប់ច្រើនជាង និយាយឱ្យពិត និយាយមក អ្នកណាងាប់ច្រើនជាង​?​​ យើងយកគោលការណ៍អង្គការសុខភាពពិភពលោកមកនិយាយវិញទៅ។ ខ្ញុំសុំគោរពចំពោះអង្គការសុខភាពពិភពលោក ទាំងលោកអគ្គនាយក ក៏ដូចជាមន្ត្រីអង្គការសុខភាពពិភពលោក ដែលរាយនៅតាមប្រទេស គេមានគុណធម៌ គេមានសីលធម៌ណាស់ ក្នុងការនិយាយស្តី។ សូម្បីពេលតែ Donald Trump ប្រើពាក្យ Chinese Virus គឺត្រូវទទួលការទិតៀនទូទាំងពិភពលោក។ គេចង់និយាយថា វីរុសចេញពីចិន ឬវីរុសចេញពី Wuhan ក្នុងពេលគេដាក់ទៅជាកូរ៉ូណា បំលែងទៅជា Covid ចេញពី Covid ទៅការរីករាលដាលជាសកល ពាក្យសំដីក៏ត្រូវមានការប្រយ័ត្នប្រយែងដែរ។ សូម្បីមុននេះ មនុស្សប៉ុន្មាននាក់សង្ស័យថា ខ្ញុំឆ្លងជំងឺ ដោយសារខ្ញុំទៅកូរ៉េខាងត្បូង ខ្ញុំទៅចិន បន្ទាប់មកវិញគ្រាន់តែចាប់ដៃជាមួយពួកនៅ Westerdam ខ្លះមកអោប ខ្លះមកថតរូប selfie ហើយចាប់ដៃជាង ២០០ នាក់នោះ។ អញ្ចឹងមានមនុស្សមិនតិចទេ ដែលគិតថា ខ្ញុំមានជំងឺឆ្លង។ ប៉ុន្តែ ហ៊ុន សែន ស្គាល់ច្បាស់ណាស់ អំពីសភាពការណ៍ ពេលណាវា​ជាវេលាអី។

ជនបរទេសឈឺ (Covid-19) នៅក្នុងទឹកដីកម្ពុជា ទទួលការព្យាបាលពីគ្រូពេទ្យកម្ពុជាដោយមិនបង់ថ្លៃ

អញ្ចឹងកិច្ចការទី ១ ទាក់ទងនឹងការការពារពីខាងក្រៅ។ ត្រូវបន្តការពារពីខាងក្រៅ ដោយដាក់ចេញនូវគោលដៅ ក្នុងនោះប្រទេស ៦ នៅតែជាប្រទេសគោលដៅ ដែលយើងត្រូវហាមឃាត់ មិនឱ្យទិដ្ឋាការចូលស្រុកខ្មែរនៅពេលនេះ រួមមាន អាមេរិក បារាំង អាឡឺម៉ង់​ អ៊ីតាលី អេស្ប៉ាញ និងអ៊ីរ៉ង់។ ៦ ប្រទេសនេះ។ ប៉ុន្តែ ខ្ញុំមិនយល់ តើបារាំងជាង ៣០ នាក់ដែលឆ្លង Covid-19 នេះ មកក្រោយពេលបំរាមរបស់យើង ឬមកមុន? មកមុន​។ ជាប់នៅហ្នឹង។ ឥឡូវ គាត់ទៅវិញម៉េច? បើអឺរ៉ុបទាំងមូលបិទទៅហើយ។ បារាំងបិទទៅហើយ ។ ឥឡូវគាត់ទៅវិញរបៀបម៉េច? ប៉ុន្តែខ្ញុំសុំប្រកាស យើងក្រ តែយើងចិត្តធំ អ្នកណាកើតជំងឺលើដីយើង យើងចេញលុយព្យាបាល។ នយោបាយនេះ គឺប្លែកពីវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមបានប្រកាសថា ជនជាតិបរទេសដែលកើតជំងឺនេះ ត្រូវចេញលុយព្យាបាលខ្លួនឯង។ កម្ពុជាជាប្រទេសមួយក្រ សុំប្រ​កាសថា ជនជាតិបរទេសដែលឈឺនៅក្នុងទឹកដីកម្ពុជា ត្រូវទទួលការព្យាបាលពីសំណាក់គ្រូពេទ្យកម្ពុជា​ដោយមិនបង់ថ្លៃ។ នេះជាគោលនយោបាយរបស់យើង។ នេះជាកាតព្វកិច្ចរបស់យើងក្នុងឋានៈជាម្ចាស់ផ្ទះ ព្រោះឯណាគាត់ខានទៅស្រុកគាត់ផង ឯណាផ្ញើលុយមក ហើយបើគាត់អត់មានលុយ ឱ្យគាត់ងាប់ឬអី? ត្រូវមើលថែគាត់។ ពួកហ្នឹងមិនមែនទទួលទានដូចយើងទេ ត្រូវមាននំបុ័ងសាច់ការី ត្រូវមាន Fromage មានប៊័រ ត្រូវចិញ្ចឹមពួកហ្នឹងឱ្យស្រួល … ខ្មែរចិត្តធំ ប៉ុន្តែខ្មែរមានគុណធម៌។

តំណាងរាស្រ្តអាមេរិក Ted Yoho សរសេរសំបុត្រអរគុណផ្ទាល់ ពីរឿង Westerdam

ហើយ Westerdam ខ្ញុំអត់នឹកស្មានថាតំណាងរាស្ត្រម្នាក់ឈ្មោះ Ted Yoho ដែលជាអ្នកធ្វើច្បាប់ក្នុងការដាក់ទណ្ឌកម្មកម្ពុជា បែរជាសរសេរសំបុត្រមកថ្លែងអំណរគុណដោយផ្ទាល់មកខ្ញុំ។ ខ្ញុំនឹកអត់ដល់ទេ។ ក៏ប៉ុន្តែអ្នកនយោបាយដែលមានគុណធម៌ គេអាចធ្វើអញ្ចឹងដែរ។ គេមិនធ្វើដូច Brad Adams ទេ។ Brad Adams ចង់ធ្វើម៉េចក៏នៅតែ Brad Adams ដែរ។ ហោចណាស់ Ted Yoho គាត់ជាអ្នកតំណាងរាស្ត្រ គាត់សរសេរសំបុត្រមក។ សរសេរមកចំនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង អរគុណដែលអ្នកឯងបានជួយនាវា Westerdam ដែលមានពលរដ្ឋអាមេរិកជាង ៦០០ នាក់។ ច្រើនជាងគេ។ ប្រធានាធិបតី Trump សរសេរសំបុត្រជារឿងមួយ។ គេអ្នកផ្ទៀងឱ្យ។ ប៉ុន្តែអ្វីដែលសំខាន់គាត់វាយក្នុង Twitter របស់គាត់។ អញ្ចឹងបានសេចក្តីថា មនោសញ្ចេតនារបស់គាត់។ គាត់ដឹងគុណចំពោះកម្ពុជា។ អញ្ចឹងខ្ញុំសុំបញ្ជាក់ឡើងវិញ ប្រ​ទេសទាំង ៦ ដែលមានហានិភ័យខ្ពស់​ ត្រូវផ្អាកទិដ្ឋាការសិន ហើយយើងបានជូនដំណឹង ព្រោះហ្នឹងជាវិធានការដែលយើងត្រូវប្រកាន់យក។

មិនមានការជម្លៀសនិស្សិតចេញពីគ្រប់ប្រទេស

ចំណុចមួយទៀត គឺមិនជម្លៀសនិស្សិតចេញពីចិន កូរ៉េ ប្រទេសអាស៊ាន និងប្រទេសដែលកើតមានជំងឺនេះ ចូលប្រទេសវិញ រាប់ទាំងអាមេរិក និងអឺរ៉ុប។ រឿងនេះអត់ត្រូវភិតភ័យ រហូតដល់ត្រូវជម្លៀសនិស្សិតដែលកំពុងរៀននៅចិន … យើងបានសម្រេចចិត្តត្រូវហើយ ប៉ុន្តែ ឥឡូវពលករយើងនៅកូរ៉េ និស្សិតយើងនៅកូរ៉េ នៅជប៉ុន នៅបណ្តាប្រទេសអាស៊ាន នៅបារាំង នៅអាមេរិក នៅស្អីៗ តើត្រូវជម្លៀស?​ អត់ទេ កុំដាក់គោលការណ៍ជម្លៀស នាំចូលមកនូវជំងឺនេះ ហើយធ្វើឱ្យប្រទេសទាំងនោះមានការលំបាកក្នុងការរៀបចំទៀត។ ខ្ញុំបានទទួលព័ត៌មានមួយថានិស្សិតខ្មែរ ១២ នាក់ នឹងមកពីអាមេរិក កំពុងតែសម្របសម្រួលពីស្ថានទូត។ សួររឿងហ្នឹងឡើងវិញមើល តើយ៉ាងម៉េច? ហេតុអីបានជាត្រូវមកនៅពេលហ្នឹង? តើអាមេរិកបណ្តេញចេញ ឬយ៉ាងម៉េច? ឬក៏យើងស្ម័គ្រចិត្តមកខ្លួនឯង? ឥឡូវ សុំអង្វរករកុំមក។ សុំអង្វរករឱ្យនៅទីនោះតែម្តងទៅ ហើយអាចស្នាក់នៅស្ថានទូត។ ហ្នឹងគេសុំមកខ្លួនឯង? យើងអស់ពេលវេលាសិក្សាឬយ៉ាងម៉េច? … ប៉ុន្តែឥឡូវអញ្ចេះ យើងអង្វរក្មួយៗទាំងនោះឱ្យផ្អាកការវិលត្រឡប់ ហើយបន្តការរៀនតាមអនឡាញទៅ ព្រោះបើសិនមក ឥឡូវមកតាមច្រកណា? មកសុទ្ធតែឆ្លងកាត់ដែនដីដែលមានហានិភ័យខ្ពស់ …។

មុននេះខ្ញុំក៏មិនជម្លៀសនិស្សិតចេញពីចិន។ ឥឡូវខ្ញុំក៏មិនជម្លៀសនិសិ្សតចេញពីប្រទេសទាំងអស់។ នៅវៀតណាមក៏មិនជម្លៀស នៅថៃក៏មិនជម្លៀស នៅប្រទេសណាក៏មិនជម្លៀស។ អញ្ចឹងសុំពិនិត្យមើលកន្លែងហ្នឹងវិញ។ ប៉ុន្តែឥឡូវអ្នកទាំងហ្នឹងមកដល់ណាហើយ ពិតប្រាកដ? នេះគ្រាន់តែយើងទទួលព័ត៌មានទេ។ ឥឡូវទាក់ទងទូតភ្លាម។ ទាក់ទងទៅនិស្សិតហ្នឹងភ្លាម គឺឱ្យទ្រាំការលំបាកបន្តិចទៅ ជាជាងនាំជំងឺមកក្នុងប្រទេស និងនាំជំងឺមកក្នុងគ្រួសារ។ កុំរត់ចោលអាមេរិកអី។ នៅជាមួយអាមេរិកទៅ។ សាមគ្គីជាមួយប្រជាជនអាមេរិកទៅ ដូចដែលខ្ញុំធ្លាប់និយាយកុំរត់ចោលប្រជាជនចិន សាមគ្គីជាមួយចិនទៅ។ ឥឡូវកុំរត់ចោលបារាំង។ តិចខ្មែរនៅស្រុកបារាំង គិតថាបារាំងងាប់ច្រើន ខ្មែរអត់ទាន់មានមនុស្សងាប់ គិតថាមក។ អត់ឱ្យ​មកទេ។ ទោះបីខ្មែរក៏ដោយ ក៏អត់ឱ្យមកទេ ព្រោះខ្មែរសញ្ជាតិបារាំងអត់ឱ្យមកទេ។ ពេលហ្នឹងនិយាយអញ្ចឹង​សិនទៅ ព្រោះស្ថិតនៅក្នុងគោលដៅនៃការការពារ។ និស្សិតយើងក៏អត់ទាន់ឱ្យមក។ អញ្ចឹងត្រូវធ្វើកិច្ចការ​ ហ្នឹងឱ្យបានច្បាស់។ ក្រសួងអប់រំ ក្រសួងការបរទេស ធ្វើកិច្ចការ មិនជម្លៀសនិស្សិតមកពីគ្រប់ប្រទេស ចូលមកក្នុងប្រទេសរបស់យើង។

គ្រប់គ្រងបន្ទាន់ចំពោះពលករមកពីថៃ

ការងារមួយទៀត ត្រូវគ្រប់គ្រងបន្ទាន់នូវពលករដែលមកពីថៃ ដែលបានចូលរួចមកហើយនេះ។ តាមគ្រប់​គ្រងអ្នកទាំងហ្នឹង ដែលប្រគល់ការងារនេះឱ្យអាជ្ញាធរខេត្ត រៀបចំបណ្តាញចុះ ដើម្បីដាក់ឱ្យនៅដោយឡែកនៅតាមផ្ទះ។ ក្នុងប៉ុន្មានថ្ងៃកន្លង ខ្ញុំមានការលើកទឹកចិត្តណាស់។ ជាពិសេសម្សិលមិញ គ្រប់មធ្យោបាយនៃការឃោសនាគឺត្រូវបានធ្វើ ដោយរថយន្តក្តី ដោយម៉ូតូក្តី ដោយកង់បីក្តី ដាក់មីក្រូស្រែកតាមភូមិ។ ឥឡូវយើងកុំឱ្យបងប្អូនមកពីថៃមានការភ័យខ្លាច អំពាវនាវបងប្អូន កុំឱ្យមានការភ័យខ្លាច ខ្លះខ្លាចគេយកទៅក្រុងទុក។ ឥឡូវបើមិនចង់ឱ្យយកទៅក្រុងទុក នៅដេកក្នុងផ្ទះ កុំដើរទៅណា ដាក់ខ្លួនឯងឱ្យដាច់ ហើយបើមានប្រពន្ធ កុំអាលទៅជិតប្រពន្ធ កុំឱ្យឆ្លងដល់ប្រពន្ធ កូនៗអី ឱ្យនៅក្រៅសិនទៅ។ នៅពេលណាដែលយើងបានរកកំដៅឃើញហើយ ទើបយើងត្រូវយកមកដាក់នៅកន្លែងសង្ស័យ។ បើមានការសង្ស័យ យើងត្រូវបំបែក។ យើងមានកន្លែងរបស់យើងហើយ។ ត្រៀមបម្រុងហើយ មានតាំងពីសណ្ឋាគារ មានតាំងពីស្អីៗ រៀបចំអស់ហើយ។​ ត្រូវតាមធ្វើកិច្ចការងារហ្នឹង។

ផ្អាកការបញ្ជូនមន្ត្រីទៅប្រជុំនៅប្រទេសក្រៅ និងលុបចោលការប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជា

ការងារមួយទៀត ផ្អាកការបញ្ជូនមន្ត្រីទៅប្រជុំនៅប្រទេសក្រៅ និងលុបចោលការប្រជុំអន្តរជាតិទាំងអស់នៅក្នុងកម្ពុជា។ ខ្ញុំបញ្ជាដាច់ខាតកុំឱ្យមន្ត្រីកម្ពុជាចេញទៅប្រជុំនៅក្រៅក្នុងពេលនេះ ហើយក៏ផ្អាកការប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជា។ កុំឱ្យអ្នកដែលធ្វើដំណើរ គ្នាក៏ពិបាកធ្វើដំណើរ។ ដូច្នេះលុបចោលការប្រជុំទៅ។ អូឡាំពិកគង់គេលុបចោលបាន។ អូឡាំពិកត្រូវធ្វើនៅខែ ៨ ឥឡូវទើបនឹងខែ ៣ នៅសល់ ៥ ខែទៀត គេលុបចោលបាត់ទៅហើយ។ បើទោះបីជាជប៉ុនគាត់បើកធ្វើក៏ដោយ​ តែប្រទេសដទៃទៀត គេមិនបញ្ជូនកីឡាករ/ការិនីរបស់គេទៅ គឺនៅតែអត់ធ្វើអូឡាំពិកបានដដែល។ អាស៊ានក៏ត្រូវបានលើកពេលប្រជុំហើយដែរ។ យើងក៏កំពុងពិនិត្យមើលដែរ បើសភាពការណ៍អូសបន្លាយ ប្រហែលជាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបក៏មិនត្រូវធ្វើនៅក្នុងឆ្នាំ ២០២០ សុំលើកពេលទៅ ២០២១ អីអញ្ចឹងទៅ។ វាស៊ីសងតាមការវិវឌ្ឍនៃសភាពការណ៍។

នេះហើយជាមេទ័ព។ ពេលដែលប្រយុទ្ធតូចតាច ឱ្យមេទ័ពចេញបញ្ជាម៉េច? អញ្ចឹងបានមានអ្នកខ្លះថា លោក ហ៊ុន សែន ឯងប្រយុទ្ធ ឬមិនប្រយុទ្ធ? អញប្រយុទ្ធតើ តែអញមានលំដាប់ថ្នាក់។ អញចង្អុលការ​ អញមិនទាន់ចេញបញ្ជាផ្ទាល់សម្រាប់ការវាយលុកទេ។ តែឥឡូវដល់ម៉ោងអញត្រូវធ្វើហើយ។ មិនមែន(ទើប)ដល់ម៉ោងទេ វាដល់យូរហើយ ធ្វើតាំងពីដើមមក ចង្អុលការឱ្យធ្វើដំណាក់កាលណាៗ អាហ្នឹងវាទាល់តែ ហ៊ុន​ សែន បញ្ជា (ឬឱ្យទៅ)ធ្វើរដ្ឋមន្រ្តីសុខាភិបាលខ្លួនឯងឬស្អី? ឬក៏អាហ្នឹងទាល់តែបិទជើងហោះហើរពីចិន ពីជប៉ុន ពីកូរ៉េ បិទប្រទេសបានហៅថាប្រយុទ្ធ? អញប្រាប់ពួកអស់លោកឯងឱ្យច្បាស់ទៅ បើគេបិទអស់ហើយ ចាំបាច់ប្រកាសធ្វើអី។ ធ្វើឱ្យវាឆ្លាតបន្តិចទៅមើល។ អញ្ចឹងបានជាវាមិនដែលឈ្នះ។ បើគេប្រកាសបិទអស់ហើយ ចាំបាច់ទៅប្រកាសបិទធ្វើអី? យល់ទេ? ស្គាល់ ហ៊ុន សែន ច្បាស់ទេ?

ឧទាហរណ៍ វៀតណាម គាត់ប្រកាសបិទ។ អញ្ចឹង យើងចាំបាច់ទៅប្រកាសបិទជាមួយវៀតណាមធ្វើអី? ផ្លូវអាកាស ផ្លូវអី យើងបិទតែផ្លូវគោកទេ។ វៀតណាមបិទផ្លូវគោក អត់មានឱ្យយើងដឹងសូម្បីបន្តិច។ ថ្ងៃ ១៨ ភ្ញាក់ឡើងអត់ទាំងដឹងថាគេបិទទល់ដែនផង ព្រោះ Note ទូតមកដល់យប់ថ្ងៃ ១៧ ព្រឹក ១៨ គាំងទាំងអស់​ ក្នុងពេលជាមួយគ្នា ប្រជាពលរដ្ឋវៀតណាមនៅហូរចូលស្រុកខ្មែរ។ អញ្ចឹងខ្ញុំត្រូវតែបិទ តែត្រូវជូនដំណឹងឱ្យ​វៀតណាមបានដឹង ៤៨ ម៉ោង។ ពលរដ្ឋទាំងសងខាងផ្អាកការធ្វើដំណើរ ប៉ុន្តែ​រកវិធីបញ្ជូនទំនិញទៅវិញទៅមក។ ខាងថៃ គាត់ធ្វើវិមជ្ឈការប្រគល់ឱ្យខេត្តសម្រេចចិត្តបិទ។ ប៉ុន្តែ ខាងថៃបានជូនដំណឹងឱ្យយើងមុន ដោយយើងមិនបាត់ម្ចាស់ការជាមួយនឹងថៃ លើកលែងតែប្រជាជនដែលគាត់មកតក់ក្រហល់ពេកនៅតាមព្រំដែន គឺធ្វើឱ្យយើងពិបាកត្រួតត្រាសភាពការណ៍។ ប៉ុន្តែ ទំនិញ ម្សិលមិញ ច្រកប៉ោយប៉ែត ចំណូលពន្ធគយជាង ៧ ពាន់លានរៀល ស្មើជិត ២ លានដុល្លារ អញ្ចឹងចំណូលពន្ធគយនៅតែមាន ទាំងជាមួយព្រំដែនវៀតណាម ជាមួយព្រំដែនថៃ ចំណូលពន្ធគយក៏នៅតែបន្ត ដោយសារតែទំនិញទៅមករកគ្នា​នៅតែចរាចរបាន គ្រាន់តែទប់បញ្ហាមនុស្សតែប៉ុណ្ណោះ។

សហការជាមួយថៃ រៀបរយត្រួតពិនិត្យសុខភាព និងសុវត្ថិភាពមាតុភូមិនិវត្តន៍របស់ពលករ

ការងារដែលត្រូវខិតខំបន្តធ្វើ បន្តសហការជាមួយភាគីថៃ ដើម្បី(ឱ្យពលករខ្មែរ)ធ្វើមាតុភូមិនិវត្តន៍ប្រកប​ដោយសុវត្ថិភាព និងមានរបៀបរៀបរយ ដែលអាចត្រួតពិនិត្យសុខភាពបាន។ អាជ្ញាធរតាមព្រំដែនកម្ពុជា-ថៃ ត្រូវទទួលខុសត្រូវលើការងារនេះ។ ឥឡូវ អ្នកដែលមករួចហើយ គឺយើងត្រូវតាមស្វែងរកអ្នកទាំងហ្នឹង ប៉ុន្តែ អ្នកដែលមិនទាន់មក ខ្ញុំប្រគល់ការងារឱ្យយប់មិញទៅ ៤ នាក់ សម្ដេចក្រឡាហោម ស ខេង (ក្រសួងមហាផ្ទៃ) ដើម្បីឱ្យធ្វើការបញ្ជាទៅខេត្តរបស់យើង ក្រសួងការបរទេសត្រូវធ្វើការជាមួយក្រសួងការបរទេសថៃ ក្រសួងការងារត្រូវធ្វើការងារទាក់ទងនឹងពលករ និងក្រសួងសុខាភិបាលត្រូវទាក់ទងនឹងការពិនិត្យ។ អញ្ចឹងត្រូវសហការជាមួយនឹងភាគីថៃ ដើម្បីធ្វើមាតុភូមិនិវត្តន៍របស់ពលកររបស់យើងប្រកបដោយសុវត្ថិភាព និងមានរបៀបរៀបរយ ដែលអាចត្រួតពិនិត្យសុខភាពបាន។ អាជ្ញាធរតាមព្រំដែនកម្ពុជា-ថៃ ត្រូវទទួលខុសត្រូវលើការងារនេះ។ ខ្ញុំគិតថា នៅមានលទ្ធភាពយើងនិយាយគ្នាបាន អត់បញ្ហាទេ។ ថៃគាត់ត្រូវបិទប្រទេស។ អញ្ចឹងប្រជាជនឡាវក៏ត្រឡប់ទៅវិញ នាំជំងឺពីថៃចូលទៅឡាវ ប្រជាជនមីយ៉ាន់ម៉ា ក៏ត្រឡប់ទៅវិញ នាំជំងឺពីថៃទៅមីយ៉ាន់ម៉ា។ អ្នកនៅកម្ពុជាយើងក៏មក។ អញ្ចឹងហើយ អ្នកនៅបាងកកដែលអត់ការងារធ្វើ ក៏សម្រុកចេញទៅតាមខេត្ត ក៏នាំជំងឺពីបាងកកទៅតាមខេត្ត ពង្រាយជំងឺទៅទូទាំងប្រទេសថៃ ដែលធ្វើឱ្យអត្រាខ្ពស់ ដែលតម្រូវឱ្យនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន។

កិច្ចការទី ១ ត្រួតពិនិត្យតាមព្រលានយន្តហោះហ្មត់ចត់ ទប់ស្កាត់ការនាំជំងឺចូល

កិច្ចការទីមួយ ដែលយើងត្រូវធ្វើ នៅបន្តធ្វើយ៉ាងម៉េចទប់ស្កាត់ការនាំជំងឺចូល។ តាមព្រលានយន្តហោះ ដែលនៅមានការហោះហើរ ត្រូវតែបានពិនិត្យឱ្យបានហ្មត់ចត់ ហើយត្រូវដាក់កំណត់អំពី គេហៅថា ការប្រកាសសុខភាពនោះ ទោះបីមកពីណាក៏ដោយ ជិះតាមយន្តហោះណាក៏ដោយ។ ក៏ប៉ុន្តែ ភាគច្រើនយន្តហោះនៅតិចណាស់ ដែលមានការហោះហើរ ដូចជាប្រភពតែ ៣ ទេ ឥឡូវនេះ សល់ពីចិន កូរ៉េខាងត្បូង និងជប៉ុន … នៅកាតាមួយទៀត។ ក៏ប៉ុន្តែ យ៉ាងម៉េចក៏ដោយ យើងត្រូវតែត្រួតពិនិត្យនៅព្រលានយន្តហោះឱ្យបានហ្មត់ចត់។ ករណីសង្ស័យត្រូវបញ្ជូនគាត់មកដាក់ទីកន្លែង(បម្រុងទុក)សិន។ បណ្ដេញគាត់ទៅវិញ ក៏មិនបានដែរ យើងត្រូវមានការទទួលខុសត្រូវ … នៅសៀមរាប ក៏មានមួយដែរ។ នៅ​ឯកងកេង ក្រុងព្រះសីហនុ ក៏មានមួយដែរ។ ឯប្រទេសដទៃទៀត យើងមិនចាំបាច់ប្រកាសលុបជាមួយគេទេ។ គេលុបរួចទៅហើយ។ អញ្ចឹងបាន​ខ្ញុំថា ម៉េចក៏ល្ងង់ទៅប្រ​កាសបិទ បើគេប្រកាសបិទរួចទៅហើយ។ វាចប់ត្រឹមគេបិទទៅហើយ យើងក៏ទៅមិនបាន គេក៏មកមិនរួច។ យន្តហោះវាត្រូវតែបិទហើយ ព្រោះយន្តហោះមួយគ្រឿងជិះតែ ២ នាក់ វាខាតអាកាសចរណ៍គេ។

កិច្ចការទី ២ បន្តរុករកអ្នកឆ្លង​ មិនទាន់បានពិនិត្យ មកដាក់នៅកន្លែងព្យាបាល ឬដាក់ដោយឡែក ១៤ ថ្ងៃ

ការងារទីពីរ គឺបន្តរុករកអ្នកដែលឆ្លង​ ដែលមិនទាន់បានពិនិត្យ យកមកដាក់នៅកន្លែងព្យាបាល ឬដាក់ដោយឡែក ១៤ ថ្ងៃ។ ឥឡូវនេះ អ្នកណាពាក់ព័ន្ធជាមួយអ្នកជំងឺខ្លះ ត្រូវតាមរកអ្នកទាំងហ្នឹង នៅពេលដែលតាមរកឃើញ គឺយើងត្រូវយកគាត់ដាក់នៅដោយឡែក មុនពេលដែលយើងដឹងពីលទ្ធផលនៃការធ្វើតេស្ត។ ប៉ុន្តែ មិនទាន់បញ្ជូនគាត់ចូលមន្ទីរពេទ្យទេ។ បានសេចក្ដីថា យើងត្រូវតែមានការបែងចែកជាតំបន់ពីរ តំបន់មួយគឺតំបន់ព្យាបាល គឺអ្នកដែលមានជំងឺ។ តំបន់មួយទៀតគឺតំបន់សម្រាប់អ្នកដែលមានការសង្ស័យ នៅពេលចាប់ផ្ដើមយកសំណាកគាត់ យើងចាប់ផ្ដើមយកគាត់ទុកត្រង់នោះហើយ។ ពេលណាដែលរកឃើញ យើងផ្ទេរគាត់ទៅមន្ទីរពេទ្យដើម្បីព្យាបាល តែបើរកមិនឃើញទេ ឱ្យគាត់ត្រឡប់ទៅផ្ទះ។ ត្រូវតាមរុករក។ ចំណុចល្អនៅត្រង់ប្រជាពលរដ្ឋរបស់យើង គាត់ស្ម័គ្រចិត្ត។ ខុសពីប្រទេសដទៃៗ រហូតដល់ប៉ូលីសទៅចាប់យកពីផ្ទះ។ លឺថា ១១៥ រោទិ៍រហូត។ គាត់ចេះភ្ញាក់រលឹក។ ប្រជាពល​រដ្ឋត្រូវយល់ដឹង។ នេះជាសុខភាពផ្ទាល់ខ្លួន មិនមែនជាផលប្រយោជន៍របស់នរណា ក្រៅពីខ្លួនឯងនោះទេ។ នៅពេលដែលសង្ស័យថាខ្លួនមានបញ្ហា ខ្លូនត្រូវរាយការណ៍មក ហើយសុំការពិនិត្យពីសំណាក់គ្រូពេទ្យ តើមានជំងឺឬអត់?

ការដាក់ឱ្យនៅដាច់ដោយឡែក ក៏អាចធ្វើបាននៅផ្ទះរៀងៗខ្លួន

ប៉ុន្តែ ដំបូងត្រូវរុករកអ្នកដែលមានការពាក់ព័ន្ធយកមកដាក់នៅដាច់ដោយឡែក។ ហើយការដាក់នៅដាច់ដោយឡែកនេះ ក៏សូមបញ្ជាក់ វាមិនតម្រូវដាក់នៅតែមជ្ឈមណ្ឌលរបស់រដ្ឋទេ សូម្បីតែគាត់ដាក់នៅក្នុងផ្ទះខ្លួនឯង ក៏ជាផ្នែកមួយនៃការដាក់នៅដោយឡែកដែរ។ បើគាត់សង្ស័យ គាត់ដាក់នៅដោយឡែកក្នុងផ្ទះ។ ខ្វះអី អធិការបតី(អាល្លឺម៉ង់) Merkel គាត់ធ្វើតេស្តចេញមកថាអត់មានទេ ឥឡូវ មហាធៀរ គាត់សង្ស័យ គាត់ដាក់ខ្លួនគាត់នៅដោយឡែក។ នាយករដ្ឋមន្រ្តីអេស្ប៉ាញ កាណាដា សុទ្ធតែដាក់ខ្លួននៅដាច់ដោយឡែក​។ ប៉ុន្តែ គេធ្វើការងារបានពីផ្ទះទៅ ព្រោះឥឡូវដំណាក់កាលគេធ្វើការងារតាមអនឡាញ។ ខ្ញុំអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើង ទាក់ទងមកពេទ្យនៅពេលដែលមានការសង្ស័យ។ ការដែលទុក​ឱ្យពេទ្យដើររកវាលំបាកណាស់ មិនដឹងថានរណា ចេះតែដើរទៅចាប់គេធ្វើតេស្ត (ដែលអាច)ជាការរំលោភសិទ្ធិគេទៀត។ តែបើយើងដឹងច្បាស់មុខសញ្ញា យើងអាចបង្ខំឱ្យធ្វើតេស្ត។ ហ្នឹងវាទាក់ទងនឹងសិទ្ធិពលរដ្ឋអីទៀតហើយ ​ព្រោះ(អ្នកខ្លះ)នៅពេលដែលប្រទេសចិនបិទក្រុង Wuhan គេថា វាប៉ះពាល់ដល់សេរីភាពប្រជាជនក្នុងការធ្វើដំណើរ។ ហ្នឹងគេបង្អាប់ពីចិន។ ដល់ទៅប្រទេសខ្លះ បិទប្រទេសខ្លួនឯង បិទមិនឱ្យប្រជាជនចេញដើរ គេថាអាហ្នឹងវិធានការការពារ។ នេះគេហៅថា ស្ដង់ដារទ្វេពេញទីតែម្ដង។ ចិនបិទក្រុង Wuhan និងខេត្ត Hebei គេទិតៀនចិនថា ចិនបិទសេរីភាពបុគ្គល សេរីភាពដើរហើររបស់មនុស្ស។ ដល់ទៅប្រទេសលោកខាងលិចមួយចំនួនបិទប្រទេស បិទមិនឱ្យប្រជាជនចេញពីផ្ទះ គេថា អាហ្នឹងវិធានការការពារ Covid-19 …។

ប្រជាពលរដ្ឋកុំចេញក្រៅ បើមិនចាំបាច់

អំពាវនាវប្រជាពលរដ្ឋរបស់យើងកុំធ្វើដំណើរចេញក្រៅ បើគ្មានការចាំបាច់។ នៅលេងជាមួយប្រពន្ធកូននៅផ្ទះទៅ ហើយអ្នកដែលមិនសូវមានកូនហ្នឹង គឺច្បាស់ជាមានកូនហើយ។ ប្រពន្ធៗអរគុណ Covid-19 ទៅ ដោយសារមាន Covid-19 ហើយបានប្ដីនៅផ្ទះ​។​ KTV វាត្រូវបានបិទ។ កុំអីអត់ទេ។ មានឃ្លីបអីមួយនោះ ដែលនិយាយពាក្យស្លោក … (ចាក់ឃ្លីប) … អាអន្ទិតអើយ ពូផ្ដាំបន្ទាប់ពីអស់ Covid-19 ទៅ ក៏នៅធ្វើប្ដីល្អរហូតទៅ កុំចាំទាល់មាន Covid-19 បានធ្វើប្ដីល្អ។ បើអញ្ចឹងវាមិនកើតទេ ​ចាប់ផ្ដើមធ្វើប្ដីល្អពីឥឡូវហ្នឹងទៅ ឆ្លៀតពេលហ្នឹងផ្ដាច់ទៅ។ កុំចេញពីផ្ទះ (បើ)គ្មានការចាំបាច់​។ អ្នកខ្លះត្រូវចេញទៅធ្វើការ ធ្វើនេះ/នោះ អាហ្នឹងរឿងចៀសវាងមិនបាន។ យើងក៏មិនទៅបិទរហូតដល់មិនឱ្យប្រជាជនដើរនោះទេ ប៉ុន្តែប្រសិនបើគ្មានការចាំបាច់ គឺមិនចាំបាច់ចេញទៅណាទេ។ ទី ១ ចំណេញការពារមិនឱ្យរោគចូលផ្ទះយើងបាន ទី ២ ចំ​ណេញសាំងឡាន/ម៉ូតូ។ ផ្អាកមួយរយៈ ទម្រាំដល់សភាពការណ៍ស្ងាត់ វាមិនទាន់យឺតពេលទេ។ ពេលបុណ្យឆេងម៉េងខាងមុខ សែនពីផ្ទះទៅបានហើយ សែនក្នុងចិត្តទៅ ក៏វាល្អដែរ ប៉ុន្តែ មិនមែនខ្ញុំបិទឈឹងនោះទេ អ្នកចង់ធ្វើក៏ធ្វើទៅ។

ភូមិ/ឃុំ អប់រំប្រជាជនដោយមធ្យោបាយសាមញ្ញ ដាក់មីក្រូចាក់សារណែនាំរបស់ក្រសួងសុខាភិបាល

ភូមិ/ឃុំត្រូវអប់រំប្រជាជន ដោយមធ្យោបាយសាមញ្ញ។ មធ្យោបាយរបស់យើង គឺសាមញ្ញទេ ដាក់មីក្រូ។ កុំពិបាកចល័តមេក្រូ តម្លើងមីក្រូតគ្នា ចាក់យកតែម្ដង។ មួយម៉ោងចាក់ម្ដងៗ ព្រោះភូមិខ្លះមិនធំប៉ុន្មានទេ តខ្សែដាក់មីក្រូ ចុះមីក្រូការគេមួយគំនរ គេផ្អាកការសិនហើយ យកមីក្រូផ្កាត្រកួនហ្នឹង ដាក់អ្ហែងដើម្បីឱ្យប្រជាជនបានស្ដាប់។ កន្លែងខ្លះជាទីផ្សារ យើងដាក់នៅនឹងផ្សារ។ ក្នុងរោងចក្រខ្លះបានធ្វើល្អណាស់ កម្មករកំពុងធ្វើការ ក៏ប៉ុន្តែ នៅតែបានស្ដាប់អំពីការអប់រំ ដែលឃ្លីបវីដេអូ ឬក៏សារជាសម្លេងបញ្ជូនពីក្រសួងសុខាភិបាល យើងធ្វើការងារនេះទាំងអស់គ្នា។

គ្រប់សាសនា និងនិកាយ ចូលរួមអប់រំ

ព្រះសង្ឃគ្រប់និកាយសាសនា ត្រូវចូលរួមអប់រំ។ ទាំងព្រះពុទ្ធសាសនា ទាំងឥស្លាមសាសនា ទាំងគ្រីស្តសាសនា (ត្រូវចូលរួម)អប់រំ។ ថ្ងៃនេះ យើងមាននិស្សិតខ្មែរយើងដែលកាន់សាសនាឥស្លាមមកចូលរួម ភាពងាយស្រួលនៅកន្លែងនេះ ទីមួយគឺយើងអត់មានការបែងចែកជាតិសាសន៍ សាសនាអីទេ។ ប្រយ័ត្នកន្លែងហ្នឹង កុំឃើញថា បងប្អូនខ្មែរឥស្លាមមានកើតជំងឺ ហើយធ្វើការរើសអើង។ អត់ទេ ខុសស្រឡះ … ពីមុន គេរើសអើងចិន រហូតដល់និស្សិតសាំងហ្គាពួរម្នាក់ ត្រូវគេវាយបែកមុខនៅអង់គ្លេសឯណោះ។ ឥឡូវចាប់ផ្ដើមប្រជាជនអាស៊ីខ្លាចពួកអឺរ៉ុបវិញម្ដង។ ពួកស្បែកស។ នៅប្រទេសរបស់យើង ដោយសារបងប្អូនមួយចំនួនបានទៅចូលរួមកម្មវិធីសាសនានៅឯម៉ាឡេស៊ី ត្រូវបានទទួលការរើសអើងដោយអន្លើ។

វេជ្ជបណ្ឌិត និងគ្រូពេទ្យឥស្លាម ៣០ នាក់ចូលរួមប្រតិបត្តិការ

អញ្ចឹង សូមបញ្ឈប់បញ្ហានេះ ថ្ងៃនេះ ក៏យកវេជ្ជបណ្ឌិត និងគ្រូពេទ្យរបស់ឥស្លាម ៣០ នាក់ ដើម្បីចូលរួមប្រតិបត្តិការនេះ។ នៅពេលដែលយើងទៅយកសំណាកនៅក្នុងភូមិឥស្លាម បញ្ជូនក្មួយៗហ្នឹងទៅ វាស្រួល ហើយក្នុងពេលដែលគាត់ត្រូវការព្យាបាល គឺយើងយកគ្រូពេទ្យដែលជាឥស្លាមទៅព្យាបាលងាយស្រួលជាង ព្រោះត្រណមខុសគ្នា។ ឧទាហរណ៍ ជួនកាលបាយដែលខ្មែរយកទៅនេះ មិនដឹងថា តើមានសាច់ជ្រូកឬអត់ ព្រោះឥស្លាមតមសាច់ជ្រូក។ ​ឯអ្នកដែលកាន់បាយយកទៅឱ្យគឺខ្មែរ អញ្ចឹងគឺមិនដឹងថាមានសាច់ជ្រូកឬអត់ ជួនកាលអត់ទទួលទានទៀត។ រឿងនេះ យើងត្រូវរៀបចំ គិតគូរឱ្យបានម៉ត់ចត់។ និយាយអញ្ចឹងថា រើសអើង អត់ទេ មិនមែនរើសអើង តែជាវិធានការដើម្បីឆ្លើយតបជាមួយនឹងសភាពការណ៍បែបនេះ។ អ្នកកាន់សាសនាគ្រីស្ត វាអត់មានបញ្ហាទេ ប៉ុន្តែ អ្នកកាន់សាសនាឥស្លាមគេមានត្រណមរបស់គេ សូម្បីតែការស្លៀកពាក់​។ នេះក្មួយៗត្រូវចាំ នៅប្រទេសដទៃ គេមិនឱ្យពាក់(ទទូរក្រណាត់)ធ្វើអញ្ចឹងទេណា ជាពិសេសនិស្សិត តែកម្ពុជាអាចអនុញ្ញាតឱ្យនិស្សិតឥស្លាមជ្រើសរើសនូវសម្លៀកបំពាក់ណាក៏បានដែរ។ ចង់ស្លៀកឯកសណ្ឋានតាមរបៀបកូនសិស្សខ្មែរ ឬចង់ស្លៀកតាមឥស្លាមក៏ស្លៀកទៅ ហើយពេលចេញប្រតិ​បត្តិការស្លៀកម៉េចស្លៀកទៅ ប៉ុន្តែ ខោអាវពេទ្យមិនអាចខុសប្លែកពីគេទេ គឺដូចគេ ព្រោះអាហ្នឹងមិនអាចកាត់ដោយឡែកបានទេ។

វិទ្យុ ទូរទស្សន៍ បណ្ដាញឃោសនាអនឡាញ កាសែត និងប្រព័ន្ធទូរស័ព្ទ ផ្សព្វផ្សាយសារ

វិទ្យុ ទូរទស្សន៍ និងបណ្ដាញឃោសនាទាំងអស់ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយឱ្យញឹកញាប់ទៀត។ ក្រសួងសុខាភិបាលចេះតែផលិតទៅ ផលិតសម្រាប់វិទ្យុ ទូរទស្សន៍ផង ផលិតសម្រាប់យកទៅផ្សព្វផ្សាយតាមសារព័ត៌មាននានា ទាំងតាម Facebook ​ទាំងតាមអនឡាញ ទាំងតាមកាសែត។ ហើយក៏សូមប្រាប់ទៅប្រព័ន្ធ​ទូរស័ព្ទទាំង ៤ ប្រព័ន្ធ មាន Cellcard, Metfone, Smart និង Seatel យើងនឹងបញ្ចូលទៅក្នុង Calltune នូវសារសម្លេងនៅពេលដែលទូរស័ព្ទរោទិ៍ នឹងមានជាសម្រែកទាំងបុរសផង និងស្រ្តីផង ប្រាប់ថា យើងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹង Covid-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល។ អញ្ចឹង យើងបានប្រើត្រឹមតែពាក្យប៉ុណ្ណឹង ដល់តាមការណែនាំរបស់ក្រសួងសុខាភិបាល គេនឹងទៅមើលការណែនាំនោះ។ បានចាត់បញ្ចូលឬនៅ? … បន្តិចទៀត គ្រប់ទូរស័ព្ទទាំងអស់ ពេលហៅទៅមិនលឺសូរសម្លេងច្រៀងទៀតទេ … សូមកុំមានការធុញទ្រាន់ សម្រែករបស់យុវជនប្រុស/ស្រី យើងរួមគ្នាប្រឆាំង​Covid-19 តាមការណែនាំរបស់ក្រសួងសុខាភិបាលខ្លីប៉ុណ្ណឹង បើទូរស័ព្ទនឹង(call)មិនទាន់បានលើកទេ ស្រែកបានច្រើនដង ដើម្បីជាការរំលឹកមនុស្សគ្រប់គ្នាទាំងអស់ ហើយក្រសួងសុខាភិបាលគេផលិតវីដេអូណែនាំអាការៈយ៉ាងម៉េច គឺគេណែនាំនៅក្នុងហ្នឹងហើយ។

គ្មានផែនការបិទផ្សារលក់ដូរ ភោជនីយដ្ឋាន ហាងកាហ្វេ ពិសេសរោងចក្រ

រាជរដ្ឋាភិបាលបានបិទសាលា វិស្សមកាលមុនកាលកំណត់ ព្រោះមិនប្រាកដថាមុនចូលឆ្នាំខ្មែរនេះបានចូលរៀនភ្លាមទេ។ បិទការជួបជុំសាសនាគ្រប់ប្រភេទ បិទ KTV Club រោងភាពយន្ត សារមន្ទីរ ការប្រគុំតន្ត្រីនៅតាមទីសាធារណៈ តែសុំបញ្ជាក់ថា រាជរដ្ឋាភិបាលគ្មានផែនការបិទទីផ្សារលក់ដូរ ភោជនីយដ្ឋាន ហាងកាហ្វេ ពិសេសរោងចក្រ។ រាជរដ្ឋាភិបាលនៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំ តែហាមការជួបជុំមនុស្សច្រើន យកល្អសប្បាយជាមួយក្រុមគ្រួសារតាមផ្ទះរៀងៗខ្លួន។ ខ្ញុំសុំបញ្ជាក់ត្រង់នេះបន្តិច ខ្លះគេថាឱ្យយើងបិទផ្សារ រោងចក្រ និយាយរួមបិទទាំងអស់។ បើបិទម្លឹងៗ តើយើងត្រូវរស់បៀបម៉េច។ ប៉ុន្តែ ខ្ញុំសូមជម្រាបទៅដល់អាជ្ញាធរមូលដ្ឋាន យើងបិទតែកន្លែង KTV … ក្លិបរាត្រី កន្លែងកំសាន្ត សារមន្ទីរ ក៏ត្រូវបិទព្រោះនោះជាកន្លែងប្រមូលផ្ដុំ។ ប៉ុន្តែផ្សារយើងអត់បិទទេ នៅតែបន្តការលក់ដូរគ្រាន់តែបង្កើនការអនាម័យនៅកន្លែងនោះ ភោជនីយដ្ឋាន លក់បាយ គុយទាវ ហាងកាហ្វេ។ កន្លងទៅតាមលឺ មានថ្នាក់ក្រោមខ្លះគឺធ្វើទៅលើស ទៅបិទទាំងកន្លែងលក់បាយ គុយទាវ កាហ្វេទៀត ​…។

ការប្រគុំតន្ត្រីយើងនៅតែឱ្យធ្វើ ​ក៏ប៉ុន្តែធ្វើដោយមិនចាំបាច់មានមនុស្សមើលទេ ព្រោះនេះជាការផ្សាយបន្តផ្ទាល់ឱ្យប្រជាជនមើលនៅផ្ទះទៅ ចាំបាច់ទៅជុំគ្នានៅទីនោះធ្វើអី ត្រូវការតែក្រុមភ្លេង និងអ្នកចម្រៀងទេ សូម្បីតែការវាយបុកក៏ចូលរួមចំណែកផ្អាកវាយបុក នៅក្នុងសប្ដាហ៍នេះ ប៉ុន្តែការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ដែលមិនមានមនុស្សមើលនៅកន្លែងសម្ដែង ប៉ុន្តែគេផ្សាយបន្តផ្ទាល់​ ដើម្បីឱ្យប្រជាជនមើលតាមផ្ទះនៅតែបន្ត ដើម្បីកុំឱ្យប្រទេសយើងស្ងាត់ពេក។ ពេលឆេងម៉េង ចូលឆ្នាំ រាជរដ្ឋាភិបាលនៅថៃ គឺផ្អាកតែម្ដង ឯយើងមិនប្រើពាក្យសង្ក្រាន្តទេ យើងប្រើពាក្យចូលឆ្នាំថ្មី ប៉ុន្តែយើងធ្លាប់ធ្វើសង្ក្រាន្ត ដូច្នេះសង្ក្រាន្តថ្នាក់ជាតិនៅខេត្តសៀមរាប ថ្នាក់ខេត្ត/ស្រុក យើងអត់ធ្វើទេ។ ឆ្នាំនេះអ្នករាំត្រុដិប្រហែលជាមិនបានរាំទេ ព្រោះបើរាំត្រូវប្រមូលផ្ដុំមនុស្ស យកល្អសប្បាយនៅតាមផ្ទះ។

កុំជឿ និងប្រើអបិយជំនឿបណ្ដេញ Covid-19

ម្យ៉ាងទៀត ខ្ញុំសុំអំពាវនាវសុំកុំប្រើអបិយជំនឿដើម្បីបណ្ដេញ Covid-19។ យប់មិញនេះ ខ្ញុំឃើញ ធី សុវណ្ណថា បញ្ជូនសារមកខ្ញុំថា លោកតាប្រើវិធីនេះគឺមិនល្អទេ។ បើកមើលទៅមិនល្អទេ។ ប្រជាជនដុតភ្លើងដេញ Covid-19 ខែនេះខែប្រាំងឆេះផ្ទះស្លាប់អស់ហើយ។ ម្សិលមិញ មានជំនួយការម្នាក់ផ្ញើមកឱ្យខ្ញុំ​ អំពីបញ្ហាទាក់ទិនជាមួយនឹងការប្រើវិធីមិនល្អ។ គាត់ទៅយកវីដេអូ (២០១៩ ដែលប្រជាពលរដ្ឋ) … ជួបជុំស្រោចទឹកមិនដឹងវត្តណា តាំងពីចូលឆ្នាំៗទៅ (វាមិនមែន)ដេញ Covid-19 ពីអង្កាល់ ប៉ុន្តែខ្លួនឯងអត់ចេះមើល បែរជាទៅបង្ហោះថាអាជ្ញាធរទៅណាអស់ហើយ បានជាបណ្ដោយយ៉ាងដូច្នេះ។ នោះមានតម្លៃស្មើនឹងការស្ដីបន្ទោសឱ្យអាជ្ញាធរ។ ដល់ខ្ញុំមើលវីដេអូមិនមែនដេញ Covid-19 ឥឡូវឯណា​វីដេអូតាំងពីចូលឆ្នាំ ឆ្នាំទៅវាអត់មើល។ រួចហើយបានសុំទោសសម្ដេច មកពីខ្ញុំមិនបានពិនិត្យឱ្យបានដិតដល់។ ​បើជំនួយការអញ្ចឹងៗមិនងាប់ហើយ។ បើធ្វើជំនួយការរបស់ខ្ញុំត្រូវច្បាស់។ សុំកុំប្រើអបិយជំនឿ សូម្បីតែក្រសួងសុខាភិបាលអាមេរិក ចាប់ករណីលក់ថ្នាំព្យាបាល Covid-19 ឯយើងក៏ធ្លាប់មានករណីនេះដែរ។ អត់ទាន់មានអ្នកណាមួយរកឃើញថ្នាំព្យាបាលពិតប្រាកដថាជានោះទេ។ ការពិតយើងព្យាបាលតាមរយៈការប៉ូវកំលាំងឱ្យអ្នកឈឺដើម្បីឱ្យឆាប់ជា លាយថ្នាំអីខ្លះ ប៉ុន្តែការពិត​ថ្នាំប៉ូវច្រើនជាង ស៊ីឱ្យឆ្ងាញ់ទៅអស់ជំងឺពីខ្លួន។

ពិនិត្យមើលផ្លូវច្បាប់ ចំពោះឱសថស្ថានមិនព្រមស្ដាប់

ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះតាមរយៈកុំចេញក្រៅផ្ទះពេលគ្មានការចាំបាច់ អនាម័យផ្ទាល់ខ្លួន ការពាក់ម៉ាស ឬក្រមា ដើម្បីការពារការឆ្លងពីគេមកលើយើង ពីយើងទៅលើគេ ការដាក់ឱ្យនៅឯកោមុនពេលដឹងលទ្ធផលមុនពេលធ្វើតេស្ដ។ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលចុះជួយមូលដ្ឋានរាប់ទាំងសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ដែលចុះជួយមូលដ្ឋានគប្បីទិញក្រមា/ម៉ាសផ្ដល់ជូនប្រជាពលរដ្ឋ។ ប៉ុន្តែ ម៉ាសពិបាករកទិញហើយ។ ខ្ញុំនឹងឈានទៅដល់ការ​រឹបអូសម៉ាសពីហាងទាំងអស់។ ខ្ញុំកំពុងសិក្សាពិនិត្យមើលអំពីផ្លូវច្បាប់ បើអ្នកឯងនៅតែបន្តឡើងថ្លៃដាក់បញ្ជារឹបអូសយកតែម្ដង។ កុំឱ្យរកស៊ីតទៅទៀត​ ហើយបិទឱសថស្ថាន … មិនត្រឹមតែដកម៉ាសបិទមិនឱ្យរកស៊ីរបរនេះមួយជីវិត ដើម្បីឱ្យរាងចាល។ ឥឡូវក្រសួងសុខាភិបាលមានប៉ុន្មាន ប្រជាពលរដ្ឋរាយការណ៍មានប៉ុន្មានឱសថស្ថាន ដើម្បីបិទមួយជីវិត។​ និយាយគ្នាមិនស្ដាប់។ ឆ្លៀតយកចំណេញ។

ពិនិត្យមើលលទ្ធភាពនៃការប្រើមាត្រា ២២ នៃរដ្ឋធម្មនុញ្ញ

ខ្ញុំកំពុងឱ្យពិនិត្យលទ្ធភាពនៃការប្រើប្រាស់ មាត្រា ២២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែប្រសិនបើការអំពាវនាវរបស់ខ្ញុំមិនមានប្រសិទ្ធភាព មាត្រា ២២ ដែលចែងថា ក្នុងពេលប្រទេសដែលមានមហន្តរាយ ការជួបគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភាព ប្រធានព្រឹទ្ធសភា។ ដូច្នេះខ្ញុំក៏អាចស្នើសុំព្រះមហាក្សត្រ​ ចេញព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ប្រទេសដទៃគេបានធ្វើហើយ។ ប្រទេសថៃគេបានប្រកាសពីម្សិល ប៉ុន្តែគេមានក្រឹត្យពីឆ្នាំ ២០០៥ គេប្រើប្រាស់ក្រឹត្យនោះឱ្យអំណាចនាយករដ្ឋមន្ត្រីប្រកាស។ នៅឥណ្ឌាបានប្រកាសហើយ ដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល ២១ ថ្ងៃ។ ឯយើងមាត្រា ២២ គ្រាន់តែចែងថា ព្រះមហាក្សត្រទ្រង់ដាក់ប្រ​ទេស​ក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីនាយករដ្ឋមន្ត្រី ​ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប៉ុន្តែវិសាលភាពរបៀបម៉េច យើងអត់ទាន់មានច្បាប់មួយដោយឡែកទេ។

ខ្ញុំកំពុងឱ្យសិក្សា នៅពេលដាក់ប្រទេសក្នុងគ្រាមានអាសន្ន តើវិសាលភាពគ្របដណ្ដប់លើអ្វីខ្លះ។ ការពិតយើងត្រូវមានច្បាប់មួយ។ នេះជាការចន្លោះប្រហោងរបស់យើងដែលយើងមិនគិតថា អាចដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន សិទ្ធិស៊ីវិលត្រូវបានកាត់ហើយ។ ជាក់ស្ដែងប្រទេសនានាបានអនុវត្តវិធានការយក​ទាហាន ប៉ូលីស ប្រទេសខ្លះប្រជាពលរដ្ឋមិនព្រមស្ដាប់ ប៉ុន្តែយើងនិយាយគ្នាបាន។ ប៉ុន្តែខ្ញុំមិនទាត់ចោលលទ្ធភាពដែលខ្ញុំប្រើប្រាស់មាត្រា ២២ នៃរដ្ឋធម្មនុញ្ញទេ។ សុំឱ្យអ្នកវិភាគ កុំគិតស្មានថា នៅពេលដែលខ្ញុំលើកអំពីលទ្ធភាពបែបនេះ នឹងប្រើប្រាស់វិធីបែបនេះ ដើម្បីបង្ក្រាបទៅលើមនុស្ស​។ អ្នកត្រូវយល់ថា ប្រទេសដទៃគេធ្វើបានដើម្បីគេរារាំងមនុស្សកុំឱ្យចេញពីផ្ទះ ហេតុអីខ្ញុំធ្វើមិនបាន​។ តែអ្នកឯងនិយាយយ៉ាងម៉េច ខ្ញុំមិនដឹងទេ តែខ្ញុំមានសិទ្ធិការពារប្រជាពលរដ្ឋកុំឱ្យស្លាប់ តាមរយៈវិធានការតឹងរឹង ហើយក្នុងហ្នឹងសិទ្ធិស៊ីវិលត្រូវបានផ្អាក ហាមប្រមូលផ្ដុំ ហាមជួបជុំ ហាមចេញពីផ្ទះ វិសាលភាពវាដល់ណា ខ្ញុំកំពុងឱ្យអ្នកច្បាប់ធ្វើការសិក្សាឱ្យខ្ញុំ។ បើដល់កម្រិតមួយហើយ ត្រូវដាក់ប្រទេសក្នុងគ្រាមានអាសន្ន។

សម្ដេចក្រឡាហោម គាត់និយាយថា បើមាន ២ ឬ ៣ នាក់ នៅក្នុងភូមិអាចបិទភូមិ។ នេះវាមិនទាន់ជាស្អីទេ ដើម្បីយើងកុំឱ្យរីករាលដាលចេញពីភូមិនេះទៅកាន់កន្លែងផ្សេង មិនចាំបាច់ប្រើប្រាស់មាត្រា ២២ នៃរដ្ឋធម្មនុញ្ញទេ ដូចជាគ្រុនផ្ដាសាយបក្សី យើងហាមកុំឱ្យចេញពីកន្លែងហ្នឹងទៅកន្លែងដទៃទៀត។ យើងកំពុងបានធ្វើជាហូរហែរមក។ តែវិធានការបង្ខាំងមនុស្សនៅក្នុងផ្ទះទ្រង់ទ្រាយធំ ត្រូវតែធ្វើឱ្យស្របជាមួយរដ្ឋធម្មនុញ្ញ ដែលបានចែងក្នុងមាត្រា ២២ ប៉ុន្តែស្ថិតនៅត្រង់ថា ឥឡូវយើងអត់ទាន់មានច្បាប់ … ប្រទេសនានាប្រធានាធិបតីអាមេរិកប្រកាសរួចហើយតាមរដ្ឋ។ សុំអ្នកវិភាគកុំចេញមកវិភាគថាលោក ហ៊ុន សែន ឆ្លៀតប្រើមាត្រា ២២ ដើម្បីបំពានសិទ្ធិពលរដ្ឋ។ កុំស្ដង់ដារពីរ។ ចិនបិទ Hebei និង Wuhan ថាចិនរឹតត្បិត ដល់ប្រទេសលោកខាងលិចបិទប្រទេសថាវិធានការការពារជំងឺ។​ កុំឱ្យស្ដង់ដារទ្វេ។

រោងចក្រ សហគ្រាស ក្រុមហ៊ុន ស្ថាប័នរដ្ឋ យកចិត្តទុកដាក់ពិនិត្យសុខភាពមន្ត្រី បុគ្គលិក និងកម្មករ

ខ្ញុំអំពាវនាវដល់រោងចក្រ សហគ្រាស ក្រុមហ៊ុន ស្ថាប័នរដ្ឋត្រូវយកចិត្តទុកដាក់លើការពិនិត្យសុខភាពមន្ត្រី បុគ្គលិក និងកម្មករ។ ខ្ញុំអបអរ និងកោតសរសើរចំពោះរោងចក្រនានា ពិនិត្យសុខភាពកម្មករ មុនពេលដែលកម្មករចូលធ្វើការ ខ្ញុំលើកទឹកចិត្តឱ្យបន្តធ្វើកិច្ចការងារនេះ កម្មករពាក់ម៉ាសក្នុងពេលធ្វើការ សុំឱ្យបន្តធ្វើកិច្ចការងារនេះនៅតាមបណ្ដាសណ្ឋាគារ ឬកន្លែងនានា ដែលប្រើប្រាស់កម្មករត្រូវតែមានការត្រួតពិនិត្យសុខភាពឱ្យបានជាប្រចាំ។ តាមស្ថាប័នរដ្ឋ ខ្ញុំអនុញ្ញាតឱ្យធ្វើការឆ្លាស់គ្នាមិនចាំបាច់ទៅជុំគ្នា។ ឥឡូវអ្នកដែលមានការចាំបាច់នៅកន្លែងមួយថា ១០០ នាក់ ចែកគ្នាជាបីវេន។ ទៅមកម្ដង ៣០ នាក់ទៅ ហើយ៦០ នាក់ទៀត ធ្វើការពីផ្ទះតាមអនឡាន ដើម្បីកាត់បន្ថយចំនួនមនុស្សដែលចូលតាមទីកន្លែងនានា។ កន្លែងណាបន្ថយបានបន្ថយ។ ទុកឱ្យមន្ត្រីរាជការរបស់យើងធ្វើការពីផ្ទះ ​ កុំឱ្យកកកុញ។ រឿងស្កេនមេដៃ ផ្អាកសិនទៅ ព្រោះគេហាមប៉ះកន្លែងស្កេនហ្នឹងទៀត។ គួរតែស្ថាប័នរដ្ឋទាំងអស់ និងក្រុមហ៊ុននានាផ្អាកទៅ ព្រោះជាតំបន់ឆ្លងរោគ។ ឥឡូវ គេឱ្យយកកែងដៃចុចគន្លឹះយន្ត សេនស័រ … ខ្ញុំដឹងកន្លែងខ្លះនៅទាមទារឱ្យស្កេន។ ស្កេនអីទៀត បើឥឡូវអង្គការសុខភាព(ពិភពលោក)គេហាមចុចលើប៊ូតុងស្អីៗហ្នឹង។ ស្កេន​រកអីដំណាក់កាលនេះហើយ … ទាហានបើថាវាយ គឺវាយ។ បើថាមិនវាយទេ ដេកនៅឱ្យស្ងៀម ​បំប៉នកម្លាំង … តែដល់ពេលវាយៗអាក្រក់អាក្រី។

ខ្ញុំបញ្ជាឱ្យយកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុតលើជីវិតរបស់ប្រជាពលរដ្ឋ។ អញ្ចឹងទេ មិនមែនការស្កេនមេដៃចូលធ្វើការ (ឬ)មិនចូលធ្វើការជាបញ្ហាសំខាន់(នោះ)ទេ។ ជីវិតរបស់មន្ត្រី, បុគ្គលិក (និង/ឬ)កម្មករ គឺសំខាន់ជាងការស្កេនមេដៃ។ ពីមុនយើងថាឱ្យមន្ត្រីមកធ្វើការ កុំឱ្យមានមន្ត្រីលាក់មុខ។ ឥឡូវនេះកាត់បន្ថយមន្ត្រី បើថា(បុគ្គលិកមាន) ១០០ នាក់ ៣០ នាក់ ទៅធ្វើ(ការ)ទៅ ហើយចាំ ៣០ នាក់ (ទៀតធ្វើការនៅថ្ងៃ)ស្អែក (បន្ទាប់ទៅ) ៣០ នាក់ទៀត (ធ្វើការនៅថ្ងៃ)ខានស្អែក ដូច្នេះ មន្ត្រីរបស់យើងចល័ត (គឺអាច)ធ្វើការតាមផ្ទះ។

កម្មវិធីការងារមួយចំនួនត្រូវបានលុប

ការប្រជុំនានាខ្ញុំលុបចោល (ដូចជា)ត្រូវជួបកីឡាករ/ការិនី ថ្ងៃទី ៤ មេសា (លុបចោល)។ បន្ទាប់ទៅត្រូវជួបជាមួយនឹងសហគ្រាសធុនតូច/មធ្យម នៅក្នុងខែ មេសា ដែរ លុបចោល។ លុបចោលនូវការស្រាយបួស នៃសាសនាឥស្លាម។ លុបចោលការជួបជាមួយនឹងបងប្អូនខ្មែរ-ចិន។ លុបចោលការជួបជាមួយសាសនាគ្រីស្ត​។ លុបចោលទាំងអស់។ ឥឡូវ(នេះ) សូម្បីតែអ្នកខ្លះពន្យារការ(រៀប)ការ ព្រោះការជំនាន់ Covid-19 (ពេល)កាត់សក់ កូនក្រមុំពាក់ម៉ាស កូនកម្លោះក៏ពាក់ម៉ាស អ្នកកំដរក៏ពាក់ម៉ាស។ (បើអញ្ចឹង)ត្រដរការធ្វើអី ផ្អាកសិនទៅ? ហើយអត់មានមនុស្សទៅចូលរួម(ទៅ)ទៀត? អាហ្នឹងជាវិធានការ ដែលយើងត្រូវប្រកាន់យក។

ខ្ញុំអំពាវនាវកុំឱ្យមានការរើសអើងជាតិសាសន៍ ឬសាសនា ព្រោះជំងឺនេះវាអត់ស្គាល់សាសនាណាទេ វាលេងទាំងអស់ ព្រះពុទ្ធក៏វាលេង ឥស្លាមក៏វាលេង គ្រីស្តក៏វាលេង ហិណ្ឌូក៏វាលេង ជាតិសាសន៍ណាក៏វា លេងដែរ។ ឥឡូវ ១៩៧ ប្រទេសទៅហើយ ដែលឆ្លង(Covid-19)។ អញ្ចឹង គ្មានប្រទេសណាមួយ ដែលថា មិនឆ្លងនោះទេ … ជំងឺដែលគ្រោះថ្នាក់ជាងគេ គឺជំងឺរើសអើង។ មុននេះឃើញចិន (គឺ)ខ្លាចចិនតែម្តង … ពេលដែលយន្តហោះចិនដឹកគ្រូពេទ្យ និងថ្នាំពេទ្យមកដល់ មានទូរទស្សន៍ច្រើនណាស់ផ្សាយបន្តផ្ទាល់ ក្នុងហ្នឹងមាន BTV ខ្ញុំតាមមើល។ មានអ្នកចូលទៅcomment អ្នកខ្លះជេរចិន មានអ្នកចេញមកការពារចិន។ ឥឡូវនេះ ទៅរើសអើងអ្នកណា? ពួកអាស៊ីទៅរើសអើង(ពួក)ស្បែកសម្តង។ ពីមុនពួកស្បែកស ទៅរើស​អើងពួកអាស៊ី។ ជំងឺនេះគ្រោះថ្នាក់ណាស់។

ឃើញមានការបង្ហោះហ្វេសប៊ុក មានការរើសអើងអញ្ចេះអញ្ចុះអំពីបងប្អូនឥស្លាម។ ខ្ញុំសុំស្នើឱ្យរំលត់បញ្ហាហ្នឹងបន្ទាន់នៅក្នុងប្រទេសកម្ពុជា។ ប្រទេសនេះ ជាប្រទេសគំរូមួយនៅក្នុងពិភពលោក ដែលគ្មានការ រើសអើងជាតិសាសន៍ និងសាសនា ដែលអង្គការប្រទេសសហប្រតិបត្តិការឥស្លាម ៥៣ ប្រទេសប្លាយ គេកោតសរសើរជាប្រទេស ដែលជាគម្រូ។ ជំងឺនេះវាអត់ចាត់ទុកថា ឥស្លាម ឬព្រះពុទ្ធ(នោះ)ទេ … អ្វីដែលខ្ញុំសំណូមពរ កុំឱ្យមានការរើសអើងជាតិសាសន៍ និងសាសនា។ ប៉ុន្តែ សំខាន់ជាងនោះទៅទៀត កុំឱ្យរើស​អើង​អ្នកដែលកើតជំងឺ(Covid-19)ហ្នឹង។ ឥឡូវ ៤ នាក់ បានជា (ក្នុងនោះ) ម្នាក់ទៅស្រុកចិនហើយ ម្នាក់ទៅអង់គ្លេសហើយ ខ្មែរយើង ២ នាក់ ជានៅ(ឯ)បាត់ដំបង ឱ្យចេញ(ទៅផ្ទះ)ហើយ។ អញ្ចឹង ទៅដល់ភូមិស្រាប់តែនាំគ្នាប្រកាន់ (និង/ឬ)រើសអើង អត់ហ៊ាន(ប្រាស្រ័យទាក់ទង)។ ប៉ុន្តែ យកល្អ ចេញពីពេទ្យមែនទៅនៅក្នុងផ្ទះ កុំអាលចាកចេញទៅណាទៀត ហើយអ្នកដទៃក៏កុំធ្វើការរើសអើងជាមួយអ្នកដែលកើត(ជំងឺ Covid-19)។ អ្នកនៅសៀមរាបដូចជាយូរជាងគេបន្តិច? (គាត់មានជំងឺ)រលាកថ្លើម។ អញ្ចឹង ក្រៅពីគាត់មានជំងឺ(Covid-19)ហ្នឹង គាត់មានជំងឺរលាកថ្លើមស្រាប់ តាមដឹងគាត់ជើងផឹក/ចូលខារ៉ាអូខេខ្លាំងដែរ។

មិនទាន់មានអ្នកស្លាប់ដោយសារ Covid-19 តែបារម្ភជនជាតិបារាំង/អង់គ្លេសមានអាយុច្រើន

ជំងឺគ្រោះថ្នាក់ជាងគេ គឺជំងឺភ័យខ្លាចហួសហេតុ និងការរើសអើង។ អានេះគ្រោះថ្នាក់ជាង Covid-19 ទៅទៀត។ Covid-19 វាអត់វាយប្រហារភ្លាមងាប់ភ្លាមទេ ប៉ុន្តែកន្លងទៅបំផុសថា ឱ្យតែដួលភ្លាម គឺ Covid-19 រហូតទៅដល់អង្គុយខុសជើងម៉ាសោះ (ក៏) Covid-19 ដែរ។ អញ្ចឹង វាដូចជាបំផ្លាញកេរ្តិ៍ឈ្មោះ/លើកទឹកចិត្ត Covid-19 ហ្នឹងខ្លាំងពេកហើយ។ សង្គ្រាមប្រឆាំង Covid-19 ពិតមែនតែវាគ្រោះថ្នាក់ ក៏ប៉ុន្តែ ប្រៀបធៀបជាមួយសង្គ្រាមយោធាៗជួនកាលស្លាប់ ឬរបួស ប៉ុន្តែ Covid-19 អត់ទេ។ មិនដឹងទេ ក៏ប៉ុន្តែ បើសិនវា ឆ្លង (ក៏)នៅសល់ពេលវេលា ដើម្បីឱ្យយើងព្យាបាលដែរ។

នៅកម្ពុជាទោះបីឆ្លងដល់ ៩៣ ករណី ប៉ុន្តែ មិនទាន់មានអ្នកណាមួយស្លាប់ទេ។ អ្វីដែលយើងបារម្ភនោះ (គឺ)ជនជាតិបារាំង/ជនជាតិអង់គ្លេសប៉ុន្មាននាក់ ដែលមានអាយុច្រើន។ យើងបារម្ភអាហ្នឹង។ ប៉ុន្តែ ខ្មែរយើង ជាទូទៅតាមព័ត៌មាន មិនទាន់មានអ្នកណាមួយមានសុខភាពទ្រុឌទ្រោមនោះទេ គ្រាន់តែយើងដាក់នៅដោយឡែកដើម្បីព្យាបាល។ ទាល់តែធ្វើតេស្ត (ហើយ)ធ្វើតេស្តពីរដង គេហៅថា អវិជ្ជមានពីរដង ទើបឱ្យ​ចេញ។ យកល្អពេលចេញទៅដល់ផ្ទះហើយ កុំអាលទំនាក់ទំនងជាមួយអ្នកដទៃអី គួរនៅក្នុងផ្ទះសិន (នៅ)ដាច់ដោយឡែក(ពីគេ)សិន។ បើទោះបីថានឹកប្រពន្ធណាស់ ក៏ទុកប្រពន្ធមួយដុំសិនទៅ។ អាហ្នឹង ទាក់ទងនឹងកិច្ចការទី ២ គឺទាក់ទងកុំឱ្យឆ្លងពីអ្នកដែលមានជំងឺទៅកាន់(អ្នកដទៃ )

កិច្ចការទី ៣៖ ខិតខំព្យាបាលអ្នកឆ្លងឱ្យជាសះស្បើយ។ កិច្ចការនេះ យើងបាននឹងកំពុងធ្វើហើយៗសហប្រតិបត្តិការជាមួយគ្រូពេទ្យចិន ដែលគេអាចមានថ្នាំ គេមានបទពិសោធន៍យ៉ាងម៉េចអីយ៉ាងម៉េច។ អញ្ចឹង កិច្ចការទី ៣ នេះ ខ្ញុំមិនចាំបាច់និយាយច្រើនទេ ដោយសារតែយើងបាន និងកំពុងធ្វើហើយៗ យើងធ្លាប់ព្យាបាលឱ្យជាបាន ៤ នាក់ហើយ។ ប៉ុន្តែ ដើម្បីឱ្យអង្គការសុខភាពពិភពលោកគេយកទៅ Update ត្រូវដាក់ថា អ្នកជាហ្នឹងមានជនជាតិណាខ្លះ ព្រោះតាមមើលក្នុង Update ហ្នឹង មានអ្នកមកពីអាមេរិក គេថា អត់ដឹង ថាមួយទៀតជាអ្នកណា។ អញ្ចឹង យើងដាក់ទៅ ទី ១ គឺចិន, ទី ២ (គឺ)ស្ត្រីជនជាតិអង់គ្លេស, ទី ៣/៤ គឺខ្មែរ។ (មានអ្នកខ្លះ)គេថា យើងលាក់ទិន្នន័យទៅទៀត (តើ)តម្លាភាពឯណាលើសពីតម្លាភាព នៃអង្គការសុខភាពពិភពលោក ដែលធ្វើការជាមួយនឹងយើង?

អ្នកឆ្លងជំងឺហើយ ត្រូវរៀបចំទីតាំងជាពេទ្យសម្រាប់ព្យាបាល

ចំណុចបន្ត អំពីការប្រើប្រាស់ទីតាំង។ រួមមានយើងមានជាង ៣ ពាន់បន្ទប់ ប៉ុន្តែ ខ្ញុំស្នើឱ្យមានការបែងចែក ជាពីរនៅក្នុងការប្រើប្រាស់ទីតាំង៖ ទី (១) អ្នកដែលមានជំងឺឆ្លងហើយ ត្រូវតែរៀបចំទីតាំងជាពេទ្យ សម្រាប់ការព្យាបាលតែម្តង។ ពេទ្យដែលយើងមានស្រាប់ ហើយដែលយើងបម្រុងទុក ក៏ត្រូវរៀបចំតាំងពីអុកស៊ី(សែន) តាំងពីស្អីៗចូលទៅដល់ ព្រោះអាហ្នឹងមិនអាចយកទៅដាក់កន្លែងធម្មតាបានទេ។ ធ្វើម៉េចឱ្យមានឧបករណ៍ពេទ្យត្រឹមត្រូវ សម្រាប់ព្យាបាលអ្នកដែលឆ្លងរួចហើយ។ អញ្ចឹង សំដៅទៅលើមន្ទីរពេទ្យ ដែលមានរួចហើយ បូកបន្ថែមទៅដោយកន្លែងដែលយើងត្រូវធ្វើឱ្យមានមន្ទីរពេទ្យបន្ថែម។ ឧបករណ៍សម្ភារៈត្រូវតែមាន។ គ្រូពេទ្យត្រូវតែមានឱ្យគ្រប់។ អាហ្នឹងសម្រាប់ផ្នែកទី ១ គឺអ្នកដែលឆ្លងហើយ។

… (២) ទីតាំងដាក់ឱ្យនៅឯកោរយៈពេល ១៤ ថ្ងៃ មុនដឹងលទ្ធផល

ខ្ញុំគិតថា ក្រសួងសុខាភិបាលបានធ្វើកិច្ចការហ្នឹងរួចហើយ ក៏ប៉ុន្តែ នេះជាការចង្អុលបង្ហាញបន្ថែម អំពីក្របខណ្ឌ នៃគោលនយោបាយ និងមេបញ្ជាការ នៃយុទ្ធនាការដែលចេញមុខ សម្រាប់យុទ្ធនាការមួយនេះ។ ឯទី (២) ទីតាំងដាក់ឱ្យនៅឯកោរយៈពេល ១៤ ថ្ងៃ មុនដឹងលទ្ធផល។ ទីតាំងទាំងនេះ ត្រូវមានគ្រែ/មុង/ភួយ/កន្ទេល/ខ្នើយ/បាយ/ទឹកឱ្យគេ បានសេចក្តីថា អ្នកទាំងនេះជាអ្នកដែលយើងកំពុងសង្ស័យ។ យើងទៅយកសំណាកគេហើយ អញ្ចឹង ត្រូវយកគេទៅទុកនៅកន្លែងហ្នឹង ដែលមិនមែនចាំបាច់មានពេទ្យអីច្រើន ទេ (ឬ)មានឧបករណ៍ពេទ្យអីទេ ព្រោះឧបករណ៍ពេទ្យយើងដាក់ សម្រាប់ពួកអ្នកដែលឆ្លងហើយ ឯនេះអ្នក ដែលយើងសង្ស័យ ដែលយើងកំពុងយកសំណាក(ទៅពិនិត្យ)។ អញ្ចឹង កន្លែងនេះប្រហែលជាមានចំនួនច្រើន។ អញ្ចឹង បានឱ្យរកសណ្ឋាគារ/ស្អីៗហ្នឹង សំដៅដាក់អ្នកទាំងហ្នឹង។ កន្លែងអន្តេវាសិកដ្ឋានរបស់គ្រូ បង្រៀនស្អីៗហ្នឹង ឱ្យដាក់អ្នកទាំងហ្នឹង។

រៀបចំទៅ (ប្រសិនបើ)យើងយកសំណាកពីគាត់(ទៅពិនិត្យ រួចហើយយើង)យកគាត់ទៅដេកដោយគ្មានគ្រែ/មុង/ខ្នើយ/ភួយដណ្តប់ វាយ៉ាប់ទៅទៀត។ ខ្ញុំស្នើសុំឱ្យ យកចិត្តទុកដាក់ទៅលើបញ្ហាហ្នឹង។ ពេលដែលគាត់ចេញ ឱ្យគាត់យកទៅកន្ទេលមួយ ភួយមួយ ខ្នើយមួយ។ យកទៅ ហើយយើងទិញដាក់ថែមទៀត ព្រោះបើមិនអញ្ចឹងវាឆ្លងគ្នា។ ប៉ុន្តែកុំភ្លេច ឱ្យមានកន្លែងអ្នកដាំបាយ ផ្គត់ផ្គង់បាយឱ្យគាត់ ទទួលបាយមួយថ្ងៃបីពេល ទម្រាំគាត់ដឹង(លទ្ធផល) ដូច្នេះ ក៏ពីរ(ឬ)បីថ្ងៃដែរ។ កុំចាំបាច់ឱ្យគាត់វេចបាយពីផ្ទះទៅ។ យើងចិញ្ចឹមគាត់។ គ្រប់ខេត្តទាំងអស់ត្រូវដោះស្រាយអាហ្នឹង។ អ្នកដាំបាយឱ្យគាត់អត់មានតម្រូវការយកគ្រូពេទ្យទេ។ ម្ហូបអាហារ (និង)អង្ករយើងមាន។ ដាក់ទៅ។ មានតែ ពីរ ឬបីនាក់សោះ ជួនកាលមានតែម្នាក់ គ្រាន់តែកុំឱ្យគាត់ទៅណា ជួនកាលទៅទិញបាយពីខាងក្រៅយកទៅឱ្យគាត់ទទួលទានទៅ។

លុយដែល យើងប្រមូលបាននេះ ក៏យើងអាចយកទៅចិញ្ចឹមបានដែរ។ ខ្ញុំមិនចង់ចង្អុល(ថាប្រើប្រាស់លើ)មុខណា ប៉ុន្តែ រដ្ឋទទួលខុសត្រូវ ចិញ្ចឹមគាត់។ ក្នុងករណីគាត់រកមិនឃើញ គាត់ត្រូវទៅផ្ទះ ឱ្យគាត់យកភួយ/ខ្នើយហ្នឹងទៅ។ ក្នុងករណីដែលរកឃើញ អាភួយ/ខ្នើយស្អីៗហ្នឹង សម្លាប់មេរោគអីរួចហើយ ទុកឱ្យគាត់យកទៅផ្ទះទៅ រួចហើយគាត់ត្រូវចូលទៅពេទ្យ។ អញ្ចឹង ទីតាំងដែលបានត្រៀមបម្រុងទុកជាង ៣ ពាន់បន្ទប់នេះ ខ្ញុំគិតថា ប្រហែលជា ២០០ ឬ ៣០០ បន្ទប់ យើងថាអញ្ចឹងទៅចុះ ប្រើសម្រាប់ការព្យាបាល ប៉ុន្តែ ភាគច្រើនអ្នកដែលយើងសង្ស័យ គឺត្រូវតែយកគាត់មកទុកដោយឡែក ព្រោះយើងត្រូវធ្វើតេស្ត។ ការទុកដោយឡែក មានពីរប្រភេទ៖ មួយទុកដោយឡែកនៅពេលដែលយើងសង្ស័យ។ មួយទៀត ដាក់ខ្លួននៅដោយឡែក មិនចាំបាច់មកនៅទីហ្នឹងទេ។ នៅផ្ទះទៅ។

បណ្តាខេត្តតាមទល់ដែន ត្រូវយកចិត្តទុកដាក់ទៅលើអ្នកមកពីថៃ

អ្នកដែលមកពីថៃ អាចថា ផ្ទះសម្បែងរបស់គាត់ពិបាកនៅ (ឬ)នៅឆ្ងាយស្អីៗ យើងអាចឱ្យគាត់(ស្នាក់នៅទីនោះ) ជាពិសេស បណ្តាខេត្តតាមទល់ដែន ត្រូវយកចិត្តទុកដាក់ទៅលើអ្នកទាំងហ្នឹង។ ខ្ញុំឃើញមានបញ្ចេញតាម Telegram ថ្លែងអំណរគុណ ចំពោះអាជ្ញាធរខេត្តស្អីៗ ដែលបានដាក់ឱ្យគាត់នៅដោយឡែក មានបាយ/ទឹក មានស្អីៗ។ អញ្ចឹង យើងត្រូវទទួលខុសត្រូវក្នុងពេលហ្នឹង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបញ្ចុះថវិកា ដើម្បីឱ្យខេត្តធ្វើការ។ ខេត្តមានថវិការបស់ខេត្តហើយ តម្រូវការបំពេញបន្ថែម គឺរាជរដ្ឋាភិបាល។ ឥឡូវ កាត់បន្ថយការចំណាយនានា ដើម្បីយកលុយហ្នឹងមកចាយលើអាហ្នឹង។ កន្លែងមួយៗត្រូវតែ មានទឹក/ភ្លើងឱ្យបានច្បាស់។ ប៉ុន្តែ កន្លែងទាំងអស់ដែលរកឃើញ ដែលបញ្ជូនមកឱ្យខ្ញុំ សុទ្ធតែមានកន្លែងល្អហើយ។ យ៉ាងហោចណាស់អន្តេវាសិក(ដ្ឋាន)របស់គ្រូបង្រៀន និងកូនសិស្ស សុទ្ធតែមានបន្ទប់ទឹក មានភ្លើង/កង្ហារ បើកន្លែងខ្លះទៀតមានដល់ទៅសណ្ឋាគារឯណោះ។ ប៉ុន្តែ បើដាក់នៅសណ្ឋាគារ នៅពេលគាត់មានបញ្ហា គឺត្រូវក្នុងបន្ទប់ហ្នឹងពេលដែលយកគាត់ចេញ ត្រូវតែសម្លាប់មេរោគយ៉ាងម៉េចអីយ៉ាងម៉េច ហើយត្រូវត្រួតពិនិត្យអ្នកដែលប៉ះពាល់ជាមួយគាត់។ ប៉ុន្តែ នៅពេលដែលសង្ស័យហើយ គេហាមប៉ះពាល់គ្នា។

ប្រើកម្លាំង ៤ ប្រភេទ, ដើរដល់ណាគ្រប់គ្រងដល់នោះ, គ្រប់គ្រងមួយជំហានមុន

ឥឡូវ ខ្ញុំនិយាយអំពីការប្រើប្រាស់កម្លាំង។ យើងមានកម្លាំងបួននៅពេលនេះ ទី (១) ពេទ្យរដ្ឋ (២) ពេទ្យ យោធា (៣) ពេទ្យនគរបាល (៤) ពេទ្យស្ម័គ្រចិត្តរបស់យើងនេះ។ កម្លាំងរបស់យើងនេះ ថ្ងៃនេះមានតែ ៤២២ នាក់ទេ ប៉ុន្តែលទ្ធភាពពង្រីក គឺនៅមានបន្ត។ ប៉ុន្តែ វាស៊ីសងតើយើងត្រូវការឬអត់ (វាអាស្រ័យ)ទៅតាមការវិវឌ្ឍនៃស្ថានភាពជំងឺក្នុងប្រទេសយើង។ ដើរដល់ណាគ្រប់គ្រងដល់នោះ ហើយគ្រប់គ្រងមួយជំហានមុន … នាយករដ្ឋមន្ត្រីកាន់ការផ្ទាល់ (និង)មើលផ្ទាល់ មិនមែនផ្ទាល់តែជាមួយរដ្ឋមន្ត្រីសុខាភិបាល​ទេ ផ្ទាល់ជាមួយទាំងចៅហ្វាយខេត្ត។ បញ្ជាតែមួយថ្ងៃ រៀបចំទាំងអស់។ ព្រលឹមឡើង Voice សម្លេង។ រាយការណ៍មកវិញ មួយថ្ងៃហ្នឹងចៅហ្វាយខេត្តអត់ឱ្យរាយការណ៍ពីរឿងការងារអីក្រៅតែពីការងារហ្នឹង។ ជាង ៣.០០០ បន្ទប់ភ្លាម ព្រោះយើងបានដឹងស្ថានភាពពិតប្រាកដនៃហេដ្ឋារចនាសម្ព័ន្ធរបស់យើង។ ដូច្នេះមានរឿងអីដែលត្រូវពន្យារ។ ម្យ៉ាងទៀត មិនមែនរឿងថ្មីថ្មោងរបស់ខេត្តឯណា តាំងពីការចាប់ផ្តើមខេត្តបានបម្រុងទុករួចអស់ហើយ។ កុំមើលស្រាលអាប្រទេសដែលថាក្រ ប្រព័ន្ធសុខភាពខ្សោយ ប្រព័ន្ធការពារសុខភាពខ្សោយ ក៏ប៉ុន្តែគំនិតរបស់វាក៏មិនប្រាកដថាវាខ្សោយ។ ប្រព័ន្ធសុខភាពខ្លាំង គំនិតមេដឹកនាំមិនប្រាកដថាខ្លាំង គ្រាន់តែសំណាងល្អ អ្នកឯងបានកើតក្នុងប្រទេសអ្នកមានតែប៉ុណ្ណឹងទេ … យើងត្រូវប្រុងប្រយ័ត្នអំពាវនាវទៅដល់ប្រជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់ជាមួយនឹងម្តាយឪពុកចាស់ ជាមួយនឹងអ្នកជំងឺ អ្នកដែលមានវ័យចំណាស់ មេភូមិ មេឃុំ ត្រូវយកចិត្តទុកដាក់មនុស្សចាស់ ដែលខ្វះទីពំនឹង។

ចែកអង្ករសម្រាប់អ្នកខ្វះខាតតាមផ្ទះ

ពេលវេលានេះខ្ញុំអំពាវនាវឱ្យមន្រ្តីគណបក្សប្រជាជន ដែលចុះមូលដ្ឋានរៀបចំទៅ ពេលដែលគាត់មិនអាចចេញទៅណាបានគាត់ខ្វះអង្ករ គាត់ខ្វះអីទទួលទាន អញ្ចឹងទេ ពេលវេលាដើរចែកអង្ករតាមផ្ទះ ខ្ញុំឱ្យខេត្តកណ្ដាលធ្វើមុន។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុដែលជាប្រធានក្រុមការងារខេត្តកណ្តាល ដឹកនាំការងារហ្នឹង ធ្វើខេត្តកណ្តាលគំរូមុនគេ។ ចុះចែកក្រមាចែកអង្ករ ចែកត្រីខកំប៉ុង ដល់ផ្ទះអ្នកដែលខ្វះខាត កុំចាំបាច់ហៅមកប្រជុំ ដើរចែកតែម្តង។ មន្រ្តីគណបក្សប្រជាជនច្រើនណាស់ចុះមូលដ្ឋានធ្វើទៅ។ ក្នុងមួយភូមិអញ្ចឹងមិនមែនក្ររហូតដល់ ៩០ ភាគរយទេ យើងថាអ្នកដែលខ្វះខាត ២០ ភាគរយ ។ ប្រើឱ្យចំគោលដៅ ២០ ភាគរយ។ ផ្គត់ផ្គង់ក្រមាឱ្យគាត់ ដើម្បីជំនួសឱ្យម៉ាស ហើយអ្នកខ្លះរហូតដល់ Comment តាម Facebook ថាសុំឱ្យសម្តេចនាយកពន្យល់អំពីប្រសិទ្ធិភាពនៃការប្រើប្រាស់ក្រមាជំនួសម៉ាស។ កុំដល់អញ្ចឹងពេកអី? ក្រែងយើងជាខ្មែរ? បើជាខ្មែរខ្ញុំសុំផ្តាំហោចបំផុតវាមានប្រយោជន៍យកវាទទូរ ដើម្បីជូតញើស ដើម្បីបង់ក ដើម្បីផ្លាស់សម្រាប់ងូតទឹកអី? …។

គ្រូពេទ្យត្រូវមានភាពម៉ឺងម៉ាត់បំផុត ហ្វឹកហ្វឺនឱ្យហ្មត់ចត់ បំពាក់សម្ភារៈឱ្យបានត្រឹមត្រូវ

គ្រូពេទ្យរបស់យើងនេះ ខ្ញុំសុំផ្តាំឯកឧត្តម ម៉ម ប៊ុនហេង  ក៏ដូចជាលោកជំទាវ យក់ សម្បត្តិ ដែលជាមេបញ្ជា​ការថា … ខ្ញុំត្រូវទទួលខុសត្រូវចំពោះកូនក្រមុំកូនកំលោះរបស់គេ។ ខ្លះជាប្តីគេ ខ្លះជាប្រពន្ធគេ ខ្លះជាឪពុកគេ។ ខ្ញុំត្រូវទទួលខុសត្រូវចំពោះមុខ។ ខ្លះជាម្តាយគេ។ ខ្ញុំត្រូវទទួលខុសត្រូវចំពោះនិស្សិតពេទ្យ និងនិស្សិត ៤២២ នាក់នេះជាមួយនឹងការទទួលខុសត្រូវលើគ្រូពេទ្យដែលប្រតិបត្តិការនេះ ជាង ២០០០ នាក់ ខាងស៊ីវិល ប៉ុន្មានរយនាក់របស់ទាហាន និងប៉ុន្មានទៀតរបស់នគរបាលត្រូវហ្វឹកហ្វឺនឱ្យច្បាស់ទី ១។ ទី ២ បំពាក់សម្ភារៈឱ្យគ្រប់។ បើមិនគ្រប់អត់ចេញ។ ខ្ញុំមិនឱ្យចេញទេ។ អញ្ចឹងត្រូវពាក់ឱ្យគ្រប់តាមស្តង់ដារ … ចុះបើទៅគង់តែងាប់ដដែល ងាប់ទាំងអ្នកជំងឺហើយ ងាប់ទាំងយើងទៅទៀត … សង្រ្គាមខុសគ្នា។ សង្គ្រាមយោ​ធាមានយុទ្ធជនខ្លះ ដើម្បីការពារថ្មើជើងឡើង យុទ្ធជនរូបនោះ ដោយសារកាំភ្លើងយន្តវាបាញ់សម្រុកមកខ្លាំងជ្រុលដែលធ្វើឱ្យកងទ័ពមិនអាចឡើងរួច យុទ្ធជនខ្លះហ៊ានយកទ្រូងពាំងគ្រាប់ដើម្បីកុំឱ្យកាំភ្លើងយន្តបាញ់ចេញបានតទៅទៀត ដើម្បីបើកច្រកឱ្យថ្មើរជើង វាយលុកចូលបន្ទាយសត្រូវ … ប៉ុន្តែសម្រាប់សង្រ្គាមលើសមរភូមិសុខភាពរបៀបនេះ យើងទៅសង្រ្គោះមនុស្សក៏មិនបាន ថែមទាំងងាប់ខ្លួនឯងទៀត តើវាបានប្រយោជន៍អីទៅ? អញ្ចឹងហើយបានជា ខ្ញុំណែនាំដោយភាពម៉ឺងម៉ាត់បំផុត ហ្វឹកហ្វឺនឱ្យហ្មត់ចត់ និងបំពាក់សម្ភារៈឱ្យបានត្រឹមត្រូវ។

ឥឡូវពិនិត្យឯកឧត្តម ម៉ម ប៊ុនហេង ខ្ញុំមិនច្បាស់ទេ ឃើញផ្ញើមកខ្ញុំហើយ ប៉ុន្តែតើនៅខ្វះអីទៀតបញ្ជាទិញ ហើយកន្លែងទិញរបស់យើងអាចមាននៅបាវិតក៏មាន កំពង់ចាមក៏មាន។ កន្លែងខ្លះយើងបញ្ជាទិញពីខាងក្រៅ ខ្ញុំមើលស្បែកជើងដូចខ្វះ។ ស្បែកជើងដូចអស់ពីស្តុក។ ប៉ុន្តែស្បែកជើងនេះតើអាចមានស្បែកជើងប្រភេទអីដែលអាចជំនួសស្បែកជើងហ្នឹងបាន? ត្រូវតែស្បែកជើងកវែង? ប៉ុន្តែខ្ញុំឃើញដូចអស់ពីស្តុកហើយ អញ្ចឹងត្រូវតែបញ្ជាទិញ។ នៅយើងមានផលិតទេ អាហ្នឹង? ខ្ញុំថាដូចមាន។ រកពិនិត្យមើល។ កុំធ្វេសប្រ​ហែស។ យើងមិនដល់ខ្វះលុយដល់ថ្នាក់ទិញរបស់អញ្ចឹងៗបានទេ។ កន្លែងខ្លះ សល់រាប់ម៉ឺនកុំផ្លេ ដូចជាខោអាវ ក្បាំងមុខ … ប៉ុន្តែខ្ញុំមើលឃើញផ្នែកស្បែកជើងគឺអស់ពីស្តុក (ក្រសួងសុខាភិបាលបញ្ជាទិញជិត ១០០០ ទៀត)។ រាយការណ៍ឱ្យខ្ញុំ ឱ្យជាប់មុខណាមកដល់ មុខណាចេញប៉ុន្មាន ចូលប៉ុន្មាន …។

អរគុណអ្នកផ្តល់ជំនួយទប់ទល់ជំងឺ COVID-19 សង្ឃឹមថាមានអ្នកជួយបន្ថែមទៀត

ចំណុចចុងក្រោយគឺសហប្រតិបត្តិការអន្តរជាតិ។ ឥឡូវនេះយើងមានដៃគូច្រើន។ កន្លងទៅយើងធ្វើការជាមួយអង្គការសុខភាពពិភពលោក ធ្វើការជាមួយនឹងដៃគូដទៃទៀត ឥឡូវដៃគូចិនបានមកដល់ ហើយបើយើងបានដឹងការជូនដំណឹងពីភាគីចិន សម្ភារៈដែលមកបានប៉ុន្មានតោនជាង ៤ តោននេះ គ្រាន់តែជាដំ​ណាក់​កាលដំបូងទេ និងមកជាបន្តបន្ទាប់តាមតម្រូវការរបស់យើង។ ចិនមានបទពិសោធន៍ ហើយអ្នកទាំងនេះសុទ្ធតែអ្នកទៅចូលរួមប្រយុទ្ធនៅក្រុង Wuhan។ បទពិសោធន៍របស់ចិនជាបទពិសោធន៍ជោគជ័យ។ យើងអរគុណដៃគូនានាដែលបានផ្តល់ជំនួយសម្រាប់យើង (មានដូចជា)អង្គការសុខភាពពិភពលោក។ ឥឡូវមូលនិធិសកលក៏អនុញ្ញាតឱ្យយើងប្រើប្រាស់នូវថវិកាហ្នឹងដែរ តាមដែលឯកឧត្តម អៀង មូលី ធ្វើរបាយការណ៍ … USAID របស់សហរដ្ឋអាមេរិកដូចបានផ្តល់ ២ លានដុល្លារដែរ។ អញ្ចឹង យើងនឹងអរគុណអ្នកដែលផ្តល់ជំនួយឱ្យយើង។ សង្ឃឹមថានឹងមានអ្នកផ្តល់ជំនួយបន្ថែមទៀត (ដូចជាពី)ធនាគារពិភពលោកក៏ដូចជាផ្នែកដទៃទៀត។ ជប៉ុនក៏បានផ្តល់ជំនួយឱ្យយើងមួយផ្នែករួចហើយដែរ។ អញ្ចឹងយើងធ្វើសហប្រតិបត្តិការជាមួយប្រទេសដទៃ ហើយក៏ត្រូវធ្វើសហប្រតិបត្តិការជាមួយដៃគូជិតខាងរបស់យើងដែលជាប់ ព្រំដែនជាមួយយើង និងនៅក្នុងតំបន់អាស៊ានអំពីការចែករំលែកព័ត៌មាន ឬកិច្ចសហប្រតិបត្តិការ។ ពេលខ្លះមនុស្សឆ្លងជំងឺតពីនោះ មកណេះ​គេផ្តល់ព័ត៌មានមកយើងត្រូវរកជួនកាលពីយើងទៅគេ យើងត្រូវផ្តល់ឱ្យគេយ៉ាងម៉េចនេះជាអ្វីដែលខ្ញុំចង់ជូនសារ។

សម្រាប់ថ្ងៃនេះ ហើយអំពាវនាវដោយទទូចសម្រាប់ប្រជាពលរដ្ឋរបស់យើងចូលរួមនៅក្នុងប្រតិបត្តិការនេះទាំងអស់គ្នាមួយប្រទេសដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ភូមិនីមួយៗរហូតដល់កម្រិតទូទាំងប្រទេស។ បើយើងមិនចាប់ផ្តើមពីមនុស្សម្នាក់ៗ តើឱ្យចាប់ផ្តើមពីអ្វី? ប្រពន្ធយើងមិនអាចស្លាប់ជាមួយយើងបានទេ មិនអាចមកធ្វើអនាម័យជាមួយយើងបានទេ  ប្តីយើងក៏មិនអាចទៅជួយប្រពន្ធយើងទៅធ្វើអនាម័យបានដែរ។ អញ្ចឹងម្នាក់ៗត្រូវតែមានការការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយខ្ញុំនៅលើតុរបស់ខ្ញុំទាំងអស់ ខ្ញុំមានអាល់កុល ហើយមុនពេលដែលខ្ញុំមកចូលក្នុងនេះ គ្រាន់តែឡានកាច់ជ្រុងនេះចាក់អាល់កុលហើយស្រេចលាងដៃរបស់ខ្ញុំ ចេញពីហ្នឹងទៅខ្ញុំលាងអាល់កុលទៀត ដល់ផ្ទះខ្ញុំលាងអាល់កុលទៀត ដល់បន្ទប់ទឹកខ្ញុំលាងសាប៊ូ ដូច្នេះធ្វើម៉េច ហ៊ុន សែន ឆ្លងបាន?

ប្រែការលំបាក ជាកាលានុវត្តភាព ឱ្យប្រជាជនខ្មែរចេះអនាម័យទូទាំងប្រទេស

ម៉ាសឡើងថ្លៃ ប្រើក្រមា ក្រមាជាផលិតផលយើង ហើយអារឿងវាអញ្ចេះ។ យើងពិនិត្យមើលអ្នកដែលគេធ្វើឃ្លីបកុំចាំបាច់ដល់ក្រមា ពេលកណ្ដាស់គ្រាន់តែយកកែងដៃអាវខ្ទប់ ក៏វាកាត់បន្ថយការចម្លងទៅអ្នកដទៃដែរ​។ សូម្បីតែបារាំងក៏ខ្វះម៉ាស បារាំង អេស្ប៉ាញ អ៊ីតាលី ខ្វះម៉ាសម៉េច ក៏មិននាំគ្នាជេរបារាំងផង? មកជេរខ្មែរ អាពួកអ្នកនៅស្រុកបារាំង ឬនៅអាមេរិក ឱ្យវាចេះគិតផងមើល ស្អីឡើងមកបន្ទោសខ្មែរៗ។ យើងមាន ១៦ លាននាក់ ហើយម៉ាសមិនមែនប្រើប្រាស់បានមួយជីវិតឯណា។ តែប៉ុន្មានម៉ោងគឺចោល។ អញ្ចឹងបានជាខ្ញុំថាឱ្យប្រើគួបផ្សំគ្នាទៅ មានម៉ាសពាក់ក៏ពាក់ទៅ ក្រែងចែកទាំងអស់? ចែកទាំងក្រមា ចែកទាំងម៉ាស? អ្នកណាចង់ពាក់ម៉ាសក៏ពាក់ទៅ ព្រោះកាលពេលមុនអ្នកណាចូលប្រជុំជាមួយខ្ញុំពាក់ម៉ាសអត់បាន ពេលនោះវាអត់មានអាកូរ៉ូណាឯណា។ វាមានតែអាខ្លាចហ្នឹង។ រឿងអីមកពាក់ម៉ាសមុខខ្ញុំ បើនាយករដ្ឋមន្រ្តីអត់ពាក់ម៉ាសផង។ ប៉ុន្តែ ឥឡូវនាយករដ្ឋមន្រ្តីក៏ចាប់ផ្តើមពាក់ម៉ាសដែរ។ ខ្ញុំនៅផ្ទះខ្ញុំពាក់ម៉ាស ព្រោះម្តាយក្មេកខ្ញុំឈឺ ខ្ញុំទៅប៉ះ ខ្ញុំត្រូវរក្សាកុំឱ្យឆ្លងទៅគាត់ … ម្នាក់ៗត្រូវតែមានអនាម័យ នេះត្រូវតែប្រែក្លាយឱកាសនៃការលំបាកឱ្យទៅជាកាលានុវត្តភាពសម្រាប់ប្រជាជនខ្មែរចេះអនាម័យទូទាំងប្រទេស។ ហើយមិនមែនអនាម័យតែដំណាក់កាល Covid-19 ទេ ក្រោយ Covid-19 ទៅកម្ពុជានឹងក្លាយទៅជាប្រទេសដែលមានអនាម័យ គ្រួសារនីមួយៗមានអនាម័យ។

ទទួលបន្ទុកចិញ្ចឹមគ្រូពេទ្យស្ម័គ្រចិត្តរយៈពេល ១០០ ថ្ងៃ

ឥឡូវនិយាយដល់បញ្ហាការផ្គត់ផ្គង់សម្រាប់គ្រូពេទ្យស្ម័គ្រចិត្តនេះ អ្នកណាចិញ្ចឹម? ខ្ញុំសូមប្រកាសជូននៅទីនេះ ពូទទួលបន្ទុកចិញ្ចឹមក្មួយៗរយៈពេល ១០០ ថ្ងៃ ។ ផុតពី ១០០ ថ្ងៃ ខ្ញុំនឹងសុំថវិការដ្ឋ ថ្ងៃនេះសម្រាប់ក្មួយ​ៗជូនជាថវិកាក្នុងម្នាក់ៗ ២ លាន ២ សែនរៀល។ ប៉ុន្តែត្រូវបែងចែកជា ២៖ មួយគឺថវិកាដែលខ្ញុំសម្រាប់ឱ្យក្មួយៗគឺ ១ លាន ឯមួយទៀតប្រាក់ឧបត្ថម្ភក្នុងមួយថ្ងៃ ៤ ម៉ឺនរៀល ត្រូវជាមួយខែ ១ លាន ២ សែន។ បើកឱ្យថ្ងៃនេះតែម្តង បើកដើមខែ និយាយរួមក្មួយមិនទាន់បានធ្វើការទេ ក៏ប៉ុន្តែថ្ងៃនេះក្មួយនឹងទទួលបាន។ ពូឧបត្ថម្ភក្មួយៗក្នុងមួយថ្ងៃគិតជាប្រាក់រៀល ៤ ម៉ឺនរៀល ស្មើនឹង ១០ ដុល្លារ គិតអត្រាប្តូរ​ប្រាក់ ៤ ពាន់រៀលចុះ ប៉ុន្តែយើងកុំនិយាយជាដុល្លារអី និយាយជាប្រាក់រៀល។ អញ្ចឹងក្មួយៗនឹងទទួលបានក្នុងមួយខែ ១ លាន ២ សែន(រៀល) ដែលត្រូវចិញ្ចឹមក្មួយជានិរន្តិ៍ភាពពូចិញ្ចឹមក្មួយៗ ១០០ ថ្ងៃ។ អញ្ចឹង ១ លាន ២ សែន ត្រូវបើកនៅថ្ងៃនេះ បូកជាមួយនឹងប្រាក់ឧបត្ថម្ភមួយលាន ដូច្នេះ ២ លាន ២ សែន។  បើទោះបីក្មួយមិនចេញធ្វើការក៏ក្មួយមានប្រាក់ ១០ ដុល្លារដែរក្នុងមួយថ្ងៃស្មើនឹង ៤ ម៉ឺនរៀល។ ហ្នឹងប្រើប្រាស់ថវិការបស់ពូក្នុងពេលដែលគិតគូរទៅ ទាំងប្រាក់ឧបត្ថម្ភថ្ងៃនេះបូកនឹងចិញ្ចឹមក្មួយ ១០០ ថ្ងៃ ត្រូវចំណាយអស់ ២១០.០១០ លានរៀល ស្មើនឹង ៥២៥.៧០០ ដុល្លារសហរដ្ឋអាមេរិក នេះជាការចូលរួមឧកញ៉ាដទៃ សម្តេច ឯកឧត្តមដទៃ បានចូលទៅក្នុងថវិកាប្រឆាំង Covid-19 ហើយ ឯខ្ញុំក៏ប្រឆាំង Covid-19 ដែរ ប៉ុន្តែ ខ្ញុំយកមកចិញ្ចឹមគ្រូពេទ្យស្ម័គ្រចិត្តអត់មានថវិការដ្ឋទេ។ នេះជាថវិការបស់ក្រុមគ្រួសារតេជោសែនចិញ្ចឹមយុវជនស្ម័គ្រចិត្ត ឯខាងក្រសួងសុខាភិបាលត្រូវចេញការហ្វឹកហាត់ក្នុងមួយថ្ងៃត្រូវជូន ៨ ម៉ឺនរៀល …។

ពេលដែលក្មួយហ្វឹកហាត់ក្មួយមានប្រាក់ ៣០ ដុល្លារ បានសេចក្ដីថា ២០ ដុល្លារបានពីក្រសួង​សុខាភិបាល និងប្រាក់ ១០ ដុល្លារ គឺប្រាក់ពូឧបត្ថម្ភជីវភាព​។ ដល់ពេលចេញប្រតិបត្ដិការ​ទទួលបាន​ស្មើនឹងគ្រូពេទ្យ ដោយការចំណាយចេញពីក្រសួង​សុខាភិបាល ដោយទទួលបាន ១៤ ម៉ឺនរៀល ស្មើនឹង ៣៥ ដុល្លារ។ មិនមែនទិញទឹកចិត្តក្មួយៗទេ ប៉ុន្ដែវាជាកាតព្វកិច្ចដែលត្រូវផ្ដល់​ឱ្យ​ក្មួយៗ។ សូមបញ្ជាក់ ២០ ដុល្លារ ទាល់តែក្មួយទៅហាត់បានគេឱ្យ​ បើអត់ទៅ គេមិនឱ្យទេ​ … ហើយ ៣៥ ដុល្លារ ស្មើនឹង ១៤ ម៉ឺនរៀលទាល់តែក្មួយ​ចេញប្រតិបត្ដិការទើបគេផ្ដល់លុយហ្នឹងឱ្យ។ គ្រូពេទ្យយើងរាល់ថ្ងៃក៏អញ្ចឹងដែរ ប្រាក់​ខែផ្សេង ហើយពេល​គាត់ចេញប្រតិបត្ដិការគាត់ទទួលបានមួយថ្ងៃ ៣៥ ដុល្លារ។ នៅមានអ្នកស៊ីមួយ​ថ្ងៃជាង ៧០ ដុល្លារ គឺអ្នកធ្វើទាំងយប់ទាំងថ្ងៃ អ្នកប៉ះពាល់ស្អីៗនោះ​។

ទោះបីយើងក្រ ក៏វិស័យ​សុខាភិបាលនៅតែជាវិស័យអាទិភាព​ ហើយកាន់តែ​អាទិភាពដោយយើងដាក់ចេញការសង្គ្រោះ​ជីវិតមនុស្សជាអាទិភាព ប្រឆាំងនឹង Covid-19។ ទោះបីក្មួយមិនបានចេញប្រតិបត្ដិការ អា​ ១ លាន ២ សែន របស់ក្មួយនោះ នៅតែជារបស់ក្មួយដដែល ទោះមិនចេញទៅណា ក៏លុយចូលជា​ប្រចាំ ការពិតថ្ងៃហ្នឹងបើកយកទៅហើយ ៣០ ថ្ងៃក្រោយបើកយកទៀតទៅ ហើយបើកនៅខុទ្ទកាល័យ​នាយករដ្ឋមន្ដ្រី ប៉ុន្ដែខ្ញុំសូមជម្រាបទៅក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាលថា ខ្ញុំចេញត្រឹមតែ ១០០ ថ្ងៃទេ។ ផុតពី ១០០ ថ្ងៃ ខ្ញុំត្រូវស្នើសុំថវិកាជាតិ ដើម្បីចិញ្ចឹមក្មួយៗ នៅតែ ១២០ ម៉ឺនរៀលដដែល។ ពូមិនសួរថាអ្នកណាជាអ្នកធ្លាប់មានប្រាក់ខែរួចហើយទេ បើមានប្រាក់ខែ​ហើយក៏យកប្រាក់ខែហ្នឹងទៅផ្ទះទៅ ហើយយកអានេះថែមទៀតទៅ។ អ្នកអត់ទាន់មានយក​ប៉ុណ្ណឹងទៅ។ ការងារនេះជាការងារស្ម័គ្រចិត្ត តែយើងមិនឱ្យវេចអង្ករពីផ្ទះមកទេ​ នេះជាការទទួលខុស​ត្រូវក្នុងការដោះស្រាយបញ្ហា​។ តើឥឡូវខ្ញុំនិយាយនៅសេសសល់អីទៀត?

មាតាបិតា និងអាណាព្យាបាលជួយបង្ហាត់កូននៅផ្ទះ/ហាមការបើកបង្រៀនគួរ

អំពាវនាវមាតាបិតា អាណាព្យាបាលទាំងអស់ ពេលដែលបិទសាលានេះ ត្រូវខិតខំបង្រៀន​កូននៅផ្ទះ​។ ប៉ុន្ដែខ្ញុំចាប់សម្លេងបានមានការប៉ុនប៉ងបើកបង្រៀនគួរ។ ខ្ញុំចាប់សំលេងបាន ថតបានរួចហើយ ឆៃ ស៊ីណារិទ្ធ ផ្ញើសម្លេងទៅ ហង់ ជួនណារ៉ុន​ និយាយឱ្យ​ច្បាស់ៗ  គេបិទសាលា ឯងបើកបង្រៀនគួរ​។ អនុញ្ញាតឪពុកម្ដាយ ក្រុមគ្រួសារ ជួយបង្រៀនកូនៗចៅៗ ហើយបើរៀនអនឡាញបានរៀនទៅ តែហាមបើកបង្រៀនគួរ​ បើគង់តែបើកបង្រៀនគួរដដែល ​គេ​ចាំបាច់បិទសាលាធ្វើអី​? ខ្ញុំឱ្យ ឆៃ ស៊ីណារិទ្ធ ចែករំលែកនូវសារសំលេងនោះ​ ហើយ​ឈ្មោះគ្រូនោះ នៅកន្លែងណាអី កន្លែងណា។ អ្នកឯងកុំថាគេមិនដឹង។ ក្រុមនេះ គឺក្រុមគ្រូ​បង្រៀន​ឯករាជ្យ និយាយប្រាប់ឱ្យត្រង់ទៅ​ … (ដោយមានការ)ប្រឆាំងនឹង​បទបញ្ជា បានខ្ញុំឱ្យសិក្សាមើលមាត្រាទី ២២ នៃរដ្ឋធម្មនុញ្ញ (តើមាន)វិសាលភាពដល់ណា ព្រោះយើងអត់ទាន់មានច្បាប់កំណត់ថាមិនទាន់គោរព ​​ត្រូវយ៉ាងម៉េច អីយ៉ាងម៉េច។

លក់តម្លើងថ្លៃខ្លាំង តែបិទគឺបិទរហូត

រឿងគ្លីនិកលក់តម្លើងថ្លៃនេះ តែបិទហើយត្រូវបិទមួយជីវិតតែម្ដង … រឿងស្រុកខ្មែរ អត់មានរឿងអីខ្វះទំ​និញទេ។ ថាស្រុកគេស៊ីវិល័យ គេពូកែ​ ក៏ប៉ុន្ដែ​ហាងទាំងអស់ខ្ទេច។ ឯយើងលក់ពេញតែផ្សារ អត់មនុស្សទិញ។ ដំបូងបបួលគ្នាទៅទិញ​។ ថា​អង្ករលក់អត់ដាច់ផង សុំជួយទិញទៅស្ដុកទៅ។ មួយផ្ទះ មួយបាវ ពីរបាវទៅ ដល់អញ្ចឹងអត់​ទិញ​ដែរ។ ជួយទិញទៅទីផ្សារអង្ករវាឡើងថ្លៃក៏ល្អ ជួយកសិករ​បានមួយកម្រិតទៀត។​​​ សារ​មួយព្រឹកនេះ ជាអគ្គបញ្ជាការនៃយុទ្ធនាការប្រឆាំង Covid-19 ចេញមុខបញ្ជា ហើយត្រង់យកទៅអនុវត្ដជាក់ស្ដែងរបៀបណា ក្រសួងសុខាភិបាលយកទៅធ្វើទៅ។​ ក៏ប៉ុន្ដែ​ការ​ចង្អុល​​​ទិសជាក្របខណ្ឌគោលនយោ​បាយ​ និងការបែងចែកធនធាន រៀបចំទីតាំងគឺមានអស់ហើយ ​នេះគឺជាការប្រយុទ្ធដ៏ស្រួចស្រាវមួយ ហើយយើងជឿជាក់ថាយើង​នឹងឈ្នះលើ Covid-19។

ជាថ្មីម្ដងទៀត ទូលបង្គំជាខ្ញុំសូមអរព្រះគុណព្រះមហាក្សត្រជាទីសក្ការៈ និងសម្ដេចម៉ែជាទីសក្ការៈ ដែលព្រះអង្គទាំងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។ អរគុណដល់ សម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា​ ដែលបានរួមវិភាគទាន និងប្រជាពលរដ្ឋ​របស់យើងដែលបានរួមវិភាគទានទោះបីតិចឬច្រើន តែនេះជាកម្លាំងនៃការលើកទឹកចិត្តសម្រាប់​ក្រុម​គ្រូពេទ្យរបស់យើង។

មិនចូលចិត្តពេទ្យខ្មែរគឺគេចមិនរួចដែរ ព្រោះថៃ វៀតណាម សិង្ហបុរីគេបិទហើយ

ឥឡូវនេះ ទោះបីក្រុមប្រឆាំងមិនចូលចិត្តពេទ្យកម្ពុជាយ៉ាងណាក៏ដោយ​ តែគេក៏ត្រូវការ​ពេទ្យកម្ពុជាព្យាបាល​ហើយ ព្រោះគេមិនអាចទៅថៃ វៀតណាម សិង្ហបុរីបាន។ គេនៅស្រុក​ខ្មែរ។ ដូច្នេះ ទោះបីប្រឆាំងប៉ុនណា ក៏វាត្រូវរកពេទ្យខ្មែរដែរ​។ ឥឡូវទៅថៃគេមិន​ឱ្យទៅ។ កន្លែងខ្លះគេអនុញ្ញាត ក្រៅពីជំងឺ Covid-19 ដូចជាជំងឺត្រូវសង្គ្រោះបន្ទាន់ស្អីៗ គេអនុញ្ញាត​ឱ្យទៅ​។ ប៉ុន្ដែ វៀតណាមគេមិនឱ្យទៅទេ។ គេបិទ ១៤ ថ្ងៃ។ អញ្ចឹងបានថា ទោះបីវា​ស្រ​ឡាញ់ ឬមិនស្រឡាញ់ពេទ្យខ្មែរ​ ក៏វាជំពាក់ត្រូវតែរកពេទ្យខ្មែរព្យាបាលដែរ​។ បើមិនមកព្យា​បាលមាន​តែងាប់​។ ពួកហ្នឹងទាល់តែនិយាយងាប់ៗចឹង និយាយស្លាប់មិនបាន មរណភាពមិនបាន​ ព្រោះវា​ជេរខ្ញុំសុទ្ធតែ «អានេះមិនព្រមងាប់ទៅណាទៀត» សុទ្ធតែដល់ប៉ុណ្ណឹង​។

អរគុណចំពោះក្រុមគ្រូពេទ្យយើង ក៏ដូចជាអាជ្ញាធរទាំងអស់ដែលបានចូលរួមធ្វើការងារនេះ ព្រះសង្ឃក៏បានចូលរួមច្រើនដែរ​។ សម្ដេច បួរ គ្រី ក៏បានចេញព្រះរាជសាររបស់ព្រះអង្គ ដើម្បីទូន្មានពុទ្ធ​បរិស័ទរបស់ព្រះអង្គនៅផ្នែកធម្មយុត្ដិ ប៉ុន្ដែធម្មយុត្ដិ ឬមហានិកាយ គឺដូចតែគ្នាទេ​។ បានឧកញ៉ា សុះ គឹមរី ឡើង ហើយខាងគ្រីស្ដឡើងទៀត​ បញ្ជូនសារ ហើយសារហ្នឹងឱ្យវាស្រប​នឹងការណែនាំផ្នែកវេជ្ជសាស្ដ្រ​។ កុំថា សូត្រមន្ដ​បណ្ដេញ ឬស្រោចទឹកបណ្ដេញ​ ដុតភ្លើងដើម្បីបណ្ដេញ Covid-19។ អប់រំធ្វើយ៉ាងម៉េចឱ្យចេះអនាម័យ ការពារខ្លួន​ អាហ្នឹងទើប​ត្រឹមត្រូវ។ អរគុណក្មួយៗ ហើយក្មួយៗទុកចិត្ត បើមិនទុកចិត្ត មិនមកចូលរួមទេ​ ប៉ុន្ដែមើល​ឃើញក្នុងបញ្ជីនេះ គ្រូពេទ្យ TYDA ក៏មានច្រើន។

គ្រូពេទ្យដែលពូកែ ដែលខ្ញុំចិញ្ចឹមជាង ៣០០ នាក់​ អ្នកបានលេខមួយៗ ចុះឈ្មោះបានតែ ១៨ នាក់​។ ខ្ញុំចិញ្ចឹម ២០១៦ អស់លុយ ១២ ម៉ឺនដុល្លារ​  ឆ្នាំ ២០១៧ អស់លុយជាង ១០ ម៉ឺនដុល្លារ​ ២០១៨ អស់ជាង ១០ ម៉ឺន ២០១៩ អស់ជាង ២០ ម៉ឺន ឆ្នាំ ២០២០ នេះ អស់ ២៥៦.៧៥០ ដុល្លារ​ ដោយក្នុងនោះបង់ថ្លៃសាលាម្នាក់​អស់ ១.២២៥ ដុល្លារ​ ហើយអាហ្នឹងសុំគេបញ្ចុះថ្លៃផងណា ហើយចាយក្នុងម្នាក់ៗ ៥០០ ដុល្លារ​ទៀត។ ហើយ ១៥៨ នាក់​ ចុះឈ្មោះបានតែ ១៨ នាក់ គិតយ៉ាងម៉េចឥឡូវ។ មើលសុំអ្នកពូកែៗងើប​ឈរ។ ហ្នឹងគ្រាន់បើ។ សង្ឃឹមថា វគ្គក្រោយអាចមាន​អ្នកចុះឈ្មោះទៀត​ … អញ្ចឹងបានសេចក្ដីថាយើងពូកែតែចំណេះវិជ្ជា តែអត់​ពូកែខាងផ្លូវចិត្ត។​ តែប្រហែលក្មួយៗទាំង​នោះ​អាច​ខ្វះព័ត៌មាន​ ដោយយើងប្រមូលរហ័ស ហើយខ្លះ​អាចមានការរារែក (ដោយសារ)ឪពុកម្ដាយអី។ ប៉ុន្ដែ បន្ទាប់ពីការស្ដាប់នេះហើយអាច​នឹងមានអ្នកស័្មគ្រចិត្តច្រើន​ជាង​ ប៉ុន្ដែយើងថែមច្រើន​ទៀតក៏​អត់បានដែរ …។

ព្រះគោរម្យងារ «តេជោ» ដែលព្រះមហាក្សត្រ​ប្រទានមិនមែនជាគោរម្យងារធម្មតាទេ តេជោជាន់​ដើម​​សុទ្ធតែជាតេជោចេញច្បាប់ទាំងអស់​ ខ្ញុំមិន​ច្បាស់​អំពីតេជោតំឌិនទេ ប្រហែលគ្រាន់តែជារឿងទេ ប៉ុន្ដែ​តេជោមាស តេជោយ៉ត គឺជាតេជោពិតប្រាកដ ហើយយើងមានវត្ដសារាវ័ន្ដតេជោ ហើយពាក្យ​តេជោ​ជាអ្នកខ្លាំងពូកែ អ្នកត្រួតត្រាលើមន្ដ្រី​ សេនាបតីអី អញ្ចឹងចៃដន្យអីសតវត្សរ៍៍ទី ២១ ព្រះមហាក្សត្រ​ប្រទានគោរម្យងារ​ជាតេជោឱ្យ ហ៊ុន សែន ជា «តេជោសែន» ហើយមានតែប្រទេសរាជានិយមទេ ​ដែលមានគោរម្យងារបែបនេះ។

អរគុណណាស់យើងបញ្ចប់ត្រឹមប៉ុណ្ណឹង ជាមួយការជូនពរក្មួយៗទាំងអស់គ្នា ព្រះអាឡោះក៏ជួយ​ក្មួយៗខាង ឥស្លាម នៅក្នុងនេះយ៉ាងណាក៏មានគ្រីស្តខ្លះដែរមិនអត់ទេ ព្រះយេស៊ូ​ជួយដល់អ្នកកាន់​គ្រីស្តហ្នឹងទៅ ហើយអ្នកកាន់ព្រះពុទ្ធសូមឱ្យជួបប្រទះនូវពុទ្ធពរទាំងប្រាំ ប្រការ​ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...