សម្តេចតេជោ ហ៊ុន សែន ប្រកាសត្រៀមបន្ទប់ជាង៣,០០០បន្ទប់ ដើម្បី​ត្រៀមដាក់ព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ — ស្របពេលដែលការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេសនោះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបាន​ត្រៀម​បន្ទប់ជាង៣,០០០បន្ទប់ នៅទូទាំងរាជធានី និងខេត្ត ដើម្បីដាក់ព្យាបាលអ្នកឆ្លង​ជំងឺ​កូវីដ-១៩។

ក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោប្រឆាំងនឹងជំងឺកូវីដ-១៩ ​នា​ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅទូទាំង​ប្រទេស​មាន​គ្រូពេទ្យជាង២ម៉ឺននាក់   ប៉ុន្ដែក្នុងចំណោមគ្រូពេទ្យជាង២ម៉ឺននាក់នេះ​មានជាង​២,០០០នាក់ ជាអ្នកប្រយុទ្ធនឹងជំងឺឆ្លងដែលបច្ចុប្បន្ននេះ ធ្វើការមិនតែជំងឺកូវីដ១៩នោះទេ គឺត្រូវធ្វើជាមួយ ជំងឺផ្សេងទៀតដូចជា ដូចជាជំងឺគ្រុនផ្តាសសាយបក្សី និងជំងឺប្រភេទនេះ​ប្រភេទនោះទៀត។  សម្ដេចតេជោបានបន្ដថា បូកបន្ថែមពីលើចំនួនគ្រូពេទ្យទាំងនេះ យើងក៏​បាន​ស្នើទៅ​កាន់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃរៀបចំគ្រូពេទ្យ និងទីកន្លែងសម្រាប់​ព្យាបាល ផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា “អីច្ចឹងទេបញ្ហាដែលជ្រើសរើស​ក្មួយៗមកនេះ​ដើម្បីសំដៅដោះស្រាយបញ្ហាត្រៀមទុក និងអាចចាប់ផ្តើមដំណើរពីពេលឥឡូវផង ហើយយើង​ឃើញ​ថាគ្រាន់តែបន្ទប់ត្រៀម​បម្រុងបានកើនឡើងដល់៣,០០០បន្ទប់នៅទូទាំងប្រទេស”។

សម្ដេចតេជោបានលើកឡើងថា ពេលមានបទបញ្ជាយើងមានបន្ទប់ទាំងសណ្ឋាគារ  សាលារៀន ដែលយកភាគច្រើននោះអន្ដេវាសិកដ្ឋាន និស្សិត ដែលធ្វើថ្មីៗ និងមានភ្លើង ទឹក ស្រាប់។ សម្ដេចតេជោបានបន្ថែមថា បើបូកសរុបបន្ទប់សម្រាប់ដាក់ព្យាបាលអ្នកឆ្លងជំងឺកូវីដ- ១៩ មានទាំងនៅរាជធានីភ្នំពេញ និងខេត្ដ គឺជាង៣,០០០បន្ទប់។  ដោយឡែកនៅភ្នំពេញ មានអតីតសណ្ឋាគារអាំងទែកង់ទីណង់តាល់ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត   មណ្ឌលសុខ​ភាព​ចាក់អង្រែ  និងមន្ទីពេទ្យព្រះកេតុមាលា។ សម្តេចតេជោបានបន្ថែមទៀតថា  សម្រាប់​ម្ចាស់​សណ្ឋាគារអាំងទែកង់ទីណង់តាល់ មិនត្រូវបានយកថវិការពីរដ្ឋនោះទេ  ដែលការធ្វើ​បែប​នេះដើម្បីដោះស្រាយបញ្ហា នៃការកើនឡើងនូវជំងឺកូវីដ-១៩ ក្នុងប្រទេស។

សម្តេចតេជោក៏បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលរាយការណ៍ពីសម្ភារជាប្រចាំថ្ងៃ ដើម្បីត្រៀមធ្វើការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩៕

ដោយ  ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ