រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអះអាងថា កម្ពុជាមិនទាន់សម្រេចបិទផ្លូវអាកាសដោយសារតែវិបត្តិជំងឺ ឆ្លងកូវីដ-១៩ នៅឡើយនោះទេ

ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជាមិនទាន់សម្រេចក្នុងការបិទជើងហោះហើររបស់កម្ពុជាជាផ្លូវការនោះទេ គិតរហូតមក ដល់ពេលនេះ បើទោះបីជាមានវិបត្តិជំងឺផ្លូវដង្ហើមកូវីដ-១៩ នៅលើសកលលោក​យ៉ាងណា​ក៏ដោយ​ចុះ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅ​អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកការបិទជើងហោះហើរពីបណ្តាប្រទេសមួយចំនួនលើពិភពលោកក៏ដូចជា​ប្រទេស​ ​ជិតខាងក្បែរកម្ពុជាយើងនេះ សុទ្ធតែជាវិធានការជួយយើងពីការចម្លងមេរោគកូវីដ-១៩ ដ៏កាច​សាហាវនេះ។ សម្ដេចក្រឡាហោមបានលើកឡើងថា ដោយសារតែវិបត្តិជំងឺកូវីដ-១៩នេះ បាន ធ្វើឱ្យប្រទេសខ្លះធ្វើការបិទជើងហោះហើរទាំងស្រុងតែម្តង ខណៈដែលប្រទេសមួយចំនួន​នៅ​តែបន្តបើកជើងហោះហើរ ប៉ុន្តែមានកម្រិតតិចតូច។ ដោយឡែកសម្រាប់កម្ពុជា​ឯណេះ ជាក់​ស្តែងព្រលានយន្តហោះនៅខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមីនានេះ មានរបាយការណ៍មកថា មិនមានជើងហោះហើរនោះទេ។ ដូច្នេះបើទោះបីជាកម្ពុជាមិនបិទជើងហោះហើរ ប្រទេស​ដទៃគេបិទ គឺវាដូចតែគ្នានោះទេ ហើយអ្វីដែលប្រទេសទាំងនោះ​ធ្វើវាជាវិធានការដើម្បីជួយ​ប្រជាជនរបស់ពួកគេ។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា ការបិទជើងហោះហើររបស់​ប្រទេស​ទាំងនោះក៏ជាផ្នែកមួយជួយកម្ពុជាផងដែរចំពោះការរីករាលជំងឺកូវីដ-១៩នេះ។ សម្ដេច ក្រឡាហោមបានបន្ដថា សម្រាប់កម្ពុជា យើងមិនយកវិធានកាបិទជើងហោះហើរមុននោះទេ ពីព្រោះការធ្វើដំណើរតាមផ្លូវអាកាសនេះ គឺវាមានទៅមានមក បានន័យថា ប្រជាជន​យើង​ទៅគេ ប្រជាជនគេមកយើង។ សម្ដេចក្រឡាហោមបានថ្លែងបញ្ជាក់ថា “ការបិទព្រលាន​យន្ដហោះយើងអត់មានទេ ហើយបិទព្រំដែន យើងបានជជែងជាមួយថៃ និងវៀតណាមដែរ បានស្រុះគ្នា។ រីឯព្រលានយន្ដហោះនៅដដែលទេ ទាំង៣ ទាំងភ្នំពេញ កំពុងសោម និង​សៀមរាប។ ប៉ុន្ដែបើសិនណាគេបិទ ប្រទេសគេមិនឱ្យយន្ដហោះមក ដូចតែយើងបិទ ដូចគ្នាទេ ហើយយើងបន្ដតាមដានថែមទៀត។”

សម្ដេចក្រឡាហោមបានបន្ថែមថា បើទោះបីជាកម្ពុជាមិនប្រកាសបិទជើងហោះហើរ​ក៏ដោយចុះ ហើយជំងឺកូវីដ-១៩នេះ វាកាន់តែរីករាលដាលខ្លាំងនោះ គឺកម្ពុជាមិនចាំបាច់​ប្រកាសបិទនោះទេ បណ្តាប្រទេសដែលមានជើងហោះហើរមកកម្ពុជា គឺគេនឹងបិទតែម្តង ហើយកម្ពុជាក៏ត្រូវបិទដោយស្វ័យប្រវត្តិផងដែរ៕

ដោយ ចាន់ សុធីវង្ស

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...