ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ — ស្របពេលដែលពលករខ្មែរបានសម្រុកមកពីប្រទេសថៃយ៉ាងច្រើន ត្រឡប់ចូលមកកម្ពុជាវិញ ហើយគ្មានការពិនិត្យសុខភាពឱ្យគ្រប់គ្នានោះ ជាពិសេសដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អាជ្ញាធរគ្មានលទ្ធភាពឃុំទុកពលករខ្មែរ ១៤ថ្ងៃនោះទេ ប៉ុន្ដែបើសិននៅភូមិ ណាមួយ រកឃើញពលករឆ្លងកូវីដ-១៩ ចំនួន២ ឬ៣នាក់ អាជ្ញាធរអាចនឹងបិទភូមិ នោះចោល ដោយមិនឱ្យមានការចេញ-ចូល។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានពលករខ្មែរចូលមកកម្ពុជាជាង ១៥,០០០នាក់។ សម្ដេចក្រឡាហោមបានលើកឡើងថា ការត្រឡប់ចូលមករបស់ពលករខ្មែរនេះ ដោយសារថៃបិទការងារមួយចំនួន ដូចជា ការរដ្ឋាន ការរ៉ាអូខេ សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាត់សក់ ជាដើម ទើបធ្វើឱ្យពលរកខ្មែរមិនមានការងារធ្វើ និងសម្រុក មកស្រុកកំណើតវិញ។ សម្ដេច ក្រឡាហោមបានបញ្ជាក់ថា “ដល់អីច្ចឹងប្រជាជនយើង ពលករខ្មែរយើងដែលធ្វើការនៅថៃ ដល់លឺគេថាបិទអីចឹ្ចងទៅ ហើយប្រជាជនថៃ ពលករថៃ ធ្វើនៅការនៅថៃ មានអារម្មណ៍អីចឹ្ចង យើងក៏មានអារម្មណ៍ដែលតាមគ្នាអីចឹ្ចងទៅ។ ដូច្នេះ រត់ចម្រុក មករឿងអីពីមុនមក គាត់មិនមក។ អីចឹ្ចងបញ្ហារបស់យើងហានិភ័យនៅត្រង់ហ្នឹង នៅត្រង់ថា នៅពេលគាត់មកសម្រុកទៅ យើងនិយាយតាមការជាក់ស្ដែង អត់មានលទ្ធភាពត្រួតពិនិត្យអស់ទេ។ យើងក៏អត់មានលទ្ធភាព ដើម្បីនឹងឃុំពួកគាត់១៤ថ្ងៃដែរ។ វាត្រួតពិនិត្យអីចឹ្ចងទៅ ហើយធ្វើបញ្ជីកំណត់មុខសញ្ញាដែលនឹងនៅកន្លែងណាខ្លះ ស្រុក ភូមិ ខេត្តនៅណា ដើម្បីខេត្តសាមីខ្លួន ធ្វើការគ្រប់គ្រងបន្ដ។”
សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា បើសិននៅភូមិណាមួយ មានពលករខ្មែរឆ្លង កូវីដ-១៩ ចាប់ពី២ ទៅ៣នាក់ ភូមិនោះ អាចនឹងបិទរយៈមួយពេលសិន ដើម្បីមានវិធានការដោះស្រាយបន្ដ ជាពិសេសធ្វើយ៉ាងណាកុំឱ្យរីករាលដាល ទៅភូមិដទៃទៀត។ ដូច្នេះភាគីពាក់ព័ន្ធត្រូវត្រៀមជានិច្ច ដើម្បីកុំឱ្យពលរដ្ឋមានការភ័យខ្លាចឱ្យសោះ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា “បើសិនមានកន្លែងណាមួយកើតឡើងកូវីដ-១៩ គឺថា ឃុំមួយ ផ្ទះហ្នឹង ឬថា ឃុំមួយ កំណាត់ភូមិហ្នឹង ឧទាហរណ៍ថា ភូមិដាច់ដោយឡែកពីគ្នា ៤ ទៅ៥ផ្ទះ អីចឹ្ចងទៅ យើងអាចឃុំកន្លែងហ្នឹង កុំឱ្យគាត់ចេញទៅណា ហើយបើថា ភូមិហ្នឹងជាប់គ្នា ហើយមានច្រើននាក់ ២ ទៅ៣នាក់ អីច្ចឹងទៅ គឺថា ឃុំ ទាំងភូមិហ្នឹងតែម្តង ដាក់ប៉ុន្មានភូមិហ្នឹង”៕
ដោយ ប៊ុនរិទ្ធ